ស្ត្រី​បុរី​កីឡា​​ប្ដឹង​មន្ត្រី​ខណ្ឌ​៧​មករា​ពី​បទ​ប្រើ​ហិង្សា

0:00 / 0:00

ក្រុម​ស្ត្រី​តស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា ដាក់​ពាក្យ​បណ្ដឹង​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ មីនា ប្ដឹង​ចោទ​ប្រកាន់​មន្ត្រី​សាលា​ខណ្ឌ​៧មករា ៣​នាក់ ក្នុង​នោះ​មាន​ប្រធាន​សន្តិសុខ​របស់​ខណ្ឌ​នេះ​ម្នាក់​ផង ពី​បទ​ប្រើ​ហិង្សា​ប្រឆាំង​ក្រុម​អ្នក​ភូមិ​កាល​ពី​ខែ​កុម្ភៈ។

ក្រុម​ស្ត្រី​សហគមន៍​បុរីកីឡា បាន​ប្ដឹង​លោក សោម សុវណ្ណ អភិបាល​ខណ្ឌ​៧មករា លោក លឹម សុភា អភិបាល​រង និង​លោក ប្រាក់ ហាក់ ប្រធាន​សន្តិសុខ​ខណ្ឌ ពី​បទ​បាន​ប្រើ​ហិង្សា​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ ចាស់​ជរា និង​កុមារ ដែល​បន្ត​ជ្រក​ក្រោម​តង់ និង​សំយាប​អាគារ ក្រោយ​ពី​ក្រុមហ៊ុន​របស់​អ្នកស្រី ស៊ុយ សុផាន វិនិយោគ​នៅ​តំបន់​នោះ។

តំណាង​ស្ត្រី​សហគមន៍​បុរីកីឡា លោកស្រី ឆាយ គឹមហ៊ន ព្រមាន​នៅ​មុខ​តុលាការ បន្ទាប់​ពី​ដាក់​បណ្ដឹង​រួច​ថា ពួក​គាត់​ទុក​រយៈ​ពេល ៧​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ដាក់​សំណុំរឿង​​ប្រឆាំង​មន្ត្រី​សាលា​ខណ្ឌ​៧មករា ហើយ​បើ​មិន​ត្រូវ​បាន​តុលាការ​ចាត់​វិធានការ​ដូច​លើក​មុនៗ​ទេ ក្រុម​អ្នក​តស៊ូ​មតិ​នឹង​ប្រមូល​ម្ដុំ​គ្នា រៀងរាល់​ថ្ងៃ​នៅ​ខាងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ពន្លឿន​នីតិវិធី​ពិនិត្យ និង​ដោះស្រាយ​សំណុំ​រឿង​នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ កង​សន្តិសុខ​ខណ្ឌ​៧មករា ប្រមាណ ៣០​នាក់ ដែល​ចុះ​បញ្ជា​​ផ្ទាល់​ដោយ​អភិបាល​ខណ្ឌ អភិបាល​រង​ខណ្ឌ និង​ប្រធាន​សន្តិសុខ បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​បុរីកីឡា ដែល​នៅ​សេសសល់​បន្ត​ក្រាញននៀល​មិន​ចាក​ចេញ​ពី​អាគារ​បុរីកីឡា​ជាន់​ទី៩ ដោយ​សារ​ពួកគេ​មិន​អាច​ទ្រាំ​រស់នៅ​ដោយ​រង់ចាំ​ពុំ​មាន​ដំណោះស្រាយ​អស់​ជា​ច្រើន​ឆ្នាំ​រួច​មក។

ចំណែក​ស្ត្រី​កំពុង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ លោកស្រី ហាស់ សុខចិន្តា ថ្លែង​ថា លោកស្រី​ត្រូវ​កង​សន្តិសុខ​ខណ្ឌ​៧មករា វាយ​ធ្វើ​បាប​ស្ទើរ​បាត់បង់​កូន​ដែល​នៅ​ក្នុង​ផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ក្រោម​គោលការណ៍​បង្ក្រាប​ក្រុម​អនាធិបតេយ្យ។

អភិបាល​ខណ្ឌ​៧មករា លោក សោម សុវណ្ណ អះអាង​ថា លោក​ពុំ​មាន​ការ​ព្រួយបារម្ភ​ណា​មួយ​ចំពោះ​បណ្ដឹង​ប្រឆាំង​នឹង​លោក​របស់​អ្នក​ភូមិ​បុរីកីឡា​ទេ។ លោក​បន្ត​ថា ការ​បើក​យុទ្ធនាការ​កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ គឺ​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប៉ុណ្ណោះ ហេតុ​​នេះ វា​ពុំ​មែន​ជា​សម្ពាធ​សម្រាប់​លោក​ឡើយ។

ក្នុង​ពេល​កន្លង​ទៅ ភាគី​ជម្លោះ​ទាំង​សង្ខាង​គឺ​រវាង​សហគមន៍​បុរីកីឡា និង​អ្នកស្រី ស៊ុយ សុផាន តែង​ប្តឹង​ផ្តល់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ផ្លូវ​តុលាការ​ជា​ហូរហែ។ ក៏ប៉ុន្តែ​សាលា​ដំបូង​រាជធានី​ភ្នំពេញ តែង​ទម្លាក់​ចោល​បណ្តឹង​ប្រឆាំង​អ្នកស្រី ស៊ុយ សុផាន របស់​សហគមន៍​បុរីកីឡា​ជា​និច្ច។ ចំណែក​បណ្តឹង​របស់​អ្នកស្រី ស៊ុយ សុផាន វិញ យ៉ាង​យូរ ៥​ថ្ងៃ តុលាការ​ពន្លឿន​ក្នុង​ការ​ចាត់វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព​ប្រឆាំង​ក្រុម​អ្នក​ភូមិ រហូត​មាន​ជាប់​ពន្ធនាគារ​ថែម​ទៀត​ផង។

មេធាវី​ការពារ​ក្ដី​របស់​អង្គការ​ក្រុម​ការងារ​​ពិសេស​សិទ្ធិ​លំនៅឋាន លោក ណម មូលី ចាត់​ទុក​ថា វា​ពុំ​មែន​ទើប​តែ​លើក​ទី​មួយ​ទេ ដែល​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ប្រឆាំង​​មន្ត្រី​មាន​អំណាច និង​អ្នក​មាន​លុយ​ស្ដុកស្ដម្ភ មិន​ត្រូវ​បាន​​តុលាការ​អើពើ និង​ចាត់វិធានការ​នោះ។ លោក​បន្ត​ថា នៅ​ក្នុង​សង្គម​កម្ពុជា អ្នក​មាន​ឥទ្ធិពល​តែង​មាន​ប្រៀប​ជាង​អ្នក​តូច​ទាប​ជា​ដរាប។ លោក​ចាត់​ទុក​ថា នេះ​ក៏​ព្រោះ​តែ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា នៅ​មិន​ទាន់​មាន​ឯករាជ​ភាព​ពិត​ប្រាកដ។

ភ្ជាប់​នឹង​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា នៅ​ក្នុង​សង្គម​ពិត​ជា​មិន​អាច​ទទួល​បាន​យុត្តិធម៌​ស្មើ​គ្នា​មែន។ ក្នុង​ន័យ​នេះ លោក ហ៊ុន សែន បាន​ប្រៀបធៀប​ទៅ​នឹង​សង្គម​នៅ​ក្នុង​ពិភពលោក​ទាំង​មូល​ថា ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​អន់​ជាង តែង​ក្លាយ​ជា​អ្នក​រងគ្រោះ មិន​ខុស​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​យ៉ាង​ដូច្នោះ​ដែរ។

សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស ចាត់​ទុក​ថា បើ​យ៉ាង​ដូច្នេះ​មែន រដ្ឋាភិបាល​គប្បី​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ ឲ្យ​បាន​ប្រសើរ។​ហើយ​បើ​ដូច​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង នោះ​ជា​ការ​គួរ​ឲ្យ​ព្រួយបារម្ភ និង ភ័យខ្លាច។ជាពិសេស ប្រទេស​ដែល​ខ្វះ​ប្រព័ន្ធ​យុត្តិធម៌ ឬ អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​មិន​បាន​ពេញលេញ ប្រៀប​ដូច​ផ្ទះ​គ្មាន​ជញ្ជាំង​ដូច្នោះ​ដែរ។

ជម្លោះ​កើត​ពី​ការ​សង់​អាគារ​មិន​គ្រប់​ចំនួន​តាម​គម្រោង គិត​មក​ដល់​ពេល​នេះ​បាន​បន្ត​អូស​បន្លាយ​មាន​រយៈពេល​ជាង ២​ឆ្នាំ​ហើយ ចាប់​តាំង​ពី​ការ​បណ្ដេញ​ទាំង​បង្ខំ​ប្រឆាំង​ក្រុម​សហគមន៍​បុរីកីឡា​កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១២។ ហើយ​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នេះ សហគមន៍​បុរីកីឡា ត្រូវ​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​ជា​ច្រើន​ខែ តាម​បណ្ដឹង​របស់​អ្នក​ស្រី ស៊ុយ សុផាន ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។