អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទូចឲ្យរដ្ឋាភិបាលកម្ពុជា កែប្រែចំណុចមួយចំនួននៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដែលបានដាក់ឲ្យរដ្ឋសភាពិនិត្យ និងអនុម័តនោះ។
ការទទូចរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ គឺបន្ទាប់ពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ព្រមព្រៀងគ្នាបង្កើតឲ្យមានគណៈកម្មការចំពោះកិច្ច ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះ។ ស្របគ្នានេះ តំណាងសហជីពក្នុងស្រុក បានដាក់លិខិតសុំជួបជជែកជាមួយអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ទាក់ទិននឹងសេចក្ដីព្រាងច្បាប់នេះដែរ។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញនៅថ្ងៃទី១៧ ខែធ្នូ ថា សេចក្ដីព្រាងចុងក្រោយនៃច្បាប់សហជីព មានការកែលំអ ប៉ុន្តែនៅមានចំណុចដែលមិនគ្រប់គ្រាន់នឹងការពារសិទ្ធិកម្មករ និងសហជីពរបស់ពួកគេ។
លោក ប្រ៊ែដ អាដាម មានប្រសាសន៍បន្តថា មានបញ្ញត្តិមួយចំនួនដែលអាចនឹងរំលោភបំពានដោយរដ្ឋាភិបាល ឬដោយនិយោជក។ ហេតុនេះ ម្ចាស់ជំនួយ ឬដៃគូអភិវឌ្ឍន៍ គួរតែជំរុញឲ្យមានកិច្ចពិភាក្សាគ្នាដែលអាចឲ្យមានការកែប្រែសេចក្ដីព្រាងច្បាប់នេះ៖ «រដ្ឋាភិបាលត្រូវចាត់ចែងឲ្យមានពេលវេលាគ្រប់គ្រាន់ និងធានាឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធគ្រប់ភាគី ដើម្បីបង្ហាញជាសាធារណៈពីការដោះស្រាយបញ្ហា ដែលមាននៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។ នេះ ជាតម្រូវការជាមូលដ្ឋាន ដែលម្ចាស់ជំនួយរបស់កម្ពុជា ត្រូវតែទាមទារ»។
យូមែន រ៉ៃត៍ វ៉ច្ឆ ស្នើឲ្យរដ្ឋាភិបាលកំណត់ពេលវេលានៃសិក្ខាសាលាថ្នាក់ជាតិ ជាមួយភាគីពាក់ព័ន្ធ ទៅតាមការទាមទាររបស់សហជីព និងធានាថា កម្មវិធីនោះនឹងមានតម្លាភាព និងចូលរួមដ៏ពិតប្រាកដ។ យូមែន រ៉ៃត៍ វ៉ច្ឆ បានលើកឡើងថា សេចក្ដីព្រាងស្ដីពីសហជីព ដែលបានចាប់ផ្ដើមព្រាងតាំងពីឆ្នាំ២០០៨ មានចំណុចជាច្រើនដែលមិនស្របតាមបទដ្ឋានច្បាប់ និងអនុសញ្ញាអន្តរជាតិ ដែលកម្ពុជា បានផ្ដល់សច្ចាប័ន។ ក្នុងរយៈពេលកន្លងទៅ សេចក្ដីព្រាងច្បាប់នេះត្រូវបានកែលំអមួយចំនួន។ បើទោះជាយ៉ាងណា សេចក្ដីព្រាងច្បាប់ដែលបានអនុម័តដោយទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីខែវិច្ឆិកា នៅមានចំណុចជាក្ដីព្រួយបារម្ភមួយចំនួននៅឡើយ។
កាលពីថ្ងៃទី១០ ខែធ្នូ តំណាងគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងតំណាងគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានជួបចរាចរគ្នាដោះស្រាយបញ្ហានយោបាយ បានព្រមព្រៀងបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។ ទោះយ៉ាងណា មកដល់ពេលនេះនៅមិនទាន់មានដំណឹងពីការបង្កើតនេះនៅឡើយ។
ករណីនេះដែរ សហជីពកម្មករធំៗជាង ២០ បានរួមគ្នាដាក់លិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើសុំជួបជាមួយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាពីបញ្ហាដែលជាកង្វល់របស់សហជីព ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបនៅឡើយ។
ប្រធានសហភាពកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា នៅពេលដែលសិទ្ធិសេរីភាពរបស់សហជីពត្រូវរឹតត្បិតនោះ ផលប៉ះពាល់នឹងទៅដល់កម្មករ និងក្រុមគ្រួសាររបស់គេ ដ្បិតសហជីពជាអ្នកការពារសិទ្ធិ និងអត្ថប្រយោជន៍កម្មករ៖ «សភានឹងមានការពិចារណាឲ្យបានល្អិតល្អន់ ហើយប្រសិនបើនៅមិនទទួលយកនូវយោបល់យើងទេ ហើយនៅតែអនុម័ត សហជីពនឹងអត់នៅស្ងៀមទេ ការតស៊ូមតិនឹងមានសម្រាប់ច្បាប់នេះនៅពេលដែលអនុម័ត»។
ចំណុចដែលសហជីពលើកឡើង ក៏មិនខុសគ្នាពីការលើកឡើងរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ ឡើយ។ សហជីពបញ្ជាក់ថា រាល់សំណើរបស់សហជីព ពុំត្រូវបានរដ្ឋាភិបាលដាក់ក្នុងសេចក្ដីព្រាងច្បាប់ឡើយ។ សេចក្ដីព្រាងច្បាប់នេះ ពុំបានធានាសិទ្ធិសេរីភាពសហជីពដូចដែលទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិ។
ទាក់ទិននឹងការលើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់របស់កម្ពុជា គឺគ្រាន់បើជាងច្បាប់នៅតាមបណ្ដាប្រទេសមួយចំនួន ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន (ASEAN)៖ «មុននឹងយើងប្រៀបធៀបថាច្បាប់នេះតឹង យើងត្រូវប្រៀបធៀបថាតឹងហ្នឹងជាងស្អី? ជាងអង្គការអន្តរជាតិខាងការងារ (ILO)? ជាងប្រទេសអាស៊ាន? ខ្ញុំតែងប្រាប់ថាឲ្យចូលទៅហ្គូហ្គល (Google) ដោយវាយថា ច្បាប់សហជីពសិង្ហបុរី (Singaporean Union Act) ឥណ្ឌូណេស៊ី (Indonesian Union Act) និងហ្វីលីពីន (Philippines Union Act) ទៅឃើញហើយ។ ច្បាប់សហជីពនៅប្រទេសទាំងហ្នឹង គឺតឹងជាងយើងឆ្ងាយណាស់»។
សេចក្តីព្រាងច្បាប់សហជីព ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៣ វិច្ឆិកា។ រដ្ឋាភិបាលអះអាងថា សេចក្តីព្រាងច្បាប់នេះ មានសារសំខាន់សម្រាប់ធានាបាននូវសិទ្ធិសេរីភាព សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលក្នុងការធានានូវស្ថិរភាព និងនិរន្តរភាពនៃរោងចក្រសហគ្រាស ឬគ្រឹះស្ថានក្នុងដំណើរការសង្វាក់ផលិតកម្ម សេវាកម្ម ពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគទុននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
