"រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​ទេ​ជាង​២០​ឆ្នាំ​​នេះ"

រដ្ឋ​ធម្មនុញ្ញ​គឺជា​ច្បាប់​កំពូល​របស់​រដ្ឋ​ដែល​មាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​សមត្ថ​កិច្ចធានា ការពារ គោរព​រដ្ឋធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ជាង​ ២០​ឆ្នាំ​មកនេះ អ្នកច្បាប់ និង​អនុប្រធាន​សភា​ខ្លួនឯង​ផង​លើក​ឡើង​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កន្លង​មក​នេះ មិនបាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​បាន​ទាំងស្រុង​ទេ។

​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ អ្នកច្បាប់​លើក​ឡើង​ថា ត្បិត​តែ​កម្ពុជា​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ដូចដែល​មាន​ចែង​ក្នុង​មាត្រា​១ ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ក៏ប៉ុន្តែ​បញ្ហា​ជាច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ដឹកនាំ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។

ថ្ងៃ​ទី​២៤ ​កញ្ញា​ នេះ ជា​ខួប​លើក​ទី​២១​ហើយ ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ឲ្យ​ប្រើ​កាលពី​ថ្ងៃ​ទី​២៤ ​កញ្ញា ​ឆ្នាំ​១៩៩៣។

លោក បណ្ឌិត សុខ ទូច ជា​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​ឯករាជ្យ មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​រដ្ឋ​មាន​ខ្លឹមសារ​ល្អ​ណាស់ តែ​ការអនុវត្ត​របស់​រដ្ឋាភិបាល បាន​ប្រមាណ ​២០%​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា មិន​បាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ទេ ដូចជា​ករណី រំលោភ​សិទ្ធិ​មនុស្ស ការ​បាញ់​សម្លាញ់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ សិទ្ធិ​សេរីភាព​អ្នកសារព័ត៌មាន ការ​បង្កើត​រដ្ឋាភិបាល​ខុស​រដ្ឋធម្មនុញ្ញ ធ្វើឡើង​តាម​ឆន្ទៈ​របស់​អ្នកនយោបាយ​។​ល។ «សំឡេង»។

រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល និង​ជា​មូលដ្ឋាន​គតិ​យុទ្ធ​សំខាន់​បំផុត​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​។ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ធ្វើ​ការ​ផ្ទៀងផ្ទាត់ និង​ចងក្រង​រដ្ឋធម្មនុញ្ញ​នេះ​ឡើង ដើម្បី បម្រើ​សេចក្ដី​ត្រូវការ​របស់​មន្ត្រីរាជការ​ស៊ីវិល និង​យោធិន ជា​អ្នកគ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ជាតិ និង​ថ្នាក់ ក្រោម​ជាតិ យក​ទៅ​គោរព​ប្រតិបត្តិ ពេល​បំពេញការងារ​តាម​វិស័យ ឬ​ជំនាញ​នីមួយៗ ដោយ​ធានា ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ។

ការរៀបចំ​ចងក្រង​រដ្ឋធម្មនុញ្ញ​នេះ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រក សំណៅ​ដើម​ពី​មន្ទីរ​រដ្ឋសភា ក្រោយ​ពេល​ដែល​សភាធម្មនុញ្ញ​បាន​អនុម័ត​រួច​នៅ​ថ្ងៃ​ទី​២១​កញ្ញា និង​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ដោយ​ព្រះរាជក្រម​នៅ​ថ្ងៃ​សុក្រ​ទី​២៤​កញ្ញា ឆ្នាំ​១៩៩៣។

លោក បណ្ឌិត សុខ ទូច បន្ថែម​ថា គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​ឲ្យ​ប្រើប្រាស់​មក រដ្ឋធម្មនុញ្ញ​នេះ ត្រូវ​បាន សភា​បាន​ធ្វើ​វិសោធនកម្ម​ជាច្រើនលើក ពិសេស​សភា​បាន​ធ្វើ​វិសោធនកម្ម​ឲ្យ​បោះឆ្នោត​ជា​កញ្ចប់ នៅ​ឆ្នាំ​២០០៤ ដែល​ជា​សកម្មភាព​មួយ​ផ្ទុយ​ខុសឆ្គង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក លើក​ឡើង​ថា រដ្ឋាភិបាល​ដើរតួ​ខ្លួនឯង​សំខាន់​ជាង​ច្បាប់ ដែល​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ដើម្បី​បំរើ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន​៖ «សំឡេង»។

ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា បាន​បង្កើត​រដ្ឋធម្មនុញ្ញ​ជាច្រើន​ដំណាក់កាល ពិសេស​នៅ​ពេល ផ្លាស់​របប​គ្រប់គ្រង​។ ហើយ​ការ​រដ្ឋធម្មនុញ្ញ​ជា​លើកដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ​១៩៤៧។ រដ្ឋធម្មនុញ្ញ​ទី​២ ត្រូវ​បង្កើត​នៅ​ក្នុង​ឆ្នាំ​១៩៧២ ដែល​កាលណោះ​បាន​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ពី​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ទៅជា​របប​សាធារណរដ្ឋ។ មកដល់​ឆ្នាំ​១៩៧៦ របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​មួយទៀត ដោយ​ផ្លាស់ប្ដូរ​ទៅជា​របប​កុម្មុយនិស្ត​។

ចំណែក​រដ្ឋធម្មនុញ្ញ​លើក​ទី​៤ បាន​បង្កើត​នៅ​ឆ្នាំ​១៩៨១ គឺ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ ឯ​រដ្ឋធម្មនុញ្ញ​លើក​ទី​៥ គឺ​កើតឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨៩ ក្នុង​របប​រដ្ឋ​កម្ពុជា។ រដ្ឋធម្មនុញ្ញ​ចុងក្រោយ​នេះ​គឺ​បង្កើត​ក្នុង​ឆ្នាំ​១៩៩៣ ចេញពី​ការបោះឆ្នោត នៅ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ បច្ចុប្បន្ន​រដ្ឋធម្មនុញ្ញ​នេះ​មាន ១៥៨​មាត្រា និង ១៦​ជំពូក។

នៅ​ដំណាក់កាល​ជាប់​គាំង​នយោបាយ​អូស​បន្លាយ​ពេល​ជិត​១​ឆ្នាំ​គឺ​នៅ​ពេល​គណបក្ស​ជាប់ឆ្នោត​ទាំង ពីរ​ត្រូវ​រ៉ូវ​គ្នា​កាលពី​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​១០១៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សង្គ្រោះ​ជាតិ ព្រមព្រៀងគ្នា​ធ្វើ​វិសោធនកម្ម​មាត្រា​៧៦ និង បន្ថែម​ជំពូក​ទី​១៥​ថ្មី​ទៀត។ ដែល​ការ​ធ្វើ​វិសោធកម្ម​នេះ គណៈកម្មការ​ជំនាញ​គ​ណ​បក្ស​ទាំងពីរ​កំពុង​ដំណើរ​ការ​នៅឡើយ។

អនុប្រធាន​ទី​១​រដ្ឋសភា​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទទួល​ស្គាល់​ថា ការដឹកនាំ​របស់​រដ្ឋាភិបាល​ជាង​២០​ឆ្នាំ​មកនេះ រដ្ឋាភិបាល​មិនទាន់​គោរព​តាម​រដ្ឋធម្មនុញ្ញ​បាន​ពេញ លេញ​នៅឡើយ​។ លោក កឹម សុខា បាន​លើក​ពី​ចំណុច​ធំ​មួយ​ចំនួន​ដូចជា រដ្ឋាភិបាល​មិនបាន​ធ្វើ សមាជជាតិ​១​ឆ្នាំ​ម្ដង ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ​។ ក្រៅ​ពី​នេះ​ទៀត បញ្ហា​អធិបតេយ្យ ភាព បូរណភាព​ទឹកដី និង ឯករាជ្យ​ភាព​របស់​តុលាការ​ជាដើម៖ «សំឡេង»។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​ប្រធាន​គណៈកម្មការ កិច្ចការ​បរទេស សហ​ប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​អតីត​ជា​សមាជិកសភា​ធម្មនុញ្ញ​ផង​នោះ លោក ឈាង វុន អះអាង​ថា​រដ្ឋាភិបាល បាន​អនុវត្ត​រដ្ឋធម្មនុញ្ញ​បាន​ល្អ។ លោក​បញ្ជាក់​ថា​រដ្ឋាភិបាល បាន​ធានា​នូវ សន្តិសុខ និង​ស្ថេរ​ភាព​សង្គម៖ «សំឡេង»។

ទោះបីជា​យ៉ាង​នេះ​ក្ដី ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ហ៊ាង ឫទ្ធី មានប្រសាសន៍ថា ការ​លើក​ឡើង​ថា​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ល្អ​នេះ គ្រាន់តែ​ជា​ទ្រឹស្ដី ទេ ដោយ​លោក​បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់​ថា ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ ម្ដងទៀត​នោះ ពិសេស​ការ​ធ្វើ​វិសោធន​ធម្មនុញ្ញ​ពី​ការបោះឆ្នោត​អនុម័ត​ពី​សំឡេង​២​ភាគ​៣​ទៅ​សំឡេង​៥០%​បូក​១ ការកែ​នេះ​គឺ​រុញច្រាន​ឲ្យ​កម្ពុជា​ងាក​ចេញពី​ប្រជាធិបតេយ្យ​៖ «សំឡេង»។

លោក បណ្ឌិត ហ៊ាង ឫទ្ធី បាន​លើក​វាក្យខ័ណ្ឌ​ទី​២ មាត្រា​១​នៃ​រដ្ឋធម្មនុញ្ញ​ថា ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យភាព សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍​មិន​ចូល​បក្ស​សម្ព័ន្ធ។ នៅ​ត្រង់​ចំណុច​នេះ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មិនបាន​ធានា​ឲ្យ​កម្ពុជា មាន​អធិបតេយ្យភាព​របស់​ខ្លួន​នោះ ឡើយ​៖ «សំឡេង»។

រដ្ឋធម្មនុញ្ញ​កើត​ចេញពី​សភាធម្មនុញ្ញ​បាន​អនុម័ត។ បន្ទាប់ពី​សភាធម្មនុញ្ញ​បាន​អនុម័ត​រដ្ឋធម្មនុញ្ញ សភាធម្មនុញ្ញ​ក៏បាន​ប្រែ​ក្លាយទៅជា​រដ្ឋសភា ដែល​បាន​កើត​មកពី​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង ដែល​រៀបចំ​ដោយ​អ៊ុនតាក់​អាណត្តិ​ទី​១​ឆ្នាំ​១៩៩៣។ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ បាន​ធានា​ឲ្យ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ផ្ដល់​មតិយោបល់​លើក សេចក្ដី ព្រាង​ច្បាប់ ឬ​សេចក្ដី​ស្នើ​ច្បាប់ មុន​ការ​អនុម័ត​តាមរយៈ​តំណាងរាស្ត្រ របស់​ខ្លួន​មុន​ដាក់​ឲ្យ​សភា​អនុម័ត និង​បញ្ហា​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋ​ធម្មនុញ្ញ​គឺជា​ច្បាប់​កំពូល​របស់​រដ្ឋ​ដែល​មាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​សមត្ថ​កិច្ចធានា ការពារ គោរព​រដ្ឋធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ជាង​ ២០​ឆ្នាំ​មកនេះ អ្នកច្បាប់ និង​អនុប្រធាន​សភា​ខ្លួនឯង​ផង​លើក​ឡើង​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កន្លង​មក​នេះ មិនបាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​បាន​ទាំងស្រុង​ទេ។