ក្រុមការងារចំពោះកិច្ចពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់សហជីព មានសមាជិក ទាំងអស់១០រូប គឺ៥រូបមកពីគណបក្សប្រជាជនកម្ពុជា និង៥រូបមកពីគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងនៅថ្ងៃទី២៥ ធ្នូ ថា ក្រុមការងារចំពោះកិច្ច ដែលមានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ប៉ែន បញ្ញា ជាប្រធាន និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ជាអនុប្រធាន នឹងជួបពិនិត្យលើ សេចក្តីព្រាងច្បាប់សហជីពនៅថ្ងៃអង្គារ ទី២៩ ធ្នូ សប្ដាហ៍ក្រោយ។
យ៉ាងណា លោក សុខ ឥសាន បញ្ជាក់ថា ការជួបគ្នាជាលើកដំបូងរបស់ក្រុមការងារទាំងពីរ នឹងពុំ មានវត្តមានរបស់ភាគីពាក់ព័ន្ធផ្សេងទៀតចូលរួមឡើយ ព្រោះលោកថា ក្រុមការងារត្រូវការ ពេលវេលាជជែកជាមួយគ្នាជាមុនសិន ហើយបើពិនិត្យទៅឃើញថា មានចំណុចមិនទាន់ច្បាស់លាស់ ទើបអញ្ជើញភាគីពាក់ព័ន្ធចូលរួមផ្ដល់យោបល់បន្ថែម៖ «ចាំពិភាក្សានៅថ្ងៃអង្គារសិន បានយើងដឹងថានៅមានចំណុចអ្វីខ្លះដែលលេចធ្លោ ពីព្រោះយើងធ្វើនេះ វាផ្អែកទៅលើច្បាប់រដ្ឋធម្មនុញ្ញ ផ្អែកលើច្បាប់ស្ដីពីការងារ យើងត្រូវតែផ្សាភ្ជាប់ ហើយកតិកាសញ្ញាអន្តរជាតិពាក់ព័ន្ធផ្សេងៗ ដូចជាអង្គការ ILO ដែលយើងត្រូវប្រមូលផ្ដុំ យកមកទាំងអស់ យកមកពិនិត្យ យើងមិនអាចធ្វើដោយមិនមានបង្អែកជាមូលដ្ឋាននោះទេ»។
សេចក្ដីសម្រេចរវាងគណបក្សទាំង២ចុះថ្ងៃទី២៣ ធ្នូ បញ្ជាក់ថា ក្រុមការងារនេះ មានភារកិច្ច ពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់សហជីព ដើម្បីដាក់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យ និងសម្រេច។ សេចក្ដីសម្រេចបញ្ជាក់ដែរថា ក្នុងការពិនិត្យ និងផ្ដល់យោបល់លើ សេចក្ដីព្រាងច្បាប់នេះ ក្រុមការងារអាចពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធនានាតាមការចាំបាច់។
លោក សុខ ឥសាន មានប្រសាសន៍ថា ក្រុមការងារនេះ នឹងពិភាក្សាគ្នារកច្រកចេញរួមមួយ ដើម្បីធ្វើយ៉ាងណាឲ្យសេចក្ដីព្រាងច្បាប់នេះ ការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំង ភាគីកម្មករនិយោជិក និងភាគីនិយោជក។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ វិញ យល់ឃើញថា ភាគីពាក់ ព័ន្ធទាំងអស់ ត្រូវរួមគ្នាដោះស្រាយបញ្ហានានា ដែលមាននៅក្នុងសេចក្ដីព្រាងច្បាប់នេះ។ លោកថា កន្លែងណាដែលឆ្លុះបញ្ចាំងឆន្ទៈរបស់ពលរដ្ឋ និងឆ្លើយតបសេចក្ដីត្រូវការពិតប្រាកដ របស់ពលរដ្ឋ នោះបក្សប្រឆាំងនឹងប្រឹងប្រែងចូលរួមដោះស្រាយ៖ «បើសិនជាលទ្ធផលធ្វើថ្ងៃនេះមិនបាន ថ្ងៃស្អែកវាកើត ហើយបើថ្ងៃស្អែកមិនបាន មានអំណាចគ្រប់គ្រាន់ធ្វើវិសោធនកម្មតែមួយថ្ងៃទេ ដូច្នេះយើងបានបង្ហាញទៅមតិសាធារណៈថា យើងមិនឈរអោបដៃមើលទេ»។
បច្ចុប្បន្នកម្ពុជាមានកម្មករបម្រើក្នុងវិស័យឧស្សាហកម្មផលិតសំលៀកបំពាក់ និងស្បែកជើងប្រមាណ៧សែននាក់ មានសហជីពមូលដ្ឋានចំនួនជាង៣ពាន់ ២រយ (៣,២១៤) សហព័ន្ធសហជីព ចំនួន៨៤ សហភាពសហព័ន្ធសហជីពចំនួន១៣ និងសមាគមនិយោជកចំនួន៥។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងជាប្រធានសហភាពការងារ កម្ពុជា លោក អាត់ ធន់ សម្ដែងការរីករាយចំពោះជំនួបពិភាក្សារវាងក្រុមការងារគណបក្ស នយោបាយទាំង២ ព្រោះលោកថា វាគឺជាអ្វីដែលសហជីពចង់ឃើញជាយូរមកហើយ។ លោកទទូចឲ្យបក្សទាំង២ រួមគ្នាដោះស្រាយកង្វល់ របស់សហជីពដែលមាននៅក្នុងសេចក្ដីព្រាងច្បាប់នោះ៖ «យើងចង់ឲ្យគណបក្សទាំង២ពិនិត្យមើល ដូចជាមាត្រា១០ ១២ ១៣ ១៤ ១៧ មាត្រា ២៩ ឬមាត្រា៦៥ ជាដើម កុំឲ្យការតាក់តែងលក្ខន្តិកៈផ្ទុយពីច្បាប់រដ្ឋ ច្បាប់ការងារ ហើយច្បាប់ អន្តរជាតិគឺល្អមែនទែន ប៉ុន្តែយើងមើលច្បាប់នេះ មានលក្ខខណ្ឌជាច្រើន សូម្បីលក្ខន្តិកៈក៏គេ តម្រូវឲ្យយើងធ្វើផងដែរ»។
ក្រៅពីចាត់តាំងសមាសភាពក្រុមការងារពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ សហជីពជាមួយគណបក្សកាន់អំណាច គណបក្សសង្គ្រោះជាតិ ក៏បានចាត់តាំងសមាសភាព ក្រុមការងារចំនួន៦រូបដើម្បីសិក្សាស្រាវជ្រាវ ពិនិត្យលទ្ធភាពដំឡើងកម្រិតនៃវប្បធម៌សន្ទនា បញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ ស្របតាម សេចក្ដីថ្លែងការណ៍រួម ដែលបក្សទាំង២បានព្រមព្រៀងគ្នា ក្រោយជំនួបរវាងលោក ស ខេង និងលោក កឹម សុខា កាលពីថ្ងៃទី១០ ធ្នូ។
យ៉ាងណា លោក សុខ ឥសាន នៅមិនទាន់ដឹងថា តើគណបក្សប្រជាជនកម្ពុជា បានចាត់តាំងសមាសភាពក្រុមការងារនេះពីខាងភាគីខ្លួន ឬយ៉ាងណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
