ចៅក្រមសាលាឧទ្ធរណ៍ លោក តាំង ស៊ុនឡាយ សម្រេចឲ្យលោក ឈូក បណ្ឌិត មានទោស ១ឆ្នាំកន្លះដដែល និងបន្តអនុវត្តដីកាចាប់ខ្លួនអតីតអភិបាលក្រុងបាវិតរូបនេះ ដាក់ក្នុងពន្ធនាគារ។ លោក តាំង ស៊ុនឡាយ សម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តស្វាយរៀង លើករណីប្តឹងទាស់របស់លោក ឈូក បណ្ឌិត។ ការប្រកាសនេះធ្វើឡើងដោយគ្មានវត្តមានជនរងគ្រោះទាំង ៣រូប និងជនជាប់ចោទ លោក ឈូក បណ្ឌិត។ យ៉ាងណាមេធាវីការពារក្តីឲ្យភាគីទាំងសងខាង បានស្តាប់ការប្រកាសនោះ។
លោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ និងបានចេញដីកាឲ្យតាមចាប់ខ្លួន និងបង្គាប់ឲ្យបង់ប្រាក់សំណងឲ្យជនរងគ្រោះ ប៊ុន ចិន្តា ចំនួន ២០លានរៀល ឈ្មោះ នុត សាខន ចំនួន ១០លានរៀល និងឈ្មោះ កែវ នា ចំនួន ៨លានរៀល។
នៅក្នុងសវនាការនៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី៣១ តុលា នោះ មេធាវីជនរងគ្រោះទាំង ៣រូប បានស្នើសុំឲ្យចៅក្រមសាលាឧទ្ធរណ៍ ពិចារណាប្ដូរបទចោទពីបទបង្ករបួសស្នាមដោយចេតនា ទៅជាបទប៉ុនប៉ងមនុស្សឃាតដោយចេតនាវិញ លើសំណុំរឿងលោក ឈូក បណ្ឌិត។ តែចៅក្រមមិនបានប្ដូរបទចោទតាមការស្នើសុំឡើយ ដោយសំអាងហេតុថា ជនជាប់ចោទ ឈូក បណ្ឌិត គ្មានចេតនាបាញ់នារីរងគ្រោះទាំង ៣នាក់នោះទេ ដោយសារតែទាំងជនរងគ្រោះ និងជនជាប់ចោទ មិនធ្លាប់ស្គាល់គ្នា និងមិនធ្លាប់មានគំនុំជាមួយគ្នា ហើយថា ការបាញ់ឲ្យរបួសកម្មករទាំងនោះ កើតឡើងដោយសារតែការរាលកៃកាំភ្លើង។

មន្ត្រីស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍នៅពេលនេះ ថាមិនទាន់ផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះឲ្យបានពេញលេញ ត្បិតតុលាការសម្រេចផ្ដន្ទាទោសលោក ឈូក បណ្ឌិត ឲ្យជាប់ពន្ធនាគារ។ ប៉ុន្តែរហូតមកដល់ពេលនេះ លោក ឈូក បណ្ឌិត នៅតែស្ថិតនៅក្រៅឃុំនៅឡើយ។
លោកបញ្ជាក់ថា សំណុំរឿងលោក ឈូក បណ្ឌិត ជាបទឧក្រិដ្ឋ នឹងត្រូវជាប់ចោទពីបទមនុស្សឃាតដោយចេតនា។ ប៉ុន្តែតុលាការបែរជាចោទពីបទបង្ករបួសស្នាមដោយអចេតនា ដែលជាប្រភេទទោសបទមជ្ឈិម។ ទោសមជ្ឈិម ជាទោសដែលជាប់ពន្ធនាគារពី ៦ថ្ងៃ ទៅដល់អតិបរមា គឺ ៥ឆ្នាំ និងអាចបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ។
មេធាវីការពារក្តីឲ្យលោក ឈូក បណ្ឌិត គឺលោក កៃ វិសាល មានប្រសាសន៍ថា ក្នុងនាមលោកជួយការពារក្តីឲ្យជនជាប់ចោទ លោកបានព្យាយាមលើកទឡ្ហីករណ៍ជាច្រើនបញ្ជាក់ថា លោក ឈូក បណ្ឌិត គ្មានទោស។ លោកគិតថា ការសម្រេចរបស់តុលាការឧទ្ធរណ៍នេះ គឺមិនសមស្របសម្រាប់កូនក្តីរបស់លោកទេ។ យ៉ាងណាលោកក៏មិនប្រាកដក្នុងចិត្តដែរថា តើកូនក្តីរបស់លោកនឹងប្តឹងសាទុក្ខទៅតុលាការកំពូលទៀតឬក៏អត់?
រយៈពេល ២០ខែហើយ បន្ទាប់ពីមានការបាញ់ទៅលើកម្មកររោងចក្រ កៅវ៉េ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត នៅតែបន្តស្ថិតនៅក្រៅឃុំនៅឡើយរហូតដល់សព្វថ្ងៃ។ កម្មការិនីម្នាក់ក្នុងចំណោមកម្មការិនី ៣នាក់ដែលរងរបួស គឺលោកស្រី ប៊ុន ចិន្តា សម្ដែងការអស់សង្ឃឹមចំពោះប្រព័ន្ធតុលាការនៅកម្ពុជា ហើយថា ពួកគាត់នៅមិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដនៅឡើយ។
មន្រ្តីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សចាត់ទុកការបណ្ដែតបណ្ដោយឲ្យលោក ឈូក បណ្ឌិត មានសេរីភាពនៅក្រៅមន្ទីរឃុំឃាំងដោយមានខ្នងបង្អែកជាអ្នកមានអំណាចក្នុងជួររដ្ឋាភិបាលការពារ គឺជាអំពើអយុត្តិធម៌ច្បាស់ក្រឡែតនៅកម្ពុជា ពីព្រោះមានប្រជាពលរដ្ឋខ្លះមិនបានប្រព្រឹត្តទោសកំហុសជាក់ស្ដែងពិតប្រាកដផង តែត្រូវចៅក្រមកាត់ទោសឲ្យជាប់គុកជាច្រើនឆ្នាំ ដូចជាករណីអ្នកស្រី យ៉ោម បុប្ផា សកម្មជនតស៊ូដីធ្លីនៅបឹងកក់ និងករណីលោក ប៊ន សំណាង និង សុខ សំអឿន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
