តុលាការក្រុងភ្នំពេញ បានបើកសវនាការលើអង្គសេចក្ដីករណីរឿងក្ដីលោក គឹម សុខ ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៦ កក្កដា។ ចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ បានលើកពេលប្រកាសសាលក្រមរឿងក្ដីនេះទៅថ្ងៃទី១០ សីហា។ សវនាការដែលចំណាយពេលខ្លីទៅលើអង្គសេចក្តី ប៉ុន្តែគងសម្ដីគ្នាច្រើនទៅលើសំណើសុំឲ្យលោកនាយករដ្ឋមន្ត្រីដែលជាដើមចោទ ត្រូវបង្ហាញវត្តមាន និងតទល់គ្នានៅក្នុងការជំនុំជម្រះ បានបង្ខំចិត្តឲ្យចុងចោទ និងមេធាវីការពារក្តី ត្រូវដើរចេញពីបន្ទប់កាត់ក្តីទាំងសវនាការមិនបានចប់ចុងចប់ដើម។
សវនាការលើអង្គសេចក្ដីមិនទាន់ទាំងបានចាប់ផ្ដើមស្រួលបួលនៅឡើយផង ភាគីទាំងសងខាង គឺទាំងចៅក្រម តំណាងអយ្យការ មេធាវីទាំងដើមចោទ និងចុងចោទ ចាប់ផ្ដើមតឹងសរសៃកដាក់គ្នានៅក្នុងបន្ទប់កាត់ក្ដីតាំងពីដើមទី រហូតធ្វើឲ្យលោក គឹម សុខ និងលោក ជូង ជូងី បោះបង់ការជំនុំជម្រះចោល។
បើទោះជាបែបណា ចៅក្រម លោក គី ឬទ្ធី អនុប្រធានតុលាការក្រុងភ្នំពេញ បានប្រកាសនៅរសៀលថ្ងៃទី២៦ កក្កដា ថា រឿងក្ដីនេះនឹងប្រកាសសាលក្រមនៅម៉ោង ២រសៀលថ្ងៃទី១០ សីហា ខាងមុខ ទាំងលោក គឹម សុខ និងលោក ជូង ជូងី ហាក់មិនខ្វល់ឡើយចំពោះការរកយុត្តិធម៌ និងអំណាចសាលក្រមដែលនឹងត្រូវប្រកាសនៅពេលខាងមុខនេះ។
នៅក្នុងបន្ទប់កាត់ក្ដី សង្កេតឃើញថាភាគីទាំងសងខាងហាក់ដូចជាមានគំនុំជាមួយគ្នាជាយូរមកហើយ។ មុនសវនាការលើអង្គសេចក្ដីត្រូវចាប់ផ្ដើមនោះ លោកចៅក្រម គី ឬទ្ធី បានលើកយកសំណើសុំឲ្យដើមចោទ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោក ជូង ជូងី ដាក់សំណើកាលពីថ្ងៃទី២៤ កក្កដា មកតទល់គ្នានៅក្នុងសវនាការ ប៉ុន្តែត្រូវបានតំណាងអយ្យការលោក សៀង សុខ មេធាវីតំណាងដោយអាណត្តិរបស់លោក ហ៊ុន សែន គឺលោក គី តិច និងចៅក្រមលោក គី ឬទ្ធី បដិសេធ។ ភ្លាមៗ លោក គឹម សុខ បានជំទាស់ ហើយដើរចេញពីបន្ទប់កាត់ក្ដី។
មូលហេតុដែលនាំឲ្យអ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយរូបនេះបោះបង់សិទ្ធិចូលរួមសវនាការ ដោយសារលោកស្នើឲ្យចៅក្រម លោក គី ឬទ្ធី ចេញជាសាលក្រមបដិសេធ ឬយល់ព្រមឲ្យលោក ហ៊ុន សែន ចូលរួមសវនាការជាមួយនឹងលោកក្នុងនាមជាដើមបណ្ដឹង ត្រូវទទួលបរាជ័យ។
នៅពេលលោក គឹម សុខ ត្រូវបានឆ្មាំពន្ធនាគារនាំទៅក្នុងបន្ទប់រង់ចាំតាមការស្នើពីចៅក្រមនៅខាងក្រៅបន្ទប់សវនាការ មិនយូរប៉ុន្មាន លោក ជូង ជូងី ក៏បានដើរចេញពីបន្ទប់ជំនុំជម្រះដែរ។ ការបោះបង់សិទ្ធិចូលរួមសវនាការទាំងលោក គឹម សុខ និងលោក ជូង ជូងី នេះ បានបង្ខំឲ្យលោក គី តិច ស្នើទៅចៅក្រមចេញបញ្ជាឲ្យឆ្មាំពន្ធនាគារនាំខ្លួនលោក គឹម សុខ ចូលសវនាការវិញភ្លាម ទោះឆ្លើយ ឬមិនឆ្លើយ តែត្រូវមានវត្តមាននៅក្នុងអង្គសវនាការ។
លោក គឹម សុខ បើទោះជាត្រូវបង្ខំចិត្តអង្គុយទាំងទើសទាល់នៅខាងមុខរង្វង់ក្រចកសេះ លោកបានយកក្រដាសដែលមាននៅក្នុងដៃរបស់លោក ញ៉ុកត្រចៀកទាំងសងខាង បង្ហាញពីការបោះបង់ការចូលរួមសវនាការ ហើយអង្គុយធ្វើហី។ ស្របពេលសវនាការមិនទាន់បានដំណើរការនៅឡើយផង បរិយាកាសនៅក្នុងបន្ទប់កាត់ក្ដីកាន់តែតានតឹងទៅៗ រហូតបង្ខំចិត្តឲ្យលោក គឹម សុខ ទាមទារប្ដឹងដិតចិត្ត ឬប្ដឹងដូរចៅក្រមចេញ ប៉ុន្តែត្រូវបានលោក គី ឬទ្ធី អះអាងប្រាប់អង្គជំនុំជម្រះថាមិនអាចធ្វើបានទេ វាហួសពេលទៅហើយ ហើយលោកនៅតែជាចៅក្រមរហូតដល់ចប់នីតិវិធី។ ប៉ុន្តែបញ្ហានេះ ត្រូវបានលោក ជូង ជូងី ជំទាស់។ មេធាវីរូបនេះអះអាងថា ការប្ដឹងដូរចៅក្រមនេះ ធ្វើពេលណាក៏បានដែរ នៅពេលណាសវនាការលើអង្គសេចក្ដីមិនទាន់ចប់នៅឡើយនោះ។
លោក គឹម សុខ ត្រូវបានតំណាងអយ្យការនៃតុលាការក្រុងភ្នំពេញ លោក សៀង សុខ ចោទប្រកាន់តាមបណ្ដឹងមេធាវីតំណាងដោយអាណត្តិរបស់លោក ហ៊ុន សែន គឺលោក គី តិច រួចលោក រស់ ពិសិដ្ឋ ជាចៅក្រមស៊ើបសួរចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ។
នៅក្នុងបន្ទប់ជំនុំជម្រះកាលពីរសៀលថ្ងៃទី២៦ កក្កដា លោក ជូង ជូងី បានជំទាស់ថា តុលាការបានប្រើប្រាស់សិទ្ធិ និងគាបសង្កត់កូនក្ដីរបស់ខ្លួន ហើយមិនស្ដាប់ការបំភ្លឺរបស់លោក ទើបបង្ខំចិត្តឲ្យលោកបោះបង់សវនាការនេះចោល។
ដោយឡែកលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់លោក ហ៊ុន សែន វិញបានប្រាប់ក្រុមអ្នកកាសែតថា តុលាការពុំបានដាក់ការគាបសង្កត់ឡើយ ប៉ុន្តែលោក គឹម សុខ ខ្លួនឯងទៅវិញទេបានដើរឆ្ងាយចេញពីអ្វីដែលតុលាការកំពុងតែសួរនាំ។ លោកបន្តថា « គេកាត់រឿងដីកាមុនអង្គសេចក្ដី យើងទៅនិយាយរឿងអង្គសេចក្ដី អាហ្នឹងតុលាការមិនឲ្យនិយាយទេ។ ដូចមិញនេះអ៊ីចឹង គេកាត់រឿងដែលគាត់សុំឲ្យដើមបណ្ដឹងសុំមកតទល់ គាត់ឆ្លៀតឱកាសទៅនិយាយអង្គសេចក្ដីបាត់ហើយ។ តុលាការគាត់ប្រាប់បាត់ហើយចាំតិច ចាំអានេះចប់សិន បានបន្តទៅអង្គសេចក្ដី ប៉ុន្តែគាត់នៅតែនិយាយ »។
នៅក្នុងសេចក្ដីសន្និដ្ឋានចុងក្រោយ លោក គី តិច បានស្នើឲ្យតុលាការផ្ដន្ទាទោសលោក គឹម សុខ ឲ្យបានធ្ងន់ធ្ងរ ហើយទាមទារសំណងជំងឺចិត្តចំនួន ២ពាន់លានរៀល។ លោក គឹម សុខ នៅពេលឆ្មាំពន្ធនាគារនាំចេញតាមផ្លូវក្រោយ បានរិះគន់ថា តុលាការធ្វើតាមតែការតម្រូវ និងតាមសម្ដីនរករបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។