ការ​ធានា​យុត្តិធម៌​សម្រាប់​កុមារ​រង​គ្រោះ​និង​សាក្សី

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​នឹង​សិទ្ធិ​កុមារ​រំពឹង​ថា តុលាការ​នៅ​កម្ពុជា នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កិច្ច​ការពារ​សិទ្ធិ​កុមារ​នៅ​ក្នុង​ដំណើរការ​រឿង​ក្ដីក្ដាំ​របស់​កុមារ។ ស្រប​គ្នា​នឹង​ក្ដី​រំពឹង​នេះ សង្គម​ស៊ីវិល​ក៏​បាន​បង្កើត​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ជួយ​សម្រួល​ដល់​កុមារ និង​អ្នក​ពាក់ព័ន្ធ​ដែល​ជួយ​ដំណើរ​ការ​ក្ដី​សម្រាប់​កុមារ។ អាណាព្យាបាល​កុមារ​រងគ្រោះ​ក៏​សាទរ​ចំពោះ​ការ​ផ្ដល់​ចំណេះដឹង និង​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ​នេះ​ដែរ។

ជា​ស្ត្រី​បម្រើ​ការ​នៅ​តាម​ផ្ទះ​ជន​បរទេស និង​នៅ​តាម​បណ្ដា​ហាង​ស្រា​បារាំង​នានា លោកស្រី ស៊ីនួន ដែល​ជា​ឈ្មោះ​អ្នក​យក​ព័ត៌មាន​ដាក់​អោយ រំលឹក​ថា ការ​យល់​ដឹង​ពី​ដំណើរការ​សវនាការ និង​ជំនួយ​ផ្លូវ​ច្បាប់​នានា បាន​ជួយ​ច្រើន​ដល់​រូប​លោកស្រី​ដែល​ប្រឹងប្រែង​តស៊ូ​ក្ដី​ក្នុង​សំណុំ​រឿង​រំលោភ​បំពាន​លើ​កូន​ប្រុស​របស់​លោកស្រី។

លោកស្រី ស៊ីនួន រំលឹក​ថា មាន​មនុស្ស​មួយ​ចំនួន​ចំអក​អោយ​លោកស្រី នៅ​ពេល​ដែល​លោកស្រី​សម្រេច​ប្ដឹង​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​កូន​ប្រុស​ដោយ​ចៅហ្វាយ​របស់​លោកស្រី​ជា​ជនបរទេស នៅ​ពេល​ដែល​លោកស្រី​ពុំ​សូវ​មាន​ចំណេះដឹង និង​ពុំ​មាន​ប្រាក់កាស៖ «មាន​អង្គការ​គិត​ទៅ​សំខាន់​ដែរ ធម្មតា​បើ​សិន​ជា​យើង​ដើរ​ក្ដី​ដើរ​អី យើង​អស់​លុយ​ច្រើន​ណាស់ មេធាវី​មួយៗ​គេ​យក​រាប់ពាន់ (ដុល្លារ) ហើយ​ចំពោះ​ខ្ញុំ​អត់​មាន​លុយ​រាប់ពាន់​ទៅ​ទេ។ ពេល​ដែល​ដំបូង​បង្អស់​បន្ទាប់​ពី​ប្ដឹង​ហើយ​មាន​ជីដូន​ក្មេង​ម្នាក់​ផ្សេង​ទៀត​គាត់​ថា ខំ​ទៅ​តស៊ូ​អី​ជាមួយ​គេ​បរទេស​មាន​លុយ​ប៉ុន្មាន? សម្រាប់​ទៅ​រក​មេធាវី​រក​អី? មុន​ដំបូង​ខ្ញុំ​ចង់​ដក​ពាក្យ​ដែរ​ហ្នឹង​តែ​ថា ជ្រុល​ធ្វើ​ហើយ​បន្ត​ទៀត​កុំ​អោយ​បរទេស​មើល​ងាយ​ខ្មែរ​យើង»

កូន​ប្រុស​របស់​លោកស្រី ស៊ីនួន ត្រូវ​បុរស​វ័យ​ចំណាស់​ជា​ជន​បរទេស​រំលោភ​បំពាន​ផ្លូវ​ភេទ​តាំង​ពី​រូប​គេ​មាន​វ័យ ៩​ឆ្នាំ។ កាល​ណោះ​ក្រៅ​តែ​ពី​រឿង​ពិបាក​ក្នុង​ការ​តស៊ូ​ក្ដី លោកស្រី​នៅ​មិន​ច្បាស់​លាស់​ក្នុង​ចិត្ត​ផង​ថា អាច​មាន​ករណី​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ក្មេង​ប្រុស​សោះឡើយ៖ «ធ្លាប់​ឮ​តែ​រឿង​ក្មេង​ស្រី​អ៊ីចឹង​ទៅ​ណា​ខ្ញុំ​ប្រយ័ត្ន​ទៅ​ណា​ខ្ញុំ​យក​ទៅ​តាម​ខ្ញុំ​ខ្លាច។ ខ្មែរ​យើង​អី​ហ្នឹង ខ្ញុំ​អត់​ដែល​ឮ​ទេ រឿង​ក្មេង​ប្រុស មាន​តែ​ក្មេង​ស្រី​ទេ ដែល​ធ្លាប់​គេ​រំលោភបំពាន»

លោកស្រី ស៊ីនួន រំលឹក​ទៀត​ថា សំណុំ​រឿង​កូន​ប្រុស​លោកស្រី បាន​អូស​បន្លាយ​ពេល​ជិត​មួយ​ឆ្នាំ​​ទើប​បញ្ចប់។ ក្នុង​រយៈពេល​នេះ​អ្នក​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ និង​មេធាវី​របស់​អង្គការ​សង្គម​ស៊ីវិល​បាន​ជួយ​ច្រើន​ទាំង​សោហ៊ុយ​ធ្វើ​ដំណើរ​ការ​អប់រំ និង​ការ​លើក​ទឹក​ចិត្ត៖ «ជា​ពិសេស​នៅ​ពេល​ឡើង​តុលាការ​​មាន​ក្មេង​អ៊ីចឹង​គាត់​ប្រាប់​ថា ក្មេង​ត្រូវ​ដាក់​មាន​របាំង មាន​អី​កុំ​អោយ​ជនល្មើស​ឃើញ​ ឬ​ជួប​ជន​ល្មើស។ បើ​ជួប បើ​ឃើញ​កុំ​អោយ (កុមារ) ភ័យ​​​កុំ​អី។ គាត់​យក​​ជា​រូប​មាន​តុលាការ​មាន​កាត់​ក្ដី​កាត់​អី​អោយ​កុមារ​មើល ហើយ​ប្រាប់​ថា កុមារ​ត្រូវ​នៅ​កន្លែង​ណា​អ៊ីចឹង និង​ជួយ​កុំ​អោយ​ក្មេង​ភ័យ»

ឆ្លុះ​បញ្ចាំង​ករណី​នេះ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ដំណើរការ​ក្ដី​ដែល​មាន​កុមារ​ជា​ជនរងគ្រោះ និង​ជា​សាក្សី​អាច​នឹង​ទទួល​បាន​យុត្តិធម៌​កាន់​តែ​ច្រើន​នៅ​ពេល​ដែល​ប្រព័ន្ធ​តុលាការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ច្រើន​ថែម​ទៀត​ទៅ​លើ​សិទ្ធិ​របស់​កុមារ និង​តម្រូវការ​របស់​កុមារ ជា​ពិសេស​គឺ​ការ​អប់រំ និង​លើក​ទឹក​ចិត្ត​កុមារ។

មន្ត្រី​ផ្នែក​ច្បាប់ និង​ការពារ​អតិថិជន នៃ​អង្គការ​ហាកា (HAGA) កញ្ញា ជុន សុធារី ថ្លែង​ថា ដំណើរការ​រឿង​ក្ដី​កុមារ​ដែល​ជា​ជន​រងគ្រោះ និង​កុមារ​ជា​សាក្សី​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​មិន​ខុស​ពី​រឿង​ក្ដី​ផ្សេងៗ​ទៀត​ទេ ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​ណែនាំ​ផ្នែក​ច្បាប់​ទៅ​ដល់​កុមារ និង​ក្រុម​គ្រួសារ៖ «ការ​ឆ្លើយ​របស់​កុមារ​នៅ​ក្នុង​សវនាការ​គឺ​មាន​លក្ខណៈ​ពិបាក។ គាត់​ភ័យ គាត់​អត់​អាច​ឆ្លើយ​សំណួរ​បាន​ល្អ គាត់​បារម្ភ។ អ៊ីចឹង​ខាង​អង្គការ​មាន​អ្នក​ប្រឹក្សា​យោបល់ ដើម្បី​ជួយ​គាត់​រឿង​ហ្នឹង។ យើង​ពន្យល់​គាត់​ថា តើ​គាត់​គួរ​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​សវានាការ។ យើង​ធ្វើ​ការ​ជាមួយ​ឪពុក​ម្ដាយ​គាត់​ដើម្បី​អោយ​លើក​ទឹក​ចិត្ត​កុមារ​នាំ​ សវនាការ​ទៅ​សវនាការ»

អង្គការ​ហាកា ដែល​សហការ​ជាមួយ​មូលនិធិ​អង្គការ​សហប្រជាជាតិ ដើម្បី​កុមារ​ហៅ​កាត់​ថា យូនីសេហ្វ (UNICEF) បាន​បង្កើត​សៀវភៅ​មួយ​ចំនួន​ជា​គោលការណ៍​ណែនាំ​ទៅ​ដល់​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង។

កញ្ញា ជុន សុធារី បន្ត​ថា សម្ភារៈ​ទាំង​នោះ​ត្រូវ​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​កាល​ពី​ដើម​ខែ​សីហា អង្គការ​ហាកា នឹង​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដើម្បី​អោយ​មាន​ការ​ប្រើ​ប្រាស់​សម្ភារៈ​នេះ​បាន​ទូលំទូលាយ៖ «យើង​មាន​ឯកសារ​សម្រាប់​មេធាវី សម្រាប់​អ្នកប្រឹក្សា​យោបល់ អ៊ីចឹង​គាត់​អាច​មើល​អា​ហ្នឹង​បាន​មុន​នឹង​គាត់​នាំ​ក្មេង​ទៅ​សវនាការ។ ធម្មតា​នៅ​ពេល​ដែល​ក្មេង​ទៅ​សវនាការ​គាត់​មាន​ភាព​ភ័យ​ខ្លាច គាត់​មិន​ដឹង​ថា តើ​អ្នក​ណា​គេ​ខ្លះ​មាន​នៅ​ក្នុង​សវនាការ​​​ ហើយ​ហៅ​គាត់​ដើម្បី​ធ្វើ​អ្វី? នៅ​ពេល​ចូល​ទៅ​ដល់​សវនាការ តើ​គាត់​គួរតែ​ធ្វើ​អ្វី​ខ្លះ? ហើយ​នេះ​គឺ​ជា​សៀវភៅ​របស់​ឪពុក​ម្ដាយ​ដើម្បី​អោយ​គាត់​ដឹង​ថា នៅ​ក្នុង​សវនាការ​គាត់​ត្រូវ​ធ្វើ​អ្វី​ខ្លះ អាច​ជួយ​កូន​បាន​ប៉ុណ្ណា? ហើយ​សៀវភៅ​តូចមួយ​នេះ​គឺ​សម្រាប់​ចែក​អោយ​ក្មេង អោយ​ក្មេង​គាត់​ដឹង​ថា តើ​អ្នក​ណា​ខ្លះ​នៅ​ក្នុង​វសនាការ និង​សៀវភៅ​មួយ​ទៀត​គឺ​បូណា ទៅ​តុលាការ។ យើង​អាច​អោយ​សៀវភៅ​ហ្នឹង​ទៅ​កុមារ​ដើម្បី​អោយ​គាត់​គូរ ហើយ​មើល​រូបភាព»

អង្គការ​ហាកា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​ចំនួន​រួច​ហើយ​នៅ​ក្នុង​ខេត្ត​សៀមរាប បាត់ដំបង និង​នៅ​រាជធានី​ភ្នំពេញ។ វគ្គ​បណ្ដុះបណ្ដាល​ទាំង​នោះ​ផ្ដល់​ទៅ​អោយ​អ្នក​ធ្វើ​ការងារ​សង្គម​កិច្ច អ្នក​ផ្ដល់​ប្រឹក្សា​ផ្នែក​ច្បាប់ និង​ក្រុម​មេធាវី។

មេធាវី​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ លោក អ៊ុន ច័ន្ទថុល មាន​ប្រសាសន៍​ថា គោលការណ៍​ណែនាំ​ដែល​បង្កើត​ដោយ​អង្គការ​ហាកា បាន​ជួយ​ច្រើន​ទៅ​ដល់​ដំណើរ​រក​យុត្តិធម៌​សម្រាប់​កុមារ​រងគ្រោះ៖ «ប្រសិន ​បើ​កុមារ​​ទាំង​ឡាយ​​ដែល​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់ ហើយ​ទទួល​បានសេវា​មេធាវី​ពី​អង្គការ​គឺ​បាន​ន័យ​ថា មេធាវី​គាត់​យល់​ពី​របៀបរបប​ធ្វើ​ការ​ជាមួយ​ក្មេង គេ​យល់​អំពី​ចរិត​លក្ខណៈ​របស់​កុមារ ហើយ​គេ​អាច​ប្រឹក្សា​យោបល់​​ទៅ​តាម​ជំហាន​នីមួយៗ​ហ្នឹង​​បាន​យ៉ាង​ល្អ ដោយ​ពុំ​មាន​ភ័យ​ខ្លាច​​ នៅ​ពេល​កុមារ​ប្រឈម​នឹង​ការ​សួរ​យក​ចម្លើយ​​ និង​ការ​ឆ្លើយ​បំភ្លឺ​របស់​គាត់​នៅ​គ្រប់​ដំណាក់​កាល​ហ្នឹង គឺ​បាន​ល្អ ដោយសារ​គាត់​យល់​បាន​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​សួរ​គាត់ ហើយ​គេ​ចង់​បាន​ចម្លើយ​គាត់​ដើម្បី​អី?»

លោក​មេធាវី អ៊ុន ច័ន្ទថុល ពន្យល់​ទៀត​ថា ការ​រៀបចំ​បន្ទប់​សវនាការ​របៀប​កុមារ​មេត្រី​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​កុមារ នៅ​ពេល​ដែល​ពួក​គេ​ឋិត​ក្នុង​ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​ប្រឈម​មុខ​នឹង​ជន​ល្មើស ឬ​ចំពោះ​មុខ​មនុស្ស​ប្លែក​មុខ​ជា​ច្រើន​ទៀត​នៅ​ក្នុង​សវនាការ។

បើ​តាម​លោក​មេធាវី​មាន​តុលាការ​មួយ​ចំនួន​បាន​ទទួល​សម្ភារៈ​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​បង្កើត​អោយ​មាន​បន្ទប់​សវនាការ​សម្រាប់​រឿង​ក្ដី​ទាក់ទង​នឹង​កុមារ ដែល​ហៅ​ថា បន្ទប់​សវនាការ​កុមារ​មេត្រី។ លោក​សង្ឃឹម​ថា នៅ​តាម​តុលាការ​នានា នឹង​មាន​បន្ទប់​កុមារ​មេត្រី ដែល​នឹង​ជួយ​សម្រួល​ដល់​ផ្លូវ​ចិត្ត​កុមារ​នេះ​បន្ថែម​ទៀត៖ «អ៊ីចឹង​បន្ទប់​ហ្នឹង​គេ​ មាន​គូរ​រូប ឬ​មាន​តាំង​តុក្កតា​​ គេ​មាន​ទឹក​អោយ​គាត់​ញ៉ាំ មាន​កៅអី​អោយ​គាត់​អង្គុយ មាន​ម៉ាស៊ីន​ត្រជាក់ មាន​ទូរទស្សន៍​ ឬ​ស្រ្គីន (Screen) មួយ ដែល​គេ​ដាក់​អោយ​គាត់​មើល​សម្រាប់​ឆ្លើយ​ផ្ដល់​សក្ខីកម្ម​​ទៅ​សវនាការ​ ជាដើម។ បន្ទប់​ហ្នឹង​ហើយ​ជា​គំរូ (Model) មួយ​សម្រាប់​ក្រសួង​យុត្តិធម៌ ដែល​គាត់​មាន​គម្រោង​ហើយ​ហ្នឹង​ត្រូវ​តែ​ធ្វើ​បែប​ហ្នឹង​ទៅ ដើម្បី​អោយ​វា​មាន​ប្រសិទ្ធភាព​ដល់​កុមារ។ ប្រសិន​បើ​តុលាការ​មួយ​ចំនួន​គាត់​អត់​​​​​​​មាន​បន្ទប់​វីដេអូ​លីង ឬ​ទូរទស្សន៍​ហ្នឹង​បង្ហាញ​ទៅ​សវនាការ​​ទេ គាត់​អាច​ប្រើប្រាស់​របាំង​ ព្រោះ​ក្រសួង​យុត្តិធម៌ បាន​អោយ​តុលាការ​នីមួយៗ​ត្រូវ​តែ​មាន​របាំង​ដើម្បី​ដាក់​បាំង​ទៅ​ជា​ឡប់ឡែ ហើយ​រហូត​ដល់​គាត់​អត់​មាន​របាំង​គាត់​អាច​មាន​វិធីសាស្រ្ត​ផ្សេង​ទៀត»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា តុលាការ​តែង​យក​ចិត្ត​ទុកដាក់​ករណី​នេះ។ លោក​ថា តុលាការ​ប្រើប្រាស់​មធ្យោបាយ​សម្រួល​ដល់​កុមារ​នេះ​ទៅ​តាម​ករណី​នីមួយៗ៖ «កន្លង ​មក​គឺ​យើង​រៀបចំ​តាម​ករណី​ពិសេសៗ​សម្រាប់​​​ភាគី​ពាក់ព័ន្ធ​នីមួយៗ អាច​ជា​អនីតិជន ឬ​មួយ​ក៏​ជា​ស្ត្រី យើង​មាន​ករណី​ដោយ​ឡែក។ ប៉ុន្តែ​បើ​សួរ​ថា យើង​មាន​ចំនួន​ប៉ុន្មាន គឺ​អត់​មាន​តួលេខ​ទេ»

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ចេញ​កាល​ពី​​ខែ​មករា ឆ្នាំ​២០១៥ ដោយ​អង្គការ​ហាកា និង​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ​បង្ហាញ​ថា ​ភាគច្រើន​នៃ​កុមារ​រងគ្រោះ​តែង​ភ័យខ្លាច​នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់​នៃ​ដំណើរការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ពួកគេ។ របាយការណ៍​ដដែល​រក​ឃើញ​ទៀត​ថា បន្ទប់​កុមារ​មេត្រី​មិន​ត្រូវ​បាន​រៀបចំ​សម្រាប់​កុមារ​ឡើយ កុមារ​ក៏​ពុំ​បាន​ត្រៀម​ខ្លួន​ត្រឹមត្រូវ​ក្នុង​ពេល​ចូល​សវនាការ ហើយ​ពុំ​មាន​អ្នក​ណា​ពន្យល់ ឬ​ក៏​ណែនាំ​ពី​អ្វី​ដែល​កើត​ឡើង​បន្ទាប់​ពី​សវនាការ​ឡើយ។ កត្តា​ទាំង​នោះ​រុញ​ច្រាន​ពួកគេ​អោយ​ភ័យ​ខ្លាច​ដោយ​រងគ្រោះ​ជា​ថ្មី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។