មន្ត្រីតុលាការខេត្តបាត់ដំបង សម្រេចបញ្ជូនសមាជិកព្រះសង្ឃឯករាជ្យមួយអង្គទៅឃុំនៅពន្ធនាគារកាលពីរសៀលថ្ងៃទី២២ ខែមិថុនា ដោយចោទប្រកាន់ពីរករណី គឺពីបទដឹកជញ្ជូនអាវុធ កាន់កាប់ដោយខុសច្បាប់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
ស្របគ្នានេះព្រះសង្ឃប្រមាណ ៣០អង្គ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តបាត់ដំបង តាំងពីព្រឹករហូតដល់រសៀលថ្ងៃទី២២ ខែមិថុនា ដើម្បីទាមទារឲ្យតុលាការដោះលែងសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យអង្គនេះ។
បណ្ដាញព្រះសង្ឃឯករាជ្យបានប្រតិកម្មនឹងការចាប់ព្រះកាយរបស់ព្រះសង្ឃបញ្ជូនទៅពន្ធនាគារនេះ ថា ជារឿងអយុត្តិធម៌មិនអាចទទួលយកបាន។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកានៅខាងមុខសាលាដំបូងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែមិថុនា ថា សមាជិកព្រះសង្ឃឯករាជ្យដែលមន្ត្រីតុលាការចាប់ឃុំព្រះកាយនោះ មិនដល់ថ្នាក់មានទោសកំហុសដាក់ពន្ធនាគារទេ ព្រោះវត្ថុតាងដែលព្រះអង្គបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីខែមីនា កន្លង ទៅ គឺជាកាំភ្លើងជ័ររបស់ក្មេងលេង ដែលពុំមែនជាអាវុធបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៖ « តុលាការខ្លួនឯងហ្នឹងល្មើសច្បាប់ ! ហេតុអីបានមកចោទគេ ព្រោះទៅមនុស្សគ្មានភស្តុតាង គ្មានកាំភ្លើងជ័រ ព្រោះខ្លាចគេសើចចំអក ហើយខុសច្បាប់មួយទៀត ចាប់មនុស្សមុនថ្ងៃកំណត់ ហើយចាប់គ្មានការស៊ើបអង្កេត គឺជារឿងស្មោកគ្រោក » ។
សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យខេត្តបាត់ដំបង ព្រះនាម ហន សុផាន្នី ព្រះជន្ម ២៤ព្រះវស្សា គង់នៅវត្តដំរីស ក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ព្រះកាយ ហើយបញ្ជូនទៅផ្សឹកកាលរសៀលថ្ងៃទី២១ មិថុនា។

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង លោក សេង ផានិត មានប្រសាសន៍ថា មូលហេតុដែលចាប់ខ្លួន ដោយសារព្រះសង្ឃ ហន សុផាន្នី កាន់កាប់អាវុធខុសច្បាប់។ លោកអះអាងថា ករណីព្រះអង្គ ប៊ុត ប៊ុនតិញ នាំយកកាំភ្លើងជ័រមកបង្ហាញតុលាការនោះ លោកពុំដឹងនៅឡើយ៖ « បាទ ! ខុសច្បាប់ មួយពីបទកាន់កាប់អាវុធ ហើយមួយទៀតពីបទញុះញង់តាមមាត្រា៤៩០ និងមាត្រា៤៩៥ » ។
មន្ត្រីផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង អ្នកស្រី ប្រាក់ សុភីមា លើកឡើងថា ករណីចោទប្រកាន់ គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ធ្វើឲ្យប៉ះពាល់ដល់ការងារសង្គមព្រះសង្ឃ៖ « ព្រះរាជអាជ្ញាគួរតែធ្វើការស៊ើបអង្កេតឲ្យបានមុនចោទប្រកាន់ ហើយឆែកឆេររកវត្ថុតាងឲ្យបានគ្រប់គ្រាន់សិន មុននឹងធ្វើការដាក់បន្ទុក ព្រោះយើងថាការចោទប្រកាន់ និងបញ្ជូនមនុស្សទៅពន្ធនាគារនេះដូចអត់មានភស្តុតាងណាសម្រាប់ដាក់បន្ទុក ដើម្បីចោទប្រកាន់សោះ » ។
ក្រោយពីរង់ចាំនៅមុខសាលាដំបូងគ្មានដំណោះស្រាយ នៅរសៀលថ្ងៃទី២២ មិថុនា ដដែល ក្រុមព្រះសង្ឃបាននិមន្តធ្វើធម្មយាត្រាតាមផ្លូវលេខ៣ ក្រុងបាត់ដំបង ទៅប្រមូលផ្ដុំមុខមន្ទីរធម្មការ និងសាសនាខេត្ត ប៉ុន្តែគ្មានមន្ត្រីណាជួបព្រះអង្គនោះទេ។ បណ្ដាញព្រះសង្ឃអះអាងថា នឹងនិមន្តស្វែងរកយុត្តិធម៌ផ្លូវច្បាប់នៅថ្ងៃមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
