តុលាការ​ខេត្ត​កំពង់ឆ្នាំង​សម្រេច​ឲ្យ​អ្នក​កាសែត​៥​នាក់​រួច​ពី​បទ​ចោទ​កំហែង​យក

0:00 / 0:00

ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ប្រកាស​សាលក្រម​សម្រេច​ឲ្យ​អ្នក​កាសែត​ចំនួន ៥​នាក់​រួច​ខ្លួន​ពី​បទ​ចោទ​កំហែង​យក នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ និង​អ្នក​កាសែត​ដែល​ត្រូវ​តុលាការ​ចោទ​នោះ បាន​សាទរ​ចំពោះ​សាលក្រម ហើយ​ពុំ​មាន​គម្រោង​ប្ដឹង​សាទុក្ខ​ជុំវិញ​ករណី​នេះ​ឡើយ។

ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក សុទ្ធ សំអោក ប្រកាស​សាលក្រម​នៅ​ចំពោះ​មុខ​ភ្នាក់ងារ​កាសែត​ដើម​អម្ពិល​ម្នាក់ និង​កំបាំង​មុខ​អ្នក​យក​ព័ត៌មាន​ចំនួន ៤​នាក់​ផ្សេង​ទៀត។

សាលក្រម បាន​លើក​សំអាង​ហេតុ​ថា ចម្លើយ​ដែល​ផ្ដល់​ដោយ​សាក្សី​ដាក់​បន្ទុក​ចំនួន ៣​នាក់ គឺ​ពុំ​មាន​ភាព​ច្បាស់​លាស់ ស្ថិត​នៅ​ក្នុង​វិមតិ​សង្ស័យ ដែល​មិន​អាច​ដាក់​ឲ្យ​ជន​ជាប់​ចោទ​ទាំង ៥​នាក់ ឲ្យ​ទទួល​ខុស​ត្រូវ​លើ​បទល្មើស​ព្រហ្មទណ្ឌ​បាន​ឡើយ។ ភាគី​ជន​រងគ្រោះ ឬ​សាក្សី​ឆ្លើយ​ដាក់​បន្ទុក​លើ​អ្នក​កាសែត គឺ​មាន​ទី​១​ឈ្មោះ ទិត្យ ស្រឿ ទី​២​ឈ្មោះ អោ ម៉ៅ និង​ទី​៣​ឈ្មោះ ពៅ ម៉ុន។

អតីត​ព្រះរាជ​អាជ្ញា​ខេត្ត​កំពង់ឆ្នាំង បាន​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ ដោយ​ដាក់​ឲ្យ​អ្នក​ដឹក​ឈើ ឬ​ជន​រងគ្រោះ​ធ្វើ​ជា​សាក្សី​វិញ។ លោក ពេញ វិបុល ដែល​កាល​ណោះ​នៅ​ជា​ព្រះរាជ​អាជ្ញា បាន​ចោទ​អ្នក​កាសែត​ចំនួន ៦​នាក់ ជុំវិញ​រឿង​កំហែង​យក​ប្រាក់​ចំនួន ៦០០​ដុល្លារ​ពី​អ្នក​បរ​រទេះ​ក្របី​ដឹក​ឈើ ប្រព្រឹត្ត​នៅ​ភូមិ​តានៃ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ បច្ចុប្បន្ន​នៅ​ក្នុង​ចំណោម​អ្នក​កាសែត​ទាំង ៦​នាក់​នោះ មាន​ម្នាក់​ឈ្មោះ ជា ខេន បាន​ស្លាប់​ដោយសារ​ជំងឺ​ក្រោយ​ពី​ទទួល​បាន​ដីកា​កោះ​ហៅ​ទៅ​ចូលរួម​ជំនុំ​ជម្រះ​រឿង​ក្ដី​ពី​តុលាការ។

មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ទាំង ៥​នាក់ លោក ឈឹមច័ន្ទ សត្យានន្ទ ថ្លែង​សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​ចៅក្រម​នា​ពេល​នេះ ដោយ​លោក​មាន​ជំនឿ​ថា កូន​ក្ដី​របស់​លោក​នឹង​ត្រូវ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ តាំង​ពី​សវនាការ​សួរ​ដេញ​ដោល​មក​ម្ល៉េះ ពីព្រោះ​គ្រប់​ភស្តុតាង​ដាក់​បន្ទុក​លើ​កូន​ក្ដី​របស់​លោក គឺ​មាន​ភាព​ស្រពេចស្រពិល​ទាំងអស់៖ «ថ្ងៃ​នេះ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​ផ្ដល់​នូវ​ភាព​យុត្តិធម៌​ជូន​កូន​ក្ដី​របស់​ខ្ញុំ​បាទ​ទាំង ៦​នាក់។ អ៊ីចឹង​ការ​ចោទ​ប្រកាន់​កន្លង​មក មិន​មែន​ជា​ការ​ពិត​ទេ ដូច​លោក​ចៅក្រម​ជំនុំ​ជម្រះ​គាត់​បាន​អាន​ខ្លឹមសារ នៃ​សាលក្រម​អំបាញ់មិញ​អ៊ីចឹង ភស្តុតាង​ទាំង​ឡាយ​ដែល​ដាក់​បន្ទុក គឺ​ស្ថិត​នៅ​លើ​វិមតិ​សង្ស័យ ហើយ​ចំណុច​វិមតិ​សង្ស័យ​នេះ ដូច​ខ្ញុំ​បាន​លើក​ឡើង​រួច​មក​ហើយ តាំង​ពី​សវនាការ​ដេញ​ដោល»

ភ្នាក់ងារ​កាសែត​ដើម​អម្ពិល លោក ចាន់ ធី ថ្លែង​កោត​សរសើរ​ចំពោះ​តុលាការ ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​ខ្លួន និង​ករណី​មួយ​ចំនួន​ទៀត បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្ដូរ​ចៅក្រម ឬ​ព្រះរាជ​អាជ្ញា​អាណត្តិ​ថ្មី​នេះ។ លោក​ពុំ​មាន​គម្រោង​ប្ដឹង​សាទុក្ខ​លើ​ករណី​នេះ​ឡើយ ប៉ុន្តែ​លោក​ថា​នៅ​តែ​បន្ត​សកម្មភាព​យក​ព័ត៌មាន​ដូច​ដើម ត្បិត​លោក​ចាត់​ទុក​ការ​ចោទ​ប្រកាន់​កន្លង​មក​នេះ គឺ​ជា​ការ​គំរាម​កំហែង​ដល់​រូប​លោក និង​អ្នក​កាសែត​ដទៃ​ទៀត៖ «ក្នុង​រឿង​ក្ដី​នោះ គឺ​ថា​ពួក​ខ្ញុំ​អត់​បាន​មនោសញ្ចេតនា​ជាមួយ​ជន​រងគ្រោះ​ទេ គឺ​ប្រមាញ់​ព័ត៌មាន​យក​មក​ចុះ​ផ្សាយ​តែ​ម្ដង ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មន្ត្រី​នៅ​ក្នុង​តុលាការ ជាពិសេស​លោក​អតីត​ព្រះរាជ​អាជ្ញា ពេញ វិបុល ពី​មុន​មក​ហ្នឹង​ឃើញ​ថា គាត់​មាន​ការ​ខឹង​សម្បា​ប្ដឹង​មក​លើ​ពួក​យើង​ខ្ញុំ​តែ​ម្ដង»

អ្នក​យក​ព័ត៌មាន​ទាំង ៥​នាក់ គឺ​ជា​ភ្នាក់ងារ​សារព័ត៌មាន​ចំនួន ៥​ស្ថាប័ន គឺ​មាន​កាសែត​ដើម​អម្ពិល ទូរទស្សន៍​អប្សរា កាសែត​នគរវត្ត កាសែត​ប្រជាធិបតេយ្យ និង​កាសែត​ថ្ងៃ​នេះ។ អ្នក​ទាំង ៥​នាក់ អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​ពី​ពីរ​ឆ្នាំ ដល់​ប្រាំ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​តាម​មាត្រា​៣៦៣ នៃ​ក្រម​ព្រហ្មទណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។