ក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែសីហា បានរៀបចំបទបង្ហាញនៅសណ្ឋាគារសាន់វ៉េ (Sunway) រាជធានីភ្នំពេញ ស្ដីពីសិទ្ធិនានាបន្ទាប់ពីការឃាត់ខ្លួន និងការប្រើប្រាស់កម្លាំងរបស់មន្ត្រីនគរបាលយុត្តិធម៌ និងដើម្បីចែកចាយប័ណ្ណស្ដីពីសិទ្ធិនានាក្រោយការឃាត់ខ្លួន។
ទន្ទឹមនឹងនេះ សង្គមស៊ីវិលជំរុញឲ្យនគរបាលអនុវត្តច្បាប់ គិតគូរពីសិទ្ធិសេរីភាពរបស់ពលរដ្ឋឲ្យបានខ្ពស់ និងចូលរួមពន្យល់ប្រជាពលរដ្ឋឲ្យបានច្បាស់អំពីសិទ្ធិទាំងអស់នេះ។
កិច្ចពិភាក្សារយៈពេលពេញមួយថ្ងៃនេះ មានការចូលរួមពីមន្ត្រីនគរបាលដែលមានឋានន្តរស័ក្តិចាប់ពីស្នងការរង រហូតដល់ឧត្ដមសេនីយ៍ ប្រមាណ ១០០នាក់ មកពីទូទាំងប្រទេស។
ថ្លែងក្នុងពេលបើកកម្មវិធីនៅចំពោះមុខអ្នកចូលរួម តំណាងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ថ្លែងថា តាមរយៈបទពិសោធន៍របស់ក្រុមអ្នកស្រី បុគ្គលដែលត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌នៅកម្ពុជា ជាញឹកញាប់ ការយល់ដឹងរបស់ពួកគេនៅមានកម្រិតនៅឡើយ។ អ្នកស្រីថា បុគ្គលភាគច្រើនមិនបានដឹងពីសិទ្ធិរបស់ពួកគេ នៅក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌ ហើយថា បុគ្គលភាគច្រើនលើសលប់មិនដែលបានឃើញ បានឮពីក្រមនីតិវិធីព្រហ្មទណ្ឌឡើយ។
អ្នកស្រីបន្តថា ការយល់ដឹងពីសិទ្ធិនានាក្រោយពេលចាប់ ឬឃាត់ខ្លួន គឺមានសារប្រយោជន៍ដល់បុគ្គលគ្រប់រូប រួមទាំងមន្ត្រីនគរបាលផងដែរ ព្រោះថា ពេលដែលពលរដ្ឋដឹងពីសិទ្ធិរបស់ពួកគេនោះ ការគោរពច្បាប់ក៏កាន់តែប្រសើរ ហើយជាលទ្ធផល វាជួយបង្ការទារុណកម្ម និងការប្រព្រឹត្តមិនគប្បីផ្សេងទៀតនៅតាមប៉ុស្តិ៍នគរបាល។ អ្នកស្រី វ៉ាន់ហ៊ី លី ក៏ថ្លែងដែរថា នគរបាលមានតួនាទីស្នូលក្នុងការការពារសង្គមពីអំពើហិង្សា ស្វែងរកយុត្តិធម៌ និងធានាឲ្យពលរដ្ឋទាំងអស់ ទទួលបានសិទ្ធិរបស់ពួកគេ ហើយជារឿយៗ នគរបាលធ្វើការនៅក្នុងស្ថានភាពគ្រោះថ្នាក់ និងថាគ្មាននរណាម្នាក់ជំទាស់ឡើយថា នគរបាលត្រូវប្រើកម្លាំងនៅក្នុងកាលៈទេសៈជាក់លាក់ណាមួយនោះ ប៉ុន្តែអ្នកស្រីថា កម្លាំងអាចប្រើទៅបាន លុះណាតែក្នុងករណីចាំបាច់បំផុតប៉ុណ្ណោះ។
អ្នកស្រី វ៉ាន់ហ៊ី លី៖ «នៅក្នុងសង្គមសម័យទំនើប រដ្ឋមានសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់កម្លាំងពលរដ្ឋ ឯកជនមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងឡើយ មានតែនគរបាលទេដែលអាចមានអំណាចក្នុងការប្រើកម្លាំងក្នុងនាមរដ្ឋ ប៉ុន្តែអំណាចនោះ ត្រូវភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ នគរបាលមិនអាចប្រើប្រាស់កម្លាំងគ្រប់ពេលដែលគាត់ចង់ប្រើឡើយ នគរបាលអាចសម្រេចយកការប្រើអំពើហិង្សាតែក្នុងករណីដែលមានចែងដោយច្បាប់ និងនៅពេលណាដែលចាំបាច់បំផុតតែប៉ុណ្ណោះ»។
ចំណែកអគ្គស្នងការរងនគរបាលជាតិ លោក កង សុខន ដែលត្រូវបានអញ្ជើញឲ្យថ្លែងបើកកម្មវិធីជំនួស លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិនោះ ថ្លែងថា ការផ្សព្វផ្សាយពីសិទ្ធិក្រោយការឃាត់ខ្លួន និងក្រមសីលធម៌របស់មន្ត្រីប្រតិបត្តិច្បាប់ពេលនេះ នឹងជួយឲ្យមន្ត្រីនគរបាលបំពេញតួនាទីរបស់ខ្លួនកាន់តែប្រសើរ។ លោកបន្តថា ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មានតួនាទីសំខាន់ដើម្បីធ្វើឲ្យប្រាកដថា មន្ត្រីប្រតិបត្តិច្បាប់ត្រូវបំពេញភារកិច្ចរបស់ខ្លួនត្រឹមត្រូវ មានការទទួលខុសត្រូវ និងគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស។
លោក កង សុខន៖ «មន្ត្រីប្រតិបត្តិច្បាប់ត្រូវយល់ដឹងឲ្យបានច្បាស់លាស់នូវគោលការណ៍នានា ស្ដីពីសិទ្ធិក្នុងការប្រើប្រាស់កម្លាំង អនុលោមតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ យល់ដឹងអំពីកាលៈទេសៈដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់អាវុធ និងនីតិវិធីនៅពេលដែលការប្រើប្រាស់កម្លាំង និងអាវុធមិនអាចជៀសវាងបាន និងចេះកំណត់វិធានការសមស្រប ក្នុងការប្រើកម្លាំង និងអាវុធទៅតាមស្ថានភាពជាក់ស្តែងដែលបានកើតឡើង»។
យ៉ាងណាក៏ដោយ ក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចរដ្ឋាភិបាលត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋ និងសង្គមស៊ីវិល ថាបានប្រើប្រាស់កម្លាំងហួសហេតុ វាយបង្ក្រាប និងបាញ់ប្រហារទៅលើពលរដ្ឋរបស់ខ្លួន ពិសេស គឺការបង្ក្រាបលើកម្មករដែលតវ៉ាដំឡើងប្រាក់ខែកាលពីខែមករា ដែលនៅពេលនោះ ធ្វើឲ្យកម្មករ ៥នាក់បាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ហើយខ្លះទៀតត្រូវចងស្លាបសេក ឲ្យដេកផ្កាប់មុខផ្ទាល់ដី ចាក់ទឹកលើដូចសត្វធាតុ។ លើសពីនេះ ការប្រើប្រាស់កងសន្តិសុខស៊ីស្នួល ឲ្យបង្ក្រាបបាតុករ ក៏ត្រូវរងការទិតៀនពីសង្គមស៊ីវិលផងដែរ។
រីឯលោកមេធាវី សុក សំអឿន ប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) ដែលជាវាគ្មិនម្នាក់ក្នុងបទបង្ហាញដែរនោះ កត់សម្គាល់ថា ប្រទេសកម្ពុជា សព្វថ្ងៃនៅមានបញ្ហានៅឡើយ ជុំវិញការអនុវត្តសិទ្ធិក្រោយការចាប់ ឬឃុំខ្លួននេះ ទាំងបញ្ហាផ្លូវច្បាប់ និងការអនុវត្ត។
លោកមេធាវី សុក សំអឿន៖ «បញ្ហាផ្លូវច្បាប់ ឧទាហរណ៍ដូចក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ គេនិយាយថា ក្នុងរយៈពេល ២៤ម៉ោង នគរបាលអាចមិនឲ្យអ្នកផ្សេងចូលជួបជនជាប់ចោទបាន ដូច្នេះរួមទាំងមេធាវីផង ហេតុដូច្នេះបើយោងតាមផ្លូវច្បាប់បែបនេះមានន័យថា ជនជាប់ចោទមិនអាចជួបមេធាវីបានទេ ប៉ុន្តែដល់ពេលទៅដល់ចៅក្រមស៊ើបសួរ យើងឃើញថា ច្បាប់តម្រូវឲ្យថា មេធាវីត្រូវតែមានវត្តមានជានិច្ច លើកលែងតែជនជាប់ចោទបដិសេធសិទ្ធិរបស់គាត់ ហើយដល់អ៊ីចឹង វាបញ្ច្រាសគ្នា។ ដូច្នេះ បើជនជាប់ចោទគាត់អត់យល់ច្បាប់ គាត់ចេះតែឆ្លើយទៅ ព្រោះពាក់ព័ន្ធរឿងច្បាប់ ខុសមួយម៉ាត់ជាប់គុក មួយម៉ាត់អាចរួចខ្លួន»។
បន្ទាប់ពីចូលរួមក្នុងកិច្ចពិភាក្សា អ្នកចូលរួមត្រូវបានប្រគល់ប័ណ្ណផ្សព្វផ្សាយ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់សហការីរបស់ពួកគេនៅមូលដ្ឋាន និងបិទផ្សាយនៅការិយាល័យនគរបាលរៀងៗខ្លួន។ ប័ណ្ណផ្សព្វផ្សាយនោះ អប់រំពលរដ្ឋដែលត្រូវនគរបាលយុត្តិធម៌ចាប់ឃាត់ខ្លួន ឲ្យដឹងពីសិទ្ធិនានាដែលពួកគេមាន ដូចជា សិទ្ធិដឹងពីមូលហេតុឃាត់ខ្លួន សិទ្ធិមានមេធាវី សិទ្ធិរក្សាភាពស្ងៀមស្ងាត់ សិទ្ធិមិនឆ្លើយសារភាព សិទ្ធិត្រូវបាននាំខ្លួនទៅតុលាការ សិទ្ធិប្រាប់ដល់អ្នកផ្ទះពីការឃាត់ខ្លួន ឬចាប់ខ្លួន និងសិទ្ធិប្ដឹងពីការបដិសេធសិទ្ធិរបស់ពួកគេ ជាដើម។
របាយការណ៍អង្កេតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើការជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ចាប់ពីខែមីនា ឆ្នាំ២០១៣ ដល់ខែមិថុនា ឆ្នាំ២០១៤ បានបង្ហាញថា ក្នុងចំណោម ២៧៣ករណី ដែលត្រូវបានតុលាការជំនុំជម្រះមានប្រមាណ ៨២ភាគរយនៃករណីទៅហើយ ដែលជនជាប់ចោទមិនត្រូវបានតុលាការជម្រាប ឬពន្យល់ពីសិទ្ធិរបស់ពួកគេ ក្នុងការទទួលបានតំណាងស្របច្បាប់ ឬការស្វ័យការពារខ្លួន។ ក្នុងនោះដែរ មានប្រមាណជិត ៨៩ភាគរយករណី ដែលជនជាប់ចោទមិនត្រូវបានតុលាការជម្រាប ឬពន្យល់ពីសិទ្ធិអាចនៅស្ងៀមបានរបស់ពួកគេ។ តាមច្បាប់ តុលាការមិនត្រឹមតែជម្រាបប្រាប់ជនជាប់ចោទពីសិទ្ធិរបស់ពួកគេនោះទេ ប៉ុន្តែតុលាការត្រូវតែពន្យល់សិទ្ធិទាំងនោះដល់ពួកគេឲ្យច្បាស់លាស់ទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
