ក្រុមគ្រួសារប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចនៅក្រុងប៉ោយប៉ែត និងតុលាការលើកលែងការចោទប្រកាន់ និងដោះលែងលោកឲ្យមានសេរីភាពវិញ។
ភរិយារបស់លោក ឌិន ពុទ្ធី គឺលោកស្រី ហ៊ុំ ច្រៀន បានថ្លែងប្រាប់អាស៊ីសរី កាលពីថ្ងៃពុធ ទី១១ មករា ថា ប្ដីលោកស្រីមិនបានបើកឡានបុក លោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍ប៉ូលិសអន្តោប្រវេសន្តច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដូចកាចោទប្រកាន់នោះទេ ហើយម្យ៉ាងទៀតប្ដីលោកស្រីសព្វថ្ងៃកំពុងមានជំងឺក្នុងពន្ធនាគារនោះទៀតផង។
ការអំពាវនាងនេះ ស្របពេលដែលសាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី នៅថ្ងៃទី១៣ មករា ខាងមុខ។ លោកស្រី ហ៊ុំ ច្រៀន សង្ឃឹមថា តុលាការអាចនឹងដោះលែងប្ដីលោកស្រីឲ្យមានសេរីភាពឡើងវិញ ដោយយោងលើហេតុការណ៍ជាក់ស្ដែង និងសាក្សីដែលបានឃើញហេតុការណ៍នោះផ្ទាល់ភ្នែកដែលបានចូលបំភ្លឺតុលាការរួចហើយ។
លោកស្រីបន្តថា ក្រុមគ្រួសារលោកស្រីនឹងមិនបន្តរកហេតុផល ឬខុសត្រូវយ៉ាងណាទៀតនោះទេ បើសិនលោក ឌិន ពុទ្ធី ត្រូវបានដោះលែងមកវិញនោះ៖ «សុំឲ្យតែគាត់រួច…! ព្រោះអីប្ដីខ្ញុំនៅក្នុងពន្ធនាគារនោះគាត់ឈឺផង ហើយខ្ញុំទៅមើលហ្នឹងគ្មានអីទេ មានតែទឹកភ្នែក អាណិតប្ដីតែប៉ុណ្ណឹង។ អ៊ីចឹងខ្ញុំគ្មានគំនិតអ៊ីចង់ប្ដឹងផ្ដល់យកឈ្នះចាញ់អីទេ ខ្ញុំសុំឲ្យតែដោះលែងប្ដីខ្ញុំទៅ»។
ទាក់ទងក្នុងរឿងនេះដែរ សាក្សី ៣នាក់ដែលស្ថិតក្នុងហេតុការណ៍ផ្ទាល់រវាងប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងនាយរងប៉ូលិសអន្តោប្រវេសន្តម្នាក់នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នោះ បានចូលបំភ្លឺតាមការកោះហៅរបស់ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់គ្នាកាលពីថ្ងៃទី១០ ខែមករា កន្លងមក។
សាក្សីមួយរូបឲ្យដឹងក្រោយចេញពីធ្វើសក្ខីកម្មនៅសាលាដំបូងខេត្ត ក្នុងសំណុំរឿងលោក ឌិន ពុទ្ធី នោះថា ឡានរបស់លោក ឌិន ពុទ្ធី មិនបានបើកបុកលោក ឈាន ពិសិដ្ឋ នោះទេ ហើយសាក្សីនោះក៏បានអំពាវនាវឲ្យដោះលែងលោក ឌិន ពុទ្ធី ឲ្យមានសេរីភាពវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
