អ្នក​ជំនាញ​ថា​ការ​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​ជា​ឧបសគ្គ​ក្នុង​ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ថា កិត្យា
2016.01.07
ប័ណ្ណ​បើកបរ ៦២០ ប័ណ្ណ​បើកបរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
RFA/Chum Rasy

អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ អះអាង​ថា ការ​ប្រកាស​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​ដែល​មាន​កម្លាំង ១២៥ CC ចុះ​ក្រោម គឺ​ជា​ឧបសគ្គ​សម្រាប់​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍។ ទន្ទឹម​គ្នា​នេះ អ្នក​ជំនាញ​ថា រដ្ឋាភិបាល​គួរ​តែ​មាន​យន្តការ​ជាក់លាក់​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍។

ការ​មិន​យល់​ស្រប​ចំពោះ​ការ​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​កម្លាំង​ក្រោម ១២៥ CC នេះ ត្រូវ​បាន​នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា ពន្យល់​ថា ដោយសារ​ភាគ​ច្រើន​នៃ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៧៣​ភាគរយ គឺ​អ្នក​ប្រើប្រាស់​ម៉ូតូ ដែល ៩៥​ភាគរយ​ជា​ម៉ូតូ​មាន​កម្លាំង ១២៥ CC ចុះ​ក្រោម។

លោក អ៊ា ចរិយា បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង ៧០​ភាគរយ ពុំ​ទាន់​យល់​ដឹង​ពី​ច្បាប់ និង​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​ឡើយ។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​អប់រំ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​សាលា​រៀន និង​ជំរុញ​ឲ្យ​មន្ត្រី​នគរបាល​ចរាចរណ៍ ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​បើកបរ​គ្រប់​រូប​មាន​ចំណេះ​ដឹង និង​ជំនាញ​ច្បាស់លាស់​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​នៅ​ថ្នាក់​មូលដ្ឋាន៖ «គួរ​តែ​កុំ​អាល​ធ្វើ​វិសោធនកម្ម ហើយ​គួរ​តែ​រឹត​បន្តឹង​ច្បាប់ ហើយ​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​សិន។ ប្រជាពលរដ្ឋ​គាត់​មិន​ទាន់​បាន​យល់​ដឹង​ពី​ច្បាប់​ផង។ តើ​គាត់​ទាមទារ​យ៉ាង​ម៉េច​ឥឡូវ? អ៊ីចឹង​សំខាន់​ការ​អប់រំ​ផ្សព្វផ្សាយ​តាំង​ពី​ដើម​ឆ្នាំ​២០១៥ មក ប៉ុន្តែ​ការ​អប់រំ​ផ្សព្វផ្សាយ​របស់​យើង គឺ​នៅ​ខ្សោយ​មែន​ទែន»

ការ​សោកស្ដាយ​នេះ គឺ​នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា អ្នក​ប្រើប្រាស់​ម៉ូតូ​ដែល​មាន​កម្លាំង​ក្រោម ១២៥ CC មិន​ចាំបាច់​មាន​ប័ណ្ណ​បើកបរ​ទៀត​នោះ​ទេ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ៖ «ដូច្នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មុន​នេះ​កង្វល់​ថា មាន​ការ​លំបាក​ធ្វើ មាន​ការ​ចំណាយ​លុយ​ច្រើន ហើយ​គ្រួសារ​ខ្លះ​បាន​និយាយ​ថា មាន​ម៉ូតូ​១ ត្រូវ​ជិះ​គ្នា ៣​នាក់ ឬ ៤​នាក់ លែង​ក្លាយ​ជា​កង្វល់​ទៀត​ហើយ មាន​ន័យ​ថា អ្នក​ប្រើប្រាស់​ទោចក្រយានយន្ត​ចាប់​ពី ១២៥​ចុះ​មក​ក្រោម គឺ​មិន​ត្រូវ​បាន​ធ្វើ​ប័ណ្ណ​បើកបរ»

លោក ហ៊ុន សែន ក៏​ប្រកាស​ប្រគល់​លុយ​ជូន​ប្រជាពលរដ្ឋ​វិញ ចំពោះ​អ្នក​ណា​ដែល​បាន​ជ្រុល​ធ្វើ​ប័ណ្ណ​បើកបរ​រួច​ទៅ​ហើយ។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PCDP) លោក យង់ គិមអេង លើក​ឡើង​ថា វា​ជា​ការ​វិវឌ្ឍ​ល្អ​មួយ​ដែល​គណបក្ស​គ្រប់គ្រង​អំណាច ចាប់​ផ្ដើម​ស្តាប់ និង​ដោះស្រាយ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ។ នេះ​ក៏​ជា​បទពិសោធន៍​មួយ ដែល​រដ្ឋាភិបាល ឬ​អ្នក​នយោបាយ មុន​នឹង​ធ្វើ​អ្វី​មួយ ត្រូវ​ពិគ្រោះ​ឲ្យ​បាន​ទូលំទូលាយ​ជាមួយ​ប្រជាពលរដ្ឋ៖ «ការ​ប្រែប្រួល​ប៉ុណ្ណឹង​វា​មិន​គ្រប់គ្រាន់​ឡើយ ទាល់​តែ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ​ត​ទៅ​ទៀត មុន​នឹង​អនុម័ត​ច្បាប់​អ្វី​មួយ កុំ​ឲ្យ​ម្នាក់​នៅ​ម្ខាង​ជើង​មេឃ ហើយ​នៅ​ពេល​ដាក់​អនុវត្ត​ទៅ វា​មាន​បញ្ហា»

ក្នុង​វីដេអូ​ឃ្លីប (Video Clip) ប្រមាណ ២០​នាទី ដែល​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​៧ ខែ​មករា លោក ហ៊ុន សែន ក៏​ជូន​ដំណឹង​ដែរ​ថា រដ្ឋាភិបាល​នឹង​បញ្ចុះ​ថ្លៃ​ប័ណ្ណ​បើកបរ​រថយន្ត​យ៉ាង​ហោច​ណាស់ ៥០​ភាគរយ និង​ស្នើ​ឲ្យ​ផ្អាក​ការ​ផាក​ពិន័យ​មួយ​រយៈ ចំពោះ​លិខិត​ស្នាម​យានយន្ត ដូចជា​ប័ណ្ណ​សម្គាល់​យានយន្ត ប័ណ្ណ​បើកបរ ប័ណ្ណ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​អាជ្ញាប័ណ្ណ​អាជីវកម្ម​សម្រាប់​រថយន្ត​ដឹក​ជញ្ជូន។

ចំពោះ​ការ​អំពាវនាវ​របស់ លោក ហ៊ុន សែន ឲ្យ​ពលរដ្ឋ​រៀន​បើកបរ​យានយន្ត​ឲ្យ​បាន​ស្ទាត់​ជំនាញ ហើយ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​នោះ ត្រូវ​បាន លោក អ៊ា ចរិយា អះអាង​ថា មិន​មាន​ប្រសិទ្ធភាព​ឡើយ។ លោក​បញ្ជាក់​ថា ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​សុវត្ថិភាព​នៅ​លើ​ដង​ផ្លូវ​នោះ គឺ​លុះត្រា​តែ​មាន​ការ​អប់រំ និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់៖ «យើង​ចង់​ឲ្យ​មាន​ការ​រឹត​បន្តឹង​ច្បាប់ ហើយ​ការ​រឹត​បន្តឹង​ច្បាប់​នេះ យើង​ចង់​ឲ្យ​ផ្ដោត​លើ​មូលហេតុ​អ្វី​បាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មូលហេតុ​ធំ ៣​យ៉ាង រួម​មាន​បើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការ​មិន​ពាក់​មួក ឬ​ខ្សែ​ក្រវាត់​សុវត្ថិភាព ដែល​ជា​មូលហេតុ​ស្ទើរ​តែ ៨០​ភាគរយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍»

ទន្ទឹម​គ្នា​នេះ អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍ ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ពង្រឹង​ការ​រៀបចំ​គំនូស​ផ្លូវ ស្លាក​សញ្ញា​ចរាចរណ៍ និង​ភ្លើង​ស្តុប​ឲ្យ​បាន​ត្រឹមត្រូវ ព្រម​ទាំង​បង្កើន​ការ​ផ្តល់​សេវា​រថយន្ត​ក្រុង។

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៥ កើត​ឡើង​ចំនួន ៤.៥៩៥​លើក បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២.២៦៥​នាក់ កើន​ឡើង ៥​ភាគរយ បើ​ប្រៀប​ជាមួយ​ឆ្នាំ​២០១៤។ គ្រោះថ្នាក់​ខាង​លើ បណ្ដាល​មក​ពី​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្តាំ និង​បើកបរ​ពេល​ស្រវឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។