លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់ លោក ប្រេដ អាដាម (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុកផ្នែកអាស៊ី ថាជាភ្នាក់ងារសិទ្ធិមនុស្សម្នាក់អនុវត្តស្តង់ដារពីរ (Double Standard)។ គឺជាមនុស្សដែលអនុវត្តគោលការណ៍មិនស្មើគ្នា រិះគន់តែបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសដទៃ ប៉ុន្តែការរំលោភសិទ្ធិមនុស្សកើតមាននៅក្នុងប្រទេសរបស់ខ្លួនឯង គឺសហរដ្ឋអាមេរិក មិនរិះគន់ទេ។
តើ លោក ប្រេដ អាដាម ឆ្លើយតបយ៉ាងណាចំពោះការចោទប្រកាន់នេះ?
សូមអញ្ជើញស្តាប់ការបកស្រាយរបស់ លោក ប្រេដ អាដាម (Brad Adams) តាមការសាកសួររបស់ លោក ជី វិតា ដែលមានសេចក្តីដូចតទៅ៖
លោក ជី វិតា៖ ជម្រាបសួរ លោក ប្រេដ អាដាម! មន្ត្រីរដ្ឋាភិបាលកម្ពុជា និយាយថា លោកតែងតែរិះគន់រដ្ឋាភិបាលកម្ពុជា ជាប់ជានិច្ច។ ពួកគេថា លោកមើលឃើញរដ្ឋាភិបាលកម្ពុជា តែក្នុងផ្លូវអាក្រក់ ពោល គឺមិនដែលល្អត្រង់ណាទេ។ តើលោកឆ្លើយយ៉ាងណាដែរ?
លោក ប្រេដ អាដាម៖ ខ្ញុំធ្វើកិច្ចការជាសកម្មជនសិទ្ធិមនុស្ស។ មុខងាររបស់ខ្ញុំ គឺពិនិត្យមើលហេតុការណ៍ពិតដែលកើតឡើង។ ខ្ញុំពិនិត្យមើល និងបញ្ចេញយោបល់លើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចំនួន១៦ ជុំវិញតំបន់អាស៊ី។ ខ្ញុំត្រួតមើលការងារនេះចាប់ពីប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ប្រទេសកូរ៉េខាងជើង។ នៅពេលយើងឃើញរដ្ឋាភិបាលធ្វើកិច្ចការវិជ្ជមាន ឬធ្វើកិច្ចការការពារប្រជាពលរដ្ឋ យើងស្វាគមន៍ និងលើកទឹកចិត្ត។ នៅពេលរដ្ឋាភិបាលរំលោភសិទ្ធិប្រជាពលរដ្ឋ យើងសម្ដែងមតិប្រឆាំង។ យើងទាមទារអោយបញ្ឈប់ការរំលោភនោះ។
សម្រាប់នៅក្នុងប្រទេសកម្ពុជា វិញ រដ្ឋាភិបាលរំលោភសិទ្ធិប្រជាពលរដ្ឋកម្ពុជា ជាលក្ខណៈប្រព័ន្ធ។ រាប់ទសវត្សរ៍មកហើយ អ្នករំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ តែងទទួលបាននិទ្ទណ្ឌភាព ឬរួចខ្លួនពីការផ្ដន្ទាទោស។ ឧទាហរណ៍ថ្មីៗនេះ កម្មករ និងសកម្មជនសហជីព ត្រូវបានតុលាការចោទប្រកាន់ទាក់ទងនឹងការធ្វើបាតុកម្មកាលពីខែធ្នូ ឆ្នាំ២០១៣ និងខែមករា ឆ្នាំនេះ នៅពេលកម្មករធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែគោល ហើយពួកគេត្រូវបានកម្លាំងរដ្ឋាភិបាលបង្ក្រាប។ ចំណែកកម្លាំងកងរាជអាវុធហត្ថ និងក្រុមទាហាននៃអង្គភាពឆត្រយោង៩១១ ដែលយើងបានឃើញវាយបង្ក្រាបកម្មករវិញនោះ មិនត្រូវបានតុលាការកោះហៅមកសាកសួរនោះទេ។ មិនត្រឹមតែមិនត្រូវបានតុលាការចោទប្រកាន់អំពីការវាយបង្ក្រាបបាញ់សម្លាប់កម្មករប៉ុណ្ណោះទេ ប៉ុន្តែយើងឃើញរដ្ឋាភិបាលកម្ពុជា ថែមទាំងបានផ្តល់រង្វាន់លើកទឹកចិត្តដល់កងកម្លាំងសន្តិសុខរដ្ឋាភិបាលទាំងនេះទៀតផង ដោយបញ្ជាក់ថា ពួកគេបានធ្វើកិច្ចការបានល្អវិសេសវិសាល។ នេះ គឺជាទង្វើលើកស្ទួយនិទ្ទណ្ឌភាព ជាទង្វើលើកទឹកចិត្តនូវការដែលពួកគេបានបាញ់សម្លាប់កម្មករ ហើយដែលអ្នកខ្លះពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទៀតផង។
ដូច្នេះ នៅពេលឃើញនូវអំពើបែបៗនេះហើយ វាពិបាកណាស់សម្រាប់ខ្ញុំក្នុងការរាយការណ៍ថា រដ្ឋាភិបាលកម្ពុជា កំពុងដើរលើផ្លូវវិជ្ជមាននោះ។ ការពិតទៅ ខ្ញុំចង់ណាស់ ចង់រាយការណ៍ថា រដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់អំពើរំលោភសិទ្ធិមនុស្សដោយកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។ ដូច្នេះ ប្រសិនបើនៅពេលណាមានអំពើរំលោភសិទ្ធិមនុស្ស ហើយរដ្ឋាភិបាលកម្ពុជា ចាត់វិធានការតាមផ្លូវច្បាប់ អោយភ្នាក់ងាររដ្ឋដែលល្មើសច្បាប់ ទទួលខុសត្រូវនូវអំពើរបស់ខ្លួនហើយ ខ្ញុំនឹងជាមនុស្សដំបូងគេ ដើម្បីនិយាយសរសើរដល់រដ្ឋាភិបាលកម្ពុជា។
លោក ជី វិតា៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោកមើលឃើញតែបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែមិនឃើញរិះគន់បញ្ហាសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក ទេ ពោលគឺលោកជាមន្ត្រីសិទ្ធិមនុស្សដែលមានស្តង់ដារពីរ អនុវត្តគោលការណ៍មិនអោយដូចគ្នា។ ជាឧទាហរណ៍ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រើកម្លាំងប៉ូលិសបង្ក្រាបទៅលើបាតុករនៅទីក្រុងហ្វឺហ្កូសសាន់ (Ferguson) ក្នុងរដ្ឋមិសសូរី (Missouri) សហរដ្ឋអាមេរិក បន្ទាប់ពីមន្ត្រីប៉ូលិសអាមេរិកស្បែកសម្នាក់ បាញ់សម្លាប់យុវជនស្បែកខ្មៅម្នាក់ឈ្មោះ ម៉ៃខល ប្រោន (Michael Brown) កាលពីថ្ងៃទី៩ សីហា កន្លងទៅ។ ចំពោះព្រឹត្តិការណ៍នេះ លោក ហ៊ុន សែន ថា លោកនៅស្ងៀមស្ងាត់មិនបញ្ចេញប្រតិកម្មអ្វីសោះ។
សូមអញ្ជើញស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងអំពីរឿងនេះ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤៖ «នៅអាមេរិក គ្រាន់តែបាតុករគប់ដបទឹកសុទ្ធដាក់សមត្ថកិច្ច ត្រូវចាប់ខ្លួនភ្លាមៗ។ អាមេរិក ដូចអត់ថាអី។ ដល់មកដល់ស្រុកយើង គេដុតឡាន គេគប់ដុំថ្ម បាញ់ចំពាមគ្រាប់ដែក ដល់យើងគ្រប់គ្រងស្ថានការណ៍ គេថាយើងរំលោភសិទ្ធិមនុស្ស។ ខ្ញុំមិនថាដៀមដាមអីអោយអាមេរិកទេ ប៉ុន្តែស្តង់ដារខុសគ្នា។ យើងបានចាត់វិធានការសុវត្ថិភាពសម្រាប់ពលរដ្ឋទូទៅ ត្រឹមតែបិទដីជាងកន្លះហិកតារបន្តិច ថាផ្អាកអាហ្នឹងសិន ដោយសារតែឃើញមានបញ្ហា គេថាយើងរំលោភសិទ្ធិបញ្ចេញមតិ។ ដល់អាមេរិក ដាក់បំរាមគោចរពេញម៉ាទីក្រុង ទៅជាអត់អី។ ឥឡូវយើងបកស្រាយថាម៉េចហ្អក? តែអាហ្នឹងទុកអោយអាមេរិកដោះស្រាយខ្លួនឯងចុះ។ ហើយស្រុកអាមេរិក មិនងាយមានបាតុកម្មកើតឡើងបែបហ្នឹងទេ។ ប៉ុន្តែអានេះកងត្រាចកងធ្នង់។ ថ្ងៃនេះប៉ះយើង ថ្ងៃស្អែកប៉ះគេ។ រឿងវាអ៊ីចឹង។ អ៊ីចឹងយើងត្រូវមានស្តង់ដារមួយអោយពិតប្រាកដ។ ដល់គេ គេធើថា គេអ៊ីចេះគេអ៊ីចេះ ដើរប្រដៅគេ។ ឥឡូវខ្ញុំមិនទាន់ឮអាអ្នកដែលស្រែកមកយើងនែ ជាពិសេស ប្រេដ អាដាម ស្រែកទៅរដ្ឋការ អូបាម៉ា (Obama) យ៉ាងម៉េច ប្រេដ អាដាម។ អ៊ីចឹងអានោះ (អាច) ឆ្លើយមកថា ទេអញធ្វើសិទ្ធិមនុស្សរឿងអាស៊ីទេតើ (សើច)។ ចាំមើល! នឹងដោះស្រាយតាមច្រកហ្នឹង (គឺថា) អញធ្វើសិទ្ធិមនុស្សរឿងអាស៊ីទេតើ អញមិនមែនធ្វើសិទ្ធិមនុស្សនៅអាមេរិកឯណា។ នោះគឺជនជាតិអាមេរិកចំ។ នៅលើពិភពលោកគ្មានទេស៊ិងហ្គឹលស្តង់ដារ (Single Standard) មានតែដប់ប៊លស្តង់ដារ (Double Standard) ឬរហូតដល់ទ្រិបពោលស្តង់ដារ (Triple Standard)»។
លោក ជី វិតា៖ តើលោកឆ្លើយតបបែបណាដែរ?
លោក ប្រេដ អាដាម៖ បើតាមខ្ញុំដឹង លោក ហ៊ុន សែន និយាយត្រូវត្រង់ថា ខ្ញុំជាមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការយូមែន រ៉ៃត៍ វ៉ច្ឆ ទទួលបន្ទុកផ្នែកអាស៊ី។ ដូច្នេះ កិច្ចការរបស់ខ្ញុំ គឺរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់អាស៊ី។ ប៉ុន្តែជាការពិត ខ្ញុំមានការព្រួយបារម្ភណាស់អំពីហេតុការណ៍ដែលកើតឡើងនៅក្នុងរដ្ឋមិសសូរី (Missouri) សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សយូមែន រ៉ៃត៍ វ៉ច្ឆ បានចេញសេចក្តីថ្លែងការណ៍ជាច្រើនអំពីហេតុការណ៍ដែលបានកើតឡើងនៅរដ្ឋមិសសូរី (Missouri) និងភាពឃោរឃៅរបស់ប៉ូលិសជាទូទៅនៅសហរដ្ឋអាមេរិក។ ខ្ញុំបានធំដឹងក្តីនៅទីក្រុងឡសអេនចេល្លេស (Lose Angeles) ជាទីដែលមានអំពើឃោរឃៅរបស់ប៉ូលិសតែងកើតមានឡើង។ ជាញឹកញាប់ អំពើឃោរឃៅរបស់ប៉ូលិសនៅពេលនោះ ពាក់ព័ន្ធទៅនឹងការប្រកាន់ជាតិសាសន៍។ យើងឃើញប៉ូលិសបង្ក្រាបវាយដំទៅលើពលរដ្ឋអាមេរិកកាំងស្បែកខ្មៅច្រើនណាស់ នៅទីក្រុងឡសអេនចេល្លេស (Lose Angeles)។ ខ្លួនខ្ញុំផ្ទាល់ បានដើរក្បួនតវ៉ា និងចូលរួមយ៉ាងសកម្មប្រឆាំងនឹងការបង្ក្រាបរបស់ប៉ូលិសនៅសហរដ្ឋអាមេរិក។ ខ្ញុំរីករាយណាស់ដែល លោក ហ៊ុន សែន លើករឿងនេះឡើង។ ដូចបាននិយាយហើយ អង្គការសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ និងខ្លួនខ្ញុំផ្ទាល់ គឺប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិសនៅសហរដ្ឋអាមេរិក។
ទាក់ទងនឹងការចោទថា ខ្ញុំមើលឃើញតែបញ្ហាគេ តែបញ្ហាក្នុងប្រទេសខ្លួនឯងមើលមិនឃើញនោះ សូមបញ្ជាក់ថា អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បានបោះពុម្ពផ្សាយអំពីស្ថានភាពសិទ្ធិមនុស្សកើតឡើងក្នុងសហរដ្ឋអាមេរិកច្រើនជាងនៅប្រទេសណាៗទាំងអស់លើពិភពលោកនេះ។ បើទោះជាខ្ញុំគិតថា ស្ថានភាពសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក វាមិនអាក្រក់ជាងគេនៅក្នុងពិភពលោកនេះក៏ដោយ ក៏យើងគិតថា សហរដ្ឋអាមេរិក ក៏ត្រូវការការឃ្លាំមើលដែរ។ ខ្ញុំចង់ជូនឧទាហរណ៍អោយលោកយល់ថា ខ្ញុំជាញឹកញាប់តែងរិះគន់ លោក ហ៊ុន សែន ផ្ទាល់។ ពិតណាស់ គឺយើងរិះគន់មេដឹកនាំរដ្ឋាភិបាល នៅពេលពួកគេពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស មិនថានៅក្នុងប្រទេសណាឡើយ។
អង្គការសិទ្ធិមនុស្សយូមែន រ៉ៃត៍ វ៉ច្ឆ បានអំពាវនាវអោយមានការជំនុំជម្រះ និងផ្ដន្ទាទោស លោក ចច ប៊ូស (George Bush) នៅពេលគាត់ជាប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ដូណាល់ រ៉ាំហ្វេល (Donald Rumsfeld) នៅពេលគាត់ធ្វើជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចំពោះបទឧក្រិដ្ឋទាំងឡាយដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងក្នុងប្រទេសផ្សេងៗទៀត។ ដូច្នេះ យើងមិនបានញញើត ឬស្ទាក់ស្ទើរក្នុងការរិះគន់អ្នកកាន់អំណាចដ៏មានឥទ្ធិពលនៅលើលោកនេះឡើយ។ គឺយើងធ្វើកិច្ចការរបស់យើងដោយមិនមានពុតត្បុតអ្វីទេ។ យើងចង់អោយមានការគោរពសិទ្ធិមនុស្ស និងយុត្តិធម៌ កើតមានគ្រប់ទីកន្លែងទាំងអស់។ មិនថាឡើយប្រទេសមហាអំណាចដូចសហរដ្ឋអាមេរិក ឬប្រទេសតូចដូចជាកម្ពុជា ឡើយ។
លោក ជី វិតា៖ តើវាខុសប្លែកគ្នាយ៉ាងណាដែររវាងហេតុការណ៍ប៉ូលិសអាមេរិក បង្ក្រាបបាតុករនៅក្នុងរដ្ឋមិសសូរី (Missouri) សហរដ្ឋអាមេរិក និងហេតុការណ៍ប៉ូលិសខ្មែរបង្ក្រាបបាតុករនៅប្រទេសកម្ពុជា?
លោក ប្រេដ អាដាម៖ រាល់ហេតុការណ៍ដែលបានកើតឡើងវាមានភាពខុសប្លែកគ្នា ដែលត្រូវអោយមានការស៊ើបអង្កេតអោយបានស៊ីជម្រៅ និងដោយឯករាជ្យ។ ចំពោះហេតុការណ៍ដែលកើតឡើងនៅក្នុងរដ្ឋមិសសូរី (Missouri) សហរដ្ឋអាមេរិក មនុស្សម្នាដែលតាមដានរឿងនេះនៅមានការយល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះថា ជនរងគ្រោះជាបុរសវ័យក្មេងស្បែកខ្មៅ ដែលត្រូវប៉ូលិសបាញ់ស្លាប់នោះ គឺបានព្យាយាមចូលទៅក្នុងឡានប៉ូលិស ហើយប៉ូលិសរូបនោះដើម្បីការពារខ្លួន ប៉ូលិសក៏បាញ់ទៅ។ អ្នកផ្សេងយល់ថា ជនរងគ្រោះបានដើរចេញពីឡានប៉ូលិសហើយ ហើយបែរមុខបកមកវិញ ក៏ត្រូវប៉ូលិសបាញ់តែម្តង។ ចំពោះខ្ញុំវិញ ខ្ញុំអត់ដឹងហេតុការណ៍កើតឡើងយ៉ាងម៉េចទេ ពីព្រោះខ្ញុំមិនមែនជាអ្នកស៊ើបអង្កេតរឿងនេះដោយផ្ទាល់។
អ្វីដែលខ្ញុំអាចនិយាយបានអំពីកម្ពុជា វិញនោះ គឺថា ហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ គឺកម្លាំងអាជ្ញាធរបានវាយបង្ក្រាបទៅលើបាតុករ។ បន្ទាប់មក បាតុករខ្លះគប់ដុំថ្ម និងដបទឹកត្រឡប់ទៅវិញ។ ប៉ុន្តែកម្លាំងប៉ូលិសបានប្រើអាវុធប្រល័យជីវិត បាញ់តបទៅពួកបាតុករវិញ ដែលក្រុមអង្កេតរបស់ខ្ញុំ និងក្រុមអង្កេតដទៃទៀតរកឃើញច្បាស់ថា ស្ថានការណ៍នាពេលនោះ មិនមានការចាំបាច់ប្រើប្រាស់អាវុធបាញ់ទៅលើបាតុករ ដើម្បីការពារខ្លួនឡើយ។ ពេលនោះ ប៉ូលិសអាចដកថយយ៉ាងងាយបំផុត។
ចំពោះព្រឹត្តិការណ៍ដែលកើតឡើងនៅរដ្ឋមិសសូរី (Missouri) សហរដ្ឋអាមេរិក វិញ យើងមិនទាន់ដឹងថា ហេតុការណ៍នោះកើតឡើងរបៀបម៉េចទេ ដោយសាររឿងនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត។ ប៉ុន្តែបើទោះជាយុវជន ម៉ៃខល ប្រោន (Michael Brown) អាចបានប្រើហិង្សាណាមួយទៅលើមន្ត្រីប៉ូលិសរូបនោះក៏ដោយ ក៏មន្ត្រីប៉ូលិសនោះគួរតែបានប្រើវិធីដកថយ។ ហើយនៅមានវិធីផ្សេងៗទៀត ដែលមិនផ្តាច់ជីវិតមនុស្ស ដែលមន្ត្រីប៉ូលិសគួរបានអនុវត្ត ជាជាងប្រើកាំភ្លើងបាញ់សម្លាប់គាត់នៅពេលនោះ។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលខុសគ្នារវាងនៅសហរដ្ឋអាមេរិក និងនៅកម្ពុជា នោះ គឺថា នៅសហរដ្ឋអាមេរិក ដូចជាព្រឹត្តិការណ៍នៅរដ្ឋមិសសូរី (Missouri) នេះ ជាឧទាហរណ៍ សាធារណជនមានសេចក្តីសង្ឃឹម ឬរំពឹងថា ការស៊ើបអង្កេតស្វែងរកការពិតដោយឯករាជ្យមួយ នឹងត្រូវធ្វើឡើង ហើយប្រសិនបើលទ្ធផលស៊ើបអង្កេតបង្ហាញថា មន្ត្រីប៉ូលិសដែលបាញ់ លោក ម៉ៃខល ប្រោន (Michael Brown) នោះរំលោភច្បាប់ព្រហ្មទណ្ឌ មន្ត្រីប៉ូលិសរូបនោះនឹងត្រូវចោទប្រកាន់តាមផ្លូវច្បាប់។ រីឯនៅកម្ពុជា វិញ រហូតមកដល់ពេលនេះ យើងមិនឃើញមានសញ្ញានៃការស៊ើបអង្កេតឯករាជ្យណាមួយកើតឡើងនៅឡើយ ហើយក៏ច្បាស់ណាស់ថា នឹងមិនមានឡើយ។ មិនត្រឹមតែមិនមានការស៊ើបអង្កេតដោយឯករាជ្យប៉ុណ្ណោះទេ ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញថែមទាំងបានចាប់បាតុករ ២៣នាក់ យកទៅឃុំដោយខុសច្បាប់ ដាក់អោយរស់នៅក្នុងលក្ខខណ្ឌអាក្រក់អស់រយៈពេល ៤ខែ នៅខេត្តកំពង់ចាម ទៀតផង។ ហើយឥឡូវ យើងឃើញមានការចោទប្រកាន់សកម្មជន និងមន្ត្រីសហជីពថែមទៀតផង។
នៅសហរដ្ឋអាមេរិក ប្រាកដណាស់យើងមិនមានប្រព័ន្ធយុត្តិធម៌ដ៏ល្អឥតខ្ចោះនោះទេ។ ខ្ញុំផ្ទាល់ និងអង្គការសិទ្ធិមនុស្សយូមែន រ៉ៃត៍ វ៉ច្ឆ តែងរិះគន់រដ្ឋាភិបាលនៃប្រទេសមហាអំណាចនេះ។ ទោះជាយ៉ាងណា នៅសហរដ្ឋអាមេរិក គេមានប្រព័ន្ធជួយការពារសិទ្ធិរបស់ជនរងគ្រោះ ប៉ុន្តែនៅកម្ពុជា វិញ ស្ទើរតែមិនឃើញមានឡើយ។ យើងឃើញមានតែប្រព័ន្ធនយោបាយត្រួតត្រា និងគ្រប់គ្រងដោយនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប៉ុណ្ណោះ។
លោក ជី វិតា៖ ជាចុងក្រោយ តើលោកមានអ្វីបន្ថែមទេ?
លោក ប្រេដ អាដាម៖ ខ្ញុំថា លោក ហ៊ុន សែន ទៅវិញទេជាមេស្តង់ដារពីរ។ គឺស្តង់ដារមួយសម្រាប់ខ្លួនគាត់ និងកម្លាំងសន្តិសុខរបស់គាត់។ ស្តង់ដារមួយទៀត គឺសម្រាប់មនុស្សទូទៅនៅក្នុងប្រទេស។ នេះហើយជាបញ្ហាដែលបង្កការលំបាកដល់ពលរដ្ឋ។ ពលរដ្ឋក្រីក្ររស់នៅតាមខេត្ត ដែលដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានរឹបអូសយក មានការលំបាកណាស់ក្នុងការការពារទ្រព្យសម្បត្តិរបស់ខ្លួន ពីព្រោះងាកទៅរកតុលាការអោយជួយ តុលាការមិនឯករាជ្យ ងាកទៅរកប៉ូលិសអោយជួយ ប៉ូលិសមិនឯករាជ្យ ហើយងាកទៅរករដ្ឋាភិបាលដែលមានកាតព្វកិច្ចការពារពលរដ្ឋនោះ បែរជារំលោភសិទ្ធិរបស់ពួកគេទៅវិញ។
លោក ជី វិតា៖ អរគុណ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
