តុលាការ​ចេញ​ដីកា​ហាម​លោក កឹម សុខា ចេញ​ក្រៅ​ស្រុក

ដោយ ប្រាជ្ញ ចេវ
2016-07-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Brach Chev

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​មួយ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ហាម​លោក កឹម សុខា មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ ភ្លាមៗ​នេះ​ដែរ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ  បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​តប​វិញ ដោយ​ចោទ​ប្រកាន់​ថា ដីកា​ដែល​កំណត់​ឲ្យ​លោក កឹម សុខា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​តំណាងរាស្ត្រ និង​ជា​ការ​រំលោភ​ម្ដង​ហើយ​ម្ដង​ទៀត​លើ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។

នេះ​ជា​ការ​ព្រមាន​ម្ដង​ទៀត​របស់​តុលាការ​ក្រុង​ភ្នំពេញ មក​លើ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ហាម​មិន​លោក កឹម សុខា ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​ដែល​ក្រុម​សមត្ថកិច្ច​យក​ទៅ​បិទ​នៅ​មុខ​ផ្ទះ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថាន់ ឡេង ព្រមាន​ថា ប្រសិនបើ​លោក កឹម សុខា គេចវេះ​ដោយ​ចេតនា​ពី​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​នេះ ចៅក្រម​សម្រេច​ឲ្យ​ឃុំ​ខ្លួន​លោក កឹម សុខា បណ្ដោះអាសន្ន​តាម​មាត្រា​២៣០ នៃ​ក្រ​នីតិវិធី​ព្រហ្មទណ្ឌ។

ចំណែក​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ប្រាប់​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ជា​ថ្មី​ម្ដង​ទៀត​ថា មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​ថា តំណាងរាស្ត្រ​រូប​ណា​ក៏ដោយ​មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​ដោយ​មិន​បាន​លើក​អភ័យឯកសិទ្ធិ​នោះ​ឡើយ។ ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ចោទ​ប្រកាន់​ថា ដីកា​របស់​តុលាការ​នៅ​ពេល​នេះ គឺ​ជា​រឿង​នយោបាយ។

ទោះ​យ៉ាង​ណា​ក្តី អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា តុលាការ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាម​វិធាន​នីតិវិធី និង​មាន​មូលដ្ឋាន​គតិយុត្តិ​គ្រប់គ្រាន់​នៅ​ក្នុង​ចំណាត់​ការ​រឿង​ក្តី និង​ការ​សម្រេច​ដាក់​លោក កឹម សុខា ជាប់​កាតព្វកិច្ច​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា លោក កឹម សុខា ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់​ពី​លោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំនួន ២​លើក​ក្នុង​សំណុំរឿង​សញ្ចារកម្ម ពាក់ព័ន្ធ​នឹង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

ដីកា​សម្រេច​ឲ្យ​លោក កឹម សុខា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ថាន់ ឡេង បាន​ហៅ​លោក កឹម សុខា ថា ជា​ជន​ត្រូវ​ចោទ។

ចៅក្រម​ដដែល​បញ្ជា​ឲ្យ​កងកម្លាំង​សាធារណៈ​អនុវត្ត​ខ្លឹមសារ​នៃ​ដីកា​សម្រេច​នេះ និង​ត្រូវ​រាយការណ៍​មក​ចៅក្រម​ក្នុង​ករណី​លោក កឹម សុខា ចាកចេញ​ក្រៅ​ដែនដី​នៃ​ប្រទេស​កម្ពុជា។

គិត​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​ប៉ុនប៉ង​ចាប់​ខ្លួន ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ​តែងតែ​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អនាមិក

" លោក ថាន់ ឡេង បាន​ហៅ​លោក កឹម សុខា ថា ជា​ជន​ត្រូវ​ចោទ។"

លោកថាន់ ឡេង ខ្វាក់ម្ខាង៕បើមិនខ្វាក់ម្ខាង នោះលោកថាន់​ឡេងប្រាកដជាមើលឃើញ លោកកឹម សុខា ជាអ្នកតំណាងរាស្ត្រមានអភ័យឯកសឹទ្ធអាស្រ័យរដ្ឋធម្មនុញ្ញនៃព្រះឬាជាណាចក្រកម្ពុជា មុននឹងមើលឃើញលោកកឹម សុខាជាជនត្រូវចោទ។

Jul 15, 2016 10:14 AM

អនាមិក

ពី ចំការមន ភ្នំពេញ

អំណាចតុលាការ ដាច់ខាត ត្រូវនៅក្រោមរដ្ឋធម្មនុញ្ញ។ ចំណាត់ការតុលាការបច្ចុប្បន្ន ទៅលើអ្នកតំណាងរាស្ត្រកឹម សុខា ធ្វើឡើងទាំងរំលោភរដ្ឋធម្មនុញ្ញ។

Jul 15, 2016 10:05 AM

អ្នក​អាន​អនាមិក

Well, well a monkey court got smacked his head after decided to close the case of Kim Sokha, now came up with another idea of arresting after killed Kem Ley. The monkey court in Phnom Penh should protect Kim Sokha from life threatening.

Jul 15, 2016 02:16 AM

អ្នកស្រុកជាយដែន

ខ្ញុំធ្លាប់តែដឹងថា ការដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ, ការសម្រេចឃុំខ្លួនបណ្តោះអាសន្ន, ការសម្រេច​មិន​​ឃុំខ្លួន ទាំងបីចំណុចនេះគឺជាជម្រើសដែលចៅក្រមស៊ើបសួរប្រើ​ក្រោយពេលដែលជនត្រូវ​ចោទបានចូលមកបង្ហាញខ្លួន និងឆ្លើយបំភ្លឺ​នៅចំពោះមុខចៅក្រម​ស៊ើបសួរជាមុនសិន។
វាដូចជាចម្លែកដែរ បើលោកកឹម សុខា មិនទាន់​បានចូលបង្ហាញខ្លួន​និងស្តាប់ការបំភ្លឺរបស់គាត់ផង ម៉េចក៏ប្រើជម្រើសបែបនេះ។
បើគាត់មិនចូល​ខ្លួនតាមសម្រួល ក្រមនីតិវិធីព្រហ្មទណ្ឌគេអនុញ្ញាត​ឱ្យ​ចៅក្រមស៊ើបសួរមានសិទ្ធិ​ចេញដីកាបង្គាប់ឱ្យនាំខ្លួនដែរតើ។
សុទ្ធតែអ្នកច្បាប់ ចេះតែបកស្រាយ​តែរបៀបហ្នឹង រាស្រ្តខ្មែរវិលខួរអស់​ហើយ!!!

Jul 14, 2016 09:10 PM

អ្នក​អាន​អនាមិក

Cambodia court use this letter like Chinese movie to post a note on the wall not sent to a house of receiver.Do Cambodia have a post office ?

Jul 14, 2016 02:01 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល