អ្នក​ឃ្លាំមើល​អំពាវនាវ​ឲ្យ​តុលាការ​ស៊ើប​រក​មេខ្លោង​​ជួល​​កម្មករ​កាប់​រាន​ព្រៃ​ខុស​ច្បាប់

0:00 / 0:00

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អំពាវនាវ​សុំ​ឲ្យ​តុលាការ​ខេត្ត​ស្ទឹងត្រែង ស៊ើប​អង្កេត​រក​មេខ្លោង​​ជួល​​កម្មករ​កាប់​រាន​ព្រៃឈើ​អស់​រាប់​រយ​ហិកតារ​យក​ដី​ជា​កម្មសិទ្ធិ​ខុសច្បាប់​មក​ផ្ដន្ទាទោស។

ការ​អំពាវនាវ​​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចាប់​ប្រជាពលរដ្ឋ​ជា​កម្មករ​ស៊ី​ឈ្នួល ៨​នាក់ ឃុំ​ខ្លួន​នៅ​​ពន្ធនាគារ​ខេត្ត។

ការ​អះអាង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​គ្រួសារ​កម្មករ ៨​នាក់ បាន​នាំ​គ្នា​មក​កាន់​ការិយាល័យ​សមាគម​​អាដហុក​ខេត្ត រួម​ទាំង​ផ្ដល់​លិខិត​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែល​អ្នក​ភូមិ​រស់​នៅ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង ៨​នាក់ គឺ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ក៏​ជា​អ្នក​រង​គ្រោះ​ចាញ់​បោក​បុរស​ជនជាតិ​ចាម ឈ្មោះ សាន់ ពៅ រស់​នៅ​ភូមិ​អូរឫស្សីកណ្ដាល ឃុំ​សៀមបូក ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល នៅ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មិថុនា រៀបរាប់​ថា កម្មករ ៨​នាក់​ដែល​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចាប់​ខ្លួន​ត្រូវ​មេខ្លោង​ជួល​មក​​ធ្វើ​ការ ហើយ​ភូត​កុហក​ថា ដី​តំបន់​នោះ​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​ប្រើ​កម្មករ​ពី​ខេត្ត​​ក្រចេះ មក​កាប់​រាន​យក​ប្រាក់​ឈ្នួល។ លោក​បន្ត​ថា នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​នេះ​លោក​នឹង​ផ្ដល់​​មេធាវី​ការពារ​ក្តី​ជូន​កម្មករ​ទាំង ៨​នាក់ ដើម្បី​ដាក់​លិខិត​សំអាង​តាម​ផ្លូវ​ច្បាប់។

លោក ហូ សំអុល៖ «អ្នក​ទាំង​អស់​គ្នា​ជា​ជនល្មើស​មែន ប៉ុន្តែ​ឋិត​ក្នុង​ការ​គាត់​ចេញ​បោក​មេខ្យល់ មេការ​ឈ្មោះ សាន់ ពៅ ហ្នឹង អ៊ីចឹង​សំណូមពរ​ឲ្យ​តុលាការ​ជួយ​ចាត់ការ​លើ​មេការ​ហ្នឹង​ផង ព្រោះ​ជា​ដើម​ហេតុ​ដើម​ចង​នៅ​លើ​មេការ​ហ្នឹង។ សូម​ឲ្យ​តុលាការ ឬ​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​អនុវត្ត​ឲ្យ​បាន​ស្មើគ្នា មិន​មែន​មាន​តែ​ចំណុច​វាល​ព្រីង​ហ្នឹង​ទេ ដែល​មាន​ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា កន្លង​ទៅ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ថ្មី ឃុំ​សណ្ដាន់ ស្រុក​សម្បូរ ខេត្ត​ក្រចេះ ចំនួន ៨​នាក់ រួម​មាន​ឈ្មោះ ពុំ សុផា ពិន សូរ ក្រូច តន តន ទូច ឌឹម ឌី ញឹម ភឿក សិន សុជីង និង ចាន់ កក្កដា ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ស្ទឹងត្រែង ចាប់​ខ្លួន​ខណៈ​ពួកគេ​កំពុង​កាប់​រាន​ព្រៃ​នៅ​ចំណុច​​វាល​ព្រីង សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា តុលាការ​បាន​សម្រេច​​ឃុំ​ខ្លួន​ពួកគេ​បណ្ដោះអាសន្ន​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត។

យោង​លិខិត​មួយ​ច្បាប់​របស់​មេឃុំ​សណ្ដាន់ លោក អ៊ុំ សម បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង ៨​នាក់​នេះ ត្រូវ​បាន​បុរស​ឈ្មោះ សាន់ ពៅ ជួល​និង​ដឹក​ជញ្ជូន​ពី​ភូមិ​យក​មក​កាប់​ឆ្ការ​ចម្ការ​ជា​ដី​កម្មសិទ្ធិ​​របស់​ខ្លួន ទើប​ប្រជាពលរដ្ឋ​យល់​ព្រម​មក​ធ្វើការ​យក​ប្រាក់​ឈ្នួល​ចិញ្ចឹម​ជីវិត។

ទាក់ទិន​ការ​ចាប់​ខ្លួន​កម្មករ ៨​នាក់​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង លោក ឈាង តុលា​ រៀប​រាប់​ថា ព្រៃឈើ​ប្រមាណ ១០០​ហិកតារ ក្នុង​សង្កាត់​សាមគ្គី ត្រូវ​បាន​មនុស្ស​ជា​ក្រុម​ចូល​ទៅ​​កាប់​រាន​ដើម្បី​យក​ដី​ខុស​ច្បាប់។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ទាំង ៨​នាក់ ត្រូវ​ចាប់​ខ្លួន​ក្នុង​ចំណោម​​អ្នក​កាប់​រាន​ព្រៃ​ច្រើន​នាក់​ទៀត បាន​រត់​គេច​ខ្លួន​ពេល​ក្រុម​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទៅ​ទី​កើត​ហេតុ។

លោក​បញ្ជាក់​បន្ថែម​ថា នេះ​ជា​បទល្មើស​ជាក់ស្ដែង ហេតុនេះ​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំ​រឿង​​ជន​ជាប់​ពាក់ព័ន្ធ​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​នីតិវិធី៖ «រុករាន​ដី​ព្រៃ​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត។យើង​ទៅ​ទាន់​យើង​ចាប់​បាន ៨​នាក់ ប៉ុន្តែ​គាត់​ឆ្លើយ​​ដូច​ជា​មាន​ក្រុម​ស្អី​ផ្សេងៗ​ទៀត​ណា! យើង​សួរ​ចម្លើយ​គាត់​មានតែ​ឲ្យ​ចៅក្រម​អង្កេត​បន្ត​ទៀត​ទៅ»

វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ លោក អៀង គឹមថុល សុំ​អធិប្បាយ​ទាក់ទិន​ការ​ចាប់​ខ្លួន​អ្នកភូមិ​ទាំង ៨​នាក់​បាន​ទេ។

យ៉ាង​នេះ​ក្តី ភរិយា​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ទាំង ៨​នាក់ អំពាវនាវ​សុំ​ឲ្យ​តុលាការ​ស្រាវជ្រាវ​រក​​មេខ្លោង​អ្នក​ជួល​កម្មករ​មក​ផ្ដន្ទាទោស ហើយ​ដោះលែង​ប្តី​និង​ក្រុម​គ្រួសារ​ពួកគេ​ឲ្យ​មាន​សេរីភាព​ជួបជុំ​កូន​ប្រពន្ធ​វិញ។

​របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ ដីធ្លី សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង បញ្ជាក់​ថា សកម្មភាព​កាប់​រាន​ព្រៃឈើ​ខុស​ច្បាប់​យក​ដី​កើត​មាន​ច្រើន​កន្លែង​នៅ​ស្រុក​សេសាន ស្រុក​សៀមបូក ស្រុក​សៀមប៉ាង និង​ស្រុក​ថាឡាបរិវ៉ាត់ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។