សាលាដំបូងខេត្តកំពង់ឆ្នាំង នឹងបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់អ្នកកាសែតមាគ៌ាកម្ពុជា ឡើងវិញ។ ការលើកសំណុំរឿងមកជម្រះឡើងវិញនេះ គឺបន្ទាប់ពីគ្រួសារទណ្ឌិតម្នាក់ក្នុងចំណោម ៦នាក់ ប្ដឹងទាស់សេចក្ដីសម្រេចរបស់តុលាការផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ១៣ឆ្នាំ និងពិន័យជាប្រាក់ ៥លានរៀល ពីបទមនុស្សឃាតលើអ្នកកាសែតកាលពីដើមឆ្នាំ២០១៤។
ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក សាន សុផាត ឲ្យដឹងនៅថ្ងៃទី៤ ខែមករា ថា អង្គជំនុំជម្រះនឹងបើកសវនាការជម្រះរឿងនេះនៅម៉ោង ៨កន្លះព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤។ លោកថា កន្លងមកចៅក្រមបានប្រកាសសាលក្រមផ្ដន្ទាទោសកំបាំងមុខលើទណ្ឌិតទាំង ៦នាក់ ដូច្នោះនៅពេលមានទណ្ឌិតម្នាក់ក្នុងចំណោមនោះ ប្ដឹងទាស់សាលក្រមកំបាំងមុខតាមនីតិវិធីត្រូវរើមកជម្រះឡើងវិញ។
កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ ក្រុមជនល្មើសមានគ្នាប្រហែល ១០នាក់ ព្រួតគ្នាវាយសម្លាប់លោក សួន ចាន់ អ្នកកាសែតមាគ៌ាកម្ពុជា នៅតាមផ្លូវក្បែរផ្ទះរបស់លោក ឋិតនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី។ នៅក្នុងហេតុការណ៍នោះ មានសាច់ញាតិរបស់លោកចំនួនពីរនាក់ទៀត គឺឈ្មោះ គូ អ៊ិន និងឈ្មោះ សួន ឌីម ក៏ត្រូវជនល្មើសវាយឲ្យរងរបួសធ្ងន់ដែរ នៅពេលចូលទៅជួយលោក សួន ចាន់។ ក្រោយមកចៅក្រមបានចោទនិងផ្ដន្ទាទោសជនល្មើសជាបុរសចំនួន ៦នាក់ គឺមានឈ្មោះ យីម ណាក់ យីម នុន យីម នីក សាំង សេងអៀង រ៉ុម រ៉ា និងម្នាក់ទៀតឈ្មោះ យ៉ង ភាឡេង។
នៅមុនថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលជាថ្ងៃប្រកាសសាលក្រមលើសំណុំរឿងនេះ ខាងអាជ្ញាធរប៉ូលិសចាប់បានជនល្មើសម្នាក់ឈ្មោះ យ៉ង ភាឡេង មកដាក់ពន្ធនាគារខេត្តកំពង់ឆ្នាំង ប៉ុន្តែនៅពេលប្រកាសសាលក្រមលោកចៅក្រមមិនបានឲ្យមន្ត្រីពន្ធនាគារនាំយកជនល្មើសដែលចាប់បានមកស្ដាប់សាលក្រមផ្ដន្ទាទោសខ្លួនទេ ខណៈជនល្មើសចំនួន ៥នាក់ទៀត បានរត់គេចខ្លួនរហូតបច្ចុប្បន្ន។
វិទ្យុអាស៊ីសេរីមិនអាចស្វែងរកប្រភពទាក់ទងក្រុមគ្រួសារទណ្ឌិតឈ្មោះ យ៉ង ភាឡេង ដែលប្ដឹងទាស់នឹងសាលក្រមកំបាំងមុខនេះដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី៤ ខែមករា ខណៈមេធាវីការពារក្ដីឲ្យគ្រួសារជនរងគ្រោះលោក ឡុង លន់ ទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ ប៉ុន្តែភរិយារបស់អតីតអ្នកកាសែតមាគ៌ាកម្ពុជា លោក សួន ចាន់ ទទួលបានដីកាចូលរួមសវនាការនេះដែរ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថា តាមលោកដឹងខាងមេធាវីជនរងគ្រោះមិនទាន់ទទួលបានដីកាណាមួយពីចៅក្រមដើម្បីចូលរួមសវនាការនេះនៅឡើយទេ។ លោកបន្តថា តុលាការគប្បីមិនតក់ក្រហល់ ហើយចេញដីកាកោះអញ្ជើញមេធាវីការពារសិទ្ធិឲ្យក្រុមគ្រួសារជនរងគ្រោះដើម្បីចូលរួមក្នុងសវនាការ៖ «គ្រួសារជនរងមានមេធាវីរបស់គាត់ហើយ! បើតុលាការធ្វើតាមអំពើចិត្តបែបហ្នឹងមានតែនីតិវិធីឆ្នាំ១៩៨០ អាហ្នឹងតុលាការអាចតម្រូវឲ្យមានមេធាវី ឬមិនមានមេធាវីអាហ្នឹងរឿងរបស់គេ។ ក៏ប៉ុន្ដែក្នុងក្រមនីតិវិធីថ្មីនេះ គឺបើជនរងគ្រោះ ឬជនជាប់ចោទមានមេធាវីត្រូវអញ្ជើញមេធាវីរបស់គេ»។
អាជ្ញាធរប៉ូលិសមូលដ្ឋានបញ្ជាក់ថា រហូតមកដល់ពេលនេះប៉ូលិសមិនទាន់មានពន្លឺច្បាស់លាស់នៃទីតាំងលាក់ខ្លួនរបស់ជនល្មើសនៅឡើយ ប៉ុន្តែប៉ូលិសកំពុងធ្វើការងារនេះ ហើយត្រូវការប្រាក់មួយចំនួនដើម្បីប្រតិបត្តិការបន្ត។ ចំណែកក្រុមគ្រួសាររបស់លោក សួន ចាន់ កំពុងបារម្ភអំពីសុវត្ថិភាព និងការធ្វើទុក្ខបុកម្នេញពីជនល្មើសបន្តទៀត ខណៈប៉ូលិសមិនទាន់ចាប់ជនល្មើសទាំងនោះបានអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
