លោក រីឆាដ រ៉ូជើរ (Richard Rogers) នៃក្រុមហ៊ុនមេធាវី Global Diligence ដែលមានទីតាំងនៅប្រទេសអង់គ្លេស បានដាក់ពាក្យបណ្ដឹងមួយច្បាប់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅដើមសប្ដាហ៍នេះ តំណាងឲ្យដើមបណ្ដឹងប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះនៃការរំលោភបំពាន និងបង្ខំបណ្ដេញពីផ្ទះសម្បែងនិងដីធ្លី។
ក្នុងពាក្យបណ្ដឹងនោះ ចោទប្រកាន់មន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តក្នុងរយៈពេលជាង ១២ឆ្នាំចុងក្រោយនេះ។ លោក រីឆាដ រ៉ូជើរ សំដែងក្តីសង្ឃឹមថា តុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងពិនិត្យមើល ហើយស៊ើបអង្កេតលើបណ្ដឹងនេះដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
សូមស្ដាប់ការបកស្រាយរបស់លោក រីឆាដ រ៉ចជើរ ជុំវិញពាក្យបណ្ដឹងនេះ តាមរយៈការសាកសួររបស់លោក យន់ សាមៀន ដូចតទៅ៖
សំណួរ៖ ជម្រាបសួរ! លោក រ៉ូជើរ តើបណ្ដឹងរបស់លោកផ្ដោតទៅលើបទល្មើសអ្វីខ្លះដែរបាទ?
ចម្លើយ៖ ពាក្យបណ្ដឹងនេះចោទប្រកាន់មន្ត្រីមានអំណាចនៅប្រទេសកម្ពុជា ដែលអនុវត្តយុទ្ធនាការទន្ទ្រានយកដីប្រជាពលរដ្ឋមានលក្ខណៈជាទ្រង់ទ្រាយធំ ដែលបានរឹបអូសដីពីពលរដ្ឋក្រីក្រដោយខុសច្បាប់ជាច្រើនលានហិកតារ ប្រើប្រាស់សម្រាប់ពាណិជ្ជកម្មផ្ទាល់ខ្លួន ដើម្បីបម្រើផលប្រយោជន៍របស់ពួកគេ ឬក៏លក់ទៅអ្នកវិនិយោគទុនបរទេស។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ យ៉ាងហោចណាស់ក៏មានដីទំហំជាង ៤៩លានហិកតារដែលមានទំហំស្មើនឹងប្រទេសអេស្ប៉ាញ ត្រូវបានរឹបអូសដោយសារតែយុទ្ធនាការមន្ត្រីមានអំណាចទាំងនោះ។ អំពើទន្ទ្រានយកដីខុសច្បាប់នោះ បានប៉ះពាល់ទៅដល់ប្រជាពលរដ្ឋប្រមាណ ៧.៧សែននាក់ នៅទូទាំងប្រទេសកម្ពុជា។ ពលរដ្ឋភាគច្រើនត្រូវបានបង្ខំបណ្ដេញពីដីនិងផ្ទះសម្បែងដោយបង្ខំ។ នៅពេលដែលពលរដ្ឋទាំងនោះជំទាស់ ឬតវ៉ាពីការបង្ខំបណ្ដេញចេញនោះ ពលរដ្ឋទាំងនោះរងការបាញ់ប្រហារ ចាប់រំលោភ វាយប្រហារ ហើយនិងត្រូវបានដាក់ទោសនិងចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌ ហើយជាញឹកញយផ្ទះសម្បែងរបស់ពលរដ្ឋទាំងនោះត្រូវបានដុតបំផ្លាញរាបដល់ដី។ ដូច្នោះពាក្យបណ្ដឹងនេះ បញ្ជាក់ស្ថានភាពបទល្មើសនៅកម្ពុជា ស្របទៅលើកត្តាទាំងពីរនៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយកម្រិតនៃបទល្មើសនេះបានឈានទៅដល់កម្រិតមួយដែលត្រូវពិនិត្យដោយច្បាប់អន្តរជាតិ ហើយតុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវតែពិនិត្យនិងចាត់វិធានការលើករណីនេះ។
សំណួរ៖ តើក្នុងពាក្យបណ្ដឹងនោះលោកប្ដឹងបុគ្គលណាដែរ?
ចម្លើយ៖ ក្នុងពាក្យបណ្ដឹងនេះ ចោទប្រកាន់មន្ត្រីមានអំណាចជាអ្នកទទួលខុសត្រូវចំពោះការទន្ទ្រានយកដីមានលក្ខណៈជាទ្រង់ទ្រាយធំ។ មន្ត្រីមានអំណាចទាំងនោះភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ហើយខ្លះទៀតជាមន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ព និងក្រុមសន្តិសុខ ដូចជាប៉ូលិស កងរាជអាវុធហត្ថ និងកងទ័ពជាដើម ហើយនិងពាណិជ្ជករមានទំនាក់ទំនងស្និទ្ធនឹងថ្នាក់ដឹកនាំរដ្ឋាភិបាល។
យើងមិនបានស្នើសុំឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ស៊ើបអង្កេតឲ្យចំឈ្មោះបុគ្គលណាម្នាក់ឡើយនៅពេលនេះ។ យើងគ្រាន់តែបង្ហាញនិងរៀបចំព័ត៌មានជាក់ស្ដែងមួយចំនួនតែប៉ុណ្ណោះ ហើយបន្ទាប់មកវាអាស្រ័យតែទៅលើតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីកំណត់ ថាតើបុគ្គលណាខ្លះដែលតុលាការនេះត្រូវធ្វើការស៊ើបអង្កេត? ដូច្នោះ បណ្ដឹងនេះមិនមែនជាបណ្ដឹងប្រឆាំងរដ្ឋាភិបាលឡើយ ហើយបណ្ដឹងនេះក៏មិនប្ដឹងលោក ហ៊ុន សែន ដោយចំៗឈ្មោះនោះដែរ។ បណ្ដឹងនេះបានបញ្ជាក់និងបង្ហាញពីអ្វីដែលបានកើតឡើងនៅកម្ពុជា ហើយបានស្នើឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ពិនិត្យចាត់វិធានការសមស្របមួយចំពោះបណ្ដឹងនេះតែប៉ុណ្ណោះ។
សំណួរ៖ មកទល់ពេលនេះមានបណ្ដឹងពីរត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិបដិសេធមិនទទួលយក។ តើលោកមានសុទិដ្ឋិនិយមថា តុលាការពិតជាទទួលយកបណ្ដឹងលោកទេ?
ចម្លើយ៖ ពាក្យបណ្ដឹងរបស់យើងបានពិនិត្យទៅលើការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងរយៈ ១២ឆ្នាំ។ ព្រឹត្តិការណ៍បង្ហាញពិតប្រាកដថា អំពើរំលោភបំពានក្នុងរយៈពេល ១២ឆ្នាំនោះ បានកើនឡើងធ្ងន់ធ្ងរៗទៅ រហូតក្លាយទៅជាបទល្មើសប្រឆាំងនឹងមនុស្សជាតិ។ បណ្ដឹងផ្សេងទៀតដែលមានដើមបណ្ដឹងមួយចំនួនបានប្ដឹងនោះ គឺបានពិនិត្យបញ្ហាជាក់លាក់មួយចំនួន ប៉ុន្តែពាក្យបណ្ដឹងរបស់យើងវិញ ផ្ដោតលើបញ្ហាមួយចំនួនដែលមានវិសាលភាពធំធេងជាងដើមបណ្ដឹងផ្សេងៗទៀត។ នៅពេលដែលអ្នកពិនិត្យមើលភស្តុតាងទាំងមូល អ្នកនឹងឃើញថា បទល្មើសទាំងនោះមានលក្ខណៈធ្ងន់ធ្ងរ ដែលទាមទារឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិត្រូវតែធ្វើការស៊ើបអង្កេត។
យើងខ្ញុំសូមបញ្ជាក់ថា ពាក្យបណ្ដឹងនេះមិនមែនសំដៅតែលើបទល្មើសនៃការទន្ទ្រានយកដីពលរដ្ឋដោយខុសច្បាប់តែប៉ុណ្ណោះទេ ពាក្យបណ្ដឹងនេះ ក៏បង្ហាញពីរបៀបដែលមន្ត្រីមានអំណាចប្រើប្រាស់ចាត់វិធានការទៅលើពលរដ្ឋដែលប្រឆាំងនឹងការបង្ខំបណ្ដេញចេញ។ វិធានការទាំងនោះរួមមាន៖ ការធ្វើឃាត ការសម្លុត គំរាមកំហែង ការបំភ្លៃបទចោទប្រកាន់ដោយគ្មានការពិត ដើម្បីធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋទាំងឡាយដែលហ៊ានប្រឆាំងនឹងប្រព័ន្ធនៃការរំលោភបំពានពីសំណាក់អ្នកមានអំណាច។ ដូច្នេះ ពាក្យបណ្ដឹងនេះរួមបញ្ចូលទាំងបញ្ហារំលោភបំពានដីធ្លី និងវិធីសាស្ត្រដែលមន្ត្រីមានអំណាចប្រើប្រាស់រំលោភទៅអ្នកដែលហ៊ានចេញមុខប្រឆាំងនឹងមន្ត្រីមានអំណាចទាំងនោះ។ បទល្មើសទាំងនេះ យើងអាចនិយាយបានថា ជាបទល្មើសធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
សំណួរ៖ មន្ត្រីរដ្ឋាភិបាលធ្លាប់លើកឡើងថា បណ្ដឹងនេះជាយុទ្ធនាការនយោបាយប្រឆាំងរបបលោក ហ៊ុន សែន ហើយដើម្បីគាំទ្រគណបក្សប្រឆាំង។ តើលោកយល់យ៉ាងណាដែរ?
ចម្លើយ៖ បាទ! ពាក្យបណ្ដឹងនេះ មិនមែនជាពាក្យបណ្ដឹងប្រឆាំងលោក ហ៊ុន សែន ឡើយ ពីព្រោះយើងមិនបានស្នើឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិស៊ើបអង្កេតទៅលើបុគ្គលលោកជាឯកជននោះទេ។ បើបណ្ដឹងនេះធ្វើឡើងដើម្បីប្រឆាំងនឹងលោក ហ៊ុន សែន យើងនឹងស្នើឲ្យតុលាការស៊ើបអង្កេតលោក ហ៊ុន សែន ហើយ។ ពាក្យបណ្ដឹងនេះធ្វើឡើងដើម្បីជនរងគ្រោះ មិនមែនជាបណ្ដឹងនយោបាយឡើយ។ ការដោះសានេះជាការងាយស្រួលយល់ណាស់ គឺរដ្ឋាភិបាលចង់បង្វែរការចាប់អារម្មណ៍របស់យើងមិនឲ្យចាប់អារម្មណ៍ពីការពិត។ រដ្ឋាភិបាលចង់លាក់ពុត ដោយបង្វែរថា ពាក្យបណ្ដឹងនេះជារឿងនយោបាយ ប៉ុន្តែការពិតមិនមែនដូច្នោះទេ។ ពាក្យបណ្ដឹងនេះជាបញ្ហាផ្លូវច្បាប់ ធ្វើឡើងដើម្បីពលរដ្ឋជាជនរងគ្រោះដែលទទួលការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ។ យើងសង្ឃឹមថា យ៉ាងហោចណាស់រដ្ឋាភិបាលគួរយកចិត្តទុកដាក់ដល់ជនរងគ្រោះបន្តិចបន្តួចដែរ ជាជាងដោះសាថា បញ្ហានេះជារឿងនយោបាយទៅវិញ។
សំណួរ៖ តើលោកមានសង្ឃឹមអ្វីក្រោយពេលលោកដាក់ពាក្យបណ្ដឹងនេះរួចហើយ?
ចម្លើយ៖ អ្វីដែលអាចកើតឡើងក្រោយពាក្យបណ្ដឹងត្រូវបានដាក់ដល់តុលាការអន្តរជាតិរួចមកហើយនោះ គឺវានឹងប្រើប្រាស់រយៈពេលប៉ុន្មានពី ៣ ទៅ ៦ខែ ដើម្បីឲ្យតុលាការពិចារណា ថាតើត្រូវចាប់ផ្ដើមពិនិត្យជាបឋម ឬទេ? ប្រសិនបើតុលាការសម្រេចយល់ព្រមពិនិត្យពាក្យបណ្ដឹងនេះ តុលាការនឹងវិនិច្ឆ័យ រួចស៊ើបអង្កេតបន្ថែមទៀតទៅលើបទចោទទាំងនោះ ម្ដងជាពីរដងទៀត។ ប្រសិនបើតុលាការមានភស្តុតាងគ្រប់គ្រាន់មែននោះ មន្ត្រីតុលាការនឹងស្នើឲ្យចៅក្រមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បើកការស៊ើបអង្កេតជាផ្លូវការ។ ការស៊ើបអង្កេតនេះ អាចកើតឡើងក្នុងរយៈពេលចន្លោះពីមួយឆ្នាំទៅពីរឆ្នាំ។
សំណួរ៖ តើលោកមានភស្តុតាងអ្វីខ្លះក្នុងពាក្យបណ្ដឹងរបស់លោក?
ចម្លើយ៖ ភស្តុតាងដែលយើងបានប្រមូលផ្តុំក្នុងរយៈពេល ១២ឆ្នាំពីអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនៅកម្ពុជា ហើយនិងអង្គការអន្តរជាតិមួយចំនួនទៀត។ អង្គការទាំងនោះបានតាមដានឃ្លាំមើលបញ្ហាក្នុងបទចោទប្រកាន់របស់យើងជាលក្ខណៈលម្អិតក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ។ យើងយោងទៅលើឯកសារទាំងនោះ ហើយនឹងប្រើប្រាស់ភស្តុតាងទាំងនោះដើម្បីធ្វើការដេញដោលស្វែងរកហេតុផលបញ្ជាក់ថា ឧក្រិដ្ឋកម្មទាំងឡាយដែលយើងបានចោទប្រកាន់នេះ គឺស្មើទៅនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ដូចដែលខ្ញុំបានបញ្ជាក់រួចហើយថា អង្គការទាំងនោះដែលយើងបានប្រមូលភស្តុតាងនោះ ជាអង្គការមានអព្យាក្រឹត អង្គការទាំងនោះឯករាជ្យ ហើយមិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ។ យើងមិនបានធ្វើការស៊ើបអង្កេតដោយផ្ទាល់ខ្លួនរបស់យើងឡើយ យើងមិនបានបង្កើតតួលេខដោយខ្លួនឯងទេ យើងប្រើប្រាស់ភស្តុតាង និងឯកសារដែលមានស្រាប់តែប៉ុណ្ណោះ ហើយឯកសារទាំងនោះអាចស្វែងរកបានតាមប្រព័ន្ធអ៊ីនធឺណិត។
សំណួរ៖ ខ្ញុំដឹងថា លោកជាមេធាវីតំណាងឲ្យពលរដ្ឋជាអ្នករងគ្រោះ ប៉ុន្តែខ្ញុំទទួលដំណឹងថា គណបក្សសង្គ្រោះជាតិ ជួលលោកឲ្យដាក់ពាក្យបណ្ដឹងនៅតុលាការ។ តើរឿងនេះពិតឬទេ?
ចម្លើយ៖ គណបក្សសង្គ្រោះជាតិ បានជួយសម្របសម្រួលការស៊ើបអង្កេតរបស់យើង។ គណបក្សនេះដំបូងឡើយស្នើឲ្យសុំស៊ើបអង្កេតករណីសម្លាប់បាតុករកាលពីខែមករា ឆ្នាំ២០១៤។ ប៉ុន្តែក្រោយមកទៀត ជនរងគ្រោះទាំងនោះទៅវិញទេដែលជាអ្នកបានស្នើសុំឲ្យខ្ញុំឲ្យពង្រីកការស៊ើបអង្កេតបន្ថែមទៀត ហើយការស៊ើបអង្កេតនោះ រួមទាំងមានបទល្មើសជាច្រើនបន្ថែមទៀតដែលត្រូវបានដាក់បញ្ចូលក្នុងបណ្ដឹងរបស់យើង។
ដំបូងឡើយ គណបក្សសង្គ្រោះជាតិព្រួយបារម្ភថា មន្ត្រីអាវុធហត្ថនិងប៉ូលិសបាញ់សម្លាប់បាតុករ ហើយគណបក្សនេះបានជួយរៀបចំកិច្ចប្រជុំខ្លះៗ កាលពីខ្ញុំធ្វើការនៅកម្ពុជា។ ក្រៅពីនេះ គណបក្សនេះគ្មានពាក់ព័ន្ធនឹងបណ្ដឹងនេះទេ។ ខ្ញុំដាក់បណ្ដឹងជំនួសមុខឲ្យជនរងគ្រោះ ហើយបណ្ដឹងនេះបញ្ជាក់ច្បាស់ថា មិនបានរៀបចំដោយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើបាបរដ្ឋាភិបាលកម្ពុជាឡើយ។ ខ្ញុំទទួលបានថវិកាខ្លះពីខ្មែររស់នៅបរទេសជាអ្នកដែលព្រួយបារម្ភអំពីបទល្មើសមួយចំនួន ហើយមានបងប្អូនសាច់ញាតិដែលមិនអាចស្វែងរកយុត្តិធម៌ពីតុលាការកម្ពុជា បាន។
សំណួរ៖ តើហេតុអ្វីបានជាលោកមិនដាក់បណ្ដឹងពីបទឧក្រិដ្ឋទាំងនេះនៅកម្ពុជា?
ចម្លើយ៖ វាមិនអាចស្វែងរកយុត្តិធម៌ចំពោះបទឧក្រិដ្ឋកម្មទាំងឡាយដែលយើងបានចោទប្រកាន់នៅកម្ពុជាឡើយ ពីព្រោះអ្នកប្រព្រឹត្តបទល្មើសទាំងនោះសុទ្ធសឹងតែជាមន្ត្រីជាន់ខ្ពស់កម្ពុជា។ ដោយសារតែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានភាពលំអៀង ហើយបម្រើឲ្យតែអ្នកមានអំណាចនៅកម្ពុជា ជនរងគ្រោះនៅកម្ពុជា គ្មានឱកាសទាល់តែសោះក្នុងការស្វែងរកយុត្តិធម៌នៅកម្ពុជា។
សំណួរ៖ តើលោកមានអ្វីបន្ថែមចុងក្រោយទេ?
ចម្លើយ៖ អ្វីដែលខ្ញុំចង់និយាយបន្ថែមនោះ គឺមិនគួរមានមនុស្សណាម្នាក់គួរព្រួយបារម្ភឡើយ លុះត្រាតែពួកគេបានប្រព្រឹត្តបទល្មើស។ ខ្ញុំសង្ឃឹមថា មន្ត្រីរដ្ឋាភិបាលនៅកម្ពុជា នឹងសហការនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប្រសិនបើពួកគាត់ជឿជាក់ថា ពួកគេគ្មានអ្វីដើម្បីលាក់លៀមនោះ ពួកគេត្រូវតែអញ្ជើញមន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិទៅកម្ពុជា ហើយអនុញ្ញាតឲ្យមានការស៊ើបអង្កេត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
