តើ​តុលាការ ICJ និង​ ICC ខុស​គ្នា​យ៉ាង​ណា?

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ស្ថិត​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូល្លង់ដ៍ ហើយ​នៅ​ទីក្រុង​នេះ ក៏​មាន​តុលាការ​អន្តរជាតិ​មួយ​ទៀត​តាំង​នៅ​ដែរ គឺ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។
ដោយ ជុន ច័ន្ទបុត្រ
2013-04-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អគារ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នា​ទីក្រុង​ឡាអេ ប្រទេស​ហូល្លង់ដ៍។ រូបថត​ថ្ងៃ​ទី​១៥ មេសា ឆ្នាំ​២០១៣។
អគារ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នា​ទីក្រុង​ឡាអេ ប្រទេស​ហូល្លង់ដ៍។ រូបថត​ថ្ងៃ​ទី​១៥ មេសា ឆ្នាំ​២០១៣។
RFA/Chun Chanboth

តើ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ខុស​គ្នា​យ៉ាង​ណា?

លោក ជុន ច័ន្ទបុត្រ នៃ​វិទ្យុ​អាស៊ីសេរី ដែល​ពេល​នេះ​កំពុង​នៅ​ក្រុង​ឡាអេ តាម​ដាន​រឿង​ក្តី​ប្រាសាទ​ព្រះវិហារ រវាង​កម្ពុជា និង​ថៃ ជម្រាប​ជូន​លោក​អ្នក​នាង​នូវ​ការ​ខុស​ប្លែក​គ្នា​រវាង​តុលាការ​ទាំង​ពីរ​នេះ តាម​ការ​សាកសួរ​របស់​លោក មុំ សុផុន៖

មុំ សុផុន៖ បាទ! ជម្រាប​សួរ​លោក ជុន ច័ន្ទបុត្រ!

ជុន ច័ន្ទបុត្រ៖ បាទ! ជម្រាប​សួរ សុផុន!

មុំ សុផុន៖ លោក ជុន ច័ន្ទបុត្រ តើ​តុលាការ​ទាំង​ពីរ​នេះ គឺ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ខុស​គ្នា​យ៉ាង​ណា​ដែរ?

ជុន ច័ន្ទបុត្រ៖ បាទ! តុលាការ​យុត្តិធម៌​អន្តរជាតិ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​តួនាទី​ខុស​គ្នា​ស្រឡះ​តែម្ដង។ តុលាការ​យុត្តិធម៌​អន្តរជាតិ​ជា​ផ្នែក​មួយ​នៃ​អង្គការ​សហប្រជាជាតិ ព្រោះ​តុលាការ​នេះ​បង្កើត​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ និង​ទទួល​ថវិកា​ប្រចាំ​ឆ្នាំ​ពី​អង្គការ​សហប្រជាជាតិ។ ប្រទេស​ទាំង​ឡាយ​ណា​ដែល​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ គឺ​ស្ថិត​នៅ​ក្រោម​ដែន​យុត្តាធិការ ឬ​ដែន​អំណាច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ។

រី​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​វិញ គឺ​ជា​តុលាការ​ឯករាជ្យ មិន​នៅ​ក្រោម​អង្គការ​សហ​ប្រជាជាតិ​ទេ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បង្កើត​ឡើង​ក្រោម​លក្ខន្តិកៈ​មួយ​ដែល​គេ​បាន​ព្រម​ព្រៀង​គ្នា​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។ ថវិកា​មួយ​ភាគ​ធំ​សម្រាប់​ដំណើរ​ការ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​មក​ពី​ប្រទេស​ជា​សមាជិក និង​មួយ​ចំនួន​ទៀត​បាន​​មក​ពី​វិភាគទាន​របស់​អង្គការ​សហ​ប្រជាជាតិ ពី​អង្គការ​អន្តរជាតិ និង​ក្រុមហ៊ុន​​មួយ​ចំនួន​ទៀត​ដែរ។

មុំ សុផុន៖ ចុះ​តួនាទី​វិញ តើ​តុលាការ​ទាំង​ពីរ​នេះ​មាន​តួនាទី​ខុស​គ្នា​យ៉ាង​ណា​ដែរ?

ជុន ច័ន្ទបុត្រ៖ តួនាទី​នៃ​តុលាការ​ទាំង​ពីរ​ក៏​មាន​ដោយ​ឡែក​រៀងៗ​ខ្លួន​ដែរ។ តុលាការ​យុត្តិធម៌​អន្តរជាតិ មាន​តួនាទី​ដោះ​ស្រាយ​ទំនាស់​រវាង​ប្រទេស​ជាតិ​មួយ​ជាមួយ​នឹង​ប្រទេស​ជាតិ​មួយ​ទៀត។ ឧទាហរណ៍ ដូច​ជា​រឿង​ក្តី​ប្រាសាទ​​ព្រះវិហារ រវាង​កម្ពុជា និង​ប្រទេស​ថៃ បច្ចុប្បន្ន​នេះ​អ៊ីចឹង។ តុលាការ​នេះ​ក៏​មាន​ភារៈ​ដោះស្រាយ​ការ​រំលោភ​បំពាន និង​ការ​បកស្រាយ​សន្ធិសញ្ញា​នានា​ដែរ។

រី​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​វិញ មិន​មាន​យុត្តាធិការ ឬ​ដែន​អំណាច​ទៅ​លើ​ទំនាស់​រវាង​ប្រទេស​និង​ប្រទេស​ទេ តែ​មាន​អំណាច​ចាត់ការ​តាម​ច្បាប់​ទៅ​លើ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដូចជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម​ជាដើម។

មុំ សុផុន៖ អ៊ីចឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មិន​បំពាន​ទៅ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃ ឬ​ក៏​មាន​ភារៈ​ជាន់​គ្នា​ជាមួយ​ប្រទេស​ផ្សេងៗ ដែល​គេ​មាន​រដ្ឋាភិបាល​ត្រឹមត្រូវ មាន​ប្រព័ន្ធ​យុត្តិធម៌​របស់​គេ​រៀងៗ​ខ្លួន​ទៅ​ហើយ​ទេ​លោក?

ជុន ច័ន្ទបុត្រ៖ តាម​ពិត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មិន​បំពាន​អធិបតេយ្យភាព ឬ​ក៏​មិន​មាន​តួនាទី​ជាន់​គ្នា​ជាមួយ​ប្រទេស​ដទៃ​ទេ ត្រង់​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិន​លូកលាន់​កាត់​ទោស​ជន​ណា​ដែល​ស្ថាប័ន​ច្បាប់​នៃ​ប្រទេស​ណា​មួយ​ចាត់​វិធានការ​ស្រប​តាម​គតិយុត្តិ​ហើយ​នោះ​ទេ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចាត់​ការ​តែ​រឿង​ក្តី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ណា ដែល​ម្ចាស់​ប្រទេស​ព្រងើយ​កន្តើយ​មិន​ដោះ​ស្រាយ ឬ​ក៏​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ចាត់ការ​ដោះស្រាយ​ដែរ តែ​គ្រាន់តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​នៅ​ក្រោម​សម្ពាធ​រដ្ឋាភិបាល​ណា​នោះ ដើម្បី​ជួយ​កាពារ​ឧក្រិដ្ឋជន​មិន​អោយ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​ជន​នោះ​បាន​ប្រព្រឹត្ត​ទៅ​វិញ។

មុំ សុផុន៖ និយាយ​អ៊ីចឹង​ខ្ញុំ​មាន​សំណួរ​មួយ។ នៅ​កម្ពុជា​យើង​តែង​ឮ​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា តុលាការ​មិន​យុត្តិធម៌ ជួយ​តែ​ឧក្រិដ្ឋជន​អី​ជា​ដើម ហើយ​ពួក​គាត់​តែង​តែ​អំពាវ​នាវ​អោយ​អន្តរជាតិ​ជួយ​រក​យុត្តិធម៌​អោយ​ផង ចុះ​ហេតុ​អី​ក៏​មក​ដល់​ពេល​នេះ​មិន​ដែល​ឃើញ​មាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហ្នឹង​មក​ជួយ​រក​យុត្តិធម៌​ផង?

ជុន ច័ន្ទបុត្រ៖ ការ​ស្រែក​អោយ​គេ​ជួយ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​វិទ្យុ ឬ​កាសែត ជួន​កាល​អាច​មិន​ឮ​ដល់​តុលាការ ដើម្បី​អោយ​មាន​ការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​បាន​ទេ។ តាម​នីតិវិធី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​អោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ណា​មួយ​បាន លុះ​ណា​តែ​មាន​ការ​ជូន​ដំណឹង​ទៅ​តុលាការ​នេះ​ផ្ទាល់ ដោយ​ផ្ដល់​នូវ​ព័ត៌មាន​ដែល​គួរ​អោយ​ទុក​ចិត្ត​បាន។ មាន​ន័យ​ថា ព័ត៌មាន​ដែល​មាន​ភស្តុតាង​ត្រឹមត្រូវ​អំពី​ឧក្រិដ្ឋកម្ម​ណា​មួយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Dina

ពី PP

លោក សម រង្ស៊ី បានប្តឹងលោក ហ៊ុន​ សែន ពីបទឧក្រឹដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ហេតុអ្វីតុលារការព្រម្មទណ្ឌអន្តរជាតិនេះមិនអើពើ ?

សូមអរគុណ!

Apr 25, 2013 05:44 AM

គេហទំព័រ​ទាំងមូល