មេធាវី​អង់គ្លេស​ថា​តុលាការ ICC អាច​នឹង​បើក​ការ​ស៊ើប​អង្កេត​បឋម​នៅ​ដើម​ឆ្នាំ​នេះ

ដោយ មួង ណារ៉េត
2018-01-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។
RFA/Yun Samean

មេធាវី​អន្តរជាតិ​សម្ដែង​សុទិដ្ឋិនិយម​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​ងាក​មក​ពិចារណា​លើ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី។

​មេធាវី​ជនជាតិ​អង់គ្លេស ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​នឹង​បើក​ការ​ស៊ើប​អង្កេត​បឋម​នៅ​ដើម​ឆ្នាំ​នេះ។

លោក រីឆាត រ៉ូជើរ (Richard Rogers) ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី​១២ ខែ​មករា ថា សំណុំ​រឿង​នេះ​បាន​វិវត្ត​ចូល​ដល់​ដំណាក់កាល​កាន់​តែ​កៀក​ទៅ​នឹង​ការ​ស៊ើប​អង្កេត​បឋម​ហើយ។ លោក​អះអាង​ថា កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ខាង​ព្រះរាជអាជ្ញា​តុលាការ​នេះ ជាប់​ដៃ​រវល់​ខ្លាំង​រឿង​ស៊ើប​អង្កេត​ករណី​ប្រទេស​អាហ្វហ្គានីស្ថាន (Afghanistan) និង​ករណី​បន្ទាន់​មួយ​ពាក់ព័ន្ធ​នឹង​ប្រទេស​ប៊ូរុនឌី (Burundi) ដោយសារ​ប្រទេស​នេះ សម្រេច​ដក​ខ្លួន​ចេញ​ពី​រដ្ឋ​ភាគី​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រោយ​ពី​តុលាការ​នេះ បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៧ ជុំវិញ​ករណី​ចោទ​ប្រកាន់​អំពី​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​រវាង​ឆ្នាំ​២០១៥ និង​២០១៧។

លោក រីឆាត រ៉ូជើរ  បន្ថែម​ថា បន្ទាប់ពី​ករណី​ប្រទេស​ទាំង​ពីរ​នេះ គឺ​ដល់​វេន​ប្រទេស​កម្ពុជា ម្ដង​ហើយ៖ «ឥឡូវ​នេះ​ខ្ញុំ​រំពឹង​ទុក និង​សង្ឃឹម​ថា ប្រទេស​កម្ពុជា នឹង​ជា​ប្រទេស​ដែល​ត្រូវ​តុលាការ​ស៊ើប​អង្កេត​បន្ទាប់ ដោយសារ​ពាក្យ​បណ្ដឹង​របស់​យើង​ចូល​ដល់​ដំណាក់កាល​នេះ​ហើយ។ ខ្ញុំ​សង្ឃឹម​នៅ​ដើម​ឆ្នាំ​នេះ។ ទោះជា​យ៉ាង​នេះ​ក្តី យើង​ក៏​គួរ​ដឹង​ដែរ​ថា យើង​ពិបាក​ព្យាករ​ទុក​ណាស់ ព្រោះ​ជួនកាល​តុលាការ​នេះ ត្រូវ​ជាប់​ដៃ​នឹង​រឿងក្ដី​ដទៃ​ទៀត​ ដែល​អាច​បន្ទាន់​ខ្លាំង។ ទោះជា​ពិបាក​ស្មាន​ត្រូវ​យ៉ាង​ណា​ក្តី ក៏​ខ្ញុំ​នៅតែ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រហែល​ពីរ​បី​ខែ​ខាង​មុខ​នេះ តុលាការ​នេះ​នឹង​សម្រេច​សមស្រប​មួយ​ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត​បឋម​ជា​ផ្លូវការ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញលេញ​ជា​បន្តបន្ទាប់​ទៅ​ទៀត»

​លោក​មេធាវី រីឆាត រ៉ូជើរ បំភ្លឺ​បន្ថែម​ជុំវិញ​ការ​ស៊ើប​អង្កេត​បឋម​មួយ​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នេះ ធ្លាប់​បាន​ធ្វើ​ម្តង​រួច​មក​ហើយ ក្នុង​ករណី​ប្រទេស​កម្ពុជា​នេះ។ ប៉ុន្តែ លោក​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​បឋម​នោះ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បាញ់​សម្លាប់​ជន​ស៊ីវិល​នៅ​លើ​កប៉ាល់​ដឹក​ជំនួយ​មនុស្សធម៌ ដែល​ក្នុង​នោះ​មាន​កប៉ាល់​មួយ​មាន​ដោត​ទង់ជាតិ​កម្ពុជា។  ដោយសារ​តែ​មូលហេតុ​នេះ​ទើប​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស ១២ ដែល​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​បន្ទាន់ កាល​ពី​ឆ្នាំ​២០១៣ នោះ។

នៅ​ឆ្នាំ​២០១៤ ព្រះរាជអាជ្ញា​បាន​ប្រកាស​ឈប់​បន្ត​ការ​ស៊ើប​សួរ​នោះ ដោយសារ​តែ​ព័ត៌មាន​ដែល​ប្រមូល​បាន​គ្មាន​មូលដ្ឋាន​សមហេតុផល​ដើម្បី​បន្ត​ស៊ើប​អង្កេត​រឿង​នេះ​ត​ទៅ​ទៀត។ ក៏ប៉ុន្តែ លោក រីឆាត រ៉ូជើរ បាន​អះអាង​ថា សំណុំរឿង​កប៉ាល់​ដែល​មាន​ដោត​ទង់​ជាតិ​កម្ពុជា និង​សំណុំរឿង​ដែល​លោក និង​លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ប្តឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ​គឺ​មិន​ពាក់ព័ន្ធ​គ្នា​ទេ ដោយសារ​តែ​សំណុំ​រឿង​ដែល​លោក​ដាក់​ប្ដឹង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង និង​មាន​ភស្តុតាង​គ្រប់គ្រាន់​ពាក់ព័ន្ធ​ទៅ​នឹង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន៖ «បើ​យើង​ពិនិត្យ​មើល​ទំហំ​នៃ​បទឧក្រិដ្ឋ​នោះ​ទាំង​មូល​បញ្ចូល​គ្នា នោះ​យើង​នឹង​ឃើញ អំពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ដែល​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា។ បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​នេះ ជា​បទឧក្រិដ្ឋ​មួយ​ក្នុង​ចំណោម​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ទាំង​បួន ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC មាន​យុត្តាធិការ​ជំនុំជម្រះ​ក្តី។ តុលាការ​អន្តរជាតិ​នេះ មាន​យុត្តាធិការ​លើ​ប្រទេស​កម្ពុជា ដោយសារ​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​រួច​ហើយ»

​បច្ចុប្បន្ន​នេះ មាន​ប្រទេស​ចំនួន ១២៣ ហើយ​ដែល​ជា​រដ្ឋ​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម។

លោក រីឆាត រ៉ូជើរ (Richard Rogers) និង​លោក មូរតុន ក្លារ បាន​ដាក់​បណ្ដឹង​ម្នាក់​មួយ​កាល​ពី​ឆ្នាំ​២០១៤ ប្តឹង​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដោយសារ​ការ​ជ្រៀតជ្រែក​កិច្ចការ​សាលាក្ដី​ខ្មែរ​ក្រហម ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​រឹប​អូស​ដីធ្លី និង​បង្ខំ​បណ្តេញ​ប្រជាពលរដ្ឋ​ពី​លំនៅឋាន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល