ព្រះរាជអាជ្ញារងអមសាលាដំបូងខែត្រក្រចេះ ឲ្យដឹងថា តំណាងអយ្យការនឹងចេញដីកាជាលើកទី២ កោះហៅតំណាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន២។ គម្រោងការកោះហៅនេះ គឺបន្ទាប់ពីដីកាកោះហៅលើកទី១ កាលពីថ្ងៃទី១៦ ខែមីនា អោយតំណាងក្រុមហ៊ុនទាំងនោះបំភ្លឺករណីសង្ស័យជួញដូរឈើខុសច្បាប់ ប៉ុន្តែមិនបានចូលតាមការកោះ។ ចំណែកឧកញ៉ាម្នាក់ឈ្មោះ វុន ប៊ុនថៃ ដែលតំណាងអយ្យការចេញដីកាកោះហៅដែរនោះ បានបញ្ជូនមេធាវីមកឆ្លើយបំភ្លឺជំនួស។
ព្រះរាជអាជ្ញារងអមសាលាដំបូងខែត្រក្រចេះ បញ្ជាក់ថា តំណាងអយ្យការនឹងស៊ើបសួរភាគីពាក់ព័ន្ធ គឺក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឆាយណា ដាយណាម៉ិច (China Dynamic Investment Co., Ltd.) និងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ស៊ី.វី គ្រុប (CV Group) តាមនីតិវិធី។
ព្រះរាជអាជ្ញារង លោក ហាក់ ហ៊ាន់ មានប្រសាសន៍ថា វាជាការលំបាកក្នុងការកំណត់មុខសញ្ញារកអ្នកពាក់ព័ន្ធ ព្រោះតំណាងអយ្យការអនុវត្តច្បាប់ផ្អែកលើរបាយការណ៍របស់មន្ត្រីរដ្ឋបាលព្រៃឈើ៖ «គេឆ្លើយបដិសេធយើងមិនដឹងថា ត្រូវចាប់បង្ខំគេ ពីព្រោះបទល្មើសនេះមិនមែនបទល្មើសជាក់ស្ដែង។ មិនឃើញនៅកន្លែងកើតហេតុ បើយើងចាប់បាននៅលើដៃនរណា គឺរបស់អ្នកហ្នឹង។ ទៅឃើញនៅកន្លែងក្រុមហ៊ុន ហើយក្រុមហ៊ុនឆ្លើយដាក់អ្នកនេះ ហើយអ្នកនេះឆ្លើយដាក់អ្នកនោះ។ មានតែឲ្យគាត់មកឆ្លើយឲ្យអស់សិន»។
មេធាវី ៣រូបដែលការពារក្ដីលោកឧកញ៉ា វុន ប៊ុនថៃ ហៅឧកញ៉ា ថៃ បានទៅបំភ្លឺនៅសាលាដំបូងខែត្រក្រចេះ កាលពីថ្ងៃទី១៦ ខែមីនា។ ពួកគេអះអាងថា លោកឧកញ៉ា ថៃ មិនជាប់ពាក់ព័ន្ធឈើនៅបរិវេណដីសម្បទានសេដ្ឋកិច្ច ឆាយណា ដាយណាម៉ិច ទេ តែមានកិច្ចសន្យាទិញលក់ឈើអារជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ស៊ី.វី។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ស៊ី.វី និងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឈ្មោះ ឆាយណា ដាយណាម៉ិច ដើម្បីសុំការបំភ្លឺករណីនេះបានទេ នៅថ្ងៃទី១៨ ខែមីនា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
កាលពីខែមករា ឆ្នាំ២០១៦ ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក សៅ សុខា បានដឹកនាំកម្លាំងឡោមព័ទ្ធឈើជាង ៣ពាន់ម៉ែត្រគូប ភាគច្រើនជាប្រភេទឈើសុក្រំ ឋិតនៅបរិវេណដីសម្បទានសេដ្ឋកិច្ច ឈ្មោះ ឆាយណា ដាយណាម៉ិច ដោយសង្ស័យថា ឈើទាំងនោះជាឈើល្មើសច្បាប់។ ចំណែកតំណាងក្រុមហ៊ុននោះអះអាងថា ឈើទាំងនោះឋិតក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុន។
ពលរដ្ឋរស់នៅខែត្រក្រចេះ សុំមិនបញ្ចេញឈ្មោះអះអាងថា លោកឧកញ៉ា វុន ប៊ុនថៃ ហៅឧកញ៉ា ថៃ គឺជាឈ្មួញល្បីឈ្មោះ ក្នុងការប្រមូលទិញឈើក្នុងខែត្រក្រចេះ ជាច្រើនឆ្នាំកន្លងមក ដោយដឹកជញ្ជូនតាមរថយន្តធំៗ ប្រភេទយីឌុប ភាគច្រើនដឹកចេញពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឆាយណា ដាយណាម៉ិច នៅឃុំរលួស ស្រុកសំបូរ ខែត្រក្រចេះ ហើយឈើទាំងនោះភាគច្រើនមកពីតំបន់អភិរក្ស និងតំបន់ផ្សេងទៀតក្នុងខែត្រមណ្ឌលគិរី ដែលគេដឹកមកស្តុកក្នុងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឆាយណា ដាយណាម៉ិច ត្រៀមដឹកចេញទៅប្រទេសវៀតណាម។
លោកថា ការជួញដូរឈើរបស់ឧកញ៉ា ថៃ គឺមានមេការឈ្មោះ ធី និងឈ្មោះ ផា ដែលជាដៃជើងរបស់ឧកញ៉ារូបនោះ ដើម្បីសម្រួលឲ្យដំណើរការដឹកជញ្ជូនឈើយ៉ាងរលូន៖ «ហើយឡានមិនចេញម្តងមួយទេ គេរៀបចំចេញម្តងជាង ១០គ្រឿង ហើយភាគច្រើនចេញយប់។ តាមការប៉ាន់ស្មានរបស់យើង។ លោកឧកញ៉ាគាត់ពាក់ព័ន្ធរត់ការអ្នកមានអំណាចធំដុំក្នុងខែត្រ តែកំប៉ិកកំប៉ុកគឺលោក ធី។ ព័ត៌មានគឺលោក ធី គាត់និយាយថា របស់ឧកញ៉ា ថៃ បើឧកញ៉ា ថៃ គាត់មិនសូវបង្ហាញមុខទេ»។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង បារម្ភវិធានការគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ទោះបីមានឧកញ៉ាពាក់ព័ន្ធជួញដូរឈើខុសច្បាប់ក្តី ក៏ការអនុវត្តច្បាប់ ហាក់ដូចជាទន់ជ្រាយ និងអូសបន្លាយពេលបង្កឲ្យស្ថានភាពល្មើសច្បាប់កាន់តែធូរស្រាលទៅៗ ហើយអាចជាការសម្រួលដល់ឧកញ៉ាទាំងនោះគេចផុតពីសំណាញ់ច្បាប់៖ «ខ្ញុំអាចទាយទឹកចិត្តព្រះរាជអាជ្ញា ទឹកចិត្តចៅក្រម ទឹកចិត្តមន្ត្រីបង្ក្រាបបទល្មើសព្រៃឈើ គឺមិនហានធ្វើអីជាមួយឧកញ៉ានោះទេ។ មុនធ្វើអីជាមួយឧកញ៉ាទាំងនោះ ត្រូវសួរយោបល់ចៅហ្វាយធំរបស់ឧកញ៉ាទាំងនោះដែរ ព្រោះរឿងនេះជារឿងពាក់ព័ន្ធសម្លកំពឹសយ៉ាងច្រើន»។
យ៉ាងណាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី អះអាងថា អនុគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើកំពុងធ្វើរបាយការណ៍អង្កេតមកគណៈកម្មការជាតិ ដើម្បីចាត់ឲ្យស្ថាប័នអយ្យការស៊ើបអង្កេត និងកោះហៅអ្នកពាក់ព័ន្ធមកឆ្លើយបំភ្លឺដើម្បីអនុវត្តច្បាប់។ លោកថា តំណាងអយ្យការប្រចាំខែត្រភាគឦសាន កំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្អែកលើវត្ថុតាង និងឯកសារពាក់ព័ន្ធ ដើម្បីអនុវត្តច្បាប់ បើរកឃើញមានជនណាពាក់ព័ន្ធបទល្មើសព្រៃឈើ ត្រូវទទួលទោសតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
