គ្រួសារ​លោក​មេ​ឃុំ ស៊ាង ចែត ត្អូញត្អែរ​ថា​ជួប​ការ​លំបាក​ក្នុង​ជីវភាព​បន្ទាប់​ពី​មេ​ឃុំ​ត្រូវ​ឃុំ​ខ្លួន

0:00 / 0:00

ក្រុម​គ្រួសារ​មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​លោក ស៊ាង ចែត ឲ្យ​បាន​នៅ​ក្រៅ​ឃុំ។ ក្រោយ​ពេល​ដែល​លោក ស៊ាង ចែត ជាប់​ឃុំ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​កាន់​តែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ។ បន្ថែម​ពី​នេះ​ទៀត ពលរដ្ឋ​នៅ​ក្នុង​ឃុំ ក៏​នាំ​គ្នា​ស្នើ​ឲ្យ​ដោះ​លែង​មេ​ឃុំ​ស្រក ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដែរ ដោយ​ពួក​គាត់​យល់​ថា ការ​ឃុំ​ខ្លួន​មេ​ឃុំ​ស្រក គឺ​ជា​រឿង​អយុត្តិធម៌។

ស្រប​ពេល​តុលាការ​ក្រុង​ភ្នំពេញ នៅ​មិន​ទាន់​ជំនុំ​ជម្រះ​រឿង​ក្តី​ពាក់ព័ន្ធ​មេ​ឃុំ​ស្រក នៅ​ឡើយ ក្រុម​គ្រួសារ និង​ពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​លោក ស៊ាង ចែត ឲ្យ​នៅ​ក្រៅ​ឃុំ។ ការ​ស្នើ​នេះ ដោយ​ពួក​គាត់​ហ៊ាន​ធានា​ថា មេ​ឃុំ​ស្រក នឹង​មិន​រត់​ទៅ​ណា​ឡើយ។ ម្យ៉ាង​ការ​ឃុំ​ខ្លួន​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ​មេ​ឃុំ​ផ្ទាល់ និង​ពលរដ្ឋ​ដែល​ត្រូវ​ការ​សេវា​សាធារណៈ​ពី​សំណាក់​លោក ស៊ាង ចែត។

ប្រពន្ធ​លោក​មេ​ឃុំ​ស្រក អ្នកស្រី ស្រេង សុខឃឿន មាន​ប្រសាសន៍​ទាំង​ទឹក​មុខ​ស្រពាប់ស្រពោន​ថា តាំង​ពី​ប្ដី​របស់​អ្នកស្រី​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នាំ​ខ្លួន និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស គឺ​ធ្វើ​ឲ្យ​គ្រួសារ​មាន​ការ​លំបាក​ខ្លាំង។ អ្នកស្រី​ថា នៅ​ពេល​ប្ដី​នៅ​ជុំ​គ្នា ប្ដី​អ្នកស្រី​អាច​ដឹក​នាំ​កូនៗ​នាំ​គ្នា​រក​ស៊ី ឬ​ប្រកប​មុខ​របរ​ផ្សេងៗ​ក្រោយ​ពេល​សម្រាក​ពី​ការងារ​ឃុំ ប៉ុន្តែ​នៅ​ពេល​ប្ដី​គាត់​ត្រូវ​ជាប់​ឃុំ គ្រួសារ​អ្នកស្រី​មិន​មាន​អ្នក​ជំហរ​រឹងមាំ​ឡើយ។ ម្យ៉ាង កូនៗ​ត្រូវ​រៀន​សូត្រ មាន​មនុស្ស​ចាស់​នៅ​ក្នុង​បន្ទុក និង​មាន​កូន​តូច ដោយ​អ្នកស្រី​មិន​អាច​ដើរ​ចោល​បាន៖ « បើ​ប្ដី​ខ្ញុំ​នៅ​ទៅ អាច​រក​ម៉ូយ​រក​អី​ឲ្យ​កូន​ទាក់ទង​ទៅ​ដឹក​ដំឡូង​គេ​ទៅ ដល់​អត់​ពី​ប្ដី​ទៅ ខ្ញុំ​ពិបាក »

លោក ស៊ាង ចែត គឺ​មនុស្ស​មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​ក្នុង​ឃុំ និង​ជា​គ្រួសារ​មួយ​មាន​ជីវភាព​មធ្យម។ លោក​ជា​មេ​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង ហើយ​លោក​ជាប់​ឆ្នោត​ជា​មេ​ឃុំ​ស្រក កាល​ពី​ឆ្នាំ​២០១២។ លោក​មាន​អាយុ​ជាង ៤០​ឆ្នាំ និង​មាន​កូន ៥​នាក់ សុទ្ធតែ​ប្រុស ព្រម​ទាំង​មាន​ឪពុក​ម្ដាយ​ចំណាស់​នៅ​ក្នុង​បន្ទុក​ផង។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ មេសា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នាំ​លោក ស៊ាង ចែត មក​អង្គភាព​ដើម្បី​សាកសួរ​បន្ត​ជុំវិញ​រឿង​ទឹក​ប្រាក់ ២​លាន​រៀល ឬ​ស្មើ​ប្រមាណ ៥០០​ដុល្លារ បម្រុង​នឹង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

រហូត​ដល់​ថ្ងៃ​ទី​២៥ មេសា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​ជុំវិញ​ការ​ឃាត់​ខ្លួន​មេ​ឃុំ​ស្រក ក្នុង​នោះ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បញ្ជាក់​ថា ការ​អញ្ជើញ​លោក ស៊ាង ចែត ទៅ​សាកសួរ​នៅ​អង្គភាព​ដើម្បី​បន្ត​នីតិវិធី និង​រហូត​ឈាន​ទៅ​ឃាត់​ខ្លួន គឺ​យោង​ទៅ​តាម​ចម្លើយ​របស់​មេ​ឃុំ​រូប​នោះ ដោយ​មិន​អាស្រ័យ​លើ​លិខិត​ចំហ​របស់​អ្នក​នាង ស្រី​មុំ តែ​មួយ​នោះ​ឡើយ ហើយ​សំណុំ​រឿង​នេះ​ក៏​បាន​បញ្ជូន​ទៅ​តុលាការ​បន្ត​ទៀត។

នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បញ្ជូន​មេ​ឃុំ ស៊ាង ចែត ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​បទ​ចោទ​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

ម្តាយ​បង្កើត​របស់​លោក ស៊ាង ចែត គឺ​អ្នកស្រី យ៉ន ស៊ីម ដែល​មាន​វ័យ​ជាង ៧០​ឆ្នាំ មាន​ប្រសាសន៍​ទាំង​ទឹក​ភ្នែក​ថា រាល់​យប់ អ្នកស្រី​សម្រាន្ត​មិន​លក់​ឡើយ ព្រោះ​ចេះ​តែ​ស្រមៃ​ឃើញ​កូន​របស់​គាត់​រស់នៅ​ជុំ​គ្នា។ អ្នកស្រី​ថា នៅ​ពេល​លោក ស៊ាង ចែត រស់នៅ​ក្បែរ អ្នកស្រី​មាន​ប្រាក់​គ្រាន់​បាន​ទៅ​វត្ត​រៀង​រាល់​ថ្ងៃ​សីល ប៉ុន្តែ​ចាប់​ពី​ពេល​លោក​មេ​ឃុំ​រូប​នេះ​ត្រូវ​បាន​គេ​ចាប់​ខ្លួន គាត់​មិន​បាន​ទៅ​វត្ត​ទៀត​ទេ ដ្បិត​មិន​សូវ​មាន​ប្រាក់ និង​មិន​មាន​ចិត្ត​ស្ងប់​ផង៖ « ខ្ញុំ​ដេក​ទឹក​ភ្នែក​រាល់​ថ្ងៃ សព្វថ្ងៃ​ហ្នឹង​នោះ ខ្ញុំ​នឹក​កូន​ខ្ញុំ​ធ្លាប់​នៅ​ជួប​ជុំ​គ្នា ហើយ​កូន​ខ្ញុំ​ទៅ​បាត់ »

ចំណែក​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្រក រួម​ទាំង​ម្តាយ​អ្នក​នាង ខុម ចាន់តារាទី ផង ក៏​ចង់​ឲ្យ​តុលាការ​ដោះ​លែង​លោក ស៊ាង ចែត ឲ្យ​នៅ​ក្រៅ​ឃុំ ព្រម​ទាំង​ស្នើ​ឲ្យ​ឆាប់​បញ្ចប់​រឿង​មួយ​នេះ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ល្ពាក លោក ឆេង ធី រៀបរាប់​ពី​អត្តចរិត​មេ​ឃុំ​ស្រក ថា​ជា​មនុស្ស​ល្អ ចេះ​ជួយ​ទុក្ខធុរៈ​អ្នក​ភូមិ ពិសេស​ពលរដ្ឋ​ក្រីក្រ​ដែល​ជួប​ការ​លំបាក​ដូចជា​រូប​លោក ជាដើម។ លោក​បន្ត​ថា នៅ​ពេល​មេ​ឃុំ​ត្រូវ​បាន​គេ​ចាប់​ខ្លួន ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​មួយ​ចំនួន​តក់ស្លុត ដោយ​អាណិត​ចំពោះ​មេ​ឃុំ ពីព្រោះ​ពលរដ្ឋ​យល់​ថា ការ​ចាប់​ខ្លួន​នេះ​ជា​រឿង​អយុត្តិធម៌។ លោក​ថា ក្រោយ​ពេល​ចាប់​លោក ស៊ាង ចែត ធ្វើ​ឲ្យ​ការងារ​ឃុំ​មួយ​ចំនួន​ត្រូវ​រាំង​ស្ទះ​ទៀត​ផង៖ « ការ​សំណូមពរ​របស់​ខ្ញុំ​ដល់​រាជ​រដ្ឋាភិបាល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី ជា​កូន​ចៅ​ដែល​នៅ​ខាង​ក្រោម​នេះ មាន​ការ​លំបាក​ដោយសារ​ការ​ចាប់​មេ​ឃុំ​នេះ អ៊ីចឹង​អស់​សង្ឃឹម »

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី ឡុង ធីម ឲ្យ​ដឹង​ថា នៅ​ក្នុង​ភូមិ​គេ​មិន​សូវ​ជជែក​គ្នា​រឿង​លោក​មេ​ឃុំ​ប៉ុន្មាន​ទេ ព្រោះ​នៅ​ពេល​ពួក​គាត់​នាំ​គ្នា​និយាយ​រឿង​ចាប់​ខ្លួន​នោះ ពលរដ្ឋ​មាន​តែ​នាំ​គ្នា​ស្រក់​ទឹក​ភ្នែក​អាណិត​មេ​ឃុំ និង​ក្រុម​គ្រួសារ​លោក​ប៉ុណ្ណោះ។ អ្នកស្រី​ថែម​ទាំង​បួងសួង​ដល់​ទេវតា​ឲ្យ​តុលាការ​ដោះ​លែង​មេ​ឃុំ​ខ្លួន ឲ្យ​មាន​សេរីភាព​ឡើង​វិញ ហើយ​ពួក​គាត់​នាំ​គ្នា​ធានា​ថា លោក ស៊ាង ចែត នឹង​មិន​រត់​គេច​ខ្លួន​ឡើយ។ ជាង​នេះ អ្នកស្រី​ថា​ពលរដ្ឋ​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត និង​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ទៀត​ផង ប្រសិន​តុលាការ​ដោះ​លែង​មេ​ឃុំ គឺ​លោក​អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អ្នក​ភូមិ​បាន​ខ្លះ៖ « ខ្ញុំ​ធ្វើ​ស្អី គឺ​មិន​ដែល​យក​លុយ មាន​តែ​ជួយ​ថែម អាណិត។ ដូចជា​រូប​អ្នក​ងាប់​ជួយ​លុយ ជួយ​ក្ដារ ជួយ​នំ​បញ្ចុក។ គ្នា​ដើរ​ជួយ​គ្រប់​កន្លែង »

ជាមួយ​គ្នា​នេះ ម្តាយ​អ្នក​នាង ខុម ចាន់តារាទី គឺ​អ្នកស្រី ស៊ាន លន ដែល​រស់នៅ​ក្បែរ​ផ្ទះ​មេ​ឃុំ​ប្រមាណ ៣០០​ម៉ែត្រ​នោះ មាន​ប្រសាសន៍​ទាំង​ដែល​អ្នកស្រី​មិន​ចង់​រៀបរាប់​ផង កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា ដោយ​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា ការ​ចាប់​លោក ស៊ាង ចែត គឺ​ជា​រឿង​អយុត្តិធម៌ ហើយ​អ្នកស្រី​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង និង​ឆាប់​បញ្ចប់​រឿង​មួយ​នេះ៖ « អារម្មណ៍​នៅ​តែ​ពិបាក​អ៊ីចឹង។ ថ្ងៃ​ណា​ឃ្លានៗ ថ្ងៃ​ណា​អត់​ឃ្លានៗ នឹក​ឃើញ​កូន​អ៊ីចឹង​ទៅ​អត់​បាយ​អត់​ទឹក​ទៅ »

អ្នកស្រី​បន្ថែម​ទៀត​ថា មក​ទល់​ពេល​នេះ គាត់​មិន​បាន​ដឹង​ថា អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ រស់នៅ​ទីណា​ទេ? ហើយ​ក៏​មិន​បាន​ដឹង​សុខ​ទុក្ខ​យ៉ាង​ណា​ឡើយ ពីព្រោះ​មិន​បាន​ទាក់ទង​គ្នា​ជា​យូរ​មក​ហើយ។ អ្នកស្រី​បញ្ជាក់​ថា តាំង​ពី​ពេល​មាន​រឿង​អាស្រូវ​កើត​ឡើង អ្នកស្រី​មាន​ជំងឺ​សម្រាន្ត​មិន​លក់ រហូត​ទាមទារ​ឲ្យ​អ្នកស្រី​ប្រើ​ថ្នាំ​ជំនួយ​ជា​រៀង​រាល់​យប់ ទើប​អាច​សម្រាន្ត​បាន។ មិន​តែ​ប៉ុណ្ណោះ អ្នកស្រី​មិន​ហ៊ាន​ដើរ​ចេញ​ទៅ​ឆ្ងាយៗ​ឡើយ ព្រោះ​ខ្មាស​គេ​ដោយសារ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង ព្រម​ទាំង​ទាញ​គ្រួសារ​អ្នកស្រី​ឲ្យ​កាន់​តែ​មាន​ជីវភាព​លំបាក។

ទាក់ទង​សំណុំ​រឿង​លោក ស៊ាង ចែត នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១១ ឧសភា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​លើក​ពេល​ជំនុំ​ជម្រះ ក្រោម​ហេតុផល​ថា មន្ត្រី​តុលាការ​ជាប់​រវល់ ហើយ​សំណុំ​រឿង​នេះ​ក៏​បាន​លើក​ទៅ​ថ្ងៃ​ទី​១៨ ឧសភា។

យ៉ាង​ណា​ក៏ដោយ មេធាវី​ការពារ​ក្តី​របស់​មេ​ឃុំ​ស្រក គណបក្ស សម រង្ស៊ី ដែល​កំពុង​ជាប់​ឃុំ គឺ​លោក សំ សុគង់ ធ្លាប់​លើក​ឡើង​ថា នឹង​ដាក់​ពាក្យ​ស្នើសុំ​ទៅ​តុលាការ​ឲ្យ​កូន​ក្តី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​មាន​ការ​ធានា​ពី​ក្រុម​គ្រួសារ និង​លោក​មេ​ឃុំ​ផ្ទាល់។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ យល់​ថា ដោយសារ​រឿង​នេះ​ពាក់ព័ន្ធ​រឿង​នយោបាយ​ផង ទើប​ធ្វើ​ឲ្យ​គេ​ពិបាក​បន្តិច ប៉ុន្តែ​បើ​តាម​ផ្លូវ​ច្បាប់ តុលាការ​អាច​ដោះ​លែង​លោក ស៊ាង ចែត ឲ្យ​នៅ​ក្រៅ​ឃុំ​បាន ពីព្រោះ​គាត់​មាន​ទីលំនៅ​ច្បាស់លាស់ និង​មាន​ការ​ធានា​ពី​ប្រជាពលរដ្ឋ ព្រម​ទាំង​ក្រុម​គ្រួសារ​មេ​ឃុំ​ផ្ទាល់៖ « ជា​យោបល់​ខ្ញុំ គឺ​អាច ព្រោះ​គាត់​មាន​មេធាវី​ហើយ មាន​ប្រាក់​តម្កល់​ហើយ គាត់​ធានា​ថា​មិន​រត់​គេច​ពី​ការ​កោះ​ហៅ​របស់​តុលាការ​ទេ គួរ​តែ​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ »

លោក​មើល​ឃើញ​ថា ការ​ឃុំ​ខ្លួន​មេ​ឃុំ​ស្រក គឺ​មិន​អាច​ធ្វើ​ឲ្យ​រាជ​រដ្ឋាភិបាល​ចំណេញ​អ្វី​ឡើយ ប៉ុន្តែ​វា​បណ្ដាល​ឲ្យ​ប៉ះពាល់​ជាច្រើន រួម​មាន​ក្រុម​គ្រួសារ​មេ​ឃុំ​ផ្ទាល់ និង​ប្រជាពលរដ្ឋ​ជាច្រើន ដែល​កំពុង​ត្រូវ​ការ​សេវា​រដ្ឋបាល​ពី​លោក ស៊ាង ចែត ផ្ទាល់ និង​ការ​ដឹក​នាំ​ប្រចាំ​ថ្ងៃ​ក្នុង​ឃុំ​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។