ក្រឡាបញ្ជីនៃសាលាដំបូងខេត្តកណ្ដាល ឲ្យដឹងនៅថ្ងៃទី១៦ ធ្នូ ថា តុលាការសម្រេចឃុំជនសង្ស័យទាំង ៥នាក់ ដោយផ្អែកទៅលើវត្ថុតាងដែលអាជ្ញាធរប៉ូលិសរកឃើញនៅផ្ទះរបស់ជនសង្ស័យ បន្ទាប់ពីតុលាការបានសាកសួរជនសង្ស័យរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ធ្នូ មក។
លោក សំ សុខខេង ក្រឡាបញ្ជីសាលាដំបូងខេត្តកណ្ដាល មានប្រសាសន៍បន្តថា ក្នុងការសាកសួររបស់មន្ត្រីតុលាការចំនួន ២ថ្ងៃនោះ ដោយពុំមានការប្រកែកពីជនសង្ស័យលើវត្ថុតាងដែលខ្លួនបានគ្រប់គ្រងនោះឡើយ។ លោកបន្តថា ការឃុំខ្លួនជនសង្ស័យគ្រាន់តែជាការឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេតឲ្យបានជាក់ច្បាស់ទៅលើជនសង្ស័យ មុនពេលតុលាការសម្រេចបើកសវនាការជំនុំជម្រះក្ដីប៉ុណ្ណោះ៖ «គាត់ទទួលយកតើ គាត់អត់មានថាអី យើងប្រាប់គាត់តាមតុលាការថាអាការគេចោទបែបនេះហើយ។ តែគាត់ក៏អត់មាត់អត់កអីដែរ នេះតាមចម្លើយរបស់គាត់»។
មន្ត្រីតុលាការខេត្តកណ្ដាល បង្ហាញថា ជនសង្ស័យទាំង ៥នាក់ ដែលបានឃុំខ្លួនបណ្ដោះអាសន្ននោះ រួមមាន លោក កាន់ សុភ័ក្ត្រ លោក កា សាក លោក ផា សុខែម លោក ចោម ថៃ និងលោក សៀង សារិន។ បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់នោះ ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាល។
តុលាការឃុំខ្លួនជនសង្ស័យទាំង ៥នាក់ ពាក់ព័ន្ធការបាត់វត្ថុមានតម្លៃក្នុងព្រះសក្យមុនីចេតិយ។ ព្រះសក្យមុនីចេតិយ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានចោរលួចគាស់យកសម្ភារៈមានតម្លៃនៅទីនោះ កាលពីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូ។ ក្នុងព្រះសក្យមុនីចេតិយ នេះ មានតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធធ្វើពីមាស សំរឹទ្ធ និងលង្ហិន ដែលមានតម្លៃរាប់ពាន់ដុល្លារ។ ហើយក្នុងបរិវេណនេះ មានមន្ត្រីឆ្មាំយាមជាច្រើននាក់ ត្រូវគេដាក់ពង្រាយដើម្បីការពារសន្តិសុខ និងសុវត្ថិភាព។ ប៉ុន្តែ គេនៅពុំទាន់អាចរកមូលហេតុពិតនៃការបាត់បង់វត្ថុមានតម្លៃ ដែលមាននៅក្នុងព្រះសក្យមុនីចេតិយនោះ ដោយសារអ្វីនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
