រដ្ឋាភិបាលនៅថ្ងៃទី៤ ខែមីនា សម្រេចអនុម័តសេចក្ដីព្រាងអនុក្រឹត្យស្ដីពីវិធានការហាម ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។
សេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា សេចក្ដីព្រាងអនុក្រឹត្យនេះមាន ៧ជំពូក និង ១៧មាត្រា និងមានគោលបំណងសំខាន់ៗដូចជា ការចូលរួមការពារសុខុមាលភាពរបស់ពលរដ្ឋ ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។
សេចក្ដីព្រាងអនុក្រឹត្យនេះ ក៏មានចែងអំពីការផាកពិន័យដល់បុគ្គលដែលប្រព្រឹត្តល្មើសគឺ ២ម៉ឺនរៀលចំពោះអ្នកជក់បារីនៅកន្លែងហាមឃាត់ និង ៥ម៉ឺនរៀល ចំពោះម្ចាស់កន្លែងដែលមិនព្រមបិទសញ្ញាហាមជក់បារី ឬនៅតែបន្តដាក់បង្ហាញចានគោះបារី។
សេចក្ដីព្រាងអនុក្រឹត្យដែលត្រូវបានរៀបចំតាក់តែងឡើងនៅពេលនេះ គឺអនុលោមតាមមាត្រា ១៩ នៃច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដែលប្រកាសឲ្យប្រើកាលពីខែឧសភា ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
