លោក កឹម សុខា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នករងគ្រោះដោយការបង្ក្រាបរបស់អាជ្ញាធររដ្ឋាភិបាល គិតចាប់ពីឆ្នាំ២០០២ មក ដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីឲ្យតុលាការអន្តរជាតិមួយនេះ ជួយរកយុត្តិធម៌ជូន។
ការអំពាវនាវរបស់ លោក កឹម សុខា នេះ ធ្វើឡើងនៅក្នុងពិធីជួបជុំអ្នកគាំទ្ររបស់ខ្លួនជាង ១ពាន់នាក់ នៅស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ នៅពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤។ លោក កឹម សុខា អះអាងថា កម្ពុជា បានចូលជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ឆ្នាំ២០០០ មក។ ដូច្នេះ រាល់ការប្រព្រឹត្តអំពើហិង្សាដោយការបាញ់សម្លាប់នេះ ប្រជាពលរដ្ឋមានសិទ្ធិប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
ការអំពាវនាវឲ្យប្រជាពលរដ្ឋរងគ្រោះ ដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ នៅខណៈដែលគណបក្សសង្គ្រោះជាតិ រៀបចំមេធាវីអន្តរជាតិ ធ្វើការស៊ើបអង្កេតលើករណីបង្ក្រាបទៅលើកម្មកររបស់អាជ្ញាធររដ្ឋាភិបាល ដែលបាញ់កម្មករ និងប្រជាពលរដ្ឋស្លាប់ ៥នាក់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ និងដើម្បីរៀបចំឲ្យគ្រួសារជនរងគ្រោះ ដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ បើសិនជាក្នុងករណីដែលមេធាវីអន្តរជាតិរកឃើញថា ករណីនេះអាចប្ដឹងទៅតុលាការនេះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
