តៃកុង​ឡាន​ដឹក​កម្មករ​នៅ​ខេត្ត​កំពង់ឆ្នាំង​សិក្សា​ច្បាប់​ចរាចរណ៍​និង​ប្រឡង​យក​ប័ណ្ណ​បើកបរ

ដោយ ជិន ជេដ្ឋា
2016.10.19
ឡាន​ដឹក​កម្មករ កំពង់ឆ្នាំង ២០១៦ ៨៥៥ ឡាន​ដឹក​កម្មករ​ចត​នៅ​ខាង​មុខ​រោងចក្រ តឹក ហ្វុក (Tak Fook) ឋិត​នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

តៃកុង​ឡាន​ជាង ១០០​នាក់​ដែល​ដឹក​កម្មករ​នៅ​ខេត្ត​កំពង់ឆ្នាំង កំពុង​សិក្សា​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក និង​ប្រឡង​យក​ប័ណ្ណ​បើកបរ។ មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​ក្រុម​តៃកុង​ឡាន​ដែល​ជា​សិក្ខាកាម​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល អះអាង​ថា តៃកុង​ឡាន​យល់​ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក និង​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ជា​សុខ​សុវត្ថិភាព​របស់​កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់ ដើម្បី​ប្រឡង​យក​ប័ណ្ណ​បើកបរ។

មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ សហការ​ជាមួយ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចំណាយ​ពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា ដើម្បី​បង្រៀន​ទ្រឹស្ដី និង​ដៃ​ចង្កូត​ដល់​ក្រុម​តៃកុង​ឡាន នៅ​ក្នុង​បរិវេណ​រោងចក្រ​កាត់​ដេរ​មួយ​នា​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

អ្នក​បើកបរ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ត្រូវ​រៀន និង​ប្រឡង​ទ្រឹស្ដី​នៃ​ការ​បើកបរ​ពីរ​ថ្ងៃ និង​ប្រឡង​ដៃ​ចង្កូត​មួយ​ថ្ងៃ។

មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក អ៊ុក សម្បត្តិ មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះបណ្ដាល ឬ​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ដូច​គ្នា​នេះ បាន​ធ្វើ​ពីរ​លើក​រួច​មក​ហើយ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​ប្រភេទ​ប័ណ្ណ​បើកបរ​ខុសៗ​គ្នា គឺ​ចាប់​ពី​រថយន្ត​តូច ឬ​ប្រភេទ​រថយន្ត​ទេសចរណ៍ រហូត​ដល់​ប្រភេទ​រថយន្ត​ធំៗ។ លោក​ថា ការ​ចុះ​បង្រៀន និង​ប្រឡង​ដល់​រោងចក្រ​ផ្ទាល់​នេះ ដើម្បី​សម្រួល​ដល់​តៃកុង​ឡាន៖ «មិន​មែន​ជា​យុទ្ធនាការ​ទេ អា​ហ្នឹង​ចំពោះ​តែ​អ្នក​ដឹក​កម្មករ​រោងចក្រ​ទេ។ យើង​មក​អប់រំ បង្រៀន​គាត់ ហើយ​ប្រឡង​ចង់​ដឹង​ពី​ការ​បើកបរ​របស់​គាត់ ហើយ​ប្រឡង​យក​ប័ណ្ណ​បើកបរ​តាម​បច្ចេកទេស​របស់​ក្រសួង​សាធារណការ»

លោក​បន្ថែម​ថា ក្រុម​ការងារ​ក៏​នឹង​រៀបចំ​ពិធី​បិទ​ចំណាំងផ្លាត​លើ​រថយន្ត​ដឹក​កម្មករ​នៅ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ពេល​យប់ បន្ទាប់​ពី​បាន​ធ្វើ​នៅ​ខេត្ត​កំពង់ចាម ខេត្ត​ស្វាយរៀង និង​ខេត្ត​កោះកុង។

កំពុង​អង្គុយ​ហូប​បាយ​តែ​ម្នាក់​ឯង​នៅ​ក្បែរ​ឡាន​ដឹក​កម្មករ​ចំណុះ​ពីរ​តោន​កន្លះ​របស់​ខ្លួន ដែល​បញ្ឈរ​ចោល​នៅ​មុខ​រោងចក្រ តឹក ហ្វុក (Tak Fook) ដើម្បី​រង់ចាំ​ដឹក​កម្មករ​ផង និង​យក​ឡាន​មក​បង្ហាញ​មន្ត្រី​ជំនាញ​ផង​នោះ លោក លាស់ ប៉ុង ឲ្យ​ដឹង​ថា លោក​បាន​ដឹក​កម្មករ និង​ខ្ចប់​បាយ​តាំង​ពី​ព្រលឹម​ទុក​ហូប​ក្រោយ​ចេញ​ពី​រៀន​វគ្គ​បើកបរ​នេះ។ លោក​សប្បាយ​ចិត្ត​ដែល​មាន​ការ​ប្រឡង​ដូចនេះ៖ «រៀន​បាន​ពីរ​ថ្ងៃ​ហើយ។ លោក ជិន ជេដ្ឋា៖ គិត​ថា​មាន​សារសំខាន់​អ្វី​ខ្លះ​សម្រាប់​បង? មាន​ដែរ​បាន​លោកគ្រូ​មក​ជួយ​បង្រៀន​ដល់​យើង​អ៊ីចឹង​ទៅ បាន​ពែកមី (ប័ណ្ណ​បើកបរ) ក្បាល​បួន។ កាល​មុន​គាត់​មក​សា​មុន​បាន​ក្បាល​ពីរ យើង​បើក​ក្បាល ដល់​ឡាន​ប្រភេទ​នេះ​យើង​បើក​អត់​បាន អ៊ីចឹង​យក​ក្បាល​បួន​មក យើង​អាច​បើក​អា​នេះ​បាន។ ខ្ញុំ​ដឹក​កម្មករ​រោងចក្រ ៧០​នាក់»

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង លោក ពៅ ស៊ីថា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា។

អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក ជាវ ប៊ុនរិទ្ធិ បាន​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​កាល​ពី​ដើម​សប្ដាហ៍​មុន​ថា ក្រុម​ការងារ​លោក​បាន​រក​ឃើញ​មូលហេតុ​បួន​ដែល​ឡាន​ដឹក​កម្មករ​មាន​គ្រោះថ្នាក់​ញឹកញាប់ គឺ​ទី​១ បញ្ហា​ល្បឿន។ ទី​២ បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង។ ទី​៣ សិទ្ធិ​អាទិភាព និង​ទី​៤ បណ្ដាល​មក​ពី​កត្តា​យានយន្ត។ ក្រោយ​រក​ឃើញ​មូលហេតុ​ទាំងនេះ មន្ត្រី​ជំនាញ​បាន​ចេញ​វិធានការ​រដ្ឋបាល និង​វិធានការ​ផ្សព្វផ្សាយ​អប់រំ៖ «អ្នក​បើកបរ​ភាគច្រើន​មាន​វ័យ​ក្មេង ជាពិសេស​អត់​មាន​ប័ណ្ណ​បើកបរ​ម៉ង! ឆ្នាំ​២០១៣ ឆ្នាំ​២០១៤ ឆ្នាំ​២០១៥ យើង​បាន​ចុះ​ទៅ​ស្រង់​ស្ថិតិ​មាន​ឡាន​ដឹក​កម្មករ​ទូទាំង​ប្រទេស យើង​មាន​ជាង ៤​ពាន់​គ្រឿង ប៉ុន្តែ​អ្នក​ដែល​មាន​ប័ណ្ណ​បើកបរ​មាន​តែ​ជាង ៤០​ភាគរយ​ទេ ហើយ​ប័ណ្ណ​បើកបរ​អត់​ត្រូវ​ទៅ​តាម​ប្រភេទ​យានយន្ត​ទៀត មាន​ន័យ​ថា​អា​យានយន្ត​ដែល​គាត់​ដឹក​ហ្នឹង "" ឬ​មួយ "" តែ​គាត់​មាន​តែ ""។ នេះ​ជា​បញ្ហា​មួយ​ដែល​គាត់​បាន​ចូល​រៀន​នៅ​សាលា​ត្រឹមត្រូវ អត់​មាន​ប័ណ្ណ​បើកបរ​មាន​ន័យ​ថា​គាត់​អត់​ចេះ​ច្បាប់​ចរាចរណ៍។ អ៊ីចឹង​យើង​បាន​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធារណការ យើង​ចុះ​ទៅ​បង្រៀន​គាត់​ដល់​មូលដ្ឋាន​រោងចក្រ»

ក្រុម​សិក្ខាកាម​ដែល​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​បញ្ជាក់​ថា ពួក​គេ​ត្រូវ​ចំណាយ​លុយ ៣០​ដុល្លារ ឬ​ស្មើ​នឹង ១២​ម៉ឺន​រៀល ដើម្បី​ប្រឡង​យក​ប័ណ្ណ​បើកបរ​ប្រភេទ "ឃ​២" ឬ​ក្បាល​បួន។ ជាទូទៅ ក្រោយ​ប្រឡង​ជាប់​សិក្ខាកាម​អាច​ទទួល​បាន​ប័ណ្ណ​បើកបរ​ក្នុង​រយៈពេល​មួយ​ខែ ឬ​អាច​លើស​នេះ​តិចតួច ប៉ុន្តែ​បើ​បេក្ខជន​ណា​ប្រឡង​មិន​ជាប់ នឹង​ត្រូវ​រៀន រួច​ប្រឡង​នៅ​វគ្គ​ក្រោយៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។