កសិករមួយចំនួននៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង សប្បាយចិត្តនឹងតម្លៃស្រូវឡើងថ្លៃ បន្ទាប់ពីកសិករមួយរូបហ៊ានទម្លាយរឿងឈ្មួញក្រឡុកតម្លៃកសិផល និងទុក្ខកង្វល់របស់ប្រជាកសិករនៅមូលដ្ឋាននេះ ប្រាប់មេបក្សប្រឆាំង។ ប៉ុន្តែគ្រួសារពលរដ្ឋដែលហ៊ានទម្លាយរឿងនេះ កំពុងព្រួយចិត្ត និងប្រឈមការប្ដឹងផ្ដល់ពីសំណាក់ក្រុមឈ្មួញទិញកសិផលផ្ដាច់មុខនៅតំបន់នោះ។
កសិករម្នាក់រស់នៅភូមិព្រៃគ្រីជើង នៃស្រុកជលគីរី ចង់ឲ្យមហាជន និងបណ្ដាញផ្សព្វផ្សាយព័ត៌មានស្វែងយល់អំពីទុក្ខលំបាក និងបញ្ហាតម្លៃទីផ្សារកសិផលនៅក្នុងមូលដ្ឋានរបស់គាត់។ ផ្ទុយពីសមាជិកក្នុងគ្រួសារនេះខ្លះដែលមិនចង់ឲ្យលោកខ្វល់រឿងទាំងនេះឡើយ ខណៈរូបគាត់កំពុងជាប់បណ្ដឹងបរិហារកេរ្តិ៍នៅប៉ុស្តិ៍រដ្ឋបាលឃុំព្រៃគ្រី តាមបណ្ដឹងរបស់ឈ្មួញប្រមូលទិញកសិផលរបស់ពលរដ្ឋក្នុងស្រុកចំនួន ៤នាក់។
ប្រជាកសិករ លោក នុន នី ដែលពេលនេះលោកមានអាយុ ៦៩ឆ្នាំ បានថ្លែងនៅថ្ងៃទី៨ ខែឧសភា ថា កង្វល់របស់លោក និងអ្នកភូមិទាក់ទងទីផ្សារកសិផល ត្រូវបានលោកទម្លាយប្រាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥។ ពេលនោះ លោកបានស្នើឲ្យ លោក សម រង្ស៊ី ជួយអន្តរាគមន៍បញ្ចុះតម្លៃប្រេងសាំង ជី និងថ្នាំសង្កូវកសិកម្ម ហើយសុំឲ្យតម្លៃស្រូវឡើងថ្លៃ ប៉ុន្តែការលើកឡើងរបស់លោកនេះ ត្រូវអាជ្ញាធរមូលដ្ឋានមិនពេញចិត្ត និងមានឈ្មួញចំនួន ៤នាក់ ប្ដឹងរូបលោកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃគ្រី ពីបទនិយាយបង្ខូចកេរ្តិ៍៖ «ខ្ញុំមានការលំបាកអ៊ីចឹង ខ្ញុំស្នើទៅគាត់ (លោក សម រង្ស៊ី) ខ្ញុំនិយាយប្រាប់គាត់ថា ឈ្មួញចូលទិញស្រូវសព្វថ្ងៃនេះអត់មានឈ្មួញណាមកថ្មីសោះ ឃើញតែមុខដដែល គឺមានឈ្មោះ សាន អី ដែលខ្ញុំរៀបរាប់មិញហ្នឹងទិញស្រូវនោះ ខ្ញុំអត់មាននិយាយចំឈ្មោះនរណាម្នាក់ទេ»។
ទាក់ទងបញ្ហានេះ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃគ្រី លោក ស៊ី ឡុន បញ្ជាក់ថា ខាងលោកបានទទួលពាក្យបណ្ដឹងពីអ្នករកស៊ីទិញស្រូវប្ដឹងឈ្មោះ នុន នី ពីបទបង្ខូចកេរ្តិ៍មែន ដោយសំណុំរឿងនេះកំពុងដំណើរការស៊ើបអង្កេត។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងត្រូវចាត់ការបណ្ដឹងនេះយ៉ាងណាបន្តទៀតទេ ក្រោយស៊ើបអង្កេតចប់។ ក្រុមពលរដ្ឋអះអាងថា ឈ្មួញឈ្មោះ ឡុញ លីម អ៊ី សាន យ៉េន យឿង និងឈ្មោះ កង អេងស្រ៊ុន បានប្រមូលទិញកសិផលផ្ដាច់មុខនៅក្នុងស្រុកជាច្រើនឆ្នាំហើយ។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងឈ្មួញទាំង ៤នាក់ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី៨ ខែឧសភា។ ប៉ុន្តែអភិបាលស្រុកជលគីរី លោក យ៉ិន សាវ៉េន បញ្ជាក់ថា កន្លងទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុក មិនដែលទៅសួរដេញដោលឈ្មួញ ឬកាងឲ្យឈ្មួញណាម្នាក់ប្រមូលទិញកសិផលផ្ដាច់មុខនៅក្នុងស្រុកនោះទេ។ ផ្ទុយទៅវិញ មានតែអំពាវនាវឲ្យឈ្មួញកាន់តែច្រើនឡើងចូលមកទិញកសិផលរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យមានទីផ្សារប្រកួតប្រជែង និងមានតម្លៃខ្ពស់៖ «ឈ្មួញក្នុងស្រុកមិនដែលខែខាំងអីទេ ហើយជួនកាលឈ្មួញទៅទិញស្រូវសើមដល់វាលស្រែទៅទៀត។ ប៉ុន្តែវាលេចឮអាពាក្យអ៊ីចឹងឯង ចេះតែឮអ៊ីចឹងទៅ តែឈ្មួញក្នុងស្រុកនេះគ្នាក៏អត់ទិញផ្ដាច់ដែរទេ មានឈ្មួញបីបួននាក់ណោះ»។
កសិករម្នាក់នៅស្រុកជលគីរី លោក ផូ សារិន ថ្លែងទាំងក្ដីរីករាយថា លោកឃើញឈ្មួញចេញចូលទិញស្រូវច្រើនជាងមុន ក្រោយពី លោក នុន នី ទម្លាយរឿងរ៉ាវទីផ្សារកសិផលនៅក្នុងស្រុកនេះ។ លោកថា បច្ចុប្បន្នតម្លៃស្រូវចម្រុះបានឡើងថ្លៃពី ៧០០រៀលក្នុងមួយគីឡូក្រាម ទៅ ៩០០រៀលក្នុងមួយគីឡូក្រាម ហើយរូបលោក និងអ្នកភូមិជាច្រើនទៀតសប្បាយចិត្ដនឹងការឡើងថ្លៃនេះ៖ «មុននឹងផលិតកសិកម្ម យើងទៅខ្ចីការប្រាក់គេពីអេស៊ីលីដា (Acleda) ប្រាសាក់ (PRASAC) ឬ អេ.អឹម.ខេ (AMK) ដោយយកមកទិញពូជទិញជី ទិញប្រេង ដល់ឥឡូវនេះស្រូវបានថ្លៃគាត់ ហើយចំណូលរបស់គាត់ឃើញបានបន្ថយនូវបំណុលរបស់គេ»។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការផ្លូវច្បាប់ ឬវិធានការរដ្ឋបាលចំពោះឈ្មួញ និងមន្ត្រីខិលខូចពាក់ព័ន្ធនឹងសកម្មភាពកាងប្រមូលទិញកសិផលពីប្រជាកសិករផ្ដាច់មុខ ដែលធ្វើឲ្យតម្លៃកសិផលពួកគាត់ធ្លាក់ថ្លៃ។ លោកបញ្ជាឲ្យអភិបាលខេត្តទាំងអស់ យកចិត្តទុកដាក់ និងដោះស្រាយបញ្ហានេះដោយមិនចាំបាច់តែក្រសួងពាក់ព័ន្ធនោះទេ៖ «រឿងនេះវាធ្ងន់ធ្ងរ បើមានករណីបែបនេះ ត្រូវផ្ដន្ទាទោសមន្ត្រីដែលជាឃុបឃិតជាមួយឈ្មួញទីផ្សារ នរណាឲ្យថ្លៃ គឺលក់ឲ្យអ្នកហ្នឹងអត់មានមកឃ្លុំបេអីទេ។ មិនដឹងថាពិត ឬមិនពិត ឯកឧត្ដម សម រង្ស៊ី បានវាយ SMS (សារ) មួយមកខ្ញុំថា គាត់ទៅព្រៃគ្រី ហើយខ្ញុំក៏បញ្ជូនទៅ ស៊ុន ចាន់ថុល អ៊ុក រ៉ាប៊ុន ទៅឲ្យ អូន ព័ន្ធមុនីរ័ត្ន ប៉ុន្តែ អូន ព័ន្ធមុនីរ័ត្ន នឹងប្រជុំក្រុមខណ្ឌគោលនយោបាយសេដ្ឋកិច្ចមួយទៀត ដាក់ចេញនូវវិធានការរាប់ទាំងតម្លៃជីស្អីៗនេះ»។
ការព្រមាននេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពី លោក សម រង្ស៊ី ចុះទៅជួបសំណេះសំណាលនឹងអ្នកគាំទ្ររបស់លោកប្រមាណ ១ពាន់នាក់នៅស្រុកជលគីរី និងបានជួបសម្ភាសជាមួយកសិករខ្លះនៅទីនោះដែរ។ ក្រុមពលរដ្ឋបានប្រាប់ពីបញ្ហាទីផ្សារលក់កសិផលទៅមេបក្សប្រឆាំងរូបនេះ ហើយលោកបានបញ្ជូនសារ ដោយលើកពីបញ្ហារបស់ពលរដ្ឋនេះទៅប្រាប់លោកនាយករដ្ឋមន្ត្រីភ្លាមៗ ក្រោយពីបានដំណឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
