មេធាវី​គ្រោង​ដាក់​ភស្តុតាង​បន្ថែម​ទៅ​តុលាការ ICCក្នុង​ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

ដោយ មួង ណារ៉េត
2017-08-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។
RFA/Yun Samean

មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) គ្រោង​ដាក់​ឯកសារ​ភស្តុតាង​បន្ថែម​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​កាល​ពី​ឆ្នាំ​មុន ដើម្បីឲ្យ​​តុលាការ​នេះ ស៊ើប​អង្កេត​លើ​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ តុលាការ​អាមេរិក កាល​ពី​សប្ដាហ៍​មុន បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) បង្ហាញ​ឯកសារ​ផ្សេងៗ រួម​ទាំង​រូបភាព​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ នៅ​ហាង​ស្តារម៉ាត (Star Mart) ក្នុង​ស្ថានីយ​សាំង​កាល់តិច (Caltex) កាច់​ជ្រុង​ស្តុប​បូកគោ ដែល​ពាក់​ព័ន្ធ​នឹង​​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

ខាង​ក្រោយ​ជា​អត្ថបទ​សម្ភាសន៍​​របស់​លោក មួង ណារ៉េត ជាមួយ​លោក​មេធាវី រីឆាត រ៉ូជើរ៖

លោក មួង ណារ៉េត៖ លោក សម រង្ស៊ី បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​តុលាការ​អាមេរិក បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន បង្ហាញ​រូបភាព​វីដេអូ ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្តារម៉ាត កន្លែង​ដែល​គេ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ លោក​ក៏​ជា​ភាគី​ដើម​បណ្ដឹង​ម្នាក់​ដែរ​នៅ​ក្នុង​រឿង​នេះ។ ឥឡូវ​តុលាការ​អាមេរិក យល់​ព្រម​តាម​បណ្ដឹង​នេះ​ហើយ ព្រោះ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា កន្លង​ទៅ​នេះ តុលាការ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) បង្គាប់​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​អាមេរិក ឆេវរ៉ុន បង្ហាញ​ឯកសារ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ឬ​មន្ត្រី​ប៉ូលិស​ខ្មែរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ តើ​លោក​រំពឹង​ចង់​បាន​អ្វី​ដែរ​ពី​ពាក្យ​បណ្ដឹង​នេះ?

​លោក រីឆាត រ៉ូជើរ៖ យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ ICC ស្នើ​សុំ​ឲ្យ​តុលាការ​អន្តរជាតិ​មួយ​នេះ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក កែម ឡី។ ដូច្នេះ ខ្ញុំ​ក៏​ត្រូវ​ការ​ព័ត៌មាន​ទាំង​នេះ ដើម្បី​ជួយ​ដល់​ការ​ពាក្យ​បណ្ដឹង​របស់ខ្ញុំ​ផង​ដែរ។ ពាក្យ​បណ្ដឹង​នៅ​តុលាការ​អាមេរិក គឺ​ក្រុមហ៊ុន​មេធាវី​របស់​ពួក​ខ្ញុំ​ជា​អ្នក​ដាក់។

លោក មួង ណារ៉េត៖ ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កើត​ឡើង​នៅ​ស្រុក​ខ្មែរ។ មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា រឿង​ស្រុក​ខ្មែរ​ជា​ដែន​សមត្ថកិច្ច​របស់​ខ្មែរ ដូច្នេះ​ត្រូវ​ទុក​ឲ្យ​តុលាការ​ខ្មែរ​ជា​អ្នក​ដោះស្រាយ។  លោក​ដាក់​ប្ដឹង​នៅ​តុលាការ​អន្តរជាតិ ICC រួច​ទៅ​ហើយ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ដាក់​ពាក្យ​ប្ដឹង​នៅ​តុលាការ​អាមេរិក​បន្ថែម​ទៀត?

លោក រីឆាត រ៉ូជើរ៖ ការ​ដាក់​ពាក្យ​បណ្ដឹង​នៅ​អាមេរិក​នេះ គឺ​ដោយសារ​ច្បាប់​ជាតិ​របស់​អាមេរិក អនុញ្ញាត​ឲ្យ​ដើម​បណ្ដឹង​ស្នើ​សុំ​ឯកសារ​ពី​ក្រុមហ៊ុន​អាមេរិក​ទាំង​អស់។ ស្ថានីយ​សាំង​កាល់តិច​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ឆេវរ៉ុន  ដែល​ជា​ក្រុមហ៊ុន​អាមេរិក។ ដូច្នេះ​ហើយ​ទើប​យើង​អាច​ដាក់​ពាក្យ​ប្ដឹង​នៅ​អាមេរិក​បាន។ ការណ៍​ដែល​យើង​ត្រូវការ​ព័ត៌មាន គឺ​ដោយសារ​តែ​អាជ្ញាធរ​កម្ពុជា បាន​ប្រមូល​យក​រូបភាព​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ហាង​ស្តារម៉ាត យក​ទៅ​ទុក។ ចំណែក​ឯ​រូប​វីដេអូ​ដែល​ឃើញ​បង្ហាញ​ក្នុង​ពេល​ធ្វើ​សវនាការ ជា​រូបភាព​មិន​ពេញលេញ និង​មាន​លក្ខណៈ​បំភាន់​ភ្នែក។ ប្រការ​នេះ ធ្វើ​ឲ្យ​សាធារណជន​ទូទៅ​មាន​មន្ទិលសង្ស័យ​មិន​ចេះ​ចប់។ យើង​ខ្ញុំ​បាន​ប្ដឹង​ឲ្យ​តុលាការ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន បញ្ចេញ​ព័ត៌មាន​ទាំង​អស់​ដែល​ខ្លួន​មាន មិនមែន​ត្រឹមតែ​រូបភាព​វីដេអូ ពី​កាមេរ៉ា​សុវត្ថិភាព​មួយ​មុខ​នោះ​ទេ គឺ​យើង​សុំ​ឲ្យ​បង្ហាញ​រាល់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​លោក កែម ឡី។

យើង​សុំ​ឲ្យ​បង្ហាញ​សារ​ទំនាក់ទំនង​ដែល​មាន​ពាក្យ “គណបក្ស​ប្រជាជន​កម្ពុជា” មាន​ពាក្យ “ហ៊ុន សែន” ឬ​ពាក្យ “ធ្វើឃាត” ជាដើម។ យើង​ជឿ​ថា ក្រុមហ៊ុន​ធំ​ដូចជា ឆេវរ៉ុន បែប​នេះ ច្បាស់​ជា​គេ​មាន​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​របស់​គេ។ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នេះ​ច្បាស់​ជា​ផ្ដល់​នូវ​ពន្លឺ ដើម្បី​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ។ យើង​នៅ​តែ​គិត​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​ការ​ធ្វើ​ឃាត​ដោយសារ​ហេតុផល​នយោបាយ ព្រោះ​ការ​ធ្វើ​ឃាត​បែប​នេះ មាន​កើត​ឡើង​ជា​ហូរហែ​រួច​មក​ហើយ ដូចជា​ទៅ​លើ​លោក ជា វិជ្ជា និង​អ្នក​ដទៃ​ទៀត។

​លោក មួង ណារ៉េត៖ តើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​បែប​ម៉េច ដែល​អាច​ឲ្យ​លោក​ដាក់​ពាក្យ​ប្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បាន?

​លោក រីឆាត រ៉ូជើរ៖ ករណី​នេះ​​វា​ពាក់ព័ន្ធ​ទូទៅ​ក្នុង​ធាតុ​ផ្សំ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ការ​ធ្វើ​ឃាត​ទៅ​លើ​លោក កែម ឡី ជា​ផ្នែក​មួយ​នៃ​បទល្មើស​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ដូច្នេះ​យើង​ត្រូវ​ការ​ព័ត៌មាន​នេះ ដើម្បី​ជួយ​ដល់​ពាក្យ​បណ្ដឹង​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ទាំង​អស់​នៅ​កម្ពុជា។ យើង​ដាក់​ពាក្យ​ប្ដឹង​នៅ​តុលាការ ICC មិន​មែន​តំណាង​ឲ្យ​តែ​ក្រុម​គ្រួសារ​លោក កែម ឡី នោះ​ទេ។

​លោក មួង ណារ៉េត៖ កន្លង​មក​លោក​បាន​ដាក់​ឯកសារ​ខ្លះ​ហើយ​ទៅ​តុលាការ ICC ដើម្បី​គាំទ្រ​ពាក្យ​បណ្ដឹង​ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ។ តើ​លោក​ត្រូវការ​ភស្តុតាង​អ្វី​បន្ថែម​ទៀត​ដែល​រំពឹង​ចង់បាន​ពី​ក្រុមហ៊ុន ឆេវរ៉ុន?

លោក រីឆាត រ៉ូជើរ៖ ដោយសារ​តែ​ការ​ធ្វើ​ឃាត​លោក កែម ឡី ជា​អំពើ​មនុស្ស​ឃាត​មួយ​ក្នុង​ចំណោម​អំពើ​មនុស្សឃាត​ជា​ច្រើន​ដែល​យើង​រៀបរាប់​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នៅ​តុលាការ ICC ភស្តុតាង​ថ្មី​នឹង​ជួយ​ឲ្យ​យើង​បង្ហាញ​ប្រាប់​ព្រះរាជអាជ្ញា​តុលាការ ICC ថា ការ​សម្លាប់​លោក កែម ឡី គឺ​ជា​ករណី​ឃាតកម្ម​ផ្នែក​នយោបាយ​មិន​មែន​ឃាតកម្ម​ទូទៅ​នោះ​ទេ។ អ្វី​ដែល​យើង​ធ្លាប់​ឮ​ការ​បក​ស្រាយ​ពី​ខាង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា កន្លង​មក គឺ​គ្រាន់​តែ​ការ​បិទ​បាំង​ការពិត​តែប៉ុណ្ណោះ។ ដូច្នេះ យើង​ត្រូវការ​ព័ត៌មាន​បន្ថែម​បែប​នេះ​ដើម្បី​យើង​ដាក់​ទៅ​តុលាការ ICC ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

​លោក មួង ណារ៉េត៖ ដូច្នេះ​មាន​ន័យ​ថា បើ​ក្រុមហ៊ុន​អាមេរិក​នេះ បង្ហាញ​ព័ត៌មាន​ថ្មី​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ លោក​នឹង​ដាក់​ភស្តុតាង​បន្ថែម​ទៅ​តុលាការ ICC ទៀត​តើ​មែន​ទេ?

​លោក រីឆាត រ៉ូជើរ៖ ត្រូវ​ហើយ​បាទ! បើ​ក្រុមហ៊ុន ឆេវរ៉ុន បង្ហាញ​ព័ត៌មាន​ដែល​អាច​ឲ្យ​យើង​បង្ហាញ​ព្រះរាជអាជ្ញា​តុលាការ ICC ថា​ការ​ធ្វើ​ឃាត​លោក កែម ឡី គឺ​ធ្វើ​ឡើង​ដោយ​ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច​នៅ​កម្ពុជា យើង​នឹង​ដាក់​សម្អាង​ហេតុ​បន្ថែម​ទៅ​តុលាការ ICC ដោយ​បញ្ចូល​ទាំង​ភស្តុតាង​ថ្មី​នេះ ដើម្បី​បន្ថែម​ទម្ងន់​ទៅលើ​សម្អាង​ហេតុ​ដែល​យើង​បាន​ដាក់​ទៅ​តុលាការ​កាល​ពី​លើក​មុន។

លោក មួង ណារ៉េត៖ រឿង​ក្ដី​នៅ​តុលាការ ICC ប្រើ​ពេល​យូរ​ណាស់​ទម្រាំ​មានការ​ជំនុំជម្រះ។ តុលាការ​នេះ មាន​សំណុំរឿង​ជាច្រើន​នៅ​ក្នុង​ដៃ​ដែល​ត្រូវ​ដោះស្រាយ។ តើ​មាន​ពេល​វេលា​កំណត់​ច្បាស់លាស់​ណា​មួយ​ដែរ​ឬ​ទេ​ដើម្បី​កុំ​ឲ្យ​ជនរងគ្រោះ​ទន្ទឹង​រង់ចាំ​ដំណឹង​យូរ​ពេក?

លោក រីឆាត រ៉ូជើរ៖ ខ្ញុំ​សុំ​ស្នើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​រក្សា​ការ​អត់ធ្មត់។ យើង​មាន​សង្ឃឹម​លើ​សំណុំ​រឿង​នេះ។ ជា​ការ​ពិត សំណុំរឿង​ធំៗ​បែប​នេះ​ត្រូវ​ការ​ពេល​វេលា។ ប៉ុន្តែ ឥឡូវ​យើង​កាន់តែ​ប្រមូល​បាន​ព័ត៌មាន​ច្រើន​ឡើងៗ​ហើយ។ កាល​ណា​តុលាការ ICC ចាប់​ផ្ដើម​ចាត់​ការ​បណ្ដឹង​របស់​យើង​យើង​នឹង​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​បង្ហាញ​ថា ឃាតកម្ម​ផ្នែក​នយោបាយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិន​ទាន់​ថមថយ​នៅ​ឡើយ​ទេ។

លោក មួង ណារ៉េត៖ សូម​អរគុណ​លោក រីឆាត រ៉ូជើរ ដែល​បាន​ចំណាយ​ពេល​ពេល​វេលា​ក្នុង​កិច្ច​សម្ភាសន៍​នេះ។

​លោក រីឆាត រ៉ូជើរ៖ បាទ! សូម​អរគុណ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

I wish to see Hun Sen locked up because he is an eminent threat to Khmer people now, not 35 years later.

Aug 15, 2017 09:32 AM

គេហទំព័រ​ទាំងមូល