“តុលាការ ICC ដាក់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ចំណោម​បញ្ជី​រឿង​ក្តី​១២​ដែល​ត្រូវ​ស៊ើបអង្កេត​មុន​គេ”

ដោយ មួង ណារ៉េត
2018.01.11
មូរតុន ក្លារ ៨៥៥ លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៦។
Photo: RFA

​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) អ្នកស្រី ហ្វាទូ បិនស៊ូដា (Fatou Bensouda) បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​បឋម​មួយ​ប្រចាំ​ឆ្នាំ​២០១៧។ ក្នុង​របាយការណ៍​ចេញ​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៧ នោះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ដាក់​រដ្ឋាភិបាល​កម្ពុជា ក្នុង​បញ្ជី​នៃ​រឿងក្តី​ចំនួន ១២ ដែល​ត្រូវ​ពិចារណា​ស៊ើប​អង្កេត​បន្ទាន់។

​មេធាវី​ជនជាតិ​អាមេរិក លោក មូរតុន ក្លារ (Morton Sklar) ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ថា ចំណាត់ការ​ក្នុង​រឿងក្ដី​ដែល​លោក និង​លោក​មេធាវី​ជនជាតិ​អង់គ្លេស រីឆាត រ៉ូជើរ (Richard Rogers) រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ទូទៅ​កំពុង​រង់ចាំ​យុត្តិធម៌​នោះ កាន់​តែ​លេច​រូបរៀង​ច្បាស់​ហើយ៖ «ឥឡូវ​នេះ​លោក ហ៊ុន សែន ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កំពុង​យក​ចិត្ត​ទុក​ដាក់ និង​ត្រួត​ពិនិត្យ។ វប្បធម៌​និទណ្ឌភាព​ពេល​នេះ ជិត​ផុត​រលត់​ហើយ។ រាល់​សកម្មភាព​ហិង្សា​ទាំង​ឡាយ​ដែល​លោក ហ៊ុន សែន ប្រព្រឹត្ត ដើម្បី​បង្ក្រាប​មក​លើ​បក្ស​ប្រឆាំង អ្នក​តវ៉ា និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទាំង​អស់​នេះ គឺ​ជា​បញ្ហា​ដែល​តុលាការ ICC ចាត់​ទុក​ជា​ចំណុច​អាទិភាព​ដែល​ត្រូវ​ចាត់ការ។ លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស និង​ច្បាប់​ស្តីពី​មនុស្សធម៌។ អ្វី​ដែល​លោក ហ៊ុន សែន កំពុងតែ​ធ្វើ​សព្វ​ថ្ងៃ​នេះ គឺ​មិន​ខុស​អ្វី​ពី​អំពើ​ឧក្រិដ្ឋ​ដែល​មេដឹកនាំ​ផ្តាច់ការ​ផ្សេង​ទៀត​ធ្វើ​នោះ​ទេ។ គាត់​ក៏​ចៀស​មិន​រួច​ពី​ការ​កាត់​ទោស​ដូច​អ្នក​ទាំង​នោះ នោះ​ដែរ»

នៅ​ក្នុង​របាយការណ៍​ដដែល​នោះ សង្កត់ធ្ងន់​ទៅ​លើ​ដែន​សមត្ថកិច្ច​របស់​តុលាការ​នេះ ដែល​មាន​កាតព្វកិច្ច​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ រួម​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដូច​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយសារ​ហេតុផល​នយោបាយ​ជាដើម ដែល​ប្រព្រឹត្ត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ប្រទេស​ជា​សមាជិក។ ការ​បញ្ជាក់​អំពី​យុត្តាធិការ​របស់​តុលាការ​អន្តរជាតិ​លើ​ប្រទេស​កម្ពុជា​នេះ គឺ​បង្ហាញ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​មួយ​ទៅ​លើ​ករណី​សម្លាប់​មនុស្ស​នៅ​លើ​កប៉ាល់​ដឹក​ជំនួយ​មនុស្សធម៌​ក្នុង​ដែនសមុទ្រ​អន្តរជាតិ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​នាវា​មាន​ដោត​ទង់ជាតិ​ប្រទេស​កម្ពុជា។

ត្រង់​កថាខណ្ឌ ៣២១ នៃ​របាយការណ៍​នេះ ថែងថា “...តាម​មាត្រា ១២ (២) (ក) នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម តុលាការ​មាន​យុត្តាធិការ​លើ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​នៅ​លើ​កប៉ាល់​នោះ...”។ ចំណែក​កថាខណ្ឌ ៣២២ ចែង​ដែរ​ថា “តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​យុត្តាធិការ​លើ​បទឧក្រិដ្ឋ​ដែល​មានចែង​ក្នុង​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ដែល​បាន​ប្រព្រឹត្ត​នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា ផង​ដែរ...”។

តាម​គេហទំព័រ​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ICC បច្ចុប្បន្ននេះ មានប្រទេស ចំនួន ១២៣ ដែល​ជា​រដ្ឋភាគីនៃ​លក្ខន្តិកៈទីក្រុង​រ៉ូម ដែល​បង្កើត​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ កម្ពុជា​ចុះ​ហត្ថលេខា​លើ​លក្ខន្តិកៈ​ក្រុង​រ៉ូម នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០០០ និង​ដាក់​តម្កល់​ឯកសារ​ស្ដីពី​សច្ចាប័ន​លើ​លក្ខន្តិកៈ​ក្រុង​រ៉ូម​នេះ នៅ​ថ្ងៃ​ទី​១១ ខែ​ មេសា ឆ្នាំ​២០០២។

​លោក មូរតុន ក្លារ និង​លោក រីឆាត រ៉ូជើរ បាន​ដាក់​បណ្ដឹង​ម្នាក់​មួយ​កាល​ពី​ឆ្នាំ​២០១៤ ប្តឹង​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ដោយសារ​ការ​ជ្រៀតជ្រែក​កិច្ចការ​សាលាក្ដី​ខ្មែរ​ក្រហម ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​រឹប​អូស​ដីធ្លី និង​បង្ខំ​បណ្តេញ​ប្រជាពលរដ្ឋ​ពី​លំនៅឋាន​ជាដើម៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។