សាលាឧទ្ធរណ៍សម្រេចយកថ្ងៃទី២១ ខែកញ្ញា ខាងមុខ ជាថ្ងៃប្រកាសសាលដីកាសំណុំរឿងសកម្មជនបរិស្ថានតំបន់អារ៉ែង លោក វ៉ែន វ៉ន។ សេចក្ដីសម្រេចនេះនៅក្រោយសាលាឧទ្ធរណ៍បើកសវនាការករណីបណ្ដឹងជំទាស់អោយទម្លាក់បទចោទរបស់លោក វ៉ែន វ៉ន អស់ពេលជាច្រើនម៉ោងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា នេះ។
សកម្មជនការពារបរិស្ថានតំបន់អារ៉ែង និងជាប្រធានសហគមន៍ជនជាតិដើមភាគតិចជង រស់នៅឃុំជំនាប់ ស្រុកថ្មបាំង លោក វ៉ែន វ៉ន ថ្លែងបន្ទាប់ពីសវនាការថា សាលាឧទ្ធរណ៍គួរពិចារណាតាមការទាមទាររបស់លោក ដ្បិតលោកពុំប្រព្រឹត្តដូចការចោទប្រកាន់ និងសាលក្រមរបស់សាលដំបូងខេត្តកោះកុង ទេ៖ «ខ្ញុំមិនអាចក្លាយខ្លួនជាអ្នកមានទោសនោះទេ ព្រោះទី១ ខ្ញុំជាអ្នកជនជាតិដើមភាគតិចដែលរស់នៅតំបន់នោះ ទី២ ឈើហ្នឹងគឺខ្ញុំបានទិញគេដើម្បីយកមកសាងសង់រោងសហគមន៍ដើម្បីបម្រើផលប្រយោជន៍រួម។ ទី១ គឺបម្រើផ្នែកទេសចរណ៍ឲ្យប្រជាពលរដ្ឋមានប្រភពចំណូល ទី២ អាចផ្ដល់ជាទីតាំងមួយដើម្បីបណ្ដុះបណ្ដាលយុវជន ក៏ដូចជាក្មេងៗ ឲ្យបានរៀនជាភាសាអង់គ្លេស និងផ្លូវច្បាប់ជាដើម»។
លោក វ៉ែន វ៉ន ត្រូវបានតុលាការចាប់ខ្លួន និងបញ្ជូនទៅដាក់ពន្ធនាគារខេត្តកោះកុង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ដោយចោទប្រកាន់ចំនួន ២បទចោទ គឺទាក់ទងការប្រមូលអនុផលព្រៃឈើ និងការបំបាត់វត្ថុតាង។
ចៅក្រមសាលាដំបូងខេត្តកោះកុង នៅព្រឹកថ្ងៃទី៣ ខែមីនា បានប្រកាសសាលក្រមលើសំណុំរឿងលោក វ៉ែន វ៉ន ឲ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរ អាចឲ្យជនជាប់ចោទរស់នៅក្រៅពន្ធនាគារ។ មេធាវីការពារអោយលោក វ៉ែន វ៉ន បានដាក់បណ្ដឹងសាទុក្ខទៅសាលាឧទ្ធរណ៍ជំទាស់នឹងសាលក្រមសាលាដំបូងនេះ ដោយបានទាមទារអោយទម្លាក់ចោលរាល់បទចោទទាំងឡាយប្រឆាំងរូបលោក។
ទាំងមេធាវីការពារជនជាប់ចោទ និងសង្គមស៊ីវិល បានស្នើទៅតុលាការឲ្យទម្លាក់បទចោទទាំងពីរករណីនេះចោល ព្រោះថា សកម្មជនការពារបរិស្ថានរូបនេះមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
