មន្ត្រីសង្គមស៊ីវិលអ្នកការពារព្រៃឈើ និងប្រជាពលរដ្ឋលើកឡើងថា ការកាប់បំផ្លាញព្រៃឈើ ធ្វើឲ្យប្រទេសកម្ពុជា ប្រឈមនឹងគ្រោះរាំងស្ងួត ធាតុអាកាសក្ដៅ គ្រោះមហន្តរាយទឹកជំនន់ ខ្យល់កន្ត្រាក់ បាតុភូតរន្ទះ និងអាកាសធាតុប្រែប្រួល។ ការលើកឡើងនេះ គឺស្របពេលដែលរដ្ឋសភា ចាប់ផ្តើមអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះអន្តរាយ។ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលមាន ១០ជំពូក និង ៤៧មាត្រា ត្រូវបានរដ្ឋសភាប្រជុំសម្រេចអនុម័តកាលពីព្រឹកថ្ងៃទី៤ ខែមិថុនា។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានសាទរចំពោះការអនុម័តសេចក្ដីព្រាងច្បាប់នេះ។ ប៉ុន្តែលោកអះអាងថា កម្ពុជាមិនទាន់មានធនធានមនុស្សផ្នែកគ្រប់គ្រងគ្រោះមហន្តរាយច្រើននោះទេ។ លោកបន្តថា រដ្ឋាភិបាលត្រូវតែមានផែនការជាក់លាក់ក្នុងការបណ្ដុះធនធានមនុស្ស មិនមែនយកមនុស្សមកប្រើដោយគ្មានជំនាញនោះទេ។
លោក យឹម សុវណ្ណ៖ «ប៉ុន្តែខ្ញុំឃើញនៅកម្ពុជា ការចាក់លុបបំពេញបឹង ការបូមខ្សាច់ ការលុបបឹង លុបសមុទ្រ ការលុបប្រឡាយ គឺឃើញនៅតែមានជាបន្ត ហើយរឿងនេះ គឺប៉ះពាល់ទឹកជំនន់ពិតប្រាកដ។ ក្នុងនាមជាតំណាងរាស្ត្រ ខ្ញុំសូមទទូចទៅកាន់រដ្ឋាភិបាល សូមបញ្ឈប់ជាបន្ទាន់។ គ្រួសារមួយគ្រួសារ គាត់ត្រូវមានចំណេះដឹង និងព័ត៌មានគ្រប់គ្រាន់ ដូច្នេះវិទ្យុ ទូរទស្សន៍ ត្រូវផ្សព្វផ្សាយ។ ថ្នាំពេទ្យត្រូវតែមានគ្រប់គ្រាន់សម្រាប់ការពារ ក្នុងពេលមានគ្រោះមហន្តរាយកើតឡើង មិនមែនមួយមានវេជ្ជបណ្ឌិតពីរអ៊ីចឹងទេ»។
លោក ញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកភាពចំពោះការលើកឡើងរបស់លោក យឹម សុវណ្ណ។ លោក ញឹម វណ្ណដា បញ្ជាក់ថា ការខ្វះខាតធនធានមនុស្សដែលមានជំនាញ ខ្វះមធ្យោបាយបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយជាឧបសគ្គធំរបស់កម្ពុជា។
លោក ញឹម វណ្ណដា៖ «មន្ត្រីខ្ញុំមានត្រឹមតែ ៣០នាក់ជាងទេ ហើយមន្ត្រីជំនាញមានតែ ២០នាក់។ អ្នកបម្រើទឹកតែគ្មានទេ យឹម សុវណ្ណ ត្រូវដឹងថា មានប៉ុណ្ណឹងតើមានមន្ត្រីជំនាញពីណា? ឥឡូវត្រូវសុំពីក្រសួងការពារជាតិ មន្ត្រីមានដែរ តែមានរបៀបនេះ។ អ៊ីចឹងមិនងាយទេ ពាក្យថា ជំនាញនេះយូរណាស់ អ៊ីចឹង សុវណ្ណ លើកឡើងខ្ញុំទទួលយក»។

ទន្ទឹមនឹងការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ ប្រជាពលរដ្ឋ សិស្ស និស្សិត និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា គ្រោះមហន្តរាយធម្មជាតិ គឺបណ្ដាលមកពីការកាប់បំផ្លាញព្រៃឈើដោយអ្នកមានអំណាចនៅកម្ពុជា។
និស្សិតផ្នែកវេជ្ជសាស្ត្រ ឆ្នាំទី៥ នៃសកលវិទ្យាល័យឯកជនមួយនៅភ្នំពេញ លោក វីឡា លើកឡើងថា ការប្រែប្រួលអាកាសធាតុនៅស្រុកខ្មែរយើងដោយធាតុអាកាសក្ដៅខ្លាំងប្រមាណ ៦០ ទៅ ៧០ភាគរយ គឺបណ្ដាលមកពីការកាប់ព្រៃឈើ។ ផ្សែងដែលចេញពីឧស្សាហកម្ម និងសហគ្រាសធំៗ រួមទាំងឧស្ម័នកាបូនិច ដែលបណ្ដាលមកពីម៉ូតូ ឡានចាស់ៗ និងប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាដើម ប្រមាណ ២០ ទៅ ៣០ភាគរយប៉ុណ្ណោះ។
លោក វីឡា៖ «មានព្រៃឈើវាល្អ ព្រោះព្រៃឈើដែលបណ្ដែតអុកស៊ីហ្សែន និងបណ្ដុះនូវស្រទាបអូហ្សូន ដែលមានរយៈចម្ងាយពី ១.០០០ ទៅ ១.៥០០ ពីផែនដី។ ដូច្នេះបើសិនស្រទាប់អូហ្សូន មានក្រាស់ ការពារពន្លឺកាំរស្មីពីព្រះអាទិត្យគឺបានច្រើន»។
លោកបន្តថា ដើម្បីអាចកាត់បន្ថយកម្ដៅរបស់ព្រះអាទិត្យមកលើផែនដី គឺផ្តើមចេញពីអ្នកមានអំណាចដែលតែងតែកាប់ឈើយកលក់នោះ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយប្រជាពលរដ្ឋត្រូវតែនាំគ្នាចូលរួមដាំដើមឈើគ្រប់គ្នា។
លោក ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា ការដែលមានកម្ដៅក្ដៅខ្លាំងនេះ មិនមែនមកពីការអស់ព្រៃឈើនោះទេ។ លោកបន្តថា គឺមកពីការកើនឡើងនៃរោងចក្រសហគ្រាស និងការប្រើប្រាស់ឡាន ម៉ូតូ ច្រើន៖ «មិនមែនទេ ស្រុកណាក៏ក្ដៅដែរ ដោយសាររោងចក្រកើតឡើងច្រើន»។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង អះអាងថា បញ្ហាវិនាសកម្មព្រៃឈើនេះ មិនត្រឹមតែមានផលប៉ះពាល់ចំពោះក្រុមគ្រួសាររបស់នាយករដ្ឋមន្ត្រី និងគ្រួសាររបស់រដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលប៉ះពាល់ដល់ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល៖ «អាជ្ញាធរ រួមទាំងសមត្ថកិច្ចទាំងអស់ចូលរួមក្នុងបទល្មើសព្រៃឈើនេះ ដែលអង្គការខ្ញុំនឹងបង្ហាញបញ្ជីឈ្មោះអ្នកកាប់ព្រៃឈើក្នុង២០១៥ ក្នុងពេលឆាប់នេះ ដើម្បីឲ្យរដ្ឋាភិបាលទប់ស្កាត់តាមនីតិវិធីច្បាប់។ ពួកគាត់ទាំងនេះមិនព្រមចូលរួមការពារសោះ»។
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយឡើងស្របពេលប្រទេសកម្ពុជា កំពុងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដោយឥទ្ធិពលខ្យល់កន្ត្រាក់ និងភាពរាំងស្ងួតនៅដើមរដូវវស្សា។
ប្រទេសកម្ពុជា នឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃទី៥ ខែមិថុនា។ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយនេះ ទើបតែបានអនុម័តបាន ២ជំពូក ក្នុងចំណោម ១០ជំពូក។ រដ្ឋសភានឹងបន្តកិច្ចប្រជុំនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយបន្តទៀត។
និស្សិតពេទ្យឆ្នាំទី៤ ផ្នែកវេជ្ជសាស្ត្រ កញ្ញា សោភ័ណ និយាយថា បើពួកអ្នកមានអំណាចគិតតែកាប់ព្រៃឈើ ផលប៉ះពាល់គឺពលរដ្ឋទូទៅ៖ «បើក្រុងមានដើមឈើ គឺអាចជ្រកនៅពេលឈប់តាមផ្លូវ។ ពេលឈប់ម្ដង ជើងខ្ញុំខ្មៅអស់ហើយ»។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង បញ្ជាក់ថា ព្រៃឈើនៅកម្ពុជា បច្ចុប្បន្ន សល់ប្រមាណ ២០ភាគរយប៉ុណ្ណោះនៅទូទាំងប្រទេសកម្ពុជា។ លោកបន្តថា សព្វថ្ងៃខេត្តដែលប្រឈមខ្លាំងនឹងការកាប់ព្រៃឈើនោះ មានខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តកោះកុង។
ប្រជាពលរដ្ឋ សិស្ស និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិល ទទូចទៅកាន់រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវតែគោរពពាក្យសន្យាក្នុងការពារព្រៃឈើនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិលសង្កត់ធ្ងន់ថា បើរដ្ឋាភិបាលនៅតែគ្មានផែនការការពារប្រាកដដោយប្រសិទ្ធភាពទេនោះ កម្ពុជានឹងក្លាយប្រទេសទី២ បន្ទាប់ពីប្រទេសឥណ្ឌា ដែលប្រជាជនស្លាប់ដោយសារកម្ដៅថ្ងៃជាក់មិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។