សមាគម​រោងចក្រ​កាត់ដេរ​ជំរុញ​ឱ្យ​សភា​កែ​សម្រួល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព

ដោយ ឡេង ម៉ាលី
2016.03.08
ច្បាប់​អង្គការ សហជីព ៦២០ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។
Photo: RFA

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ហៅ​កាត់​ថា ខែមហ្វ៊ីបា (CAMFEBA) ជំរុញ​ឱ្យ​សភា​កែ​សម្រួល​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​នៅ​មាន​ភាព​ចម្រូងចម្រាស។ សំណើ​សុំ​របស់​សមាគម​រោងចក្រ ត្រូវ​បាន​សហជីព​ចាត់​ទុក​ថា មាន​ចេតនា​ជ្រៀតជ្រែក​សហជីព។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ជីម៉ាក់ បញ្ជាក់​ថា ភាគី​ខ្លួន​មាន​ក្ដី​ព្រួយ​បារម្ភ​ពី​មាត្រា​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ។ មាត្រា​ដែល​ភាគី​លោក​ចង់​ឱ្យ​កែ​សម្រួល គឺ​មាត្រា​ចែង​អំពី​ការ​កំណត់​ចំនួន​សមាជិក​ក្នុង​ការ​បង្កើត​សហជីព ការ​ផ្ដល់​ប្រភព​ថវិកា​ដល់​ក្រសួង​ការងារ និង​ការ​ផ្ដល់​សិទ្ធិ​ដល់​ក្រសួង​ការងារ ដើម្បី​ព្យួរ​ការ​ចុះ​បញ្ជិកា​របស់​សហជីព​ជា​ដើម។

អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា ថ្លែង​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ​ថា ចំណុច​សំខាន់​គឺ​ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​កែ​សម្រួល​មាត្រា​មួយ​ចំនួន ដើម្បី​ការពារ​ផល​ប្រយោជន៍​ទាំង​និយោជក និង​កម្មករ-​និយោជិក។ លោក​បញ្ជាក់​ថា មាត្រា ១០ ត្រូវ​កែ​សម្រួល​ការ​កំណត់​ចំនួន​សមាជិក​ចំនួន ២០% នៃ​កម្លាំង​ពលកម្ម​សរុប​ក្នុង​សហគ្រាស​មួយ ទើប​អាច​បង្កើត​សហជីព​បាន ព្រោះ​ថា បើ​កំណត់​ត្រឹម​ចំនួន ១០​នាក់ អាច​បង្កើត​សហជីព​បាន ដូច​ក្នុង​សេចក្ដី​ព្រាង​នោះ គឺ​នាំ​ឱ្យ​មាន​សហជីព​ច្រើន​ពេក​ក្នុង​រោង​ចក្រ​សហគ្រាស​មួយ ដែល​បណ្ដាល​ឱ្យមាន​បញ្ហា​ប្រជែង​គ្នា ហើយ​និយោជក​ពិបាក​ចរចា។

លោក កាំង ម៉ូនីកា៖ «ដល់​ពេល​អ៊ីចឹង សួរ​ថា តើ​និយោជក​គាត់​ត្រូវ​ចំណាយ​ពេល​វេលា​ប៉ុន្មាន​ទៅ​ចរចា​ជា​មួយ​សហជីព​ទាំង​អស់​ហ្នឹង បើ​ម្នាក់ៗ មាន​សិទ្ធិ​ទាមទារ​ដាក់​សំណើ​នេះ​សំណើ​នោះ ហើយ​ច្បាប់​ថា និយោជក​ត្រូវ​តែ​ជួប​ចរចា។ អ៊ីចឹង​ឧទាហរណ៍​ថា មាន​សហជីព​១០ សហជីព ២០ តើ​និយោជក ថៅកែ​ក្រុមហ៊ុន ថៅកែ​រោងចក្រ​ហ្នឹង ត្រូវ​ចំណាយ​ពេល​វេលា​ប៉ុន្មាន​ទៅ​ចរចា​ជាមួយ​សហជីព​មួយៗ តូចៗ ហ្នឹង។ បើ​សិន​ជា​សហជីព​ហ្នឹង​ជា​តំណាង​ពិតប្រាកដ​របស់​កម្មករ​ គាត់​មែន​តែ​មួយ មាន​តែ​ពីរ​ទៅ​នៅ​ក្នុង​រោង​ចក្រ​ហ្នឹង ហើយ​តំណាង​កម្មករ​ទាំង​អស់​មក​ចរចា»

ក្រៅ​ពី​នេះ​ខាង​សមាគម​រោងចក្រ និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ក៏​សុំ​ឱ្យ​កែ​សម្រួល​មាត្រា ១៩ ដែល​ចែង​ថា មាន​តែ​តុលាការ​ការងារ​ប៉ុណ្ណោះ ដែល​អាច​ព្យួរ​បញ្ជិកា​សហជីព​មិន​ឱ្យ​ប្រតិបត្តិការ ប្រសិន​បើ​សហជីព​ត្រូវ​បាន​រក​ឃើញ​ថា បាន​អនុវត្ត​ការងារ​ដោយ​រំលោភ​ច្បាប់។

លោក កាំង ម៉ូនីកា មាន​ប្រសាសន៍​ថា ខាង​និយោជក ចង់​ឱ្យ​ច្បាប់​នេះ​ផ្ដល់​អំណាច​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អាច​សម្រេច​ព្យួរ​បញ្ជិកា​របស់​សហជីព ដែល​រំលោភ​ច្បាប់៖ «ក្រសួង​ការងារ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ព្យួរ​បញ្ជិកា​ដែរ ពី​ព្រោះ​ក្រសួង​ការងារ​ជា​អ្នក​ចេញ​បញ្ជិកា​ឱ្យ​សហជីព ដែល​បាន​អនុវត្តន៍​រំលោភ​លើ​ច្បាប់»

ទាក់ទង​នឹង​ចំណុច​នេះ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា យល់​ថា ក្រសួង​អាច​នឹង​ធ្វើ​អ្វីៗ ទៅ​តាម​សំណើ​សុំ​របស់​និយោជក។ លោក​បន្ត​ថា ចំណុច​នានា ដែល​ខាង​សមាគម​និយោជក​លើក​ឡើង គឺ​ចង់​បំផ្លាញ​សហជីព និង​សិទ្ធិ​កម្មករ​ក្នុង​ការ​បង្កើត​សហជីព៖ «ការ​ដាក់​កំណត់ ២០% ស្នើ​ឡើង​ដោយ​និយោជក​ហ្នឹង គាត់​ទប់​ស្កាត់​កុំ​ឱ្យ​បង្កើត​បាន។ ឧទាហរណ៍​រោងចក្រ​មួយ​មាន​កម្មករ​មួយ​ពាន់​នាក់ ដើម្បី​រក​សមាជិក​ឱ្យ​បាន ២០% ហ្នឹង ទាល់​តែ​មាន​ពីរ​រយ​នាក់ ទើប​អាច​បង្កើត​បាន ហើយ ២០% ហ្នឹង​ទៀត ទាល់​តែ​គាត់​ហ្នឹង​ជា​សមាជិក​សហជីព បាន​បំពេញ​បែបបទ​ត្រឹម​ត្រូវ​រួច​រាល់​អស់​ហើយ បាន​អាច​ចុះ​បញ្ជី​អី​ផ្សេងៗ»។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មីនា ថា លោក​មិន​បាន​ឃើញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នៅ​ឡើយ​ទេ ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក។ ប៉ុន្តែ​លោក​ចាត់​ទុក​ថា នោះ​ជា​សំណូមពរ​របស់​ខាង​និយោជក ហើយ​អាច​លើក​ផ្ទាល់​មាត់​ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃ​ទី ៩ មីនា៖ «សំណូមពរ​ក៏​សំណូមពរ​ទៅ ទុក​ដាក់​នៅ​ក្នុង​អង្គ​សិក្ខាសាលា​ស្អែក​ទៅ។ គាត់​ក៏​នឹង​ចូល​រួម​ដែរ មិន​ចាំបាច់​លិខិត​ស្នាម​អី​ទេ ឱ្យ​ឡើង​និយាយ​តែ​ម្ដង​ទៅ​ឱ្យ​ឮ​ទាំង​អស់​គ្នា»

ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​សង្គម​ស៊ីវិល​ឲ្យ​រដ្ឋ​សភា​កែប្រែ​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សហជីព​ដែល​រដ្ឋាភិបាល​បាន​អនុម័ត​រួច គណបក្ស​មាន​អាសនៈ​នៅ​រដ្ឋ​សភា​ទាំង​ពីរ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​ដើម្បី​ពិនិត្យ និង​ពិភាក្សា​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ។ មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​ក្រុម​ការងារ​កែប្រែ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ភាគី​សហជីព​នៅ​មិន​ទាន់​ពេញ​ចិត្ត​នៅ​ឡើយ ដោយ​ចង់​ឲ្យ​ក្រុម​ការងារ​នៃ​បក្ស​នយោបាយ​កែប្រែ​បន្ថែម​ទៀត មុន​នឹង​បញ្ជូន​ទៅ​ឲ្យ​រដ្ឋសភា​ពិនិត្យ និង​អនុម័ត។

រដ្ឋសភា​គ្រោង​នឹង​ធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ជាមួយ​ភាគី​ពាក់ព័ន្ធ​បន្ត​ទៀត នៅ​ថ្ងៃ​ទី​៩ ខែ​មីនា។ នៅ​ថ្ងៃ​ដដែល​នោះ ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២១ ប្រកាស​ថា នឹង​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​មុខ​រដ្ឋ​សភា​ដើម្បី​បង្ហាញ​ជំហរ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។