ក្រុមយុវជនប្រមាណជាង ៣០០នាក់ មកពីសកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗបានចូលរួមពិភាក្សាស្វែងយល់ពីសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ក្នុងកិច្ចពិភាក្សានោះ ក្រុយុវជនក៏បានបង្ហាញពីក្តីកង្វល់ជុំវិញការរឹតត្បិតសិទ្ធិសេរីភាព ព្រមទាំងផលវិបាកផ្សេងៗ ដែលមានចែងក្នុងសេចក្ដីព្រាងច្បាប់មួយនេះ។
សេចក្ដីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានយុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល រិះគន់ថា មិនមានតម្លាភាព និងមានការរឹតត្បិតសិទ្ធិសេរីភាព។ ការរិះគន់នេះធ្វើឡើងក្នុងកិច្ចពិភាក្សារបស់សភាយុវជនត្រាប់ លើកទី៥ ក្រោមប្រធានបទសេចក្ដីព្រាងច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែឧសភា។
ប្រធានគណៈកម្មាធិការច្បាប់នៃសភាយុវជន លោក ហេង គឹមហុង បង្ហាញថា ការបង្កើតឲ្យមានច្បាប់គ្រប់គ្រងសង្គមស៊ីវិលនេះ ធ្វើឡើងគ្រាន់តែចង់បង្ហាញពីឥទ្ធិពលនៃបក្សកាន់អំណាចនៅក្នុងសង្គមប៉ុណ្ណោះ។ លោកថា ដើម្បីកុំមានការរិះគន់ ទាល់តែរដ្ឋាភិបាលគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ និងបើកទូលាយដល់មហាជន សង្គមស៊ីវិលឲ្យបានចូលរួមពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះឲ្យបានទូលំទូលាយ។
លោក ហេង គឹមហុង៖ «យុវជនទាំងអស់កំពុងព្យាយាមជជែកជាមួយគណៈកម្មការ និងព្យាយាមរកទឡ្ហីករណ៍អីខ្លះដើម្បីជជែកលើមាត្រាមួយចំនួនដើម្បីពន្យល់ពួកគាត់»។
លោក ហេង គឹមហុង បន្ថែមថា សង្គមប្រជាធិបតេយ្យ ការចេញច្បាប់គឺត្រូវធ្វើឡើងដោយបើកចំហ និងមានវេទិការសាធារណៈដើម្បីស្តាប់មតិរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល។
នៅក្នុងសិក្ខាទាំងមូលយុវជនទាំងអស់មានចំណាប់អារម្មណ៍ខ្លាំងចំពោះប្រធានបទស្តីពីសេចក្ដីព្រាងច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ម្នាក់ៗមានសៀវភៅ មានប៊ិច និងត្រៀមសំណួរ រួចជាស្រេចដើម្បីជជែក និងលើកឡើងនូវចំណុចអវិជ្ជមាននៃមាត្រាមួយចំនួននៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។ ក្នុងសភាយុវជនត្រាប់នេះ យុវជនបីនាក់តាំងខ្លួនជាប្រធានសភា អនុប្រធានទី១ និងអនុប្រធានទី២ នៃរដ្ឋសភា និងមានគណៈកម្មការត្រួតនិពិត្យច្បាប់។ ទិដ្ឋភាពទាំងមូលនៃសភាយុវជនត្រាប់នេះ គឺមិនសូវខុសគ្នាពីទិដ្ឋភាពក្នុងសភាមែនទែននោះឡើយ។
និស្សិតឆ្នាំទី១ផ្នែកច្បាប់ និងប្រធានសភាយុវជន កញ្ញា ថាង មូលិតា អះអាងថា ច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គួរតែត្រូវបានពិនិត្យកែសម្រួលឡើងវិញ ឬក៏ដកចេញតែម្ដងចំពោះមាត្រាមួយចំនួនដូចជាមាត្រា ៥ ១៥ និង ១៧ ជាដើម ព្រោះថា មាត្រាទាំងនេះមានភាពមិនច្បាស់លាស់។
កញ្ញា ថាង មូលិតា៖ «បើអាចកែមាត្រាហ្នឹងបានបើថា បើកសេរីភាពឲ្យធ្វើគឺបើកឲ្យចំតែម្តង កុំឲ្យចែងក្នុងមាត្រាថា អ៊ីចេះពេលអនុវត្តផ្សេង»។
យ៉ាងណាក៏ដោយ កញ្ញា ថាង មូលិតា លើកឡើងថា ច្បាប់នេះផ្នែកខ្លះក៏អាចរួមចំណែកបង្កើនសក្កានុពលការងាររបស់អង្គការសង្គមស៊ីវិលមួយចំនួនដែលគ្មានភាពច្បាស់លាស់ និងគ្មានទស្សនៈត្រឹមត្រូវ។
សេចក្ដីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលត្រូវបានតាក់តែងដោយក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យនៃស្ថាប័ននេះលោក ខៀវ សុភ័គ បញ្ជាក់ថា ច្បាប់នេះត្រូវបានក្រសួងបញ្ជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីរួចហើយ។
ទាក់ទងនឹងសំណើរបស់ក្រុមសភាយុវជននៅពេលនេះមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយពីគណៈរដ្ឋមន្ត្រី។
នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីអភិវឌ្ឍន៍ជាតិ លោក សេង ឬទ្ធី។ លោកមានប្រសាសន៍ថា ក្រុមសង្គមស៊ីវិលធ្លាប់បានធ្វើយុទ្ធនាការសុំឲ្យរដ្ឋាភិបាលផ្អាក ឬបញ្ឈប់ធ្វើច្បាប់នេះជាច្រើនដងមកហើយ ពីព្រោះមាត្រាមួយចំនួនមិនបង្ហាញពីតម្លាភាពខ្លឹមសារអត់ច្បាស់លាស់ជានយោបាយរឹតបន្តឹងនូវសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល ធ្វើឲ្យពួកគេពិបាកធ្វើការងារ៖ «មុនហ្នឹងច្បាប់នេះចេញយើងសូមឲ្យមានការពិគ្រោះយោបល់ ដើម្បីផ្តល់អនុសាស្ត្រទៅលើមាត្រាធំៗ និងមាត្រាមួយចំនួនកំពុងមានភាពចម្រូងចម្រាសគ្នា»។
លោកបន្តថា ទោះយ៉ាងណាច្បាប់នេះដំណើរការទៅយឺត ឬលឿន ល្អ ឬអាក្រក់សម្រាប់សង្គមស៊ីវិលនោះ គឺវាអាស្រ័យទៅលើឆន្ទៈរបស់អ្នកនយោបាយ ជាពិសេសអ្នកតំណាងរាស្ត្រ។ ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ ក៏បានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់នេះ បើទោះជាមានការរិះគន់យ៉ាងណាពីក្រុមអង្គការសង្គមស៊ីវិល ឬមជ្ឈដ្ឋានផ្សេងៗបែបណាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
