នារីវ័យ ១៩ឆ្នាំម្នាក់ដែលអះអាងថា លោកអធិការស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់រំលោភនោះ សម្រេចប្ដឹងឧទ្ធរណ៍ បន្ទាប់ពីសាលាដំបូងតម្កល់សំណុំរឿងនាងទុកឥតចាត់ការកាលពីចុងខែកញ្ញា ឆ្នាំ២០១៥។ ក្រុមគ្រួសារ និងនារីរូបនេះ បានរិះគន់តុលាការខេត្តកំពង់ឆ្នាំង ថាអយុត្តិធម៌ និងស្នើឲ្យសាលាឧទ្ធរណ៍ជួយចាត់ការបណ្ដឹងរបស់គាត់ដើម្បីរកយុត្តិធម៌។
មេធាវី និងនារីដែលអះអាងថា ជាជនរងគ្រោះ គ្រោងដាក់បណ្ដឹងចូលសាលាឧទ្ធរណ៍នៅចុង ខែតុលា ឆ្នាំ២០១៥ ប្រឆាំងនឹងអតីតអធិការស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា ដដែល បើទោះបីជាសាលាដំបូងមិនបានចាត់ការ។ នៅក្នុងពាក្យបណ្ដឹងនោះ រូបនាង និងគ្រួសារទាមទារឲ្យលោក ហ៊ុល វាសនា បង់ប្រាក់ជំងឺចិត្តចំនួន ៣ម៉ឺនដុល្លារ និងស្នើតុលាការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ដើមបណ្ដឹងក្នុងសំណុំរឿងនេះ កញ្ញា យន បុប្ផា (ជាឈ្មោះអ្នកនិពន្ធដាក់ឲ្យ) រៀបរាប់នៅថ្ងៃ២៣ ខែតុលា ថា អតីតអធិការស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា បានបំផ្លាញកេរ្តិ៍ឈ្មោះ ការសិក្សា និងគំរាមសម្លាប់នាង។
កញ្ញាបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី១២ ទៅធ្វើការងាររោងចក្រនៅរាជធានីភ្នំពេញ ដោយសាររៀនលែងចូល ម្យ៉ាងនាងកំពុងភ័យខ្លាច និងប៉ះទង្គិចខាងផ្លូវចិត្តធ្ងន់ធ្ងរ «ខ្ញុំកើតទុក្ខមិនសុខចិត្តចំពោះភាពអយុត្តិធម៌របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ណាស់! ដែលតម្កល់រឿងឥតចាត់ការ ហើយមិនទាន់បានឡើងសវនាការនៅឡើយ។ នាងខ្ញុំពិតជារងគ្រោះយ៉ាងពិតប្រាកដ ដែលមានទាំងស្លាកស្នាម ដោយប្រើអាវុធគំរាមកំហែងមកលើខ្ញុំ ព្រមទាំងគំរាមដល់អាយុជីវិតក្រុមគ្រួសារខ្ញុំទៀតផង»។
កញ្ញា យន បុប្ផា បានដាក់បណ្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រឆាំងលោក ហ៊ុល វាសនា ក្រោយពីនាងអះអាងថា លោក ហ៊ុល វាសនា ប្រើកាំភ្លើងខ្លីគំរាម និងប៉ុនប៉ងចាប់រំលោភនាងចំនួន ២ដងនៅថ្ងៃខុសៗគ្នាមិនបានសម្រេច។ ប៉ុន្តែក្រោយមកទៀតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ១២ថ្ងៃត្រង់ លោក ហ៊ុល វាសនា ចាប់រំលោភនាងបានសម្រេចនៅក្នុងបន្ទប់ នាអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច។
នៅក្នុងលិខិតជូនដំណឹងចុះហត្ថលេខាដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក យូ ទិត្យវឌ្ឍនៈ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ សម្រេចតម្កល់សំណុំរឿងរំលោភសេពសន្ថវៈទុកឥតចាត់ការ តាមដីកាលេខ២២៤៧ របស់តំណាងអយ្យការចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥។ នៅក្នុងលិខិតជូនដំណឹងដដែលនេះមិនបានបញ្ជាក់ពីមូលហេតុនៃការតម្កល់រឿងទុកឥតចាត់ការនោះទេ។
ទាក់ទងបញ្ហានេះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក យូ ទិត្យវឌ្ឍនៈ បដិសេធមិនអត្ថាធិប្បាយលើអង្គហេតុ ដែលឈានដល់ការតម្កល់រឿងទុកឥតចាត់ការនោះទេ។ ប៉ុន្តែលោកថា តាមក្រមនីតិវិធីព្រហ្មទណ្ឌ ការស៊ើបអង្កេតធ្វើឡើយដោយសម្ងាត់ ដូច្នេះបើតុលាការថ្នាក់ក្រោមរកមិនឃើញបទល្មើសអាចតម្កល់រឿងនេះអត់ចាត់ការ រួចជូនដំណឹងទៅដើមបណ្ដឹង។ បើដើមបណ្ដឹងកើតទុក្ខមិនសុខចិត្តចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងនេះ អាចប្ដឹងទៅឧទ្ធរណ៍តាមកំណត់ច្បាប់ ហើយពេលនោះសាលាឧទ្ធរណ៍អាចស៊ើបអង្កេតអង្គហេតុក្នុងសំណុំរឿងដដែលនេះ។
យ៉ាងណាជនសង្ស័យក្នុងសំណុំរឿងនេះ គឺអតីតអធិការស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា ធ្លាប់បញ្ជាក់ជាញយដងថា ករណីលោកជាមួយកញ្ញា យន បុប្ផា គឺជារឿងស្នេហា និងត្រូវរ៉ូវរួមរស់ជាមួយគ្នាជាច្រើនដងដោយពុំមានការបង្ខិតបង្ខំ ឬគំរាមកំហែងអ្វីឡើយ។ លោកថា សុខចិត្តទទួលខុសត្រូវចំពោះនាងក្នុងភាពជាកូនប្រុស ឬសម្របសម្រួលបញ្ចប់រឿងនេះនៅក្រៅប្រព័ន្ធតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
