សេចក្តីព្រាងច្បាប់ស្ដីពីសហជីពនៅពេលនេះ កំពុងស្ថិតក្នុងដៃរដ្ឋសភា ហើយនឹងត្រូវធ្វើសិក្ខាសាលាថ្នាក់ជាតិមួយនៅថ្ងៃទី៩ មីនា មុននឹងដាក់ទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីបញ្ចូលទៅក្នុងរបៀបវារៈប្រជុំសភាពេញអង្គ។ ទាំងសហជីព មន្ត្រីគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកច្បាប់ នៅតែពិនិត្យឃើញថា សេចក្តីព្រាងច្បាប់នេះ ប្រសិនបើរដ្ឋសភាអនុម័តដោយគ្មានការកែប្រែទេនោះ នឹងគាបសង្កត់លើសិទ្ធិសេរីភាពរបស់កម្មករ និងសហជីពយ៉ាងធ្ងន់ធ្ងរ។
យោងតាមមន្ត្រីបក្សប្រឆាំង សេចក្តីព្រាងច្បាប់ស្ដីពីសហជីព នឹងត្រូវរដ្ឋសភាពិនិត្យ និងអនុម័តក្នុងពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែក្រុមសង្គមស៊ីវិល និងសហជីព ព្រមទាំងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ថា ដើម្បីឲ្យច្បាប់នេះផ្តល់ប្រយោជន៍ដល់កម្មករ និងសង្គមជាតិ សេចក្តីព្រាងច្បាប់ដ៏សំខាន់នេះ ត្រូវចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំ ដើម្បីពិនិត្យកែលំអបន្ថែម មុននឹងរដ្ឋសភាអនុម័ត។
ប្រធានក្រុមការងារចំពោះកិច្ចភាគីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ទាមទារឲ្យមានការសួរដេញដោលគ្នាមួយមាត្រាម្តងៗលើខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់នេះ ប្រកបដោយវិជ្ជមាន ពីដើមទីរហូតទៅ។ លោកចង់ឃើញរដ្ឋាភិបាល បង្កើតតុលាការការងារបង្កភាពងាយស្រួលក្នុងការបង្កើតសហជីព និងមិនត្រូវលូកដៃចូលក្នុងកិច្ចការរបស់សហជីពទេ។
បើទោះបីជា លោក សុន ឆ័យ បានចូលរួមកែលំអសេចក្តីព្រាងច្បាប់នេះជាមួយគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមកក្តី លោកនៅតែយល់ថា សេចក្តីព្រាងច្បាប់សហជីពនេះ មានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាពរបស់កម្មករ និងសហជីព៖« ច្បាប់សហជីពជាច្បាប់មួយការពារសិទ្ធិកម្មករ ប៉ុន្តែយើងបែរជាធ្វើច្បាប់មួយដែលហាក់ដូចជាបង្កការលំបាកដល់កម្មករដល់សហជីព ក្នុងការបង្កើតសហជីពការពារផលប្រយោជន៍របស់កម្មករ »។
ក្រុមការងារចំពោះកិច្ចនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំគ្នាចំនួន ៣លើកកាលពីខែមករា ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីសហជីព។ គណបក្សសង្គ្រោះជាតិ បង្ហាញការលំបាករបស់ខ្លួនក្នុងពេលជជែកអំពីសេចក្តីព្រាងច្បាប់នេះនាពេលកន្លងមកថា ខ្លួនបានត្រឹមផ្តល់យោបល់ ឬស្នើសុំឲ្យកែប្រែប៉ុណ្ណោះ ប៉ុន្តែបើចំណុចណាគណបក្សប្រជាជនកម្ពុជា មិនចង់កែប្រែ គណបក្សសង្គ្រោះជាតិ មិនអាចធ្វើអ្វីបានទេ ដោយភាគីគណបក្សប្រជាជនកម្ពុជា លើកសំអាងថា បក្សប្រឆាំងដើមទុនដែលជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភា តិចជាងខ្លួន ដែលតំណាងរាស្ត្របក្សកាន់អំណាចមានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើច្បាប់នេះតែឯងបាន។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា សេចក្តីព្រាងច្បាប់សហជីពនេះ ជ្រៀតជ្រែកហិរញ្ញវត្ថុ និងការជ្រៀតជ្រែកលើសិទ្ធិរបស់សហជីព និងកម្មករ។ លោកថា សហជីពនឹងប្រឈមបញ្ហាផ្លូវច្បាប់ ឬត្រូវរំលាយចោល ព្រោះសេចក្តីព្រាងច្បាប់នេះអាចធ្វើឲ្យអ្នកពាក់ព័ន្ធដែលជានិយោជក និងរដ្ឋាភិបាល មានសិទ្ធិអំណាចប្ដឹងរំលាយសហជីពបាន ដែលលោកថា នេះជាបញ្ហាធំសម្រាប់កម្មករ៖« សហជីពយើងអត់ពេញចិត្តច្បាប់នេះទាល់តែសោះម៉ង ចឹងនៅពេលច្បាប់ថ្មីនេះកើតឡើង និយោជក ឬថៅកែរោងចក្រ មានសិទ្ធិប្ដឹងរំលាយសហជីព ហើយនៅពេលបង្កើតសហជីព ត្រូវជូនដំណឹងទៅក្រុមហ៊ុន ចុះច្បាប់អន្តរជាតិគេថា មិនបាច់ជូនដំណឹងផងហ្នឹង »។
ចំណែកប្រធានគណៈកម្មការទី៦ ទទួលបន្ទុកនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា លោក ប៉ែន បញ្ញា ពីគណបក្សកាន់អំណាចវិញ មិនទាន់ឆ្លើយតបចំពោះការទាមទាររបស់គណបក្សប្រឆាំង និងសហជីពនៅឡើយទេ ដោយលោកបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងច្បាប់នេះ ចំណុចដែលត្រូវកែប្រែបន្ថែមទៀត នឹងត្រូវធ្វើក្នុងធ្វើសិក្ខាសាលាថ្នាក់ជាតិមួយនៅថ្ងៃទី៩ មីនា។
លោក សុន ឆ័យ ឲ្យដឹងថា ក្នុងចំណោម ២១ចំណុចដែលសហជីពស្នើសុំកែប្រែ ក្រុមការងារចំពោះកិច្ចនៃគណបក្សទាំងពីរ ធ្វើបាន ១៦ចំណុច និងជួយសម្រួលពាក្យពេចន៍ឲ្យធូរស្រាលជាងមុន។ លោកបញ្ជាក់ថា ចំណុចដែលត្រូវកែប្រែ ១០០% គណបក្សសង្គ្រោះជាតិ ផ្តល់គំនិតកែប្រែបាន ៥០%។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា ប្រសិនបើសេចក្តីព្រាងច្បាប់សហជីពក្លាយជាច្បាប់ ហើយអនុវត្តសិទ្ធិចំនួន៣ គឺសិទ្ធិចងក្រងជាសហជីព សិទ្ធិចរចា និងសិទ្ធិធ្វើបាតុកម្ម មិនត្រូវបានធានាទៀតទេ។ លោកយល់ថា ក្រុមសហជីពគួរស្វែងរកកិច្ចអន្តរាគមន៍ពីអ្នកបញ្ជាទិញ ដើម្បីទប់ស្កាត់ការធ្វើច្បាប់មួយដែលរឹតត្បិតសិទ្ធិសេរីភាពកម្មករ និងសហជីពបែបនេះ៖« នៅពេលរៀបចំចុះបញ្ជី គឺទាមទារតម្រូវការច្រើនណាស់ ដែលនេះជាការជ្រៀតជ្រែកតាំងពីចំនួនសមាជិក លក្ខខណ្ឌនានា បើសិនជាច្បាប់នេះកើតឡើង អ្នកណាដែលចង់រំខាន គ្រាន់តែប្ដឹងសហជីពមិនអាចធ្វើការងារអីបានទេ »។
មាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់នេះ មានភាពមិនច្បាស់លាស់ ចំណុចខ្លះរឹតត្បិតខ្លាំង មាត្រាខ្លះទៀតផ្តល់សិទ្ធិឲ្យតុលាការការងារដោះស្រាយជម្លោះ ខណៈប្រទេសកម្ពុជា មិនទាន់មានតុលាការការងារនៅឡើយ។
មាត្រា២៩ នៃសេចក្តីព្រាងច្បាប់ស្ដីពីសហជីព ចែងថា ភាគីពាក់ព័ន្ធ ឬសមាជិកចំនួន ៥០% នៃសមាជិកសរុបរបស់សហជីព ឬសមាគមនិយោជក មានសិទ្ធិប្ដឹងទៅតុលាការការងាររំលាយសហជីព ក្នុងករណីអ្នកដឹកនាំ គ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល មានកំហុសធ្ងន់ក្នុងនាមជាសហជីព ប៉ុន្តែបើផ្អែកលើស្ថានភាពសព្វថ្ងៃនេះ ប្រទេសកម្ពុជា មិនទាន់មានតុលាការការងារនៅឡើយទេ។
កន្លងមក សេចក្តីព្រាងច្បាប់ស្ដីពីសហជីពដែលមាន ១៧ជំពូក ១០០មាត្រា ត្រូវបានក្រុមការងារចំពោះកិច្ចនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជួបពិភាក្សា និងផ្តល់យោបល់ទៅលើមាត្រាចំនួន១៧ និង ១១ជំពូក។
សេចក្តីព្រាងច្បាប់ចុងក្រោយដែលវិទ្យុអាស៊ីសេរី ទទួលបានក្រុមការងារទាំងពីរព្រមព្រៀងកែប្រែបាន ៦មាត្រា មិនកែប្រែ ៦មាត្រា។ ចំណែកមាត្រាផ្សេងទៀត ក្រុមការងារនៃគណបក្សទាំងពីរមានគំនិតផ្សេងគ្នា និងស្នើឲ្យបញ្ជាក់លម្អិតពីក្រសួងពាក់ព័ន្ធ។
ចំណុចសំខាន់ៗដែលបានកែប្រែ រួមមាន មាត្រា១០ ស្ដីពីលក្ខខណ្ឌបង្កើតសហព័ន្ធសហជីព ត្រូវបានកែសម្រួលពីយ៉ាងតិច ៩រូប មកជាយ៉ាងតិច ៧រូបវិញ។ មានន័យថា សហព័ន្ធសហជីពមួយត្រូវបានបង្កើតឡើង ដោយសហជីពមូលដ្ឋានដែលមានបញ្ជិកា ឬបានចុះបញ្ជីយ៉ាងតិច ៧រូប។ ចំណុចទី២ កែសម្រួលពីយ៉ាងតិច ៦រូប មកជាយ៉ាងតិច ៥រូប។ មានន័យថា សហភាពសហជីព ឬសម្ពន្ធសហព័ន្ធសហជីពមួយ ត្រូវបង្កើតឡើងដោយសហព័ន្ធសហជីពដែលមានបញ្ជិកាយ៉ាងតិច ៥រូប។ ដោយឡែកក្នុងចំណោមមាត្រាទាំង៦ នៃចំណុចមិនកែប្រែ ទាក់ទងការធ្វើបាតុកម្ម មាត្រា១៣ នៃសេចក្តីព្រាងច្បាប់នេះ អង្គប្រជុំរក្សាទុកខ្លឹមសារទាំងស្រុង ដោយពន្យល់ថា ការកំណត់ចំនួនកូរ៉ុមប្រជុំចំនួនភាគច្រើនដាច់ខាតយ៉ាងតិច ៥០% បូក១ នៃសមាជិកសហជីពសរុប មិនមែននៃចំនួនកម្មករសរុបទេ។
លិខិតដដែលបញ្ជាក់ថា ជាលទ្ធផល ប្រជុំនៃក្រុមការងារនៃបក្សទាំងពីរបន្តថា ការកំណត់ចំនួនភាគច្រើនដាច់ខាតនៃសមាជិកសហជីពសម្រាប់សម្រេចធ្វើកូដកម្ម ជាការសមស្រប ព្រោះមានការតម្រូវឲ្យមានការព្រមព្រៀងពីកម្មករនិយោជិត។
ការកំណត់ចំនួនកូរ៉ុមប្រជុំភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកសហជីពសរុបសម្រាប់កិច្ចប្រជុំសម្រេចធ្វើកូដកម្ម ស្របតាមការបកស្រាយរបស់អាយឡូ (ILO) ត្រង់ចំណុច៥៥៩ ដែលបកស្រាយថា កាតព្វកិច្ចឲ្យមានកូរ៉ុមប្រជុំ និងការបោះឆ្នោតដោយសម្ងាត់សម្រាប់សម្រេចចិត្តធ្វើកូដកម្ម ត្រូវចាត់ទុកថាអាចទទួលយកបាន។
ចំណុចមិនកែប្រែនេះហើយដែលអ្នកច្បាប់ សហជីព សង្គមស៊ីវិល និងគណបក្សប្រឆាំងយល់ថា ជាការរឹតត្បិតសិទ្ធិសេរីភាពរបស់កម្មករ ធ្វើឲ្យដើរថយក្រោយបញ្ច្រាសទិសនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោក សុក សំអឿន ពន្យល់ថា ការចែងបែបនេះ នាំឲ្យរដ្ឋមានសិទ្ធិលូកដៃចូលក្នុងការងាររបស់សហជីព។ លោកថា អ្វីដែលគួរឲ្យបារម្ភខ្លាំង គឺការកម្រិតសិទ្ធិនៃការធ្វើបាតុកម្ម៖« មាត្រាខ្លះនៃច្បាប់នេះ កម្រិតចំនួននៃអ្នកធ្វើបាតុកម្ម។ ចឹងកម្មករម្នាក់មិនអាចធ្វើបាតុកម្មបានទេ ឬយ៉ាងម៉េច បើសិនជាចឹង គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញដែលធានាសិទ្ធិធ្វើកូដកម្មបាតុកម្ម »។
ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី មាត្រា៥ ចែងថា ក្រុមបុគ្គលណាដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធីនៅទីកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្ត មានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ។
មាត្រានេះហើយដែលអ្នកច្បាប់យល់ថា សេចក្តីព្រាងច្បាប់ស្ដីពីសហជីព មាត្រា១៣ ដែលចែងពីការកំណត់ចំនួនកូរ៉ុមប្រជុំចំនួនភាគច្រើនដាច់ខាតយ៉ាងតិច ៥០%+១ នៃសមាជិកសហជីពសរុប ទើបអាចធ្វើកូដកម្មបាតុកម្មនោះ ជាការផ្ទុយ មិនស៊ីសង្វាក់គ្នា។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បារម្ភថា នៅពេលច្បាប់នេះអនុវត្ត ធ្វើឲ្យកម្មករពិបាករៀបចំ និងបង្កើតសហជីព មានការជ្រៀតជ្រែកលើកិច្ចការសហជីព ដែលធានាដោយរដ្ឋធម្មនុញ្ញពីសំណាក់ថៅកែ ដែលនៅពេលនោះ នឹងធ្វើឲ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្មការងារកម្មករ។ ចំណែកមន្ត្រីសង្គមស៊ីវិល និងសហជីពវិញយល់ថា ក្រុមហ៊ុនបញ្ជាទិញនឹងពិចារណាក្នុងការបន្តទិញទំនិញពីកម្ពុជា ប្រសិនបើសិទ្ធិសេរីភាពរបស់កម្មករ និងសហជីព ត្រូវបានរំលោភបំពាន។
កន្លងមក រដ្ឋាភិបាល និងរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានអនុម័តច្បាប់មួយចំនួនដែលនាំឲ្យរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ថារឹតត្បិតសេរីភាពសម្ដែងមតិ រំលោភរដ្ឋធម្មនុញ្ញ និងប៉ះពាល់របបប្រជាធិបតេយ្យ។ ច្បាប់ទាំងនោះរួមមាន ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តនៃអង្គការតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្ដីពីវិសោធនកម្មឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
