ប្រជាពលរដ្ឋប្រមាណ ៥០នាក់ មកពីស្រុកចំនួន៥ នៃខេត្តកោះកុង បន្តប្រមូលផ្តុំគ្នាលើកបដាតវ៉ានៅពីមុខសាលាដំបូងខេត្ត ដើម្បីទាមទារឲ្យដោះលែងសមាជិកចលនាមាតាធម្មជាតិចំនួន ៣នាក់ ដែលតុលាការចាប់ដាក់ពន្ធនាគារ។
កាលពីថ្ងៃទី១៧ ខែសីហា តុលាការបានចាប់ខ្លួនសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ៣នាក់ ដោយចោទពីបទគំរាមកំហែង និងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ជាអ្វីមួយក្នុងគ្រាដែលពួកគេធ្វើសកម្មភាពប្រឆាំងការបូមខ្សាច់របស់ក្រុមហ៊ុន។
ពលរដ្ឋមកពីភូមិកោះស្រឡៅ ស្រុកកោះកុង អ្នកស្រី ឯក សុផល បានថ្លែងថា ពលរដ្ឋដែលតវ៉ានឹងមិនរំសាយការប្រមូលផ្ដុំទេ បើតុលាការមិនដោះលែងសកម្មជនការពារបរិស្ថាន ៣នាក់ ឲ្យមានសេរីភាព និងមិនទម្លាក់ចោលការចោទប្រកាន់នោះ៖ «ខ្ញុំទាមទារឲ្យតុលាការដោះលែងសកម្មជនទាំង៣ឲ្យខ្ញុំ។ ព្រោះតែខ្ញុំគ្រប់គ្នាគាត់បែកបាក់គ្រួសារ បែកបាក់ម៉ែឪ ទៅនៅក្នុងពន្ធនាគារ ព្រោះតែជាតិ។ ខ្ញុំត្រូវតែមកទាមទាររកយុត្តិធម៌ តុលាការផ្ដល់យុត្តិធម៌ដល់សកម្មជនទាំង៣មកវិញ»។
អ្នកភូមិទាំងនោះមកពីស្រុកបុទុមសាគរ ស្រុកគីរីសាគរ ស្រុកកោះកុង ស្រុកថ្មបាំង និងស្រុកស្រែអំបិល។
ពួកគាត់មិនបារម្ភឡើយ បើទោះជាអាជ្ញាធរបានចេញសេចក្ដីជូនដំណឹងចំនួន ៥ចំណុច ដល់ពួកគាត់ដែលបានប្រមូលផ្តុំគ្នានៅលើចិញ្ចើមផ្លូវសាធារណៈ មុខសាលាដំបូងខេត្តនេះ។ ខ្លឹមសារ ៥ចំណុច ក្នុងលិខិតនោះ បានតម្រូវឲ្យពលរដ្ឋធ្វើសកម្មភាពឲ្យស្របតាមច្បាប់។ រាល់ការដើរហែក្បួន ឬប្រមូលផ្តុំណាមួយត្រូវធ្វើលិខិតសុំការអនុញ្ញាតច្បាប់ពីអាជ្ញាធរជាមុនយ៉ាងតិច ២ថ្ងៃ។ ហាមការចងតង់ដាំបាយ ឬធ្វើម្ហូបអាហារផ្សេងៗ នៅទីកន្លែងស្នាក់នៅ។ ត្រូវប្រមូលផ្តុំគ្នានៅក្នុងទីលានបាល់ទាត់ខេត្តទៅតាមការកំណត់របស់អាជ្ញាធរ និងត្រូវរំសាយការប្រមូលផ្តុំចាប់ពីថ្ងៃជូនដំណឹងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
