កម្លាំងអាជ្ញាធរចម្រុះច្រើនរយនាក់ ត្រូវបានដាក់ពង្រាយបិទច្រកចេញចូលមុខតុលាការកំពូលកាលពីព្រឹកថ្ងៃទី៣ មីនា ដើម្បីរារាំងពលរដ្ឋមកពីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោលជាង ១០០នាក់ ដែលចង់ធ្វើដំណើរទៅបួងសួងបន់ស្រន់នៅមុខតុលាការកំពូល ស្នើសុំឲ្យដោះលែងបាតុករ និងពលរដ្ឋ ២១នាក់ចេញពីពន្ធនាគារត្រពាំងផ្លុង នៅខេត្តកំពង់ចាម។
ពលរដ្ឋសហគមន៍ និងកម្លាំងអាជ្ញាធរទាំងនោះ បានប៉ះទង្គិចគ្នានៅក្បែរព្រះបរមរាជវាំង នៅគ្រាដែលអាជ្ញាធរឆក់ដណ្ដើមយកស្គរ និងអាគុយរបស់អ្នកភូមិ ដើម្បីបញ្ឈប់ការតវ៉ារបស់ពួកគេ។
ពលរដ្ឋសហគមន៍ដីធ្លី ២នាក់ ក្នុងចំណោមជាង ១០០នាក់ បានរងរបួសនៅមុខសាលាខណ្ឌដូនពេញ នៅថ្ងៃទី៣ មីនា នៅពេលដែលពួកគេព្យាយាមទៅសុំឲ្យអាជ្ញាធរប្រគល់ស្គរ និងអាគុយជាសម្ភារៈសម្រាប់ធ្វើបាតុកម្ម កូដកម្មមកវិញ បន្ទាប់ពីអាជ្ញាធរបានឆក់ដណ្ដើមយកទៅទុក។
អ្នករបួសនោះរួមមាន អ្នកស្រី ភួង សុភាព តំណាងសហគមន៍ថ្មគោល របួសឈាមច្រមុះ និងអ្នកស្រី ចាន់ ធឿន តំណាងសហគមន៍បុរីកីឡា ហើមស្មងជើង។
អ្នកស្រី ភួង សុភាព ប្រាប់អ្នកកាសែតថា ពួកគាត់ចង់បានសម្ភារៈមានស្គរ និងអាគុយដែលកម្លាំងអាជ្ញាធរចាប់យកនោះទៅវិញ តែកម្លាំងចម្រុះដែលមានឯកសណ្ឋានឈុតខ្មៅ បានស្ទុះទៅវាយពួកគាត់បណ្ដេញចេញពីមុខសាលាខណ្ឌដូនពេញ៖ «ទាត់ខ្ញុំពីរបីជើងទៀត ម៉េចតាមមកវាយខ្ញុំទៀត។ពួកខ្ញុំគ្រាន់តែមានសុំស្គរទៅវិញទេ អត់មានប្រតាយប្រតប់អីជាមួយគាត់ទេ»។
ប្រធានសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ លោក គឹម វុត្ថា បដិសេធថា កម្លាំងសន្តិសុខលោកមិនបានវាយទៅលើអ្នកតវ៉ាទេ។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សមកពីអង្គការលីកាដូ លោក អំ សំអាត បានសម្ដែងការសោកស្ដាយចំពោះការរារាំងក្រុមសហគមន៍ដីធ្លីដែលមានបំណងហែក្បួនទៅសុំឲ្យតុលាការកំពូលដោះលែងមនុស្ស ២១នាក់ចេញពីពន្ធនាគារដោយសន្តិវិធី។
លោកចាត់ទុកថា នេះជាការបិទសិទ្ធិសេរីភាពធ្ងន់ធ្ងររបស់ពលរដ្ឋ៖ «ការអនុវត្តរបស់អាជ្ញាធរគឺផ្ទុយពីបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាមិនគោរពរដ្ឋធម្មនុញ្ញដែលប្រមុខរដ្ឋាភិបាលប្តេជ្ញាថា គោរពសិទ្ធិជួបជុំ ការប្រមូលផ្តុំ និងការតវ៉ាដោយសន្តិវិធី»។
ពលរដ្ឋសហគមន៍ដីធ្លីជាង ១០០នាក់ បានស្លៀកពាក់ស និងរៀបចំបាយសីជាច្រើនថ្នាក់ មានគ្រាប់ធញ្ញជាតិជាដង្វាយ និងមានកាន់ទៀន ធូប ផ្កាភ្ញី ដោយមានតែងតួជាតាដំបងដែក កាន់ដំបងដែលមានសរសេរថា «ដំបងយុត្តិធម៌» ដោយមានការវាយស្គរបំពងសំឡេង និងស្រែកទាមទារឲ្យតុលាការដោះលែងបាតុករ និងពលរដ្ឋ ២១នាក់ចេញពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម មានសេរីភាពវិញ។ ពួកគេទាំង ២១នាក់នោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមខែមករា នៅពេលដែលមានការបង្ក្រាបក្រុមអ្នកតវ៉ាសុំដំឡើងប្រាក់ខែគោល ១៦០ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
