មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស៊ី.ស៊ី.អេច្ឆ.អ័រ (CCHR) និងអង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាស៊ីដ ហៅកាត់ថា កាស (CASC) ចេញវិចារណកថាព័ត៌មានរួមមួយ ដោយជំរុញឱ្យរដ្ឋាភិបាលធានាលើការអនុវត្តអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំង ឱ្យបានពេញលេញ។
នៅក្នុងវិចារណកថារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាស៊ីដ ចេញផ្សាយនៅថ្ងៃទី២៧ តុលា ឆ្នាំ២០១៣ បានបង្ហាញការព្រួយបារម្ភរបស់ខ្លួន អំពីការខ្វះខាតកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការអនុវត្តឱ្យបានពេញលេញនូវអនុក្រឹត្យស្ដីពីបែបបទ និងលក្ខខណ្ឌនៃការគ្រប់គ្រងអាស៊ីដខ្លាំង នៅកម្ពុជាបច្ចុប្បន្ន។
អ្នកស្រាវជ្រាវក្នុងគម្រោងបញ្ឈប់អំពើហិង្សាដោយអាស៊ីដ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាម៉ាណា ថ្លែងថា នៅក្នុងពេលថ្មីៗនេះ មានមន្ត្រីស្ថាប័នរដ្ឋាភិបាលខ្លះ មិនបានបង្ហាញអំពីកិច្ចប្រឹងប្រែងអនុវត្តអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំងទេ ហើយមន្ត្រីខ្លះទៀត ថ្លែងថាមិនដឹង ឬមិនមានការទទួលខុសត្រូវអនុវត្តទៀតផង។
កញ្ញា សន រ៉ាម៉ាណា៖ «អ្វីដែលគាត់និយាយ ដូចថា គាត់មិនទទួលខុសត្រូវចំពោះការជំនាញអនុវត្តន៍ច្បាប់ គឺគាត់ថា ស្ថាប័នគាត់ហ្នឹងមិនបានទទួលខុសត្រូវក្នុងរឿងទាក់ទិននឹងច្បាប់ហ្នឹងទេ ហើយសូម្បីតែក្រសួងដែលមានឈ្មោះនៅក្នុងអនុក្រឹត្យហ្នឹងទៀតសោត ក៏គាត់និយាយថា គាត់អត់ដឹងរឿង ហើយគាត់ថា គាត់អត់មានតួនាទីត្រូវចំពោះច្បាប់ហ្នឹង។ អ៊ីចឹង យើងគិតថា អាហ្នឹងដូចជាការផាត់ចោលនូវការទទួលខុសត្រូវ»។
ក្នុងវិចារណកថាព័ត៌មាន អ្នកគ្រប់គ្រងគម្រោងរបស់អង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាស៊ីដ អ្នកស្រី អ៊ែរីន ប៊ួហ្គោស (Erin Bourgois) ថ្លែងបន្ថែមលើការអនុវត្តបទបញ្ជាអនុក្រឹត្យឱ្យបានពេញលេញ រដ្ឋាភិបាលត្រូវតែបរិច្ចាគធនធាននានា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំង ជាពិសេស អាជីវករលក់ទឹកអាស៊ីដ កម្មករធ្វើការនៅតាមចម្ការកៅស៊ូ មន្ត្រីអនុវត្តន៍ច្បាប់ មន្ត្រីតុលាការ អ្នកផ្ដល់ជំនួយផ្នែកច្បាប់ និងបុគ្គលសំខាន់ៗដទៃទៀត ដែលពាក់ព័ន្ធនឹងការតាក់តែងច្បាប់នេះ។
អ្នកស្រីឱ្យដឹងថា តួលេខជនរងគ្រោះដោយសារអាស៊ីដ នៅប្រទេសកម្ពុជា មានចំនួន ៤១០នាក់ រាប់ទាំងអ្នកប៉ុនប៉ងធ្វើអត្តឃាត និងអ្នកប្រើប្រាស់គ្រោះថ្នាក់ដោយចៃដន្យ។ ចាប់តាំងពីដើមឆ្នាំ២០១៣ មក មានករណីវាយប្រហារដោយទឹកអាស៊ីដចំនួន ៣ករណី ដែលបណ្ដាលឱ្យមានជនរងគ្រោះចំនួន ៦នាក់។ ទន្ទឹមគ្នានេះ មានមនុស្ស ៣រូប បានស្លាប់នៅក្នុងឆ្នាំនេះ ដោយសារការប្រើប្រាស់ទឹកអាស៊ីដ គឺម្នាក់ស្លាប់ដោយសារឧបទ្ទវហេតុចៃដន្យ និង ២នាក់ទៀតស្លាប់ដោយសារការធ្វើអត្តឃាត។ ទោះជាដូច្នេះក្ដី អ្នកស្រី រំឭកថា អាចមានករណីវាយប្រហារខ្លះទៀត ប៉ុន្តែគេមិនបានរាយការណ៍។
ករណីវាយប្រហារដោយទឹកអាស៊ីដ ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាស៊ីដ វាយតម្លៃថា បានធ្លាក់ចុះជាលំដាប់ ប្រៀបធៀបទៅនឹងឆ្នាំ២០១០ គឺមួយចំណែកដោយសារតែមានការអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំង នៅឆ្នាំ២០១១។
អ្នកស្រី អ៊ែរីន ប៊ួហ្គោស ថ្លែងថា ដើម្បីធានាដល់ការគោរព និងអនុវត្តន៍បទប្បញ្ញត្តិនានា នៅក្នុងអនុក្រឹត្យ ហើយទប់ស្កាត់អំពើហិង្សាដោយទឹកអាស៊ីដ មធ្យោបាយតែមួយគត់ គឺការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំងដល់សាធារណជន។ បច្ចុប្បន្ន អង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាស៊ីដ កំពុងផ្សព្វផ្សាយបទប្បញ្ញត្តិអនុក្រឹត្យ និងផ្ដល់សេវាជួយជនរងគ្រោះ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលបានទេ ជុំវិញការអនុវត្តអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាស៊ីដនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
