គ្រួសារ​បុរស​ស្លាប់​ដោយ​ជនជាតិ​វៀតណាម​ព្រួត​វាយ​នៅ​ព្រៃវែង​បន្ត​អំពាវនាវ​រក​យុត្តិធម៌

ដោយ ថា កិត្យា
2017-08-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ភរិយា​ជន​រងគ្រោះ​ដែល​ជនជាតិ​វៀតណាម​វាយ​សម្លាប់ លោកស្រី ចាន់ ស៊ីណា ថ្លែង​ប្រាប់​អាស៊ីសេរី​នា​គេហដ្ឋាន​របស់​លោកស្រី នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។
ភរិយា​ជន​រងគ្រោះ​ដែល​ជនជាតិ​វៀតណាម​វាយ​សម្លាប់ លោកស្រី ចាន់ ស៊ីណា ថ្លែង​ប្រាប់​អាស៊ីសេរី​នា​គេហដ្ឋាន​របស់​លោកស្រី នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។
RFA/Chuop Sereyroth

គ្រួសារ​បុរស​ម្នាក់​ដែល​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់​នៅ​ឃុំ​អ្នកលឿង ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​តាម​ចាប់​ជន​ដៃ​ដល់​បន្ថែម​ទៀត និង​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់។ រីឯ​អាជ្ញាធរ​អះអាង​ថា ពួក​គាត់​នៅ​តែ​បន្ត​ស្វែងរក​ចាប់​ខ្លួន​ជន​សង្ស័យ និង​ស្នើ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ជួយ​សហការ​ផ្តល់​ព័ត៌មាន។

ការ​អំពាវនាវ​របស់​គ្រួសារ​ជន​រងគ្រោះ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គាត់​កំពុង​មាន​វិបត្តិ​ផ្លូវ​ចិត្ត និង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ខណៈ​សំណុំ​រឿង​ជនជាតិ​វៀតណាម ព្រួត​គ្នា​វាយ​សម្លាប់​បុរស​ជា​ជនជាតិ​ខ្មែរ​ម្នាក់​នៅ​ភូមិ​អ្នកលឿងក្រោម ឃុំ​អ្នកលឿង ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង នោះ បាន​អូស​បន្លាយ​ពេល ១​ឆ្នាំ​ទៅ​ហើយ។

ភរិយា​ជន​រងគ្រោះ លោកស្រី ចាន់ ស៊ីណា រៀបរាប់​ថា គ្រួសារ​លោកស្រី​កំពុង​រស់​រង​ទុក្ខ​វេទនា និង​ទន្ទឹង​រង់ចាំ​យុត្តិធម៌។ លោកស្រី​អំពាវនាវ​ឲ្យ​តុលាការ​ពន្លឿន​ការ​កាត់​ទោស​ជនល្មើស​តាម​ច្បាប់ និង​ទាមទារ​សំណង​ចំនួន ៣០​លាន​រៀល«ចង់​ឲ្យ​គាត់​ឡើង​ឆាប់ៗ​ទៅ យើង​បាន​សំណង​លុយ​ខ្លះៗ ព្រោះ​ខ្វះខាត​ច្រើន ដែល​ត្រូវការ​លុយ​ដើម្បី​ធ្វើ​ដើមទុន​រក​ស៊ី»

ទន្ទឹម​គ្នា​នេះ ស្ត្រី​មេម៉ាយ​វ័យ ៣១​ឆ្នាំ​រូប​នេះ ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ទៀត​ឈ្មោះ វៀន យ៉ាងស៊ុយ ជនជាតិ​វៀតណាម ដែល​ជា​អ្នក​បញ្ជា​ឲ្យ​ជន​ដៃ​ដល់​ជា​កូន​បង្កើត​របស់​ខ្លួន​វាយ​សម្លាប់​ទាំង​ប្ដី និង​ប្រពន្ធ ហើយ​ជា​អ្នក​ធានា​បង់​លុយ​បញ្ចប់​រឿង។ លោកស្រី​អះអាង​ថា បច្ចុប្បន្ន​នេះ គ្រួសារ​លោកស្រី​កំពុង​រស់នៅ​ក្នុង​សភាព​ខ្លាច​ដែល​មិន​សូវ​ហ៊ាន​ទៅ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ឡើយ ព្រោះ​ជន​សង្ស័យ​ម្នាក់​នោះ​កំពុង​មាន​សេរីភាព និង​ឧស្សាហ៍​ចេញ​ចូល​ក្នុង​ភូមិ​ទៀត​ផង«ឃើញ​រាល់​ថ្ងៃ តែ​ប៉ូលិស​អត់​ចូល​ចាប់​សោះ ហើយ​ម្សិលមិញ​ក៏​ឃើញ​ដែរ លួច​មក​អ៊ីចឹង​ទៅ ពេល​ថ្ងៃ​យើង​សម្លឹង​ឃើញ​ចឹង​ទៅ បាត់​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ទៀត​ទៅ ហើយ​ពីរ​បី​ថ្ងៃ​ទៀត​ឃើញ​ម្តង​ទៀត​ទៅ។ ប៉ូលិស​ឃើញ​ដែរ តែ​ដូចជា​ប៉ូលិស​មិន​ចាប់​ម៉េច​ទេ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃវែង លោក ញ៉ឹក វ៉ាន្នី បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។

ទោះ​យ៉ាង​ណា លោក ញ៉ឹក វ៉ាន្នី ធ្លាប់​ឲ្យ​ដឹង​ថា ក្នុង​សំណុំ​រឿង​នេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃវែង បាន​ចោទ​ប្រកាន់​មនុស្ស ៧​នាក់​តាម​មាត្រា​២២៤ នៃ​ក្រម​ព្រហ្មទណ្ឌ​ក្នុង​បទ​ចោទ​ស្ថាន​ទម្ងន់​ទោស ដោយសារ​មរណភាព​នៃ​ជន​រងគ្រោះ ដែល​នឹង​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ទៅ ១៥​ឆ្នាំ និង​មាត្រា​២៩ នៃ​ច្បាប់​អន្តោប្រវេសន៍ ពី​បទ​ចូល​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត។

ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង ៧​នាក់​នោះ មាន​ម្នាក់​ឈ្មោះ វៀន យ៉ាងស៊ុយ ជា​ជនជាតិ​វៀតណាម គឺ​តុលាការ​កំពុង​តាម​ចាប់​ខ្លួន ហើយ​ម្នាក់​ឈ្មោះ តូ យ៉ាងហុក ត្រូវ​បាន​ដោះលែង​វិញ។ បច្ចុប្បន្ន​នេះ នៅ​មាន​ជន​ជាប់​ចោទ ៥​នាក់​ទៀត​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាការ រួម​មាន​ឈ្មោះ វៀន យ៉ាងកង ឈ្មោះ វៀន យ៉ាងងឿ ឈ្មោះ ឡាំយ៉ាង សៀង ឈ្មោះ វីរៈ ដែន និង​ឈ្មោះ ជិន បារាំង។

លោក ញ៉ឹក វ៉ាន្នី ធ្លាប់​ឲ្យ​ដឹង​ទៀត​ថា តុលាការ​គ្រោង​នឹង​ជំនុំ​ជម្រះ​រឿង​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

រីឯ​អធិការ​ស្រុក​ពាមរក៍ លោក សេង ពន្លក មាន​ប្រសាសន៍​ថា ប្រសិន​បើ​សមត្ថកិច្ច​ប្រទះ​ឃើញ​ជន​សង្ស័យ វៀន យ៉ាងស៊ុយ គឺ​នឹង​ឃាត់​ខ្លួន​ភ្លាមៗ​តែ​ម្តង ប៉ុន្តែ​ជន​សង្ស័យ​រូប​នេះ​បាន​គេច​ខ្លួន​រហូត ក្រោយ​ពី​កើត​ហេតុ«ប្រសិន​បើ​អ្នក​រងគ្រោះ​ឃើញ សូម​ជួយ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​យើង​មក ព្រោះ​ថា​យើង​កំពុង​តែ​ដើរ​រក​ដែរ​ហ្នឹង តែ​មិន​ដឹង​នៅ​ណា

ជន​រងគ្រោះ​ដែល​ត្រូវ​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់​មាន​ឈ្មោះ រ័ត្ន ធី អាយុ ៣៣​ឆ្នាំ។ ភរិយា​ជន​រងគ្រោះ​រៀបរាប់​ថា កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៦ ប្ដី​របស់​លោកស្រី​បាន​ដើរ​ទៅ​ទិញ​បារី​នៅ​តូប​លក់ដូរ​ក្បែរ​ផ្ទះ។ ពេល​នោះ ជនជាតិ​វៀតណាម ម្នាក់​បាន​សម្លុត​ទារ​បារី តែ​ប្ដី​លោកស្រី​មិន​ឲ្យ ក៏​កើត​ជា​ទំនាស់​ពាក្យ​សម្ដី​រហូត​ឈាន​ដល់​ផ្ទុះ​ហិង្សា​កាន់​តែ​ធំ ដោយ​មាន​ជនជាតិ​វៀតណាម លើស​ពី ២០​នាក់​ប្រដាប់​ដោយ​ដំបង ឈើ​មូល ឈើ​ជ្រុង ដែកគាស់ និង​កាំបិត ចូលរួម​ព្រួត​វាយ​ប្ដី​លោកស្រី​រហូត​ដល់​ស្លាប់ និង​មាន​បំណង​សម្លាប់​លោកស្រី និង​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ហ៊ាន​ចូល​ជួយ​ទៀត​ផង។

សព្វថ្ងៃ លោកស្រី ចាន់ ស៊ីណា កំពុង​រស់នៅ​ចិញ្ចឹម​កូន ៦​នាក់ ដោយ​កូន​ប្រុស​ពៅ​អាយុ​ទើប​បាន​ជាង ១០​ខែ។ ជីវភាព​លោកស្រី​កាន់​តែ​ធ្លាក់​ដុនដាប បន្ទាប់​ពី​ស្វាមី​ស្លាប់​ទៅ។ អ្នក​ជិត​ខាង​ផ្ទះ​ជន​រងគ្រោះ​សុទ្ធតែ​បង្ហាញ​ក្តី​អាណិតអាសូរ​ចំពោះ​ស្ត្រី​មេម៉ាយ​ម្នាក់​នេះ។ ពួក​គេ​ថា តុលាការ​គួរ​តែ​ចាត់​វិធានការ​ឲ្យ​បាន​លឿន និង​មាន​យុត្តិធម៌​ពេញលេញ ដើម្បី​បន្សាប​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​របស់​គ្រួសារ​ជន​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញុំអាណិតបងស្រីណាស់ តែខ្ញុំអស់ជំនឿលើពួកតុលាការ និងប៉ូលីសទាំងនេះហើយ។ បើសិនគេចង់ចាប់នោះ គឺគេចាប់បានហើយ តែវាមិនចាប់។ ពួកពុករលួយ!

Aug 15, 2017 01:37 AM

គេហទំព័រ​ទាំងមូល