សាលាដំបូងខេត្តក្រចេះ បើកការសាកសួរបុរសជនជាតិវៀតណាម ៣នាក់ ក្រោមការចោទប្រកាន់ពីបទដឹកឈើខុសច្បាប់លើទឹកដីប្រទេសកម្ពុជា នៅថ្ងៃទី៥ ឧសភា។
ពេញមួយថ្ងៃនៃការសាកសួរនេះ ក្រោយការចោទប្រកាន់របស់ព្រះរាជអាជ្ញាអមសាលាដំបូង ចៅក្រមស៊ើបសួរ លោក រស់ សាម៉ីឌី បន្តសាកសួរពួកគេ។ ការសម្រេចបញ្ជូនជនជាតិវៀតណាម មកតុលាការនេះ ក្រោយពីសមត្ថកិច្ចរកឃើញថា ពួកគេដឹកជញ្ជូនឈើប្រណីតខុសច្បាប់។
មិនទាន់មានបញ្ជាក់ថា តុលាការចោទប្រកាន់ជនជាតិវៀតណាម ទាំងនោះពីបទអ្វីនៅឡើយទេ។ ការបញ្ជូនខ្លួនបុរសជនជាតិវៀតណាម នេះ មានការការពារយ៉ាងប្រុងប្រយ័ត្នពីសំណាក់សមត្ថកិច្ចចម្រុះជាច្រើននាក់ នៅក្នុងបរិវេណសាលាដំបូងខេត្តក្រចេះ។
វិទ្យុអាស៊ីសេរី មិនទាន់មានការបញ្ជាក់បន្ថែមនៅឡើយទេពីព្រះរាជអាជ្ញាអមសាលាដំបូង លោក ធុច បញ្ចៈសន្តិភាព និងចៅក្រមស៊ើបសួរ លោក រស់ សាម៉ីឌី ដែលជាអ្នកកាន់សំណុំរឿងនេះ នៅថ្ងៃទី៥ ឧសភា។
កាលពីថ្ងៃទី២ ខែឧសភា សមត្ថកិច្ចចម្រុះចាប់ឡានដឹកឈើប្រណីតប្រភេទសុក្រំ មួយគ្រឿងមានជនជាតិវៀតណាម ៣នាក់ជាអ្នកបើកបរ នៅក្នុងទឹកដីខេត្តក្រចេះ ស្រុកស្នួល ដែលបម្រុងដឹកចេញទៅប្រទេសវៀតណាម។ ប៉ុន្តែពលរដ្ឋដែលឃើញហេតុការណ៍នេះថា ឡានដឹកឈើមានជាង ១០ឡាន ប៉ុន្តែសមត្ថកិច្ចចាប់បានតែឡានមួយទេ។ អាជ្ញាធរមូលដ្ឋានឲ្យដឹងក្នុងប្រតិបត្តិការនោះ ក៏ផ្ទុះអាវុធជាច្រើនគ្រាប់ដែរពីសំណាក់សមត្ថកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
