អ្នកឃ្លាំមើលសង្គម និងនយោបាយ គឺលោក គឹម សុខ កំពុងប្រឈមនឹងការប្ដឹងផ្ដល់ពីគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងទស្សនៈរបស់លោកអំពីឃាតកម្មលើលោក កែម ឡី។ មេធាវីតំណាងឲ្យគណបក្សប្រជាជនកម្ពុជា ហៅសម្ដីលោក គឹម សុខ ថាជាការចោទប្រកាន់បក្សកាន់អំណាច។
មេធាវីតំណាងឲ្យគណបក្សប្រជាជនកម្ពុជា លោក គី តិច មានប្រសាសន៍នៅរសៀលថ្ងៃទី១២ កុម្ភៈ ថា ការប្ដឹងលោក គឹម សុខ គឺសំអាងលើប្រសាសន៍របស់លោកដែលចោទថា គណបក្សប្រជាជនកម្ពុជា ប្រើយុទ្ធសាស្ត្រចុងក្រោយសម្លាប់លោក កែម ឡី៖ « ដើមហេតុនៃការប្ដឹង គឺដូចខ្ញុំជម្រាបអម្បាញ់មិញអ៊ីចឹង ពាក់ព័ន្ធនឹងការនិយាយដែលមានចេតនា ចោទថា គណបក្សកាន់អំណាចនេះ គឺប្រើវិធីសម្លាប់ កែម ឡី ចុងក្រោយ។ នេះជាមូលហេតុនៃការប្ដឹង »។
អ្នកឃ្លាំមើលសង្គម និងនយោបាយ លោក គឹម សុខ ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១១ កុម្ភៈ រំឭកពីព្រឹត្តិការណ៍ពីការតវ៉ារបស់ប្រជាពលរដ្ឋ ការបង្ក្រាប ការបាញ់សម្លាប់ ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៣៖ « បានន័យថា គឺគេប្រើគ្រប់រូបភាពអស់ហើយក្រោយការបោះឆ្នោតឆ្នាំ២០១៣ មានការតវ៉ារបស់ប្រជាពលរដ្ឋ ហើយមានការបង្ក្រាប ទាំងបាញ់សម្លាប់ទៅទៀត។ ក្រោយមកនៅតែតវ៉ា តវ៉ាហើយគេប្រើរូបភាពផ្ដាច់ការ ដូចជាយន្តហោះ ហោះលើអគារគណបក្សសង្គ្រោះជាតិ ចេញមកពីរូបភាពហ្នឹង។ មានរឿងផ្សេងៗដូចជា ការចាប់ដៃលោក សម រង្ស៊ី លោក កឹម សុខា រូបភាពអស់ហ្នឹង គឺថាដើម្បីជារូបភាពមួយក្នុងល្បិចកលផ្ដាច់ការ ដើម្បីកម្ទេចគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែធ្វើបែបអស់ហ្នឹងហើយ សម្លាប់ហើយអីហើយហ្នឹង ទាំងចុងក្រោយ សម្លាប់លោក កែម ឡី ទៀត សម្លាប់ហើយអីហើយ ពលរដ្ឋនៅតែងើប។ ដូច្នេះនៅតែវិធីចុងក្រោយមួយទេ គឺវិធីប្រើច្បាប់ គឺថាប្រើប្រព័ន្ធច្បាប់ ដើម្បីសម្លាប់សកម្មភាពនយោបាយប្រជាធិបតេយ្យជាប្រព័ន្ធតែម្ដង។ បានន័យថាកម្ទេច »។
នៅរសៀលថ្ងៃដដែល លោក គឹម សុខ ឆ្លើយតបនឹងរឿងប្ដឹងផ្ដល់នេះថា មានរឿងជាច្រើនដែលលោកបាននិយាយ ចាប់តាំងពីការប្លន់អំណាច ការលក់ជាតិ ការបែកបាក់ផ្ទៃក្នុង ជាដើម។ លោកបន្តថា រឿងសម្លាប់លោក កែម ឡី លោកប្រើពាក្យថា គេ ហើយរដ្ឋាភិបាលគួរស៊ើបអង្កេតរកគេនោះជានរណា?៖ « សម្ដេចនាយករដ្ឋមន្ត្រីមិនគួរខ្លួនមកជាប់ពាក់ព័ន្ធនឹងពាក្យថា គេហ្នឹង ថាជាគាត់ទេ ចំណុចសំខាន់។ ក៏ប៉ុន្តែប្រសិនបើគាត់ពិតជាប្ដឹងផ្ដល់ខ្ញុំមែនទៅតុលាការ ហើយការអធិប្បាយរបស់ខ្ញុំពិតជាជាប់នៅក្នុងលក្ខខណ្ឌច្បាប់ត្រឹមត្រូវមែន ( ខ្ញុំមិននិយាយពីច្បាប់បំភ្លៃបន្លំទេ។ ខ្ញុំព្រមទទួលខុសត្រូវនូវអ្វីដែលខ្ញុំបានអត្ថាធិប្បាយ »។
លោកថា រឿងនេះមកពីលោកនិយាយចំៗ ហើយលោកនឹងនៅតតាំងរឿងក្ដីនេះ តែលោកសុំឲ្យរដ្ឋាភិបាលបញ្ចេញវីដេអូពីការសម្លាប់នោះ៖ « ម៉េចនឹងអាចបញ្ជាក់ថាការនិយាយរបស់ខ្ញុំហ្នឹងខុសបាន ? បើមិនអាចបញ្ជាក់និយាយរបស់ខ្ញុំហ្នឹងខុសបាន ប្រសិនបើអង្គចងចាំនោះបញ្ជាក់ថា វាមិនពាក់ព័ន្ធទៅដល់កិត្តិយសអ្នកដឹកនាំទេ វាមិនមែនជារឿងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ពីព្រោះខ្ញុំប្រើពាក្យថា គេ។ ដូច្នេះហើយ ខ្ញុំបញ្ជាក់ដោយខ្លីថា ខ្ញុំនៅទទួលខុសត្រូវចំពោះមុខច្បាប់ មិនរត់ទៅណាទេ។ ទទួលខុសត្រូវការអធិប្បាយរបស់ខ្ញុំ ក៏ប៉ុន្តែសុំសំណូមពរឲ្យរដ្ឋាភិបាលឆ្លើយក្នុងខ្ញុំជាពលរដ្ឋម្នាក់ឲ្យខ្ញុំស្ងប់ចិត្តផងថា ប្រសិនជាខ្ញុំពិតជាមានទោសមែន អ្នកដែលនៅពីក្រោយការសម្លាប់លោកបណ្ឌិត កែម ឡី ឬសម្លាប់លោកបណ្ឌិត កែម ឡី ផ្ទាល់នោះ មិនមែនគេ ដែលខ្ញុំចង់និយាយទេ ជាអ្នកផ្សេង។ ដូច្នេះ បង្ហាញអង្គចងចាំហ្នឹងមក »។
ទាក់ទងនឹងប្រសាសន៍របស់លោក គឹម សុខ ដែលនាំឲ្យមានបណ្ដឹងនេះ ត្រូវបានអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ គឺលោក សូ ចន្ថា យល់ឃើញថា គ្រាន់តែជាការបញ្ចេញមតិរបស់លោក គឹម សុខ ប៉ុណ្ណោះ៖ « ដោយសារតែការស្លាប់របស់សកម្មជនព្រៃឈើ សកម្មជនសិទ្ធិមនុស្ស ហើយអ្នកផ្សេងៗទៀតហ្នឹង គឺក្នុងដំណាក់កាលនៃការកាន់អំណាចរបស់បក្សកាន់អំណាច គឺបក្សប្រជាជនកម្ពុជា។ ដូច្នេះហើយទស្សនៈដែលបានលើកឡើង ខ្ញុំគិតថាជាការបញ្ចេញមតិមួយដែលយើងមើលទៅវាជាការលើកឡើង ហើយអាចជាការបង្ហាញថា បក្សកាន់អំណាចជាអ្នកទទួលខុសត្រូវនៅក្នុងពេលនេះ »។
លោក សូ ចន្ថា មានអនុសាសន៍ថា គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចនៅពេលនេះ គួរតែបើកទូលាយសម្រាប់អ្នកវិភាគ ដើម្បីមានឱកាសបញ្ចេញមតិយោបល់ក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យ។ លោកថា ការថ្លែងខុស គួរតែមានការសុំឲ្យកែតម្រូវ មុននឹងប្ដឹង។
ទោះជាយ៉ាងណា មេធាវីតំណាងឲ្យគណបក្សប្រជាជនកម្ពុជា លោក គី តិច មានប្រសាសន៍ថា លោកនៅមិនទាន់អាចបញ្ជាក់បានទេថា ពាក្យបណ្ដឹងប្រឆាំងលោក គឹម សុខ នឹងត្រូវដាក់នៅម៉ោងប៉ុន្មានពិតប្រាកដទេនៅថ្ងៃទី១៣ កុម្ភៈ ដោយសារតែលោកកំពុងរៀបចំបណ្ដឹងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
