អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​​ឲ្យ​ម្ចាស់​ជំនួយ​​ជំទាស់​សេចក្ដី​ព្រាង​ច្បាប់​តុលាការ

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំ​រុញឱ្យ​ប្រទេស​ម្ចាស់ជំនួយ​ប្រកាស​ជា​សាធារណៈ​ជំទាស់​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​បី ស្តីពី​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​បាន​ដាក់ជូន​រដ្ឋសភា​ពិនិត្យ​ដើម្បី​អនុម័ត។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង​បី​នោះ នឹង​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ក្ដោបក្ដាប់​ប្រព័ន្ធ​តុលាការ​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​សេចក្ដី​ថ្លែងការណ៍​នេះ​នៅ​ឡើយ​ទេ។

​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆលោក ប្រ៊ែដ អាដាម (Brad Adams) នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ រិះគន់​ថា៖ «ជា​រៀងរាល់​ឆ្នាំ រដ្ឋាភិបាល​កម្ពុជា តែង​សន្យា​ជាមួយ​ពលរដ្ឋ​ខ្មែរ និង​ម្ចាស់​ជំនួយ​ថា នឹង​ជំរុញ​ដំណើរ​ការ​បង្កើត​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ប៉ុន្តែ​មិន​បាន​គោរព​ពាក្យ​សន្យា​ទេ​រហូត​មក​ដល់​ពេល​នេះ»

សេចក្ដី​ព្រាង​ច្បាប់​ទាំង​បី រួម​មាន​សេចក្ដី​ព្រាងច្បាប់​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ និង​សេចក្ដី​ព្រាង​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា កំពុង​ស្ថិតក្រោម​ការ​ពិនិត្យ​របស់​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋ​សភា។

រដ្ឋ​សភា​កម្ពុជា​អាច​នឹង​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាំង​បី នៅ​ក្នុង​ខែ​ឧសភា នេះ។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ទាមទារ​ឱ្យ​ពន្យារ​ពេល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាំងបី​នេះ រហូត​ដល់​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ចូលរួម​ផ្ដល់​យោបល់​ជា​សាធារណៈ​ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។