ទំនាស់ដីធ្លីរវាងអ្នកភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ជាមួយសហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម ដែលមានជនជាតិវៀតណាម ជាច្រើនធ្វើការនោះ បានអូសបន្លាយរយៈពេល ១ឆ្នាំហើយ ដោយមិនទាន់មានអាជ្ញាធរថ្នាក់ខេត្ត ឬស្រុកណាចុះទៅដោះស្រាយឱ្យត្រឹមត្រូវទេ។
កាលពីថ្ងៃទី៣ ខែមករា កន្លងទៅ តុលាការខេត្តសៀមរាប បានចាប់ខ្លួនបុរសអ្នកភូមិជប់រំដេង ចំនួន ២នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នរយៈពេល ៦ខែ ហើយតុលាការខេត្តសៀមរាបទើបតែបើកសវនាការជំនុំជម្រះរឿងក្តីនេះនៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា។
មេធាវីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) កំពុងប្រឹងប្រែងតតាំងផ្នែកច្បាប់ដើម្បីទាមទារឱ្យតុលាការខេត្តសៀមរាប ទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងបុរសអ្នកភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ២នាក់ ឱ្យមានសេរីភាពវិញ។
ការទាមទារនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ក្នុងពេលតុលាការបើកសវនាការជំនុំជម្រះដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយសហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម បណ្ដាលឱ្យតុលាការចាប់ឃុំខ្លួនបុរស ២នាក់ ជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារអស់រយៈពេល ៦ខែមកហើយនោះ។
ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក គឺលោក នី ចរិយា។ លោកថ្លែងនៅតុលាការខេត្តសៀមរាប បន្ទាប់ពីផ្អាកសវនាការកាលពីរសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ថា មេធាវីរបស់អាដហុក កំពុងទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើបុរសអ្នកភូមិជប់រំដេង ២នាក់ ឈ្មោះ បឿន សុខ និង វ៉ែន ឡន ហើយដោះលែងឱ្យមានសេរីភាពវិញ។
លោក នី ចរិយា៖ «មេធាវីរបស់យើងបានដាក់ភស្តុតាងជាច្រើនដែលបញ្ជាក់ថា ជនជាប់ចោទទាំងពីរមិនបានធ្វើអ្វីខុសទេ ដូចជាយើងបានដាក់ភស្តុតាងអំពីការផ្អាករបស់សាលាខេត្ត ហើយនិងយកសាក្សីមកបញ្ជាក់ថា ២នាក់ហ្នឹងមិនបានទៅកាប់បំផ្លាញដំឡូងមីរបស់សហគមន៍ដូចការចោទប្រកាន់នោះទេ»។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ កន្លងទៅ តុលាការខេត្តសៀមរាប បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះទៅចាប់ខ្លួនបុរសអ្នកភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ពីរនាក់ ឈ្មោះ បឿន សុខ និង វ៉ែន ឡន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ថា បានចូលទៅកាប់បំផ្លាញដំឡូងមីរបស់សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម ដែលមានជនជាតិវៀតណាម ជាច្រើនធ្វើការនៅទីនោះ ព្រមទាំងចោទប្រកាន់អ្នកទាំងពីរថា បានចូលទៅសង់ខ្ទមរស់នៅលើដីនោះទៀតផង។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងប្រធានអង្គជំនុំជម្រះ លោកចៅក្រម កូយ សៅ ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់ថា តើតុលាការនឹងសម្រេចដោះលែងអ្នកភូមិទាំង ២ ឬយ៉ាងណានៅឡើយទេ ដោយសារតែលោកកំពុងជាប់រវល់សវនាការពេញមួយថ្ងៃទី១៧ ខែមិថុនា។
អ្នកស្រី យង់ គឹមលាង ជាភរិយារបស់បុរសម្នាក់ក្នុងចំណោមអ្នកភូមិដែលតុលាការចាប់ខ្លួននោះ អះអាងថា ប្ដីរបស់អ្នកស្រីមិនបានទៅកាប់បំផ្លាញដំឡូងមីរបស់សហគមន៍តាខ្មៅដូចការចោទប្រកាន់ឡើយ តាមពិតគឺសហគមន៍ទៅវិញទេ ដែលទៅបំផ្លាញដំណាំ និងរំលោភយកដីរបស់គាត់៖ «ទៅចាប់គ្រួសារខ្ញុំហើយ យកត្រាក់ទ័រទៅឈូសឆាយបំផ្លាញដំណាំរបស់ខ្ញុំអស់ សូម្បីតែនៅក្បែរផ្ទះក៏ភ្ជួរចោលអស់ដែរ»។
ការចាប់ខ្លួនអ្នកភូមិជប់រំដេង ២នាក់ ដាក់ពន្ធនាគារនេះ បានបង្កើតឱ្យមានការប្រឈមមុខតានតឹងដាក់គ្នារវាងសមាគមការពារសិទ្ធិមនុស្សអាដហុក ជាមួយព្រះរាជរងអមសាលាខេត្តសៀមរាប ម្នាក់ ដែលជាតំណាងអយ្យការនៃសំណុំរឿងក្តី ព្រមទាំងចៅក្រមស៊ើបសួរម្នាក់ទៀត កាលពីអំឡុងខែឧសភា និងដើមខែមិថុនា កន្លងទៅ។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានដាក់ពាក្យបណ្ដឹងទៅឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ឱ្យពិនិត្យមើលលើមន្ត្រីតុលាការទាំងពីរ ជុំវិញការអនុវត្តច្បាប់មិនត្រឹមត្រូវ។ ចំណែកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក សុខ កែវបណ្ឌិត ក៏បានដាក់ពាក្យប្ដឹងទៅតុលាការក្រុងភ្នំពេញ ដោយចោទប្រកាន់ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចំនួន ៣ករណី គឺបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការ (តុលាការ) តាមមាត្រា ៣០៥ មាត្រា ៣១១ និងមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌវិញដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
