សម្ភាស​មេធាវី​អន្តរជាតិ​ជុំវិញ​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

0:00 / 0:00

លោក រីឆាដ រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី Global Diligence ដែល​មាន​ទីតាំង​នៅ​ប្រទេស​អង់គ្លេស បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ដើម​សប្ដាហ៍​នេះ តំណាង​ឲ្យ​ដើម​បណ្ដឹង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​បំពាន និង​បង្ខំ​បណ្ដេញ​ពី​ផ្ទះសម្បែង​និង​ដីធ្លី។

ក្នុង​ពាក្យ​បណ្ដឹង​នោះ ចោទ​ប្រកាន់​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​បាន​ប្រព្រឹត្ត​ក្នុង​រយៈពេល​ជាង ១២​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក រីឆាដ រ៉ូជើរ សំដែង​ក្តី​សង្ឃឹម​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​ពិនិត្យ​មើល ហើយ​ស៊ើប​អង្កេត​លើ​បណ្ដឹង​នេះ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

សូម​ស្ដាប់​ការ​បកស្រាយ​របស់​លោក រីឆាដ រ៉ចជើរ ជុំវិញ​ពាក្យ​បណ្ដឹង​នេះ តាម​រយៈ​ការ​សាកសួរ​របស់​លោក យន់ សាមៀន ដូច​តទៅ៖

សំណួរ៖ ជម្រាបសួរ! លោក រ៉ូជើរ តើ​បណ្ដឹង​របស់​លោក​ផ្ដោត​ទៅ​លើ​បទល្មើស​អ្វី​ខ្លះ​ដែរ​បាទ?

ចម្លើយ៖ ពាក្យ​បណ្ដឹង​នេះ​ចោទប្រកាន់​មន្ត្រី​មាន​អំណាច​នៅ​ប្រទេស​កម្ពុជា ដែល​អនុវត្ត​យុទ្ធនាការ​ទន្ទ្រាន​យក​ដី​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ ដែល​បាន​រឹប​អូស​ដី​ពី​ពលរដ្ឋ​ក្រីក្រ​ដោយ​ខុស​ច្បាប់​ជាច្រើន​លាន​ហិកតារ ប្រើប្រាស់​សម្រាប់​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ពួកគេ ឬ​ក៏​លក់​ទៅ​អ្នក​វិនិយោគទុន​បរទេស។ ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ យ៉ាង​ហោច​ណាស់​ក៏​មាន​ដី​ទំហំ​ជាង ៤៩​លាន​ហិកតារ​ដែល​មាន​ទំហំ​ស្មើ​នឹង​ប្រទេស​អេស្ប៉ាញ ត្រូវ​បាន​រឹប​អូស​ដោយសារ​តែ​យុទ្ធនាការ​មន្ត្រី​មាន​អំណាច​ទាំង​នោះ។ អំពើ​ទន្ទ្រាន​យក​ដី​ខុស​ច្បាប់​នោះ បាន​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៧.៧​សែន​នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ពលរដ្ឋ​ភាគ​ច្រើន​ត្រូវ​បាន​បង្ខំ​បណ្ដេញ​ពី​ដី​និង​ផ្ទះសម្បែង​ដោយ​បង្ខំ។ នៅ​ពេល​ដែល​ពលរដ្ឋ​ទាំង​នោះ​ជំទាស់ ឬ​តវ៉ា​ពី​ការ​បង្ខំ​បណ្ដេញ​ចេញ​នោះ ពលរដ្ឋ​ទាំង​នោះ​រង​ការ​បាញ់​ប្រហារ ចាប់​រំលោភ វាយ​ប្រហារ ហើយ​និង​ត្រូវ​បាន​ដាក់ទោស​និង​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ហើយ​ជា​ញឹកញយ​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​ដុត​បំផ្លាញ​រាប​ដល់​ដី។ ដូច្នោះ​ពាក្យ​បណ្ដឹង​នេះ បញ្ជាក់​ស្ថានភាព​បទល្មើស​នៅ​កម្ពុជា ស្រប​ទៅ​លើ​កត្តា​ទាំង​ពីរ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ហើយ​កម្រិត​នៃ​បទល្មើស​នេះ​បាន​ឈាន​ទៅ​ដល់​កម្រិត​មួយ​ដែល​ត្រូវ​ពិនិត្យ​ដោយ​ច្បាប់​អន្តរជាតិ ហើយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវ​តែ​ពិនិត្យ​និង​ចាត់​វិធានការ​លើ​ករណី​នេះ។

សំណួរ៖ តើ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​លោក​ប្ដឹង​បុគ្គល​ណា​ដែរ?

ចម្លើយ៖ ក្នុង​ពាក្យ​បណ្ដឹង​នេះ ចោទ​ប្រកាន់​មន្ត្រី​មាន​អំណាច​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ទន្ទ្រាន​យក​ដី​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ។ មន្ត្រី​មាន​អំណាច​ទាំង​នោះ​ភាគ​ច្រើន​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​ខ្លះ​ទៀត​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​កងទ័ព និង​ក្រុម​សន្តិសុខ ដូចជា​ប៉ូលិស កងរាជអាវុធហត្ថ និង​កងទ័ព​ជាដើម ហើយ​និង​ពាណិជ្ជករ​មាន​ទំនាក់ទំនង​ស្និទ្ធ​នឹង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។

យើង​មិន​បាន​ស្នើសុំ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ស៊ើប​អង្កេត​ឲ្យ​ចំ​ឈ្មោះ​បុគ្គល​ណា​ម្នាក់​ឡើយ​នៅ​ពេល​នេះ។ យើង​គ្រាន់តែ​បង្ហាញ​និង​រៀបចំ​ព័ត៌មាន​ជាក់​ស្ដែង​មួយ​ចំនួន​តែប៉ុណ្ណោះ ហើយ​បន្ទាប់​មក​វា​អាស្រ័យ​តែ​ទៅ​លើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​កំណត់ ថា​តើ​បុគ្គល​ណា​ខ្លះ​ដែល​តុលាការ​នេះ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត? ដូច្នោះ បណ្ដឹង​នេះ​មិន​មែន​ជា​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​ឡើយ ហើយ​បណ្ដឹង​នេះ​ក៏​មិន​ប្ដឹង​លោក ហ៊ុន សែន ដោយ​ចំៗ​ឈ្មោះ​នោះ​ដែរ។ បណ្ដឹង​នេះ​បាន​បញ្ជាក់​និង​បង្ហាញ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា ហើយ​បាន​ស្នើ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពិនិត្យ​ចាត់​វិធានការ​សមស្រប​មួយ​ចំពោះ​បណ្ដឹង​នេះ​តែប៉ុណ្ណោះ។

សំណួរ៖ មក​ទល់​ពេល​នេះ​មាន​បណ្ដឹង​ពីរ​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បដិសេធ​មិន​ទទួល​យក។ តើ​លោក​មាន​សុទិដ្ឋិនិយម​ថា តុលាការ​ពិតជា​ទទួល​យក​បណ្ដឹង​លោក​ទេ?

ចម្លើយ៖ ពាក្យ​បណ្ដឹង​របស់​យើង​បាន​ពិនិត្យ​ទៅ​លើ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​រយៈ ១២​ឆ្នាំ។ ព្រឹត្តិការណ៍​បង្ហាញ​ពិត​ប្រាកដ​ថា អំពើ​រំលោភ​បំពាន​ក្នុង​រយៈពេល ១២​ឆ្នាំ​នោះ បាន​កើន​ឡើង​ធ្ងន់ធ្ងរៗ​ទៅ រហូត​ក្លាយ​ទៅ​ជា​បទល្មើស​ប្រឆាំង​នឹង​មនុស្សជាតិ។ បណ្ដឹង​ផ្សេង​ទៀត​ដែល​មាន​ដើម​បណ្ដឹង​មួយ​ចំនួន​បាន​ប្ដឹង​នោះ គឺ​បាន​ពិនិត្យ​បញ្ហា​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​ពាក្យ​បណ្ដឹង​របស់​យើង​វិញ ផ្ដោត​លើ​បញ្ហា​មួយ​ចំនួន​ដែល​មាន​វិសាលភាព​ធំធេង​ជាង​ដើម​បណ្ដឹង​ផ្សេងៗ​ទៀត។ នៅ​ពេល​ដែល​អ្នក​ពិនិត្យ​មើល​ភស្តុតាង​ទាំង​មូល អ្នក​នឹង​ឃើញ​ថា បទល្មើស​ទាំង​នោះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ត្រូវតែ​ធ្វើការ​ស៊ើប​អង្កេត។

យើងខ្ញុំ​សូម​បញ្ជាក់​ថា ពាក្យ​បណ្ដឹង​នេះ​មិន​មែន​សំដៅ​តែ​លើ​បទល្មើស​នៃ​ការទន្ទ្រាន​យក​ដី​ពលរដ្ឋ​ដោយ​ខុស​ច្បាប់​តែប៉ុណ្ណោះ​ទេ ពាក្យ​បណ្ដឹង​នេះ ក៏​បង្ហាញ​ពី​របៀប​ដែល​មន្ត្រី​មាន​អំណាច​ប្រើប្រាស់​ចាត់​វិធានការ​ទៅ​លើ​ពលរដ្ឋ​ដែល​ប្រឆាំង​នឹង​ការ​បង្ខំ​បណ្ដេញ​ចេញ។ វិធានការ​ទាំង​នោះ​រួម​មាន៖ ការ​ធ្វើ​ឃាត ការ​សម្លុត គំរាម​កំហែង ការ​បំភ្លៃ​បទ​ចោទ​ប្រកាន់​ដោយ​គ្មាន​ការ​ពិត ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ពលរដ្ឋ​ទាំង​ឡាយ​ដែល​ហ៊ាន​ប្រឆាំង​នឹង​ប្រព័ន្ធ​នៃ​ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នក​មាន​អំណាច។ ដូច្នេះ ពាក្យ​បណ្ដឹង​នេះ​រួម​បញ្ចូល​ទាំង​បញ្ហា​រំលោភ​បំពាន​ដីធ្លី និង​វិធីសាស្ត្រ​ដែល​មន្ត្រី​មាន​អំណាច​ប្រើប្រាស់​រំលោភ​ទៅ​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង​នឹង​មន្ត្រី​មាន​អំណាច​ទាំង​នោះ។ បទល្មើស​ទាំង​នេះ យើង​អាច​និយាយ​បាន​ថា ជា​បទល្មើស​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

សំណួរ៖ មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​លើក​ឡើង​ថា បណ្ដឹង​នេះ​ជា​យុទ្ធនាការ​នយោបាយ​ប្រឆាំង​របប​លោក ហ៊ុន សែន ហើយ​ដើម្បី​គាំទ្រ​គណបក្ស​ប្រឆាំង។ តើ​លោក​យល់​យ៉ាង​ណា​ដែរ?

ចម្លើយ៖ បាទ! ពាក្យ​បណ្ដឹង​នេះ មិន​មែន​ជា​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន សែន ឡើយ ពីព្រោះ​យើង​មិន​បាន​ស្នើ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ស៊ើប​អង្កេត​ទៅ​លើ​បុគ្គល​លោក​ជា​ឯកជន​នោះ​ទេ។ បើ​បណ្ដឹង​នេះ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​លោក ហ៊ុន សែន យើង​នឹង​ស្នើ​ឲ្យ​តុលាការ​ស៊ើបអង្កេត​លោក ហ៊ុន សែន ហើយ។ ពាក្យ​បណ្ដឹង​នេះ​ធ្វើ​ឡើង​ដើម្បី​ជនរងគ្រោះ មិន​មែន​ជា​បណ្ដឹង​នយោបាយ​ឡើយ។ ការ​ដោះសា​នេះ​ជា​ការ​ងាយស្រួល​យល់​ណាស់ គឺ​រដ្ឋាភិបាល​ចង់​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​យើង​មិន​ឲ្យ​ចាប់​អារម្មណ៍​ពី​ការ​ពិត។ រដ្ឋាភិបាល​ចង់​លាក់ពុត ដោយ​បង្វែរ​ថា ពាក្យ​បណ្ដឹង​នេះ​ជា​រឿង​នយោបាយ ប៉ុន្តែ​ការ​ពិត​មិនមែន​ដូច្នោះ​ទេ។ ពាក្យ​បណ្ដឹង​នេះ​ជា​បញ្ហា​ផ្លូវ​ច្បាប់ ធ្វើ​ឡើង​ដើម្បី​ពលរដ្ឋ​ជា​ជន​រង​គ្រោះ​ដែល​ទទួល​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ។ យើង​សង្ឃឹម​ថា យ៉ាងហោចណាស់​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុកដាក់​ដល់​ជនរងគ្រោះ​បន្តិចបន្តួច​ដែរ ជា​ជាង​ដោះសា​ថា បញ្ហា​នេះ​ជា​រឿង​នយោបាយ​ទៅ​វិញ។

សំណួរ៖ តើ​លោក​មាន​សង្ឃឹម​អ្វី​ក្រោយ​ពេល​លោក​ដាក់​ពាក្យ​បណ្ដឹង​នេះ​រួច​ហើយ?

ចម្លើយ៖ អ្វី​ដែល​អាច​កើត​ឡើង​ក្រោយ​ពាក្យ​បណ្ដឹង​ត្រូវ​បាន​ដាក់​ដល់​តុលាការ​អន្តរជាតិ​រួច​មក​ហើយ​នោះ គឺ​វា​នឹង​ប្រើប្រាស់​រយៈពេល​ប៉ុន្មាន​ពី ៣ ទៅ ៦​ខែ ដើម្បី​ឲ្យ​តុលាការ​ពិចារណា ថា​តើ​ត្រូវ​ចាប់​ផ្ដើម​ពិនិត្យ​ជាបឋម ឬ​ទេ? ប្រសិនបើ​តុលាការ​សម្រេច​យល់ព្រម​ពិនិត្យ​ពាក្យ​បណ្ដឹង​នេះ តុលាការ​នឹង​វិនិច្ឆ័យ រួច​ស៊ើប​អង្កេត​បន្ថែម​ទៀត​ទៅ​លើ​បទ​ចោទ​ទាំង​នោះ ម្ដង​ជា​ពីរ​ដង​ទៀត។ ប្រសិន​បើ​តុលាការ​មាន​ភស្តុតាង​គ្រប់គ្រាន់​មែន​នោះ មន្ត្រី​តុលាការ​នឹង​​ស្នើ​ឲ្យ​ចៅក្រម​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ។ ការ​ស៊ើប​អង្កេត​នេះ អាច​កើត​ឡើង​ក្នុង​រយៈពេល​ចន្លោះ​ពី​មួយ​ឆ្នាំ​ទៅ​ពីរ​ឆ្នាំ។

សំណួរ៖ តើ​លោក​មាន​ភស្តុតាង​អ្វី​ខ្លះ​ក្នុង​ពាក្យ​បណ្ដឹង​របស់​លោក?

ចម្លើយ៖ ភស្តុតាង​ដែល​យើង​បាន​ប្រមូល​ផ្តុំ​ក្នុង​រយៈពេល ១២​ឆ្នាំ​ពី​អង្គការ​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ និង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ហើយ​និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត។ អង្គការ​ទាំង​នោះ​បាន​តាមដាន​ឃ្លាំមើល​បញ្ហា​ក្នុង​បទចោទប្រកាន់​របស់​យើង​ជា​លក្ខណៈ​លម្អិត​ក្នុង​រយៈពេល ១២​ឆ្នាំ​ចុង​ក្រោយ​នេះ។ យើង​យោង​ទៅ​លើ​ឯកសារ​ទាំង​នោះ ហើយ​នឹង​ប្រើប្រាស់​ភស្តុតាង​ទាំង​នោះ​ដើម្បី​ធ្វើការ​ដេញដោល​ស្វែងរក​ហេតុផល​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​ទាំង​ឡាយ​ដែល​យើង​បាន​ចោទ​ប្រកាន់​នេះ គឺ​ស្មើ​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ដូចដែល​ខ្ញុំ​បាន​បញ្ជាក់​រួច​ហើយ​ថា អង្គការ​ទាំង​នោះ​ដែល​យើង​បាន​ប្រមូល​ភស្តុតាង​នោះ ជា​អង្គការ​មាន​អព្យាក្រឹត អង្គការ​ទាំង​នោះ​ឯករាជ្យ ហើយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ។ យើង​មិន​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​ខ្លួន​របស់​យើង​ឡើយ យើង​មិន​បាន​បង្កើត​តួលេខ​ដោយ​ខ្លួនឯង​ទេ យើង​ប្រើប្រាស់​ភស្តុតាង និង​ឯកសារ​ដែល​មាន​ស្រាប់តែ​ប៉ុណ្ណោះ ហើយ​ឯកសារ​ទាំង​នោះ​អាច​ស្វែង​រក​បាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

សំណួរ៖ ខ្ញុំ​ដឹង​ថា លោក​ជា​មេធាវី​តំណាង​ឲ្យ​ពលរដ្ឋ​ជា​អ្នក​រងគ្រោះ ប៉ុន្តែ​ខ្ញុំ​ទទួល​ដំណឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ជួល​លោក​ឲ្យ​ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ។ តើ​រឿង​នេះ​ពិត​ឬ​ទេ?

ចម្លើយ៖ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួយ​សម្របសម្រួល​ការ​ស៊ើប​អង្កេត​របស់​យើង។ គណបក្ស​នេះ​ដំបូង​ឡើយ​ស្នើ​ឲ្យ​សុំ​ស៊ើប​អង្កេត​ករណី​សម្លាប់​បាតុករ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៤។ ប៉ុន្តែ​ក្រោយ​មក​ទៀត ជនរងគ្រោះ​ទាំង​នោះ​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​បាន​ស្នើសុំ​ឲ្យ​ខ្ញុំ​ឲ្យ​ពង្រីក​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត ហើយ​ការ​ស៊ើបអង្កេត​នោះ រួម​ទាំង​មាន​បទល្មើស​ជាច្រើន​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បណ្ដឹង​របស់​យើង។

ដំបូង​ឡើយ គណបក្ស​សង្គ្រោះ​ជាតិ​ព្រួយ​បារម្ភ​ថា មន្ត្រី​អាវុធហត្ថ​និង​ប៉ូលិស​បាញ់​សម្លាប់​បាតុករ ហើយ​គណបក្ស​នេះ​បាន​ជួយ​រៀបចំ​កិច្ចប្រជុំ​ខ្លះៗ កាល​ពី​ខ្ញុំ​ធ្វើការ​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ គណបក្ស​នេះ​គ្មាន​ពាក់ព័ន្ធ​នឹង​បណ្ដឹង​នេះ​ទេ។ ខ្ញុំ​ដាក់​បណ្ដឹង​ជំនួស​មុខ​ឲ្យ​ជនរងគ្រោះ ហើយ​បណ្ដឹង​នេះ​បញ្ជាក់​ច្បាស់​ថា មិន​បាន​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​បាប​រដ្ឋាភិបាល​កម្ពុជា​ឡើយ។ ខ្ញុំ​ទទួល​បាន​ថវិកា​ខ្លះ​ពី​ខ្មែរ​រស់​នៅ​បរទេស​ជា​អ្នក​ដែល​ព្រួយ​បារម្ភ​អំពី​បទល្មើស​មួយ​ចំនួន ហើយ​មាន​បងប្អូន​សាច់ញាតិ​ដែល​មិន​អាច​ស្វែង​រក​យុត្តិធម៌​ពី​តុលាការ​កម្ពុជា បាន។

សំណួរ៖ តើ​ហេតុ​អ្វី​បាន​ជា​លោក​មិន​ដាក់​បណ្ដឹង​ពី​បទ​ឧក្រិដ្ឋ​ទាំង​នេះ​នៅ​កម្ពុជា?

ចម្លើយ៖ វា​មិន​អាច​ស្វែងរក​យុត្តិធម៌​ចំពោះ​បទ​ឧក្រិដ្ឋកម្ម​ទាំង​ឡាយ​ដែល​យើង​បាន​ចោទប្រកាន់​នៅ​កម្ពុជា​ឡើយ ពីព្រោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​ទាំង​នោះ​សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា។ ដោយសារ​តែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មាន​ភាព​លំអៀង ហើយ​បម្រើ​ឲ្យ​តែ​អ្នក​មាន​អំណាច​នៅ​កម្ពុជា ជនរងគ្រោះ​នៅ​កម្ពុជា គ្មាន​ឱកាស​ទាល់តែសោះ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​នៅ​កម្ពុជា។

សំណួរ៖ តើ​លោក​មាន​អ្វី​បន្ថែម​ចុង​ក្រោយ​ទេ?

ចម្លើយ៖ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​បន្ថែម​នោះ គឺ​មិន​គួរ​មាន​មនុស្ស​ណា​ម្នាក់​គួរ​ព្រួយ​បារម្ភ​ឡើយ លុះ​ត្រា​តែ​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស។ ខ្ញុំ​សង្ឃឹម​ថា មន្ត្រី​រដ្ឋាភិបាល​នៅ​កម្ពុជា នឹង​សហការ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ប្រសិនបើ​ពួកគាត់​ជឿជាក់​ថា ពួកគេ​គ្មាន​អ្វី​ដើម្បី​លាក់លៀម​នោះ ពួកគេ​ត្រូវ​តែ​អញ្ជើញ​មន្ត្រី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទៅ​កម្ពុជា ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។