ក្រសួងយុត្តិធម៌កោះប្រជុំប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់ ពាក់ព័ន្ធនឹងការឃុំខ្លួនបណ្ដោះអាសន្ន ក្នុងសំណុំរឿងទំនាស់ដីធ្លី ដែលគ្រោងធ្វើនៅថ្ងៃទី១៨ មីនា។
ការកោះប្រជុំនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ឲ្យតុលាការខេត្តកំពង់ស្ពឺ ដោះលែងស្ត្រី២នាក់កាលពីយប់ថ្ងៃទី១៤ មីនា បន្ទាប់ពីចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ លោក តូង ពុទ្ធារ៉ា បានសម្រេចឃុំខ្លួនពួកគេ ដោយចោទប្រកាន់ថាបានរំលោភលើសេចក្ដីសម្រេចរបស់តុលាការកាលពីថ្ងៃទី១១ មីនា។
លោក ហ៊ុន សែន ចាត់ទុកការឃុំខ្លួនស្ត្រី២នាក់នោះ ថា ជារឿងគួរឲ្យខកចិត្តខ្លាំងណាស់ និងស្នើដល់ក្រសួងយុត្តិធម៌ពិនិត្យករណីនេះបន្ទាន់ផងដែរ។
លិខិតរបស់ក្រសួងយុត្តិធម៌ចុះថ្ងៃទី១៥ មីនា បញ្ជាក់ថា កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅទីស្ដីការក្រសួងយុត្តិធម៌ និងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងនេះ គឺលោក អង្ស វង្សវឌ្ឍនា។ ក្រសួងយុត្តិធម៌ក៏ណែនាំឲ្យប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់ ប្រមូលទិន្នន័យ និងរាយការណ៍ពីការឃុំខ្លួនពលរដ្ឋបណ្ដោះអាសន្ន ក្នុងសំណុំរឿងទំនាស់ដីធ្លីនៅពេលជួបប្រជុំនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។