តុលាការ​សួរ​ជន​សង្ស័យ​៦​នាក់​​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន​​បញ្ជា​ចេញ​ពី​ពន្ធនាគារ

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ​មនុស្ស ៦​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្រុម​ជួញដូរ​គ្រឿងញៀន​ដែល​បញ្ជា​ចេញ​ពី​ពន្ធនាគារ នៅ​ថ្ងៃ​ទី​៤ ខែ​មីនា។ ការ​សាកសួរ​នេះ បន្ទាប់​ពី​កងរាជអាវុធហត្ថ​ចាប់​បាន​ជន​សង្ស័យ​ជា​ជនជាតិ​ខ្មែរ​មួយ​រូប កាល​ពី​ចុង​ខែ​កុម្ភៈ និង​រក​ឃើញ​ថា មាន​ទណ្ឌិត​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ជា​ជនជាតិ​ខ្មែរ​ផង បរទេស​ផង ចំនួន ៥​នាក់​ផ្សេង​ទៀត បញ្ជា​ឲ្យ​ចែកចាយ និង​ជួញដូរ​គ្រឿង​ញៀន​ចេញ​ពី​ពន្ធនាគារ។

មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កំពុង​ចាត់​វិធានការ​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​រក​បណ្ដាញ​បញ្ជា​ឲ្យ​ចែក​ចាយ និង​ជួញដូរ​គ្រឿង​ញៀន​ក្នុង​រាជធានី​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ថ្លែង​ថា ក្រុម​ការងារ​ពាក់ព័ន្ធ​បាន​ស៊ើប​អង្កេត​លើ​ក្រុម​គ្រឿងញៀន​មួយ​នៅ​ពន្ធនាគារ​ដែល​ដឹកនាំ​ដោយ​ជនបរទេស ៣​នាក់ គឺ​រយៈពេល ៣​ថ្ងៃ បន្ទាប់​ពី​ចាប់​បាន​ជន​សង្ស័យ​ក្នុង​ស្រុក​ម្នាក់​ដែល​មាន​ថ្នាំញៀន​ជា​ប្រភេទ​មេតំហ្វេតាមីន ជាង ៣​គីឡូក្រាម ដែល​បាន​បញ្ជា​ឲ្យ​ចែកចាយ​ទូទាំង​រាជធានី​ភ្នំពេញ៖ «អាវុធហត្ថ​យើង​គឺ​ឃាត់​ពី​ថ្ងៃ​ទី​២៨ (កុម្ភៈ) មក គឺ​ម្នាក់​ឈ្មោះ ឌី ធូរ៉ា ហ្នឹង ចាប់​បាន​វត្ថុតាង​ជា​ច្រើន ហើយ​បន្ទាប់​មក​ក៏​ស្រាវជ្រាវ​ទៅ​ក៏​ឃើញ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជន ៥​នាក់​ទៀត ដែល​ជា​ទណ្ឌិត។ យើង​កំពុង​តែ​ស្រាវជ្រាវ​បន្ត​វិធានការ​ដែល​យើង​ត្រូវ​តែ​មាន​ការ​ដឹកនាំ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ទើប​យើង​ធ្វើ​បន្ត​បាន។ អ៊ីចឹង​បាន​ជា​រយៈពេល​នេះ​យើង​ទាមទារ​ឲ្យ​មាន​ការ​ដឹកនាំ​ពី​គាត់ ហើយ​យើង​ធ្វើការ​បាន​នេះ។ លក់​នៅ​ក្រៅ​ទេ បញ្ជា​ពី​ក្នុង​ហ្នឹង​មក​ឲ្យ​អ្នក​ខាង​ក្រៅ​លក់»

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ម្នាក់ ឈ្មោះ ឌី ធូរ៉ា អាយុ ៣២​ឆ្នាំ នៅ​ក្បែរ​គល់​ស្ពាន​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ ដែល​មាន​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ទម្ងន់​ជាង ៣​គីឡូក្រាម និង​ថ្នាំញៀន​មេតំហ្វេតាមីន​គ្រាប់ ចំនួន​ជាង ១០​ម៉ឺន​គ្រាប់។ កម្លាំង​ជំនាញ​នេះ​បាន​រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​មាន ៥​នាក់​ផ្សេង​ទៀត ដែល​ជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ២​នាក់ ជនជាតិ​វៀតណាម ម្នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ ២​នាក់ ដែល​ចាត់ចែង​បញ្ជា​ចេញ​ពី​ក្នុង​ពន្ធនាគារ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​រក​ឃើញ​ថា ទណ្ឌិត​ដែល​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​បញ្ជា​ឲ្យ​ចែកចាយ​គ្រឿងញៀន​ចេញ​ពី​ពន្ធនាគារ​នេះ អនុ​ប្រធាន​នាយកដ្ឋាន​អប់រំ​កែប្រែ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក សន កែវ មាន​ប្រសាសន៍​ថា មេ​បញ្ជា​ឲ្យ​ចែកចាយ​គ្រឿង​ញៀន​នេះ គឺ​ពួកគេ​កំពុង​អនុវត្ត​ទោស​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃស។ ជុំវិញ​បញ្ហា​នេះ ក្រុម​ការងារ​និង​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ភាព​ធូរ​រលុង​ក្នុង​ពន្ធនាគារ​នេះ៖ «ធម្មតា​យើង​ត្រូវ​មាន​ក្រុម​ការងារ​ដើម្បី​ស៊ើប​អង្កេត​បន្ត​ទៀត»

ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ហ៊ឹង ប៊ុនថន បាន​សាកសួរ​ជន​ជាប់​ចោទ​លើ​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​៤ មីនា ហើយ​បញ្ជូន​សំណុំ​រឿង​នេះ​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ លោក ឃី ឆៃ។

ទាក់ទង​ទៅ​នឹង​សំណុំ​រឿង​ជួញដូរ​គ្រឿង​ញៀន​ដូច​គ្នា​នេះ​ដែរ តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មីនា បាន​សម្រេច​លើក​ពេល​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​អតីត​យោធា​ផ្កាយ​២ ឈ្មោះ ចាន់ ឫទ្ធីឌី និង​គូកន​ម្នាក់​ទៀត​ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ជិត ៥​គីឡូក្រាម។ ការ​លើក​ពេល​ជម្រះ​នេះ ដោយសារ​មេធាវី​របស់​ជន​ជាប់​ចោទ​ឈ្មោះ ឌៀប ស៊ុនឡាយ ស្នើ​សុំ​តុលាការ​សិក្សា​សំណុំរឿង​ការពារ​កូន​ក្ដី​របស់​ខ្លួន។

អតីត​យោធា​ផ្កាយ​២ លោក ចាន់ឫទ្ធីឌី និង​ជន​ជាប់ចោទ​មួយ​រូប​ទៀត ឈ្មោះ ឌៀប ស៊ុនឡាយ បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ផ្ដន្ទាទោស​ពួកគេ​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ ២០​ឆ្នាំ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​អូរអណ្ដូងទី១ សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ខែ​សីហា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។