តំណាងពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្នើព្រះមហាក្សត្រកុំឡាយព្រះហស្តលេខាលើសេចក្ដីព្រាងច្បាប់ចំនួន ៣ ពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធតុលាការ។
សេចក្ដីអំពាវនាវនេះគឺស្របពេលនឹងតំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិចំនួនជាង ១០០ស្ថាប័ន បាននាំគ្នាដាក់ញត្តិថ្វាយព្រះមហាក្សត្រស្នើព្រះអង្គមានព្រះតម្រិះលើសេចក្ដីព្រាងច្បាប់ថ្មីនេះដែរ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឯករាជភាពនៃចៅក្រម និងមេធាវីចាត់ទុកសេចក្ដីព្រាងច្បាប់ថ្មីនេះថា ពុំបានធ្វើអោយតុលាការកម្ពុជា មានឯករាជ្យឡើយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា អ្នកស្រី ហ្គាប្រ៊ីឡា ណូល (Gabriela Knaul) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឯករាជភាពនៃចៅក្រមនិងមេធាវីបញ្ជាក់ថា ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ថ្មីទាំង ៣ ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលការណ៍ឯករាជ្យរបស់តុលាការ។ អ្នកស្រីលើកហេតុផលថា ការមិនបានបែងចែកស្ថាប័នឲ្យដាច់ពីគ្នា គឺនាំឲ្យការអនុវត្តតួនាទីរបស់ចៅក្រមនិងព្រះរាជអាជ្ញាមិនអាចដំណើរការប្រកបដោយឯករាជភាព។
អ្នកស្រី ហ្គាប្រ៊ីឡា ណូល បន្តថា សេចក្ដីព្រាងច្បាប់នេះមិនស្របនឹងបទដ្ឋានអន្តរជាតិ និងមិនស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ។
អ្នកសម្របសម្រួលគម្រោងសង្កេតការណ៍សវនការនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឌុច ពិសិដ្ឋ ដែលចូលរួមក្នុងសន្និសីទសារព័ត៌មានដែរនោះមានប្រសាសន៍ថា តាមការវិភាគរបស់អ្នកស្រី ហ្គាប្រ៊ីឡា ណូល ក៏មិនខុសគ្នាពីការរកឃើញរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឡើយ៖ «គឺប៉ះពាល់ទៅដល់គោលការណ៍ឯករាជភាពនៃអង្គតុលាការ ចៅក្រម និងព្រះរាជអាជ្ញាហ្នឹងឯង អ៊ីចឹងគឺយើងបានពិនិត្យមើលទៅលើច្បាប់ហ្នឹងជាក់ស្តែង ហើយទាំងបទដ្ឋានអន្តរជាតិ ដូចដែលអ្នកស្រីបានលើកឡើងហើយក៏ពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញយើងដែរដែលយើងបានវិភាគទៅ»។
ស្របគ្នានេះតំណាងអង្គការមិនមែនរដ្ឋាភិបាលនិងពលរដ្ឋដែលមានជម្លោះដីធ្លីប្រមាណ ១០០នាក់នោះតំណាងអោយអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ សមាគម និងសហជីពចំនួន ១១៨ស្ថាប័ន បានប្រមូលផ្តុំគ្នាខាងមុខព្រះបរមរាជវាំង។ ពួកគេមានបំណងទូលថ្វាយព្រះមហាក្សត្រសុំព្រះអង្គព្រះតម្រិះកុំឡាយព្រះហស្តលេខាលើសេចក្ដីព្រាងច្បាប់ចំនួន ៣ ដែលនឹងត្រូវបញ្ជូនដល់ព្រះបរមរាជវាំងនៅក្នុងរយៈពេលដ៏ខ្លីនោះដែរ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ការដាក់ញត្តិនេះកើតឡើងបន្ទាប់ពីមានការប្រជុំពិភាក្សាក្នុងចំណោមអង្គការជាតិ អន្តរជាតិ សមាគម និងសហជីព បានប្រជុំគ្នារកឃើញថា សេចក្ដីព្រាងច្បាប់ថ្មីទាំងបីពាក់ព័ន្ធនឹងតុលាការមានចំណុចខ្វះខាត នឹងធ្វើអោយតុលាការពុំអាចឋិតនៅឯករាជ្យ។
លោកបន្តថា ប្រសិនបើព្រះមហាក្សត្រព្រះអង្គព្រះហស្តលេខាមែននោះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលនឹងធ្វើយុទ្ធនាការថ្មីមួយទៀត៖ «ពួកគាត់ហ្នឹងប្រមូលស្នាមមេដៃ ឬក៏ញត្តិតាមអនឡាញអីៗហ្នឹង ដើម្បីប្រមូលអោយបានច្រើនដែលអាចធ្វើបានចំនួន ១លាន ឬ ២លានអីហ្នឹង ដើម្បីបដិសេធមិនទទួលស្គាល់នូវច្បាប់ទាំង៣ហ្នឹង»។
ពួកគេក៏បាននាំទៅដាក់នៅស្ថានទូតអូស្ត្រាលី អង់គ្លេស បារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ស៊ុយអែត និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
លោក សៀ ភារម្យ បញ្ជាក់ថា មន្ត្រីព្រះបរមរាជវាំងបានទទួលញត្តិ និងសន្យាថា នាំទៅថ្វាយព្រះមហាក្សត្រ។
សេចក្ដីព្រាងច្បាប់ចំនួន៣ គឺសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវរដ្ឋសភា និងព្រឹទ្ធសភាអនុម័តជាបន្តបន្ទាប់ ដោយពុំមានការចូលរួមពីតំណាងរាស្ត្រ និងព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចតែម្ខាងដោយពុំមានវត្តមានអ្នកតំណាងពីគណបក្សប្រឆាំងឡើយ។ ចំណែកក្រុមប្រឹក្សាធម្មនុញ្ញក៏បានបញ្ចប់ការត្រួតពិនិត្យធម្មនុញ្ញភាពច្បាប់នេះហើយដែរ។ មិនយូរប៉ុន្មានច្បាប់នេះ នឹងបញ្ជូនដល់ព្រះបរមរាជវាំង ដើម្បីថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខា។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការតវ៉ាបែបនេះគ្រាន់ជាសកម្មភាពធ្វើអោយល្អមើល ដោយលោកបញ្ជាក់ថា ប្រសិនបើច្បាប់ទាំងនោះពុំមានធម្មនុញ្ញភាពគឺប្រាកដជាជាប់ត្រឹមក្រុមប្រឹក្សាធម្មនុញ្ញទៅហើយ៖ «គឺក្រុមប្រឹក្សារដ្ឋធម្មនុញ្ញទេដែលជាស្ថាប័នកំពូលក្នុងកិច្ចការងារ គឺពុំមានឯកជនណាម្នាក់ ឬបុគ្គលណាម្នាក់មានតម្លៃផ្លូវច្បាប់ ឬមានអណត្តិក្នុងការខ្ទាស់ ឬរារាំងច្បាប់ដែលឆ្លងកាត់វិនិច្ឆ័យរបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ»។
ពាក់ព័ន្ធនឹងច្បាប់ទាំង៣នេះដែរ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ដែលបានផ្ដល់អនុសាសន៍អោយមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ព្រួយបារម្ភថា ច្បាប់ទាំងបីនេះជាឧបសគ្គដល់ឯករាជភាពរបស់តុលាការ និងគោលការណ៍បែងចែកអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
