ព្រះមហាក្សត្រគ្រោងលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតក្នុងពន្ធនាគារទូទាំងប្រទេស ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ ការលើកលែងទោសនេះ ត្រូវបានសង្គមស៊ីវិលស្វាគមន៍ ហើយអំពាវនាវឲ្យអ្នកគ្រប់គ្រងពន្ធនាគារធ្វើការជ្រើសរើសដោយភាពយុត្តិធម៌ និងអព្យាក្រឹត្យកុំមានអំពើពុករលួយ។
អ្នកគ្រប់គ្រងពន្ធនាគារមួយចំនួនបានដាក់លិខិតស្នើទៅក្រសួងយុត្តិធម៌ ឲ្យពិចារណាចំពោះការស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេស នៅគ្រាដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានលើកលែងទោសក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ។
ប្រធានពន្ធនាគារខេត្តកំពង់ចាម លោក គៀ សុវណ្ណា មានប្រសាសន៍នៅថ្ងៃទី៩ ខែមេសា ថា ចំពោះពន្ធនាគារលោកបានស្នើសុំការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ១០៧នាក់។ លោកថា អ្នកទោសដែលបានលើកឈ្មោះដាក់សំណើនោះ គឺមានប្រភេទទោសចម្រុះ ឲ្យតែអ្នកទោសនោះមានគុណសម្បត្តិ និងកែប្រែខ្លួននៅក្នុងពន្ធនាគារ ហើយអនុវត្តទោសបានពាក់កណ្ដាលនៃទោស និង២ភាគ៣នៃទោស៖ «ខ្ញុំស្នើរួម ១០៧នាក់ គណៈកម្មការកណ្ដាលគេសម្រេចបាន ១០១នាក់ ដល់ថ្នាក់ជាតិមិនដឹងបានប៉ុន្មាន អាហ្នឹងអាស្រ័យទៅនឹងគណៈកម្មការថ្នាក់ជាតិ ចាប់ពី១ភាគ៣នៃទោស ពាក់កណ្ដាលទោស ហើយនិង២ភាគ៣នៃទោសសុំលើកលែងទោសបាន»។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក គុយ ប៊ុនសន មានប្រសាសន៍ថា មានអ្នកទោសរាប់រយនាក់ដែលត្រូវបានអង្គភាពពន្ធនាគារដាក់ស្នើសុំលើកលែងទោស ប៉ុន្តែគឺត្រូវរង់ចាំការសម្រេចពីគណៈកម្មការរាជធានីខេត្ត និងឆ្លងគណៈកម្មការជាតិ ធ្វើការវាយតម្លៃមុន និងថ្វាយសំណើនេះបន្តទៅព្រះមហាក្សត្រ រួចនឹងមានព្រះរាជក្រឹត្យពីព្រះមហាក្សត្រនូវចំនួនលើកលែងទោសចុងក្រោយ៖ «មែនទែនទៅ ការងារហ្នឹងយើងប្រជុំក្នុងគណៈកម្មការថ្នាក់ជាតិ ដែលមានឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ លោកជាប្រធានដឹកនាំ បានដំណើរការរួចរាល់ហើយ ប៉ុន្តែចំនួនយ៉ាងណានោះ កម្រិត និងការជាក់ស្ដែង ទៅតាមការអនុម័តចុងក្រោយបន្ថែមទៀតនូវចំនួនពិតប្រាកដដែលយើងខ្ញុំមិនទាន់ទទួលបានជាក់លាក់នៅឡើយទេ»។
ការលើកលែង និងបន្ធូរបន្ថយទោសនេះ មិនទាន់ឃើញព្រះរាជក្រឹត្យពីព្រះមហាក្សត្រថាមានចំនួនប៉ុន្មានពិតប្រាកដនៅឡើយទេ។ ប៉ុន្តែ ប្រធានខុទ្ទកាល័យក្រសួងយុត្តិធម៌ លោក សម ប្រជាមានិត បានប្រាប់សារព័ត៌មានក្នុងស្រុកថា មានទណ្ឌិតប្រមាណ ៦០០នាក់ នឹងត្រូវគេលើកលែងទោស និងបន្ធូរបន្ថយទោសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នាថ្ងៃទី១៤ មេសា ខាងមុខនេះ។ ក្នុងនោះ លើកលែង និងបន្ធូរបន្ថយទោសចំនួន ១២ខែ ដល់ទណ្ឌិត ១១៦នាក់ បន្ធូរបន្ថយ ៩ខែ ដល់ទណ្ឌិតចំនួន ១១១នាក់ និងបន្ធូរបន្ថយទោស ៦ខែ ដល់ទណ្ឌិតចំនួន ២៥៨នាក់។
គណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតមាន លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានសម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត។
ទាក់ទងបញ្ហានេះ ប្រធានផ្នែកបច្ចេកទេសនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានមតិថា លោកសុំឲ្យការជ្រើសរើសអ្នកទោសដែលត្រូវបន្ថយទោស និងលើកលែងនោះ បានឆ្លងកាត់ការសិក្សាវាយតម្លៃប្រកបដោយភាពយុត្តិធម៌ អព្យាក្រឹត្យ មិនប្រកាន់និន្នាការនយោបាយ និងជៀសឲ្យបាននូវអំពើពុករលួយ៖ «អ្នកទោសខ្លះគាត់ថាគាត់បានកែប្រែអត្តចរិត ហើយគាត់ជាប់យូរគ្រប់លក្ខខណ្ឌក្នុងការទទួលលើកលែង ប៉ុន្តែគាត់គ្មានលុយគ្មានកាក់ ត្រូវមិនបានទទួលការបន្ធូរបន្ថយ។ អង្គការសង្គមស៊ីវិលយើងបានទទូចហើយថា សុំឲ្យមានគណៈកម្មការឯករាជ្យមួយ ដើម្បីធ្វើការវាយតម្លៃ ពីព្រោះថា អ្នកមើលឃើញច្បាស់ គឺប្រធានពន្ធនាគារ ឬអនុរក្សពន្ធនាគារផ្ទាល់ ប៉ុន្តែទន្ទឹមនឹងហ្នឹង គឺយើងត្រូវមានគណៈកម្មការឯករាជ្យមួយ ធ្វើការវាយតម្លៃមុននឹងធ្វើការសម្រេច»។
ការលើកលែងទោស និងបន្ធូរបន្ថយទោសនេះ គេតែងឃើញព្រះមហាក្សត្រទ្រង់តែងព្រះរាជទានលើកលែងនៅរាល់មានពិធីបុណ្យធំៗម្ដងៗ យ៉ាងហោចធ្វើឡើង៣ដងក្នុង១ឆ្នាំ គឺនៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូក ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
