ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានរៀបចំវេទិកាយុវជនលើកឡើងពីផលប៉ះពាល់ នៃសេចក្ដីព្រាងច្បាប់ ស្ដីពីឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការប្រើប្រាស់អ៊ីនធឺណិត (Internet) និងកុំព្យូទ័រ (Computer) ទៅលើសិទ្ធិ និងការអភិវឌ្ឍនៅកម្ពុជា។
វេទិកានេះ រៀបចំនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា នាសាកលវិទ្យាល័យបញ្ញាជាតិ ដោយមានមន្ត្រីសង្គមស៊ីវិល និងនិស្សិតរាប់រយនាក់មកពីសាកលវិទ្យាល័យប្រមាណ ១០ ចូលរួម។
មន្ត្រីអង្គការសង្គមស៊ីវិល ពិសេសយុវជនភាគច្រើនដែលបានបញ្ចេញទស្សនៈក្នុងវេទិកានេះ មិនចង់ឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ឬបច្ចេកវិទ្យា នៅគ្រាកំណើននៃអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងរីកចម្រើននេះទេ។
ប្រធានបណ្ដាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ ឲ្យដឹងថា ការរៀបចំវេទិកានេះមានគោលបំណងឲ្យយុវជនបានដឹងអំពីផលវិជ្ជមាន និងអវិជ្ជមាន នៃការប្រើប្រាស់បណ្ដាញសង្គមតាមអ៊ីនធឺណិត ឬបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ លោកបន្តថា បណ្ដាញយុវជនកម្ពុជា មិនទាន់ចង់ឲ្យរដ្ឋាភិបាល ធ្វើច្បាប់ស្ដីពីឧក្រិដ្ឋកម្ម ទាក់ទងនឹងការប្រើប្រាស់អ៊ីនធឺណិត និងកុំព្យូទ័រនេះទេ៖ «ច្បាប់នេះត្រូវតែមានការពិគ្រោះយោបល់ជាមួយយុវជនទូទៅ ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ ឲ្យបានដឹងឮកាន់តែច្រើនជាងនេះ។ ហើយឲ្យគាត់បញ្ចេញទស្សនៈរបស់គាត់ឲ្យកាន់តែស៊ីជម្រៅ ហើយយកមតិយោបល់របស់គាត់បញ្ចូលទៅក្នុងច្បាប់នេះ»។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលចូលរួមជាវាគ្មិនក្នុងវេទិកាពិភាក្សានេះ បញ្ចេញទស្សនៈថា រដ្ឋាភិបាលគួរផ្លាស់ប្ដូរទស្សនៈ ឬរៀបនៃការដឹកនាំរឹតត្បិត ឬគាបសង្កត់ ងាកមកបើកទូលាយដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ឬបណ្ដាញសង្គមនៅកម្ពុជា។ លោកថា ជាង ៣ទសវត្សរ៍មកហើយ ដែលរដ្ឋាភិបាលព្យាយាមបិទព័ត៌មាន និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានវិទ្យុ ឬទូរទស្សន៍ ជាដើម ប៉ុន្តែត្រូវបរាជ័យ។ លោក ប៉ា ងួនទៀង បានរិះគន់រដ្ឋាភិបាលដែលព្យាយាមបង្កើតច្បាប់គ្រប់គ្រងអ៊ីនធឺណិត ឬប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ថាជាការប៉ុនប៉ងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ឬយុវជន ពិសេសសិទ្ធិអ្នកសារព័ត៌មាន៖ «បិទវិទ្យុទូរទស្សន៍អត់ជាប់ ហើយបែកធ្លាយតាមអ៊ីនធឺណិតទៀត ហើយឥឡូវចាប់ផ្តើមរកគំនិតខូចមួយទៀត គឺមកធ្វើច្បាប់គ្រប់គ្រងអ៊ីនធឺណិត ដើម្បីបិទព័ត៌មានទៀត។ ហើយចំពោះខ្ញុំ ការបិទព័ត៌មាននេះ គឺជាការបំផ្លាញសេចក្តីសុខ បំផ្លាញនូវការរីកចម្រើនរបស់ប្រជាពលរដ្ឋខ្លួន និងសង្គមខ្លួន ហើយក៏ជាអំពើបាបមួយដ៏ធ្ងន់ធ្ងរ»។
ចំណែក លោកបណ្ឌិត សុខ ទូច អ្នកវិភាគឯករាជ្យ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ក៏បានលើកឡើងក្នុងវេទិកានោះដែរថា នៅគ្រាកំណើននៃការប្រើប្រាស់បណ្ដាញសង្គមមានហ្វេសប៊ុក (facebook) ជាដើម កំពុងរីកចម្រើននៅកម្ពុជា មិនគួររដ្ឋាភិបាលមករាំងខ្ទប់នោះទេ។ ជាងនេះ បើរដ្ឋាភិបាលបង្កើតឲ្យមានច្បាប់គ្រប់គ្រងអ៊ីនធឺណិតនេះ គួរបើកទូលាយដល់យុវជន ឬផ្នែកពាក់ព័ន្ធ បានចូលរួមផ្តល់គំនិតយោបល់ និងធ្វើច្បាប់នេះឲ្យបានទូលំទូលាយ៖ «ប្រព័ន្ធអ៊ីនធឺណិតត្រូវបានប្រើប្រាស់នៅលើពិភពលោក ហើយបើយើងកាន់តែគាបសង្កត់ទៅ វាធ្វើឲ្យយើងប៉ះពាល់សេរីភាពនៃការទទួលព័ត៌មាន ដូចច្បាប់ចែងនៅក្នុងរដ្ឋធម្មនុញ្ញថា ប្រជាជនមានសិទ្ធិទទួលយកព័ត៌មាន»។
យ៉ាងនេះក្តី សម្រាប់ កញ្ញា ជាវ មកត៌ និស្សិតមកពីសាកលវិទ្យាល័យមេគង្គកម្ពុជា ចង់ឲ្យរដ្ឋាភិបាលបង្កើតច្បាប់នេះឲ្យចេញជារូបរាង ដើម្បីគ្រប់គ្រងភាពអនាធិបតេយ្យនៃអ្នកប្រើប្រាស់បណ្ដាញសង្គមដែលមានបំណងមិនល្អ។ ប៉ុន្តែ យុវតីរូបនេះ ក៏ចង់ឲ្យរដ្ឋាភិបាលបើកទូលាយដល់យុវជន បានចូលរួមផ្តល់គំនិត និងដាក់បញ្ចូលទៅក្នុងច្បាប់នេះឲ្យបានច្រើន មុននឹងអនុម័ត៖ «សង្គមយើងដោយសារមានព័ត៌មានមួយចំនួនបង្កើតឡើងជាលក្ខណៈបំផុសបំផុល និងធ្វើឲ្យមានការរើសអើង និងការលាបពណ៌គ្នានៅក្នុងសង្គមជាតិយើង»។
ទាក់ទិនបញ្ហានេះ លោក ឯក ថា មន្ត្រីនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយបង្វែរសំណួរឲ្យសួរទៅ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីជំនួសវិញ ប៉ុន្តែ លោក ផៃ ស៊ីផាន ជាប់រវល់ប្រជុំ។
ទោះយ៉ាងណា នៅក្នុងជំពូកទី១ និងមាត្រា១ នៃសេចក្តីព្រាងច្បាប់ស្ដីពី ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការប្រើប្រាស់អ៊ីនធឺណិត និងកុំព្យូទ័រ ដែលបណ្ដាញយុវជនកម្ពុជា ចែកជូនដល់អ្នកចូលរួមនៅក្នុងវេទិកាពិភាក្សាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា បង្ហាញថា ច្បាប់នេះមានគោលបំណងកំណត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបការប្រព្រឹត្តអំពើល្មើសនានាតាមប្រព័ន្ធបច្ចេកវិទ្យា។
មាត្រា២ ក៏បានសរសេរថា ច្បាប់នេះក៏មានគោលដៅធានាការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំង និងបង្ក្រាបរាល់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ធានាសុវត្ថិភាព និងការពារផលប្រយោជន៍ស្របច្បាប់ ក្នុងការប្រើប្រាស់ និងអភិវឌ្ឍន៍បច្ចេកវិទ្យា។ រីឯមាត្រា៣ បញ្ជាក់ថា ច្បាប់នេះមានវិសាលភាពអនុវត្តគ្រប់អំពើល្មើសទាំងអស់ ដែលមានចែងនៅក្នុងច្បាប់នេះក្នុងករណី បទល្មើសដែលប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា ឬប្រព្រឹត្តនៅក្រៅប្រទេស ហើយដែលប៉ះពាល់ដល់រូបវន្តបុគ្គល ឬផលប្រយោជន៍នៃប្រទេសកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ មានចែកជា ៦ជំពូក និង ៤០មាត្រា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
