ពលរដ្ឋ​ប្រមាណ​៥០​នាក់​នៅ​ខេត្ត​កោះកុង​បន្ត​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​៣​នាក់

ដោយ ខែ សុណង
2015-08-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​ប្រមាណ ៥០​នាក់​មក​ពី​ស្រុក​ចំនួន​៥ នៃ​ខេត្ត​កោះកុង តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សមាជិក​ចលនា​មាតា​ធម្មជាតិ ៣​នាក់ នៅ​ថ្ងៃ​ទី​២២ សីហា ឆ្នាំ​២០១៥។
ពលរដ្ឋ​ប្រមាណ ៥០​នាក់​មក​ពី​ស្រុក​ចំនួន​៥ នៃ​ខេត្ត​កោះកុង តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សមាជិក​ចលនា​មាតា​ធម្មជាតិ ៣​នាក់ នៅ​ថ្ងៃ​ទី​២២ សីហា ឆ្នាំ​២០១៥។
Photo provided

ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ មក​ពី​ស្រុក​ចំនួន​៥ នៃ​ខេត្ត​កោះកុង បន្ត​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា​នៅ​ពី​មុខ​សាលាដំបូង​ខេត្ត ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សមាជិក​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ ដែល​តុលាការ​ចាប់​ដាក់​ពន្ធនាគារ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា តុលាការ​បាន​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ ដោយ​ចោទ​ពី​បទ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ខូចខាត ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​ក្នុង​គ្រា​ដែល​ពួកគេ​ធ្វើ​សកម្មភាព​ប្រឆាំង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន។

ពលរដ្ឋ​មក​ពី​ភូមិ​កោះ​ស្រឡៅ ស្រុក​កោះកុង អ្នកស្រី ឯក សុផល បាន​ថ្លែង​ថា ពលរដ្ឋ​ដែល​តវ៉ា​នឹង​មិន​រំសាយ​ការ​ប្រមូល​ផ្ដុំ​ទេ បើ​តុលាការ​មិន​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន ៣​នាក់ ឲ្យ​មាន​សេរីភាព និង​មិន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នោះ៖ «ខ្ញុំ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ទាំង​៣​ឲ្យ​ខ្ញុំ។ ព្រោះ​តែ​ខ្ញុំ​គ្រប់​គ្នា​គាត់​បែកបាក់​គ្រួសារ បែកបាក់​ម៉ែ​ឪ ទៅ​នៅ​ក្នុង​ពន្ធនាគារ ព្រោះ​តែ​ជាតិ។ ខ្ញុំ​ត្រូវ​តែ​មក​ទាមទារ​រក​យុត្តិធម៌ តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​សកម្មជន​ទាំង​៣​មក​វិញ»

អ្នក​ភូមិ​ទាំង​នោះ​មក​ពី​ស្រុក​បុទុមសាគរ ស្រុក​គីរីសាគរ ស្រុក​កោះកុង ស្រុក​ថ្មបាំង និង​ស្រុក​ស្រែអំបិល។

ពួកគាត់​មិន​បារម្ភ​ឡើយ បើ​ទោះ​ជា​អាជ្ញាធរ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ចំនួន ៥​ចំណុច ដល់​ពួកគាត់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ មុខ​សាលាដំបូង​ខេត្ត​នេះ។ ខ្លឹមសារ ៥​ចំណុច ក្នុង​លិខិត​នោះ បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​ធ្វើ​សកម្មភាព​ឲ្យ​ស្រប​តាម​ច្បាប់។ រាល់​ការ​ដើរ​ហែ​ក្បួន ឬ​ប្រមូល​ផ្តុំ​ណា​មួយ​ត្រូវ​ធ្វើ​លិខិត​សុំ​ការ​អនុញ្ញាត​ច្បាប់​ពី​អាជ្ញាធរ​ជាមុន​យ៉ាង​តិច ២​ថ្ងៃ។ ហាម​ការ​ចង​តង់​ដាំបាយ ឬ​ធ្វើ​ម្ហូប​អាហារ​ផ្សេងៗ នៅ​ទីកន្លែង​ស្នាក់​នៅ។ ត្រូវ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​​ទីលាន​បាល់ទាត់​ខេត្ត​ទៅ​តាម​ការ​កំណត់​របស់​អាជ្ញាធរ និង​ត្រូវ​រំសាយ​ការ​ប្រមូល​ផ្តុំ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ជយោ!កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋខេត្តកោះកុង
សូមសរសើរដល់ទឹកចិត្តក្លាហាននៃប្រជាពលរដ្ឋស្រុកកោះកុង ស្រុកថ្មបាំង និងស្រុកស្រែអំបិល
ដែលបានមកចូលរួមធ្វើបាតុកម្មប្រឆាំងនឹងអំពើអយុ
ត្តិធម៌ជាមួយនិងប្រជាពលរដ្ឋ​​នៃស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ។ សូមគាំទ្រជានិច្ចនូវសកម្មភាព
ដ៏ត្រឹមត្រូវរបស់បងប្អូនដែលប្រាកដជាបានជោគជ័យ
ពេលខាងមុខនេះ ៕

Aug 22, 2015 09:22 PM

គេហទំព័រ​ទាំងមូល