ព្រឹទ្ធសភា​នឹង​បន្ត​ពិភាក្សា​និង​ឲ្យ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នៅ​ថ្ងៃ​ទី​១២​មេសា

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា កំណត់​យក​ថ្ងៃ​អង្គារ ទី​១២ ខែ​មេសា ដើម្បី​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដ៏​ចម្រូងចម្រាស ដែល​សភា​បាន​អនុម័ត​កាល​ពី​សប្ដាហ៍​មុន។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា សម័យ​ប្រជុំ​លើក​ទី​៨ នីតិកាល​ទី​៣ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ថា គណៈកម្មាធិការ​នេះ នឹង​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​ពីរ គឺ​ការ​ពិនិត្យ និង​ឲ្យ​យោបល់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព និង​ប្រកាស​ទទួល​ស្គាល់​សមាជិក​ថ្មី​នៃ​ព្រឹទ្ធសភា។

ច្បាប់​ស្ដីពី​សហជីព​ដែល​រដ្ឋសភា បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា នោះ ត្រូវ​បាន​សហជីព អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិ​មនុស្ស មិន​ពេញ​ចិត្ត និង​អះអាង​ថា​មាន​មាត្រា​មួយ​ចំនួន គំរាម​កំហែង​ទៅ​ដល់​សេរីភាព​សមាគម និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការងារ​របស់​សហជីព និង​អត្ថប្រយោជន៍​កម្មករ។

ក្រុម​ដដែល បាន​ស្នើ​ឲ្យ​ព្រឹទ្ធសភា បដិសេធ​ច្បាប់​នេះ ហើយ​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​ស្ថាប័ន​ជំនាញ​ពិនិត្យ​ឡើង​វិញ ដោយសារ​តែ​ពួក​គេ​យល់​ថា ពុំ​បាន​ឆ្លង​ការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ទាត់​ចោល​សំណើ​របស់​សហជីព និង​ដៃគូ​អន្តរជាតិ​នានា​ដែល​បាន​ស្នើ​ឲ្យ​លុប​ចោល​ការ​កំណត់​ពី​ការ​តវ៉ា និង​បាតុកម្ម​របស់​កម្មករ និង​កម្រិត​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ទៅ​លើ​កិច្ចការ​របស់​សហជីព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។